រឿង បុរសជីកក្ដាម
និទាន ១ ថា : មានបុរសប្ដីប្រពន្ធ
មានកូនប្រុសមួយ កូននោះអាយុបាន ១២ ឆ្នាំ មាតាស្លាប់ទៅ នៅតែឪពុកពោះម៉ាយ ។
ឪពុកក៏ធ្វើរបរលក់ដូរតែពីរនាក់នឹងកូន លក់មិនដាច់រឹតតែក្រទៅៗ
ក្រោយមក ឪពុកអនិច្ចកម្មទៅទៀត នៅតែកូនម្នាក់ឯងរក្សាផ្ទះសំបែង ។
ឪពុកស្លាប់ទៅបាន ៥ថ្ងៃក៏មកពន្យល់សប្ដិថា «កូនឯងក្រលំបាកណាស់
យើងជាឪពុកគ្មានរបស់អ្វីនឹងឲ្យទេ
ដូច្នេះឲ្យកូនទៅជីកក្ដាមនៅក្រោមខ្ទមអ្នកតា នាទិសឦសានផ្ទះយើង
យកទៅលក់ចិញ្ចឹមជីវិតរៀងរាល់ថ្ងៃចុះ វេលាព្រឹក ថ្ងៃរះឡើងកាលណា
ឲ្យកូនទៅជីកយករាល់ថ្ងៃកុំខាន » ។
លុះភ្លឺច្បាស់ កូននោះភ្ញាក់ឡើង
ចាំជាក់នូវនិមិត្តសព្វគ្រប់ ក៏ចាប់យកចបដើរតម្រង់ទៅខ្ទមអ្នកតា
ជីកទៅឃើញក្ដាមមួយប្រាកដមែន រួចយកក្ដាមនោះទៅលក់ឲ្យអ្នកផ្សារៗ
ក៏ទិញយក ។ បុរសនោះបានប្រាក់ហើយត្រឡប់មកវិញ ។
ថ្ងៃក្រោយវេលាព្រឹក
បុរសទៅជីកក្ដាមនៅកន្លែងដដែលនោះ បានក្ដាមមួយយកទៅលក់ឲ្យអ្នកផ្សារ
គេក៏ទិញយកទៅទៀត ។ បុរសនោះត្រឡប់មកផ្ទះវិញ ។
នៅទីនោះ មានមហាសេដ្ឋីម្នាក់មានកូនស្រីក្រមុំច្រើន
កូនស្រីបងៗទាំងប៉ុន្មាន មហាសេដ្ឋីរៀបឲ្យមានប្ដីអស់
នៅតែកូនស្រីពៅម្នាក់ ឈ្មោះនាងពៅប្រកែកមិនព្រមយកប្ដី
សូម្បីមហាសេដ្ឋីជាឪពុកម្ដាយ បង្ខំឲ្យមានប្ដីម្ដេចម្ដា ក៏នាងមិនព្រម ។
រីឯបុរសនោះ លុះថ្ងៃក្រោយ
ទៅជីកក្ដាមនៅទីកន្លែងដដែលបានមួយទៀត ហើយកាន់យកទៅលក់ ។ នាងពៅ
កូនក្រមុំមហាសេដ្ឋីបានឃើញ ក៏ហៅមកសួរថា « អ្នកកំឡោះ យួរក្ដាមទៅណា ? » ។ បុរសនោះជម្រាបថា « ខ្ញុំយកទៅលក់ »
។ នាងពៅក៏ទិញយក ហើយនាងប្រាប់ថា « ពីថ្ងៃនេះទៅ
បើអ្នកបានក្ដាម កុំលក់ឲ្យអ្នកណា ត្រូវអ្នកយកមកលក់ឲ្យខ្ញុំ
រាល់ថ្ងៃកុំខាន »
។ ដែលទៅជាយ៉ាងនេះ
ដោយនាងនោះមានចិត្តប្រតិព័ទ្ធនឹងបុរសនោះណាស់
តែអ្នកនោះមិនដឹងខ្លួនទេ ។ បុរសនោះបានប្រាក់ហើយត្រឡប់មកផ្ទះវិញ ។
ថ្ងៃក្រោយបុរសនោះ ទៅជីកក្ដាមនៅទីកន្លែងដដែលបានទៀត
រួចយកមកលក់ឲ្យតែនាងពៅនោះរាល់ៗថ្ងៃ ។
នាងពៅក៏ចេះតែទទួលទិញយកក្ដាមមិនដែលខាន
ហើយមានចិត្តរឹតតែស្រឡាញ់បុរសនោះខ្លាំងឡើង
ក៏ធ្វើឫកពាកិរិយាឲ្យបុរសនោះដឹង ។ បុរសនោះដឹងជាក់ថា « នាងនោះស្រឡាញ់ខ្លួនប្រាកដ » តែដោយពិចារណាថា
សព្វថ្ងៃនេះខ្លួនជាអ្នកក្រីក្រលំបាកណាស់ ហើយកំព្រាផង
ក៏មិនហ៊ាននិយាយថាម្ដេចឡើយ ។
ចំណែកបងស្រីៗប៉ុន្មាននាក់
បានឃើញនាងពៅជាប្អូន ធ្វើឫកពាកិរិយាស្រឡាញ់បុរសលក់ក្ដាមនោះពន់ពេក
ក៏នាំគ្នាទៅជម្រាបមហាសេដ្ឋីជាមាតាបិតា « នាងពៅជាប្អូន
ធ្វើឫកពាស្រឡាញ់បុរសជីកក្ដាមនោះក្រៃពេក
បុរសនោះបានក្ដាមយកមកលក់ឲ្យតែនាងពៅ
ឯនាងពៅចេះតែទទួលទិញរាល់តែថ្ងៃ
រួចធ្វើឫកពាកិរិយាស្រឡាញ់បុរសនោះណាស់ ទោះបីខ្ញុំទាំងអស់គ្នា
និយាយទូន្មានដូចម្ដេច ក៏មិនស្ដាប់មិនតាម រឹតតែធ្វើខ្លាំង » ។
សេដ្ឋីជាបិតាមាតា ឮដូច្នោះខឹងច្រឡោតឲ្យហៅនាងពៅមកជេរបន្ទោស
ត្មះតិះដៀលថា «ហងនេះ ជាមនុស្សរឹងត្អឹងទទឹងនឹងចិត្តមាតាបិតា
អញឲ្យមានប្ដីទៅមនុស្សមានទ្រព្យសម្បត្តិ ហងឯងប្រកែកមិនព្រមយក
ឥឡូវហងស្រឡាញ់អាមនុស្សកម្សត់លក់តែក្ដាមវិញ ហងឯងនេះអាក្រក់ណាស់
ចុះចេញពីផ្ទះអញឲ្យឆាប់ទៅយកអាកម្សត់លក់ក្ដាមនោះចុះ, ចាប់ពីថ្ងៃនេះទៅហងឯង
កុំមកឡើងផ្ទះអញ សូម្បីតែក្នុងភូមិក៏ចូលមិនបាន អញកាត់ចោលហើយ » ។
ចំណែកមាតាកាត់ចិត្តមិនដាច់ពីកូនពៅ ក៏លបវេចរបស់ស្រាលៗ
ដែលមានតម្លៃឲ្យនាងពៅជាកូន ។
នាងពៅក៏សំពះលាមាតាយកបង្វេចដែលមាតាឲ្យនោះ ចុះចេញពីផ្ទះ
សំដៅទៅផ្ទះបុរសលក់ក្ដាម និយាយពីរឿងដែលបិតាខឹងបណ្ដេញសព្វគ្រប់
ប្រាប់បុរសនោះៗ បានស្ដាប់ហើយ ឆ្លើយតបថា « សព្វថ្ងៃ
ខ្លួនខ្ញុំនេះក្រីក្រជាទីបំផុត ហើយកំព្រាតែម្នាក់ឯងផង
នាងត្រឡប់ទៅវិញចុះខ្ញុំមិនហ៊ានទទួលយកនាងទេ
ខ្ញុំខ្លាចមហាសេដ្ឋីជាបិតានាងចាប់ទោស យកខ្ញុំទៅសម្លាប់» ។
នាងពៅតបថា «ខ្ញុំមិនទៅវិញទេ ស៊ូស្លាប់នឹងអ្នកហើយ ! » ។ បុរសនោះសួរថា « បើដូច្នេះ យើងគិតដូចម្ដេច ? » ។ នាងពៅឆ្លើយថា « បើអ្នកគិតឃើញយ៉ាងណា
ខ្ញុំទទួលធ្វើតាមយ៉ាងនោះទាំងអស់ » ។
បុរសនោះ នាំនាងពៅចេញចោលផ្ទះ
ទៅនៅស្រុកក្រៅ ហើយធ្វើផ្ទះ ១ ខ្នងសម្រាប់ លុះព្រឹកឡើងមកជីកក្ដាមនៅទីដដែល
យកទៅលក់ដូចថ្ងៃមុនទៀត បានប្រាក់ហើយទិញវត្ថុផ្សេងៗផ្ញើប្រពន្ធ
ហើយប្រព្រឹត្តយ៉ាងនេះជាច្រើនថ្ងៃ ។ ហេតុតែជាស្រីគ្រប់លក្ខណ៍នាងពៅនោះ
ក៏ប្រណិប័តន៍ប្ដីមិនឲ្យទាស់ចិត្ត វេលាយប់ចូលដំណេកនាងពៅនិយាយនឹងប្ដីថា
«ខ្ញុំសូមចិត្តប្ដី !
តាំងពីថ្ងៃនេះតទៅ សូមអ្នកកុំទៅជីកក្ដាមទៀតឡើយ
ព្រោះប្រាក់កាសយើងមានច្រើនហើយ បើអ្នកចង់ទិញរបស់អ្វីៗ
ក៏ទិញតាមចិត្តអ្នកចុះ »
។ ប្ដីមិនព្រមតាម ។
លុះព្រឹកឡើង ប្ដីកាន់ចបទៅជីកក្ដាមទៀត ។
ប្រពន្ធឃើញដូច្នោះក៏លបដើរតាមទៅមើលដល់ទីកន្លែង
ឲ្យឃើញច្បាស់មិនឲ្យដឹង លុះឃើញច្បាស់ហើយក៏ត្រឡប់មកផ្ទះវិញ ។
ចំណែកប្ដីជីកបានក្ដាមហើយយកទៅលក់ រួចទិញម្ហូបចំណីផ្ញើប្រពន្ធ ។
ថ្ងៃក្រោយ ប្ដីទៅកាប់ឧសក្នុងព្រៃឆ្ងាយ
នាងពៅបានឃើញប្ដីទៅរកឧស ក៏កាន់ចបទៅជីករំលើង
នៅទីកន្លែងដែលប្ដីជីកក្ដាមនោះអស់
រួចត្រឡប់មកផ្ទះដាំបាយធ្វើម្ហូបចំណីទុកឲ្យប្ដីបរិភោគ , ថ្ងៃល្ងាចត្រជាក់
ប្ដីមកពីព្រៃ ក៏បរិភោគបាយជាមួយគ្នា ។
លុះព្រឹកឡើង ប្ដីកាន់ចបទៅជីកក្ដាមទៀត
ឃើញទីកន្លែងដីនោះធ្លុះធ្លាយរលើងរលុះខ្ចាត់ខ្ចាយអស់
ហើយបានឃើញសំបកក្ដាមមួយធំប្លែកស្ងួតស្អាត ដូចជាហាលថ្ងៃយូរហើយ
អ្នកនោះ ក៏កាន់សំបកក្ដាមយកមកទុកក្រោមផ្ទះ
មិនបានប្រាប់ភរិយាឲ្យដឹងទេ ភរិយាក៏សួរប្ដីថាដូចម្ដេចឡើយ ។
ដល់វេលាយប់ចូលដំណេក
នាងពៅកាន់ប្រាក់របូតពីដៃជ្រុះមួយណែនទៅក្រោមផ្ទះ
ធ្លាក់ទៅលើសំបកក្ដាមនោះ នាងមិនហ៊ានប្រាប់ឲ្យប្ដីដឹង ដោយគិតថា « ចាំព្រឹកភ្លឺច្បាស់ឡើង
សឹមចុះទៅយកប្រាក់មកទុកវិញ»
។ លុះព្រឹកឡើង
នាងចុះពីផ្ទះទៅយកប្រាក់មួយណែនដែលធ្លាក់នោះ
ស្រាប់តែឃើញប្រាក់ណែនពេញសំបកក្ដាម នាងអរណាស់ យកមកឲ្យប្ដីៗសួរថា « នាងបានប្រាក់ពីណាច្រើនម្ល៉េះ ? ។
នាងពៅជម្រាបប្ដីថា « កាលពីយប់មិញ ខ្ញុំកាន់ប្រាក់ដើម្បីយកទៅទុកខាងក្នុង
ក៏របូតមួយណែនពីដៃ ធ្លាក់ទៅក្រោមផ្ទះ ខ្ញុំពុំបានចុះទៅយក
ពីព្រោះគិតឃើញថា «ផ្ទះនៅឆ្ងាយពីគេ គ្មាននរណាដឹងឬឃើញ
ចាំព្រឹកភ្លឺច្បាស់សឹមចុះទៅយកមកទុក
ខ្ញុំចុះទៅយកស្រាប់តែឃើញប្រាក់ណែនពេញសំបកក្ដាម
ខ្ញុំក៏យកមកជូនអ្នក»។ ប្ដីមានអំណរពន់ប្រមាណ ហើយនិយាយប្រាប់ប្រពន្ធថា «ពីថ្ងៃនេះតទៅ
បងឈប់ជីកក្ដាមហើយ »
។ ប្រពន្ធអរណាស់ រាល់តែវេលាយប់
អ្នកទាំងពីរនាក់ប្ដីប្រពន្ធនាំគ្នាទម្លាក់ប្រាក់ទៅចំសំបកក្ដាមធំ
ព្រឹកឡើងចុះទៅមើល ឃើញប្រាក់ពេញសំបកក្ដាមនោះ ក៏យកមកទុករៀងរាល់ថ្ងៃ
ទើបទម្លាក់ប្រាក់រៀល ព្រឹកឡើងឃើញប្រាក់រៀល ទើបទម្លាក់ប្រាក់ណែន
ព្រឹកឡើងឃើញប្រាក់ណែនទើបទម្លាក់គ្រឿងមាសពេជ្រ
ព្រឹកឡើងឃើញគ្រឿងមាសពេជ្រ ពេញសំបកក្ដាម ។
អ្នកទាំងពីរប្រព្រឹត្តយ៉ាងនេះចំនួនមួយឆ្នាំមានប្រាក់មាស
និងគ្រឿងប្រដាប់ប្រើប្រាស់ ច្រើនណាស់រាប់មិនអស់ ទើបប្រឹក្សាគ្នាថា «យើងមានប្រាក់មាស
និងគ្រឿងប្រដាប់ច្រើនម្ល៉េះ តើយើងបានអ្វីនឹងទុករបស់ទាំងអស់នេះ ?» លុះគិតឃើញ
ក៏នាំគ្នាយកប្រាក់ និងគ្រឿងមាសពេជ្រទាំងអស់ទៅជីកកប់ទុកច្រើនអន្លើ ។
ក្រោយពីនោះមក ទាំងពីរនាក់ប្ដីប្រពន្ធនាំគ្នាទៅសួរមហាសេដ្ឋីជាមាតាបិតា
ទៅដល់បងស្រីទាំងអស់បានឃើញជេរថា «មេចោរចង្រៃឯង
នាំប្ដីកម្សត់លក់តែក្ដាមមករកអ្វី ? ហងឯងបានឮឬទេ
លោកឪពុកបណ្ដេញកាត់កាល់ចោលហើយ សូម្បីតែក្នុងភូមិ
ក៏លោកហាមមិនឲ្យចូលដែរ ?
មេចង្រៃឯងចេញពីភូមិឲ្យឆាប់ >> ។
នាងពៅឆ្លើយថា « បងទាំងអស់កុំមើលងាយខ្ញុំៗមកនេះដើម្បីសួរមាតាបិតាព្រោះលោកមានគុណលើខ្ញុំៗ
មិនមកសុំទ្រព្យសម្បត្តិលោកទេ,
សម្បត្តិបងឯងទាំងអស់ ក៏ខ្ញុំមិនសុំដែរ
ខ្ញុំមើលទៅទ្រព្យសម្បត្តិបងទាំងអស់មានប៉ុណ្ណោះ ខ្ញុំមិនកោត
មិនព្រឺឡើយ សូម្បីតែរោមជើងខ្ញុំ ក៏វាមិនព្រឺផង >> ។
បងទាំងអស់ខឹងណាស់ ជេរប្រទេចថា «ហងឯងនេះអួតណាស់
អញមិនជឿទេ» ។ នាងពៅថា «បើមិនជឿ ភ្នាល់គ្នាចុះ» ។ បងទាំងនោះថា «ភ្នាល់ដូចម្ដេច?»។
នាងពៅថា «ឲ្យបងទាំងអស់រាប់ប្រាក់ខ្ញុំមើល ឲ្យអស់ក្នុងមួយថ្ងៃ
បើរាប់អស់ ខ្ញុំបែងចែកឲ្យរាល់គ្នា បើរាប់មិនអស់ ខ្ញុំមិនឲ្យទេ
តែខ្ញុំយល់ថា កុំថាឡើយរាប់មួយថ្ងៃ ទោះជារាប់ពីរឬបីថ្ងៃ
ក៏មិនអស់ដែរ» ។ បងទាំងនោះឆ្លើយថា «អញព្រមទៅរាប់ តែហងកុំកុហក អញវាយហងសម្លាប់ » ។
នាងពៅប្រាប់ថា « តាមចិត្ត »
។ បងៗនាំគ្នាទៅរាប់ប្រាក់នាងពៅ
រាប់តាំងពីព្រឹកទល់ល្ងាចក៏មិនអស់
នាំគ្នាត្រឡប់មកផ្ទះវិញជម្រាបសេដ្ឋីជាមាតាបិតាថា «នាងពៅជាប្អូនវាអួតថាខ្លួនវាមានប្រាក់ច្រើន
ខ្ញុំទាំងអស់គ្នាមិនជឿ ហើយវាថាបើមិនជឿ ឲ្យទៅមើលឯផ្ទះវាចុះ
ខ្ញុំទាំងអស់គ្នាក៏ទៅមើល ឃើញវាមានប្រាក់ច្រើនមែន ក៏ភ្នាល់នឹងវាៗថា
បើខ្ញុំទាំងអស់គ្នារាប់ប្រាក់វាអស់ក្នុងមួយថ្ងៃ
វានឹងឲ្យខ្ញុំយកចែកគ្នាចុះ បើរាប់មិនអស់វាមិនឲ្យទេ
ទោះខ្ញុំទាំងអស់គ្នា ចាប់រាប់តាំងពីព្រឹកទាល់ល្ងាច ក៏មិនអស់ប្រាក់វា
បានជាត្រឡប់មកជម្រាបមាតាបិតាសូមជ្រាប» ។ មហាសេដ្ឋីបានស្ដាប់
ក៏ចាត់ក្រមការឲ្យទៅមើលប្រាក់នាងពៅឲ្យជាក់ច្បាស់ ។
នាងពៅក៏នាំទៅមើលគ្រប់កន្លែង ។ ក្រមការទាំងនោះបានឃើញប្រាក់នាងពៅ
មានច្រើនប្រាកដមែន ក៏ត្រឡប់មកជម្រាបមហាសេដ្ឋីតាមដំណើរសព្វគ្រប់ ។
មហាសេដ្ឋីបានជ្រាបមានចិត្តត្រេកអរណាស់ក៏ចាត់បម្រើឲ្យទៅហៅនាងពៅ
និងកូនប្រសាមកប្រាប់ថា «កូនឯងមកនៅជាមួយនឹងមាតាបិតាវិញចុះ» ទើបមហាសេដ្ឋីបង្គាប់ក្រមការឲ្យកេណ្ឌរទេះក្របីគោជាច្រើន
ទៅដឹកជញ្ជូនប្រាក់និងទ្រព្យសម្បត្តិនាងពៅ យកមកទាំងអស់
ដាក់លើផ្ទះពាសពេញល្វែង ។ មហាសេដ្ឋីឃើញប្រាក់នាងពៅច្រើនមែន
មានអំណរពន់ប្រមាណ ក៏សរសើរថា « កូនអញនេះពេញជាមានបុណ្យ
អំណឹះតទៅកូនទាំងពីរនឹងបានធ្វើជាសេដ្ឋីដំណវង្សពុំខាន
ឯការណ៍ដែលបិតាខឹងបណ្ដេញកូននោះ អ្នកកុំប្រកាន់ខឹងនឹងបិតា » ។
នាងពៅនិងប្ដីក៏នៅផ្ទះជាមួយមាតាបិតាដូចដើមវិញ ។
ចំណែកបងស្រីទាំងប៉ុន្មានក៏កោតខ្លាចនាងពៅ និងប្អូនថ្លៃនោះណាស់ ។
លុះមហាសេដ្ឋីជាបិតាទទួលមរណភាពទៅវេលាណា ប្ដីនោះនិងនាងពៅភរិយា
ក៏បានឡើងធ្វើជាសេដ្ឋីជំនួសបិតាតទៅ ។
ឈើពុក
កុំដាក់គូថអង្គុយ
រឿង បុរសជីកក្ដាម
Reviewed by Admin
on
5:11 PM
Rating: