រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ
រឿងនេះ ដើមឡើយ មានសេចក្ដីនិទាន ៖
មានសេចក្ដីកុដុម្ពីម្នាក់
មានសម្បត្តិទ្រព្យស្ដុកស្ដម្ភ ហើយមានកូនមួយ តែអកុសល កូននោះកើតមក
មានខ្លួនប្រាណជាសត្វជ្រូក ។ឪពុកម្ដាយអន់ចិត្តពន់ពេក ព្រោះកូនមានភាពជាសត្វ
កូននោះឆាប់
ចេះដើរ ចេះនិយាយភាសាមនុស្ស ឧស្សាហ៍ព្យាយាម
មិនមានខ្ជិល ហើយមានប្រាជ្ញាឈ្លាសវៃ។ លុះខ្លួនកាន់តែធំ
ចេះជួយរក្សាការពារទ្រព្យសម្បត្តិឪពុកម្ដាយ ប្រើការផ្សេងៗ ធ្វើបានការសព្វគ្រប់។
ចំណែកវត្ថុស្ងាត់កំបាំង
ដែលមាននៅក្នុងខ្លួនជ្រូកនេះ ឪពុកម្ដាយពុំបានដឹងសោះ ។ តាមពិតជ្រូកមានធ្នូព្រះខ័ន
ជារបស់ទិព្វនៅក្នុងខ្លួន, លុះជ្រូកនេះមានវ័យកាន់តែចម្រើនធំឡើង ៗឪពុកម្ដាយកាន់
តែពេញចិត្ត អំពីចរិយា ដឹងខុស-ត្រូវ
ទាស់តែរូបជាជ្រូកប៉ុណ្ណោះ ។ស្រាប់តែវេលាថ្ងៃមួយ ជ្រូកនោះនិយាយទៅកាន់មាតាបិតាថា ៖
សូមឲ្យគិតគូររកប្រពន្ធឲ្យខ្លួន ។ឪពុកម្ដាយឮហើយ ទ័លគំនិត
សម្ងំដកដង្ហើមធំគ្រប់គ្នាហើយឆ្លើយថា ៖
កូនអើយ ! ឲ្យម្ដាយឪពុក ទៅនិយាយស្ដីកូនអ្នកឯណា
គេព្រមឲ្យ គេព្រមយក បើកូនឯងមានភាពជាសត្វដូច្នេះ។ សព្វថ្ងៃឪពុកម្ដាយ
មានតែកូនឯងមួយ ជាទីអាណិតស្រឡាញ់ស្មើជីវិត ឯសម្បត្តិ
ឥតទាល់ក្រទេ យើងមានឥតខ្វះ
តែត្រង់រឿងដែលកូនឲ្យឪពុកម្ដាយទៅរកស្ដីដណ្ដឹងកូនគេនេះ
ឪពុកម្ដាយទាល់ហើយត្រង់រឿងហ្នឹង មិនហ៊ានទៅនិយាយស្ដីកូនគេទេ។
បើគេនិយាយថាម៉េចឲ្យមកវិញ
ឯងគ្មានផ្លូវដោះការនេះឪពុកម្ដាយខ្មាសគេណាស់ ។
បើកូនយកជ្រូកដូចគ្នានោះ មិនពិបាកទេ ។
- ជ្រូកឆ្លើយថា ៖ ប្រពន្ធស្រីជ្រូក ខ្ញុំមិនយកទេ យកតែប្រពន្ធស្រីមនុស្ស ! បើរកមិនបានទេ
ខ្ញុំសុំដើររកប្រពន្ធខ្លួនឯងហើយ !
មិនយូរប៉ុន្មាន ស្រាប់តែជ្រូកនោះ
ឥតប្រាប់អ្វីទៀតទេ ក៏ដើរទៅបាត់ពីផ្ទះ ។
កុដុម្ពីប្ដីប្រពន្ធស្វែងរកសព្វទិសទីមិនឃើញសោះ ក៏កើតការក្រៀមក្រំអាណិតកូន។
ចំណែកជ្រូកនោះវិញ មុននឹងធ្វើ
ដំណើរចេញទៅ ក៏ឈរសម្លឹងឧទ្ទិសក្នុងចិត្តថា ៖
បើគូភរិយាពីបុព្វេមាននៅទិសណា
សូមទេវតាជួយនាំចិត្តឲ្យខ្ញុំដើរទៅត្រង់ទិសទីនោះ ។ ហើយក៏ដើរចេញទៅ
ដំណើរចូលព្រៃជាដរាបអស់ជាច្រើនថ្ងៃ ទើបបានជួបយាយម្នាក់ដើរជីកដំឡូង តែម្នាក់
ឯងក្នុងព្រៃស្ងាត់
ជ្រូកឃើញក៏ដើរចូលទៅជិតសួរថា ៖
- លោកយាយដើររកអ្វី ?
បានឬទេ ?
យាយឮពាក្យជ្រូកចេះស្រដី
កើតចិត្តរីករាយអាណិតស្រលាញ់ហើយគាត់ឆ្លើយថា ៖
- យាយរកជីកដំឡូង តែឥឡូវគ្មានបានទេ !
ជ្រូកសួរទៀតថា ៖
- យាយនៅដល់ណា តើលោកតាគាត់នៅទេ ហើយយាយមានកូនប៉ុន្មាននាក់ ?
យាយឆ្លើយប្រាប់ជ្រូកថា ៖
- ចៅអើយ ផ្ទះយាយនៅឯនោះ តានោះគាត់ស្លាប់យូរមកហើយ យាយនៅមេម៉ាយ
ជាមួយកូនស្រីពីរនាក់ គ្មានកូនប្រុសទេ ឥឡូវកូនស្រីនេះពេញក្រមុំអស់ហើយ ។
ជ្រូកឮយាយប្រាប់ថា មានកូនក្រមុំពីរនាក់
នៅទំនេរដូច្នេះ ជ្រូកក៏និយាយដំណើរខ្លួនឲ្យយាយស្ដាប់សព្វគ្រប់
ហើយសុំទៅនៅជាមួយយាយផង។ យាយនឹកក្នុងចិត្តថា ជ្រូកនេះចេះនិយាយដឹងខុសត្រូវ
សព្វ ចេះភាសាមនុស្សពីរោះល្អស្ដាប់ណាស់
ហើយថាឪពុក-ម្ដាយវាជាសេដ្ឋីផង បើជ្រូកវាស្រឡាញ់កូនអញ ហើយបើកូនអញព្រម
អញគួរតែផ្សំផ្គុំវាហើយ ។ ទើបគាត់ប្រាប់ជ្រូកវិញថា ៖
- ចៅឯងជួយរកដំឡូងបន្តិចទៅ ។
ជ្រូកចូលព្រៃភ្លាម ស្វែងរកដំឡូង ។
មិនយូរប៉ុន្មានជ្រូកឈ្មុសដី បានមើមដំឡូងគរជាច្រើនគំនរ យាយចេះតែតាមរើសដាក់កញ្ជើ
មានទាំងដំឡូងខ្មុង អាខ្យាត អខ្យា ដៃខ្លា ដំឡូងទឹក ដំឡូងទៀន
គ្រប់មុខ យាយពេញចិត្តនឹងចៅជ្រូកឥតឧបមា
ព្រោះឆ្លាតប៉ិនប្រសប់រកដំឡូងពេញកញ្ជើទាំងពីរ ។
ជ្រូកបង្គាប់យាយឲ្យលើកកញ្ជើដំឡូងដាក់លើខ្នង ហើយដើរទៅតាមយាយ លុះត្រាទៅដល់ផ្ទះ ។
ឯកូនក្រមុំទាំងពីរនាក់ បានឃើញម្ដាយមកពីព្រៃ
ក៏នាំគ្នាចេញទៅទទួល ។ យាយក៏បង្ហាញឲ្យជ្រូកស្គាល់កូនទាំងពីរ
រួចលើកកញ្ជើដំឡូងដាក់ចុះពីលើខ្នងជ្រូក ឯកូនទៅជិតម្ដាយក៏ខ្សឹបសួរថា ៖
- ជ្រូកហ្នឹងមកពីណា ចេះនិយាយផង ? ។ ម្ដាយក៏បានសព្វគ្រប់ ។ លុះនៅបន្តិចទៅនោះ
កូនស្រីយាយនេះ នឹងចៅជ្រូកក៏ដឹងចិត្តគ្នាស្និទ្ធស្នាលពេលទៅរកដំឡូងក៏ទៅជាមួយគ្នា ។
យាយម្ដាយ
ដឹងថាកូនគាត់នឹងចៅជ្រូក
ស្គាល់គ្នាជិតស្និទ្ធ ហើយក៏ផ្ដើមសួរចិត្តកូន។ សួរទៅនាងបងនាងប្រកែក
លុះសួរទៅនាងប្អូន នាងឆ្លើយថា ៖
- ស្រេចតែម៉ែ ម៉ែឲ្យខ្ញុំទៅនរណា ខ្ញុំចេះតែតាម ។
យាយបានដឹងពាក្យនេះ ត្រេកអរណាស់ ហើយក៏ឲ្យដំណឹងទៅ
ចៅជ្រូកដឹងពីរឿងនេះ ជ្រូកត្រេកអរពន់ពេក ហើយក៏រួបរួមផ្សំផ្គុំកូនពៅ
ឲ្យទៅជាគូជាមួយចៅជ្រូក តាមប្រពៃណីស្រុកសព្វគ្រប់ ។
យាយក៏ចាត់ចែងឲ្យបានជាលំនៅឋានឲ្យកូននៅដោយខ្លួន
ជាដរាបទៅ ។ បានប្រមាណជាកន្លះខែ នៅស្រុកនិគមនោះ មានលេចឮថា នឹងមានពួកភ្លេង របាំ
គេនឹងមកលេងនៅជិតនោះអ្នកភូមិជិត
ខាង ទាំងចាស់ទាំងក្មេង ក៏ស្រើបស្រាលនាំគ្នាស្រស់ស្រូបបាយពេលព្រលប់
រួចនាំគ្នាទៅមើលជាច្រើនឈូឆរ ។ នាងពៅប្រពន្ធចៅជ្រូក ក៏ចង់ទៅមើលនឹងគេដែរ
ក៏បបួលចៅជ្រូកជាប្ដីឲ្យទៅផង តែ
ជ្រូកថា “ឲ្យប្អូនឯងទៅមើលចុះ បងនៅចាំផ្ទះ ” ។
នាងបានអនុញ្ញាតពីស្វាមីហើយ ក៏ទៅជាមួយនឹងគេ ឯចៅជ្រូកនេះវិញ
ដឹងថានាងភរិយាចេញទៅឆ្ងាយហើយ ក៏ទម្លាយស្រោមចេញទៅមើលដែរ
ហើយស្រូតរូតឲ្យលឿនទៅដល់ទីនោះមុននាងពៅ ។
ដល់ហើយក៏ចូលទៅលេងភ្លេងជាមួយគេ ចេះបទបែបភ្លេងយ៉ាងជំនាញ ដូចពួកភ្លេងនោះដែរ។ លុះអស់ពេលហើយ
ដឹងថាពួកអ្នកស្រុក និង
នាងពៅត្រឡប់ទៅផ្ទះវិញ
ក៏ឈប់ភ្លាមហើយប្រញាប់ភៀសខ្លួនរូតដំណើរទៅឲ្យផ្ទះមុនប្រពន្ធ ហើយចូលទៅក្នុងស្រោមជ្រូកវិញដូចដើម
។
លុះនាងពៅធ្វើដំណើរទៅដល់ផ្ទះ
ចៅជ្រូកចាប់សួរទៅភរិយាថា “ អូនទៅមើលរបាំគេនោះ ល្អមើលទេ គេលេងដូចម្ដេចខ្លះ ? ” ។
នាងពៅក៏រ៉ាយរ៉ាប់ប្រាប់សព្វគ្រប់ ហើយនាងប្រាប់ថា “ មានអ្នក
លេងភ្លេងម្នាក់រូបរាងស្អាតល្អណាស់
ច្រៀងក៏ពីរោះ ហើយចេះរាំចាក់ក្បាច់ក៏សម អ្នកមើលគេចាប់ចិត្តលើបុរសនោះគ្រប់គ្នា ” ។
- ជ្រូកសួរបញ្ជាក់ថា “ អ្នកនោះស្លៀកសំពត់ខៀវ ពាក់អាវក្រហមមែនឬទេ ? ” ។
ប្រពន្ធឆ្លើយថា “ ហ្នឹងហើយ ហេតុម៉េចបានជាបងដឹង ឬ ទៅមើលនឹងគេដែរឬ ? ”
ចៅជ្រូកនៅស្ងៀមមិនចេញស្ដី ។
តាមពិតចៅជ្រូកនឹងនាងពៅ ស្រឡាញ់គ្នាស្មោះស្ម័គ្រត្រឹមតែសម្ដីនឹងសម្ដីប៉ុណ្ណោះទេ
ឯខ្លួនប្រាណពុំដែលបានប៉ះគ្នាឡើយ ។
លុះដល់ល្ងាចមួយទៀតអ្នកស្រុកផ្អើលអ៊ូអរទៅមើលភ្លេងរបាំនោះទៀត
នាងភរិយាចៅជ្រូក ក៏សុំប្ដីទៅមើលទៀត
ចៅជ្រូកអនុញ្ញាតឥតថាអ្វីឡើយ រួចក្រោយមក ខ្លួនឯងក៏លួចចេញពីស្រោម
ហើយទៅចូលរួមក្នុងវង់របាំនោះ ដូចកាលពីយប់មុនទៀត ។ កាលណាដល់
ពេលឈប់ភ្លាម ចៅជ្រូកម្នីម្នាចូលស្រោមខ្លួនវិញ
ឲ្យទាន់មុនប្រពន្ធមកដល់ផ្ទះ ។ លុះប្រពន្ធមកដល់ក៏សួរប្រពន្ធទៀតថា ៖
- ម៉េច អូនមើលល្ងាចនេះ ល្អមើលទៀតទេ ?
នាងភរិយាតបថា ៖
- ថ្ងៃនេះល្អប្លែកពីថ្ងៃមុនទៅទៀត ។
ចៅជ្រូកសើចរួចតបបែបដូចព្រងើយទៅវិញថា ៖
- អ្នកដែលលេងល្អជាងគេនោះ គឺបុរសស្លៀកសំពត់ខៀវ ពាក់អាវស មែនទេ ?
នាងនោះឆ្ងល់ណាស់ ក៏សួរទៅប្ដីថា ៖
- ចុះម៉េច ក៏បងដឹង ខ្ញុំឆ្ងល់ណាស់ ?
ពេលល្ងាចថ្ងៃទី៣ នាងពៅសុំស្វាមីទៅមើលទៀត
ស្វាមីក៏អនុញ្ញាតដូចពីយប់មុន។ ក្រោយដែលដឹងថាប្រពន្ធទៅផុតហើយ ចៅជ្រូកក៏ប្រញាប់ចេញពីស្រោម
ប្រុងនឹងទៅលេងភ្លេងជាមួយគេទៀត។
ចំណែកនាងភរិយា នាងមិនទៅរហូតទេ
ព្រោះនៅសង្ស័យចំពោះប្ដីនេះណាស់ នាងទៅបានតែបន្តិច ក៏វិលមកលបចាំឃ្លាំមើលប្ដី
ស្រាប់តែឃើញប្ដីចេញពីស្រោម ហើយមានរូបឆោមល្អប្រិមប្រិយ គឺជា
រូបបុរសលេងរបាំដែលនាងសរសើរថាល្អនោះ ។ នាងស្ទុះប្រញាប់ទៅចាប់ឃាត់ប្ដីមិនឲ្យចូលទៅក្នុងស្រោមវិញ
។ ប្ដីក៏សុខចិត្តតាមពាក្យអង្វររបស់ភរិយា
តែសុំឲ្យនាងនោះរក្សាទុកស្រោមនោះឲ្យបាន
ស្រួលបួល ។ នាងពៅយកស្រោមនោះ
ទៅទុកដាក់នៅកន្លែងសមរម្យតាមបង្គាប់ប្ដី ហើយក៏នៅសុខសាន្តជាមួយគ្នារៀងរហូតមក ។
ពេលមួយនៅប្រទេសនោះឥតមានស្ដេច, ពួកសេនាសេវកាមាត្យ
ក៏នាំគ្នាធ្វើពិធីផ្សងរកអ្នកដ៏មានបុណ្យ ដើម្បីឡើងគ្រងរាជ្យ ។ តែពេលនោះ
រឿងអស្ចារ្យរបស់ចៅជ្រូកឮរន្ទឺសុសសាយទៅគ្រប់ទិសទី
ពពួកសេវកាមាត្យក៏បានទៅអញ្ជើញបុរសអស្ចារ្យនេះ
ឲ្យឡើងគ្រងរាជ្យ គ្រប់គ្រងប្រទេសតទៅ ។
លុះបានឡើងគ្រងរាជ្យហើយ ប្រមាណជាកន្លះខែ
ព្រះចៅឡើងគ្រងរាជ្យថ្មីនេះ នាំមហេសីទៅរកផ្ទះកុដុម្ពិកជាឪពុក-ម្ដាយ ។
កុដុម្ពិករំភើបស្លុតក្នុងចិត្ត ហើយតាំងរៀបចំកន្លែងទទួលព្រះរាជាស្ដេចសួរ
អំពីដំណើរដើមមានកូនប្រុសស្រីប៉ុន្មាននាក់ ។
សេដ្ឋីក្រាបទូលថា ៖ “ ខ្ញុំព្រះអង្គ
មានតែកូនប្រុសមួយនាក់ ហើយជាជ្រូកផង តែចេះនិយាយភាសាមនុស្សច្បាស់លាស់ណាស់ ។
ពេលមួយកូននោះទាររកដណ្ដឹងប្រពន្ធ លុះខ្ញុំព្រះអង្គប្រាប់ថារកពុំ
បានទេ
កូននោះក៏ស្រាប់តែដើរបាត់រហូតមិនដឹងជាទៅណាមកណា យូរមកហើយ ” ។
ស្ដេចជ្រាបព័ត៌មាននេះហើយ
ក៏ត្រាស់អំពីរឿងពិតឲ្យកុដុម្ពិកដឹងសព្វគ្រប់ ។ កុដុម្ពិកត្រេកអរណាស់
ក៏នាំគ្នាឱបព្រះរាជាសរសើរបុណ្យបារមី ។
ព្រះរាជាក៏ត្រាស់បញ្ជាឲ្យកុដុម្ពិកទាំងភរិយាស្វាមីទៅ
រស់នៅឯរាជវាំង ។ ឯយាយចាស់ ជាម្ដាយនាងពៅវិញ
ក៏ព្រះអង្គទ្រង់អនុញ្ញាតឲ្យមកនៅក្នុងរាជវាំងដែរ ។
ពិតមែនតែព្រះអង្គ មានរូបកាយជាមនុស្សពេញបរិបូណ៌ ប៉ុន្តែទ្រង់នៅតែនឹកសន្ដោសដល់សត្វជ្រូក
ព្រោះតែពីពេលមុនធ្លាប់រស់នៅជាសត្វនេះ
ក៏ព្រះអង្គត្រាស់បញ្ជាឲ្យក្រុមហោរាយកនាមសត្វជ្រូក
ទៅដាក់ឈ្មោះឆ្នាំមួយជាឆ្នាំទី ១២
ឲ្យសម្គាល់ថា ឆ្នាំកុរនោះជានាមសត្វជ្រូក។
នេះជារឿងព្រេងជ្រូកបានឡើងជាឈ្មោះឆ្នាំ ។
រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ
Reviewed by VannyDa
on
3:03 PM
Rating: