រឿង បុរសកាស៣០
កាលពីព្រេងនាយ មានបុរសម្នាក់ នៅស្រុកមួយ
អាពុកម្ដាយស្លាប់ទៅ នៅកំព្រាតែម្នាក់ឯង ហើយក្រលំបាកណាស់
គ្មានទ្រព្យសម្បត្តិអ្វីទេ មានតែកាស ៣០ ច្រកក្នុងទៃ
ក្រវាត់ជាប់នៅចង្កេះជានិច្ច ។ បុរសនោះពិចារណាថា «អញទៅទីពឹងអ្នកណានឹងបានសុខ» គិតទៅឃើញថា
«គួរអញទៅជ្រកកោន នឹងលោកក្រឡាហោមចុះ »។ ហើយក៏ដើរចេញពីផ្ទះទៅ
ទៅដល់ក្រាបសំពះតាមសមគួរ ។ លោកក្រឡាហោមសួរថា « ជីឯង
មកពីស្រុកណា មានការអ្វី ? »
។ បុរសនោះជម្រាបថា «ខ្ញុំបាទ មកពីស្រុកឆ្ងាយ
អាពុកម្ដាយស្លាប់ចោលអស់ហើយ នៅកំព្រាតែម្នាក់ឯង, ខ្ញុំបាទមកនេះ
នឹងសូមជ្រកកោននៅបម្រើ ជាកូនក្មួយតទៅ សូមព្រះតេជព្រះគុណមេត្តា » ។
លោកនោះសួរថា «ជីឯងចេះអក្សរល្មមធ្វើជាស្មៀនបានឬទេ ?» ។
បុរសជម្រាបថា « អក្សរខ្ញុំបាទមិនចេះទេ » ។ លោកក្រឡាហោមប្រាប់ថា « យើងទទួលឲ្យនៅបាន
តែត្រូវឲ្យជីឯងបោសសំរាមក្រោមផ្ទះយើង រៀងរាល់ថ្ងៃកុំខាន» ។
បុរសនោះក៏នៅបម្រើ បោសក្រោមផ្ទះរាល់ថ្ងៃ
ដល់ចំនួន ៣ ឆ្នាំ ។ ថ្ងៃមួយនោះ បុរសកាស៣០ សួរមាតាលោកក្រឡាហោមថា « លោកយាយ ! តើលោកក្រឡាហោម
ជាកូនលោកយាយ កើតឆ្នាំខែថ្ងៃអ្វី
បានជាលោកមានបុណ្យមានទ្រព្យសម្បត្តិច្រើនម្ល៉េះ?» ។
យាយនោះប្រាប់ឆ្នាំថ្ងៃខែ និងពេលដែលកើតសព្វគ្រប់ ។
បុរសនោះបានស្ដាប់ចាំប្រាកដ ពិចារណាថា « គួរអញកត់ឆ្នាំខែថ្ងៃនិងពេលរបស់លោកនេះ
ដាក់ក្នុងដៃឲ្យជាប់ »
គិតហើយ ក៏យកកំណាត់សំពត់ចាស់
កត់ឆ្នាំថ្ងៃខែនិងពេលដែលលោកនោះកើត ហើយដាក់ក្នុងដៃ
មិនឲ្យអ្នកឯណាដឹង ឬឃើញឡើយ ។
ថ្ងៃក្រោយលោកក្រឡាហោម សួរបុរសកាស ៣០ «ជីឯងមកនៅនឹងជើងយូរឆ្នាំហើយ
ពុំទាន់បានធ្វើរាជការនឹងគេ ចុះខ្លួនជីឯង កើតឆ្នាំថ្ងៃខែអ្វី » ។
បុរសនោះជម្រាបថា « ខ្ញុំបាទមិនចាំ តែកាលឪពុកម្ដាយខ្ញុំបាទរស់នៅឡើយ
បានឲ្យកំណត់កត់នឹងកំណាត់សំពត់សមួយ មកខ្ញុំបាទៗក៏ទុកនៅសព្វថ្ងៃ
តែមិនដឹងជារឿងអ្វី ពីព្រោះខ្ញុំមិនចេះអក្សរ»។
លោកក្រឡាហោមថា «បើដូច្នេះ ជីឯងឲ្យកំណត់នោះមកអញមើល ! បុរសនោះក៏ជូនកំណាត់ទៅលោកៗ
មើលឃើញ កើតថ្ងៃខែឆ្នាំ និងពេលដូចជាលោកដែរ ក៏គិតក្នុងចិត្តថា « ចៅនេះ
កើតឆ្នាំថ្ងៃខែដូចអញដែរ គន់មើលទៅរូបរាងឫកពាវា ក៏សមសួន
ចៅនេះនឹងបានធ្វើជានាហ្មឺនធំដូចអញមិនខាន» ហើយកាន់កំណត់នោះចូលទៅក្នុង
បង្ហាញរួចខ្សឹបប្រាប់ភរិយាថា «គេហ៍អើយ !
បុរសជាកូនក្មួយយើង
ដែលបោសសំរាមក្រោមផ្ទះសព្វថ្ងៃនេះ វាកើតឆ្នាំខែថ្ងៃដូចអញ
មើលទៅឫកពាសាច់ឈាមវា ក៏សមសួនផង, ទៅមុខវានឹងបានធ្វើជាសេនាបតីដូចយើង» ហើយលោកនោះប្រឹក្សានឹងប្រពន្ធថា
«កូនស្រីយើងមួយនេះគួរឲ្យទៅវាធ្វើជាភរិយាចុះ
ខ្លួនវានឹងបានធ្វើជានាហ្មឺនធំ តវង្សយើង » ។ ភរិយាក៏យល់ព្រម ។ លោកនោះ
ចេញមកវិញប្រាប់បុរសនោះថា « ពីថ្ងៃនេះតទៅ ឯងឈប់បោសសំរាមក្រោមផ្ទះចុះ ត្រូវឯងឡើងមកបោសខាងលើផ្ទះវិញ » ។
កន្លងមកមួយខែ
លោកក្រឡាហោមរៀបវិវាហមង្គលការ ផ្សំផ្គុំកូនស្រីនឹងបុរសកាស ៣០
ជាស្វាមីភរិយា, រួចស្រេចលោកក្រឡាហោមក៏បង្ហាត់បង្ហាញកូនប្រសា
ឲ្យធ្វើរាជការជាមួយ តែងចូលគាល់បម្រើស្ដេចរៀងរាល់ថ្ងៃ ដរាបមក ។
លុះកន្លងមកបានបីខែ មានគេជម្រាបថា « កូនប្រសាលោក
មិនមែនកើតឆ្នាំខែថ្ងៃដូចលោកទេ, រឿងនេះគឺបុរសនោះសួរឆ្នាំខែថ្ងៃរបស់លោកអំពីសំណាក់លោកយាយជាមាតា
ឯលោកយាយក៏បានប្រាប់ដោយសព្វគ្រប់, កូនប្រសាលោកបានស្ដាប់ដឹងអស់ហើយ
ក៏សរសេរចុះក្នុងកំណាត់សំពត់សទុក លុះដល់លោកសួរឆ្នាំខែថ្ងៃខ្លួន
ក៏ជូនកំណត់នោះមកលោកៗមើលទៅឃើញថា កើតឆ្នាំខែដូចលោក
ក៏ឲ្យកូនក្រមុំធ្វើជាភរិយា រឿងនេះ មិនមែនដូច្នោះទេ
គឺក្លែងសរសេរទុកជាប្រាកដ »
។ លោកក្រឡាហោម ក៏ជឿជាក់ឥតសង្ស័យ
ហើយមានចិត្តទោមនស្សជាខ្លាំង គិតថា « មិនគួរនឹងចាញ់ប្រាជ្ញាអាមនុស្សកម្សត់នេះសោះ » ក៏រកឧបាយនឹងផ្ដាច់កូន
បណ្ដេញចោលចេញ ។
ក្រោយនោះមានទ័ពចោរ
បះបោរនៅខេត្តក្រៅជាច្រើន ។ ស្ដេចទ្រង់ជ្រាបទ្រង់ត្រាស់ប្រើលោកក្រឡាហោម
ឲ្យនាំសេនាទាហានទៅបង្ក្រាប ប៉ុន្តែពួកទ័ពចោរ មិនបានរាបទេ
កាលបើដូច្នោះ លោកក្រឡាហោម ក៏លើកទ័ពត្រឡប់មកក្រាបបង្គំទូលស្ដេចវិញ ។
ស្ដេចត្រាស់ប្រើឲ្យនាំសេនាទាហានទៅបង្ក្រាបទ័ពចោរទៀត
ក៏នៅតែមិនរាបទៀត លោកក្រឡាហោម
ក៏លើកទ័ពត្រឡប់យកសេចក្ដីមកក្រាបបង្គំទូលថា « ទូលព្រះបង្គំជាខ្ញុំ
លើកទ័ពទៅបង្ក្រាបទ័ពចោរពីរដង ហើយនៅតែមិនឈ្នះវា
ព្រោះពួកវាមានសេនាទាហានច្រើន ហើយពូកែផង
ទូលព្រះបង្គំជាខ្ញុំនឹងនាំសេនាទាហានទៅទៀតពុំបាន ត្បិតមានជំងឺក្នុងខ្លួនច្រើន
សូមទ្រង់ចាត់មន្ត្រីណាដែលមានស្វាហាប់
ឲ្យនាំសេនាទាហានទៅបង្ក្រាបទ័ពចោរទាំងនោះឲ្យឆាប់ , ឯកូនប្រសាប្រុសម្នាក់របស់ទូលព្រះបង្គំជាខ្ញុំ
ជាមនុស្សមានចិត្តទាហានហានក្លាដែរ ចំណេះវិជ្ជាក្នុងខ្លួនវាក៏មានច្រើន, បើទ្រង់ចាត់ឲ្យវាទៅវានឹងហ៊ានទៅមិនខ្លាច» ។
ការដែលលោកក្រឡាហោមទូលដូច្នេះ គឺជាឧបាយដោយស្អប់កូនប្រសានោះណាស់
ព្រោះយល់ថា បើវាលើកទ័ពទៅហើយទ័ពចោរទាំងនោះ នឹងសម្លាប់វាមិនខាន ។
ស្ដេចទ្រង់ព្រះសណ្ដាប់ ក៏ឲ្យហៅកូនប្រសានោះមក
ទ្រង់មានព្រះរាជឱង្ការប្រាប់ថា « នៅខេត្តក្រៅ
មានទ័ពចោរបះបោរច្រើន,
ឥឡូវ
យើងប្រើអ្នកឯងឲ្យនាំសេនាទាហានទៅបង្ក្រាបទ័ពចោរទាំងនោះ
អ្នកឯងហ៊ានទៅឬទេ ?
បើហ៊ានទៅ ហើយឈ្នះចោរផង យើងនឹងឲ្យរង្វាន់ » ។
បុរសនោះទូលថា « ទូលព្រះបង្គំជាខ្ញុំ
ហ៊ានទទួលទៅធ្វើរាជការថ្វាយ»
។ ទ្រង់មានព្រះរាជឱង្ការថា « បើដូច្នោះ
ចូលអ្នកឯងនាំសេនាទាហានទៅជាឆាប់ » ។
បុរសថ្វាយបង្គំលាមកផ្ទះជម្រាបលោកក្រឡាហោមជាបិតាក្មេក
តាមរឿងគ្រប់ប្រការ រួចលើកទ័ពចេញទៅ ទ័ពចោរបានដឹង ក៏លើកទ័ពមកតាំងច្បាំងគ្នាជាខ្លាំងក្លា
។ ទ័ពចោរទ្រាំពុំបានក៏បរាជ័យ
បាក់បបខ្លបខ្លាចរត់ខ្ចាត់ខ្ចាយវិនាសអស់ទៅ ។
បុរសលើកទ័ពបង្ក្រាបរាបគ្រប់អន្លើ រួចនាំសេនាទាហានត្រឡប់មកវិញ
ក្រាបបង្គំគាល់ ទូលរឿងច្បាំងនឹងទ័ពចោរគ្រប់សេចក្ដី ។
ស្ដេចជ្រាបទ្រង់ព្រះអំណរពន់ប្រមាណ ។
ឯលោកក្រឡាហោម ដឹងថា «កូនប្រសា
លើកទ័ពទៅបង្ក្រាបចោររាបទាបអស់ដូច្នោះ
ក៏មានចិត្តទោមនស្សរឹតតែខ្លាំងឡើង ពីព្រោះគិតថា
ដែលឲ្យវាទៅបង្ក្រាបទ័ពចោរនោះ ដើម្បីឲ្យពួកចោរសម្លាប់វា
ឥឡូវទៅជាវាមានជ័យជម្នះវិញ»
។ ឯរោគលោកក្រឡាហោមរឹងរឹតតែរើខ្លាំងឡើងលើសដើម
ពេទ្យមើលពុំជា ក៏ទទួលមរណភាពទៅ ។ ស្ដេចជ្រាបទ្រង់ព្រះចិន្ដាថា «នឹងឲ្យឈ្មោះណាធ្វើក្រឡាហោម ?» ទ្រង់ព្រះចិន្ដាទៅឃើញតែបុរសដែលវាយទ័ពចោរ
រាបទាបនោះឯងមានគុណបំណាច់នឹងរាជការ គួរតែឲ្យធ្វើជាក្រឡាហោមបាន » ទ្រង់ព្រះចិន្ដាដូច្នោះហើយ
ក៏ត្រាស់ឲ្យហៅបុរសនោះមកគាល់ ហើយទ្រង់ព្រះមេត្តាប្រោស
តាំងឲ្យធ្វើទីក្រឡាហោម តំណាងបិតាក្មេកទៅ ។
មនុស្ស
កុំមើលងាយមនុស្ស
រឿង បុរសកាស៣០
Reviewed by Admin
on
5:10 PM
Rating: