រឿង ឆ្កែមើលឃើញខ្មោច
ជាហេតុភេទស្រុក
ខ្ញុំបាទធ្លាប់បានឮម្ដាយនឹងឪពុកខ្ញុំគាត់និទានប្រាប់ខ្ញុំថា ៖ បើឮឆ្កែលូ ឬ
ព្រុសនៅពេលកណ្ដាលអាធ្រាត្រស្ងាត់ នៅភូមិណា ស្រុកណា ដែលក្រៅអំពីក្រុង
ព្រោះពុំសូវមានមនុស្ស
កុះករក្នុងពេលយប់ ស្រុកភូមិនោះ ៗ
ច្រើនកើតជំងឺ ពុំសូវបានសេចក្ដីសុខទេ ត្បិតខ្មោចបិសាច
វាដើររាតត្បាតធ្វើមនុស្សឲ្យឈឺចាប់សឹងតែគ្រប់ៗ គ្នា ព្រោះឆ្កែមើលឃើញខ្មោច ។
ដំណើរចាស់ៗ
ថា ឆ្កែមើលឃើញខ្មោចនោះ អាស្រ័យដោយរឿងដើមថា ៖
យូរយារណាស់មកហើយ មានបុរសម្នាក់
ដើរទៅមើលគេលៀងមេមត់ ប៉ុន្តែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរដីទួលមួយដែលមានព្រៃស៊ុមទ្រុម
គេកប់ខ្មោចក្នុងព្រៃនោះជាច្រើន ។ លុះដល់ទន្ទឹមព្រៃនោះ មានខ្មោចស្រែកហៅគាត់ថា ៖
ពូ ៗ ផ្ដាំទៅប្រាប់ប្រពន្ធឲ្យមកផង ។
បុរសនោះមិនចេះខ្លាចខ្មោចទេ
គាត់ដឹងថាខ្មោចហៅពិតណាស់ ប៉ុន្តែគាត់ធ្វើព្រងើយ ហើយឆ្លើយទៅវិញថា ៖
- ប្រពន្ធឯងនៅឯណា ?
ខ្មោចឆ្លើយមកវិញថា ៖
- ប្រពន្ធខ្ញុំ នៅឯផ្ទះគេលៀងអារក្សឯនោះ !
បុរសឮហើយ សួរទៅវិញថា ៖
- ចុះឯង ឲ្យអញប្រាប់ម៉េចបាន ?
បើអញមើលប្រពន្ធឯងមិនឃើញនោះ !
ក្នុងពេលនោះខ្មោចក៏ឲ្យប្រទាលប្រហោង
គឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់ ។ ខ្មោចឲ្យប្រទាលនោះទៅហើយ
ប្រាប់ទាំងឈ្មោះប្រពន្ធវាផង ។ បុរសនោះ កាលបើបានប្រទាលប្រហោងនោះ
ហើយ មើលឃើញខ្មោចនៅពេញតែព្រៃ, គាត់ចេះតែដើរទៅ ៗ
គ្មានភិតភ័យខ្លាចអ្វីឡើយ ។ គាត់ដើរតម្រង់ទៅផ្ទះណាគេលៀងអារក្ស លុះដល់ផ្ទះនោះហើយ
គាត់ឃើញខ្មោចស្រី ៗ កំពុងស៊ីពែ
សំណែន ដែលសែននៅពោរពេញ ជាច្រើនគ្នាណាស់ ។ បុរសនោះស្រែកហៅទៅតាមឈ្មោះដែលប្ដីវាផ្ដាំមក
ហើយបោយដៃហៅចំពីមុខ និយាយថា ៖
- ប្ដីហងឲ្យទៅឲ្យឆាប់ ព្រោះកូនយំខ្លាំងណាស់ !
ខ្មោចនឹកឆ្ងល់ថា ម៉េចក៏បុរសនោះមើលឃើញអញ
ទើបដើរសំដៅទៅ ហើយសួរថា ៖
- ចុះអ្នកឯង ម៉េចក៏មើលយើងឃើញ ?
បុរសនោះក៏បង្ហាញប្រទាលប្រហោងហើយឆ្លើយថា ៖
- នេះជាប្រទាលដែលប្ដីហងឲ្យអញ បានជាអញឃើញ ។
ខ្មោចនោះ គ្រាន់តែឃើញប្រទាលនោះភ្លាម
ស្ទុះទៅដណ្ដើមយក ប៉ុន្តែបុរសនោះពុំព្រមឲ្យ ក៏មានការប្រវាយប្រតប់គ្នា
ដណ្ដើមប្រទាលប្រហោងនោះ ។ បុរសចេះតែស្រែកហៅឲ្យគេឯងជួយ ប៉ុន្តែ
អ្នកទាំងអស់មើលទៅពុំឃើញប្រយុទ្ធជាមួយនរណាសោះ
ឃើញតែស្ទុះស្ទាតែម្នាក់ឯង ម្ល៉ោះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើត ។
លុះប្រវាយប្រតប់គ្នាអស់មួយសន្ទុះធំ បុរសក៏ចង់
រសាយដៃ ក៏របូតប្រទាលនោះពីដៃទៅ ។
ខ្មោចស្ទុះប្រុងរើសយក តែពេលនោះ ឆ្កែឃើញភ្លាម
ស្ទុះភ្លែតមកត្របាក់លេបចូលទៅក្នុងពោះបាត់ទៅ ។ ហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញ ។
ដោយសារមានរឿងនិទានយ៉ាងនេះ បានជាមានជំនឿថា
ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវាឃើញខ្មោចដើរ ។ មួយវិញទៀត
មានមនុស្សច្រើនណាស់ ដែលនៅជឿជាក់
ហើយខំស្វែងរកប្រទាលប្រហោង
ដើម្បីយកមកប្រើការសក្ដិសិទ្ធិផ្សេង ៗ ។
រឿង ឆ្កែមើលឃើញខ្មោច
Reviewed by VannyDa
on
3:03 PM
Rating: