រឿង ស្រីក្ងោកមាស
ដើមឡើយ មានបុរសម្នាក់
បានទទួលបណ្ដាំពីឪពុកប្រដៅថា « កុំឲ្យយកស្រីប្ដីលែង និងស្រីសៅកែ
ឲ្យយកតែស្រីក្រមុំព្រហ្មចារី និងមេម៉ាយប្ដីស្លាប់ ធ្វើជាប្រពន្ធ
ហើយកុំឲ្យយកក្លើនឹងមនុស្សគ្រូបី » តែមិនដូច្នោះ
បុរសនោះបានយកស្រីទាំង ៤ នាក់នោះជាប្រពន្ធ និងយកមនុស្សគ្រូបីជាក្លើ
ដើម្បីល្បងមើល ។ ថ្ងៃមួយក្ងោកមាសរបស់ស្ដេច ទៅរកស៊ីក្បែរផ្ទះបុរសនោះ, ឯបុរសនោះ
គិតពិសោធមើល ក៏ចាប់ក្ងោកមាសនោះយកទៅចងលាក់ទុកក្នុងទ្រុងមួយ ហើយដាក់ចំណីបាយទឹកឲ្យក្ងោកនោះស៊ី
រួចបុរសយកមាន់គកមួយ ទៅកាប់ធ្វើម្ហូបបរិភោគ ។ ពេលនឹងបរិភោគបុរសនោះ
បានយកប្រពន្ធទាំង ៤ និងក្លើនោះ ទៅបរិភោគទាំងអស់គ្នា ។
កំពុងតែស៊ីក៏ធ្វើជាភ្លក់ និយាយថា «នេះគឺជាសាច់ក្ងោកមាសស្ដេច
ដែលអញបានលួចកាប់យកមកស៊ី »
។
ក្រោយពីនោះ ដល់បាត់ក្ងោក
ស្ដេចឲ្យប៉ាវគងសួររកក្ងោកនោះ ។ នាងស្រីប្ដីលែង និងនាងស្រីសៅកែ
និយាយទៅនាងក្រមុំ និងនាងប្ដីស្លាប់ថា «ឲ្យប្រាប់ទៅពួកអ្នកប៉ាវគងទៅ ! ថាប្ដីយើងបានលួចកាប់ក្ងោករបស់ស្ដេច
យកសាច់ស៊ីកុំទៅជួយបិទបាំងថ្វី ឲ្យវាងាប់ទៅចុះ
ព្រោះវាធ្វើបាបវាយជេរ យើងខ្លាំងណាស់ » ។
ស្រីក្រមុំនិងស្រីប្ដីស្លាប់អង្វរទៅវិញថា «កុំធ្វើបាបប្ដីរបស់ខ្លួនដូច្នោះមិនល្អទេ » ។
ស្រីសៅកែ និងស្រីប្ដីលែងថា «ទោះបីនាងមិនចូលគំនិតនឹងយើង ក៏គង់តែយើងប្ដឹងអ្នកប៉ាវគងដែរ» ថាហើយ
ស្រីទាំងពីរនាក់នោះប្ដឹងអ្នកប៉ាវគងតាមដំណើរថា «ប្ដីខ្លួនលួចក្ងោកស្ដេចយកសាច់ស៊ី» គ្រាន់តែឮដូច្នោះភ្លាម
ពួកអ្នកប៉ាវគង ក៏ចាប់យកបុរសនោះ ទៅថ្វាយស្ដេចទូលតាមដំណើរ ។
ស្ដេចឲ្យនាំបុរសនោះទៅពិឃាដ ,
លុះទៅដល់មាត់ទ្វារវាំង អ្នកចាំទ្វារ
ពុំព្រមបើកទ្វារ សួរថា «អ្នកនាំមនុស្សទោសនេះមក តើបានជំនុំជម្រះហើយឬនៅ?» ហើយបាននិយាយរឿងមួយប្រាប់អ្នកនាំថា :
កាលនោះមានសេដ្ឋីម្នាក់ ចិញ្ចឹមឆ្កែ ៥០០, វេលាយប់មួយ
មានចោរជីកឧម្មង្គចូលទៅលួចយកទ្រព្យសម្បត្តិរបស់សេដ្ឋីនោះ
ហើយចូលទៅក្នុងឧម្មង្គវិញទាំងអស់ ។ ឆ្កែរបស់សេដ្ឋីដឹង
បាននាំគ្នាវាទៅខាំចោរក្នុងឧម្មង្គនោះស្លាប់ទាំងអស់, លុះព្រឹកឡើងមហាសេដ្ឋី
ឃើញបាត់ទ្រព្យសម្បត្តិដូច្នោះ នឹកខឹងនឹងឆ្កែថា «មិនចេះចាំរបស់
ក៏ឲ្យគេសម្លាប់ឆ្កែទាំងនោះចោលអស់ទៅ» លុះធំអសោចិ៍ខ្មោចចោរឡើងទៅមើលឃើញចោរស្លាប់ដូច្នោះ
ក៏នឹកស្ដាយក្រោយ ។
កំពុងតែនិយាយ ឃើញបម្រើស្ដេច
ដែលទ្រង់ព្រះរាជបញ្ជា ឲ្យទៅយកបុរសនោះមកជំនុំជម្រះវិញ ។
លុះស្ដេចសួរបុរសនោះ ពីរឿងសម្លាប់ក្ងោកមាស, បុរសក្រាបទូលថាក្ងោកនោះ
ទូលព្រះបង្គំមិនបានសម្លាប់ទេ គឺបានទុកនៅកន្លែងមួយដោយល្អ , ឯសត្វដែលទូលព្រះបង្គំជាខ្ញុំសម្លាប់
ទទួលព្រះរាជទាននោះគឺមាន់គកទេ » ។
ស្ដេចទ្រង់ឲ្យទៅយកក្ងោកនោះមកវិញ ហើយទ្រង់លើកលែងទោសបុរសនោះ ។
ឯស្រីទាំងពីរនាក់ដែលប្ដឹងពីបុរសជាប្ដី ថាសម្លាប់ក្ងោកនោះ
ត្រូវបុរសជាប្ដីនោះលែងចោលទៅ ។
ចង់ដឹងផលពិត
ត្រូវពិនិត្យរកហេតុ
រឿង ស្រីក្ងោកមាស
Reviewed by Admin
on
5:10 PM
Rating: