រឿង បុរសមានកូន៤នាក់រៀនវិជ្ជា៤បទ
មានបុរសម្នាក់មានកូនប្រុស ៤
នាក់បានសិក្សាវិជ្ជា ៤ បទ ស្ទាត់ជំនាញរៀងខ្លួន គឺម្នាក់ចេះស៊ី, ម្នាក់ចេះដេក, ម្នាក់ចេះកាត់ក្ដី
ម្នាក់ទៀតចេះចង់ស្រី ។ ឪពុកក៏យកកូនទាំង ៤ នាក់ទៅថ្វាយស្ដេច
ក្រាបអំពីវិជ្ជានីមួយៗ ក្នុងខណៈដែលថ្វាយនោះ ។ ស្ដេចទ្រង់រក្សាទទួលទុក
។ ថ្ងៃមួយ ស្ដេចទ្រង់ពិសោធបុរសម្នាក់ ដែលចេះស៊ីជាមុន, ឲ្យគេរៀបភោជនាហារជាច្រើនមុខ
ស្ដេចដួសទឹកឆៅមួយក្រចក ដាក់ទៅក្នុងចានសម្លមួយ
ហើយទ្រង់ប្រាប់ទៅបុរសនោះថា «ឲ្យស៊ីភោជនាហារគ្រប់មុខ» ។
បុរសនោះក៏បរិភោគតាមព្រះរាជបញ្ជា, ដល់ទៅសម្លមួយមុខ
ដែលស្ដេចបានដាក់ទឹកឆៅមួយក្រចកចូលនោះ បុរសនោះមិនបរិភោគ ។
ស្ដេចសួរបុរសនោះថា «ហេតុម្ដេចបានជាចៅឯង មិនបរិភោគសម្លនេះ ?» ។
បុរសនោះក្រាបទូលថា «សម្លនេះមានទឹកឆៅមួយក្រចកនៅក្នុងនោះ
បានជាទូលព្រះបង្គំជាខ្ញុំ មិនទទួលព្រះរាជទាន» ។
ស្ដេចនឹកក្នុងព្រះទ័យថា« បុរសនេះចេះវិជ្ជាខាងស៊ីស្ទាត់មែន » ។ អំពីនោះទៅ
ស្ដេចទ្រង់ពិសោធបុរសចេះដេកទៀត ទ្រង់ឲ្យរៀបទីកន្លែងយ៉ាងស្អាត
មានពូកកម្រាលក្រាលពីលើ ។ ស្ដេចយកសក់មួយសរសៃ ទៅដាក់ក្រោមកម្រាលពូកនោះ
ដល់ពេលយប់ ទ្រង់ហៅបុរសនោះឲ្យទៅដេក ។ បុរសប្រះដេកទៅក្រោកឡើងវិញភ្លាម
។ ស្ដេចទ្រង់សួរថា «ហេតុម្ដេចបានជាដេកហើយក្រោកឡើងវិញ ?» ។ បុរសនោះក្រាបទូលថា «មានសក់មួយសរសៃនៅក្នុងដំណាក់នោះ
បានជាទូលព្រះបង្គំជាខ្ញុំក្រោក»ស្ដេចទ្រង់នឹកសរសើរក្នុងព្រះទ័យថា
«បុរសនោះស្ទាត់ខាងវិជ្ជាដេកប្រាកដមែន» ។
ថ្ងៃមួយ មានបុរសម្នាក់ស្លាប់នៅកណ្ដាលវាល គ្មានភិនភាគស្លាកស្នាមអ្វី
នៅរូបកាយនោះសោះ។ ស្ដេចទ្រង់បង្គាប់ឲ្យតុលាការមុខក្រសួង
ស៊ើបសួររកហេតុនោះ ក៏ពុំឃើញ,
ទ្រង់ព្រះវិតក្កក្នុងព្រះរាជហឫទ័យ
ទ្រង់នឹកឃើញបុរសដែលចេះវិជ្ជា ខាងផ្លូវតុលាការនោះ ក៏មានព្រះរាជឱង្ការ
ឲ្យហៅចូលមក ហើយទ្រង់ចាត់ប្រើឲ្យទៅស៊ើបរករឿងពិរុទ្ធនោះ។ បុរសនោះ
សូមព្រះរាជអនុញ្ញាតអំណាច ក្នុងវេលាដែលស៊ើបសួរយកការណ៍នោះ ។
ស្ដេចក៏ព្រះរាជទានពរតាមសុំបុរសនោះចេញ
ទៅដល់ទីកន្លែងមនុស្សស្លាប់នោះ ចាត់ការហៅអ្នកស្រុកមកប្រជុំ
មិនឲ្យមានសល់ម្នាក់ ហើយបុរសនោះហាមប្រាមថា « ក្នុងវេលាថ្ងៃស្អែកនេះ
មិនឲ្យអ្នកណាទៅណាមកណា ក្រៅពីភូមិខ្លួនទេ ឲ្យទាំងអស់គ្នា
ទាំងប្រុសទាំងស្រី ចាស់ក្មេងចូលទៅមើលគេធ្វើបុណ្យរំលាយសពបុរសអនាថា
ដែលស្លាប់នៅកណ្ដាលវាលស្រែ លើកតែមនុស្សខ្វាក់ខ្វិនចេញ ។
ខណៈដែលរៀបចំរំលាយសពនោះ
បុរសជាអ្នកស៊ើបសួរបានចាត់មនុស្សជាច្រើននាក់ដែលបានពន្យល់ពីកិច្ចហេតុ
ដែលយកការណ៍ក្នុងរឿងនោះ បើឃើញឈ្មោះណាប្រកបនឹងកិច្ចដែលបានពន្យល់នោះ
ឲ្យយកឈ្មោះនោះមកប្រគល់ឲ្យខ្លួនជានាយមួយរំពេច ។
ពេលភ្លើងឆេះពេញកម្លាំង មានស្រីក្មេងម្នាក់ស្រក់ទឹកភ្នែកច្រោក ។
បុរសជាអ្នកគយគន់មើលហេតុ ក៏នាំយកខ្លួននាងនោះ ទៅប្រគល់ឲ្យនាយខ្លួន ។
បុរសជានាយយកខ្លួននាងទៅស៊ើបសួរដំណើរដែលនាងយំនោះ ដោយយោបល់ដ៏ល្អិត ។
នាងនោះរកផ្លូវគេចកែដោះសាទៅពុំបានក៏ប្រាប់បុរសនោះ តាមត្រង់ថា «ខ្លួននាងបានសហាយនឹងបុរសដែលស្លាប់
ទើបនឹងបានគ្នាក្នុងយប់ដែលស្លាប់នោះ ហើយថាដំណើរដែលស្លាប់នោះ
គ្មានអ្នកណាវាយដំធ្វើបាបអ្វីទេ គឺវេលាចូលដំណេក
បុរសនោះប្រើនាងឲ្យទៅរកទឹកមកឲ្យផឹក នាងមិនហ៊ានចេញទៅដងទឹកឯក្រៅ
ដោយខ្លាចឪពុកដឹងក៏យកផ្តិលត្រងទឹកភ្លៀងដែលហូរធ្លាក់
តាមរងស្បូវប្រក់ផ្ទះនោះឲ្យផឹក, លុះផឹកហើយ
ក៏បណ្ដាលឲ្យដល់មរណៈក្នុងខណៈនោះទៅ ។ បុរសដែលជាអ្នកស៊ើបសួរ
ក៏យល់ច្បាស់ក្នុងចិត្តថា «នាងនេះ មិនមានសន្ដានចិត្តជាទុច្ចរិត នឹងបុរសដែលស្លាប់នោះទេ
ព្រោះទើបស្រឡាញ់គ្នា បានជួបគ្នាក្នុងខណៈនេះ ការណ៍នេះប្រាកដជាមានសត្វអាសិរពិសអ្វី
នៅលើដំបូលផ្ទះនោះ បានជាបណ្ដាលឲ្យបុរសនោះស្លាប់» ។
ទើបបុរសជានាយចាត់ឲ្យទៅមើលលើដំបូលផ្ទះនោះ
ឃើញពស់នាគរាជមួយនៅចំពីលើល្វែង ដែលនាងនោះដេក ។
បុរសជានាយក៏ឲ្យវាយពស់នាគរាជនោះ យកមកថ្វាយស្ដេច ក្រាបទូលតាមដំណើរ
ហើយដោះលែងនាងនោះទៅ ដោយវិនិច្ឆ័យថា «ហេតុដែលបណ្ដាលឲ្យបុរសនោះស្លាប់
មកអំពីផឹកទឹកភ្លៀងលាយដោយពិសពស់នាគរាជ ដែលនាងនោះត្រងមកឲ្យផឹក
ដោយឥតចេតនា»។ ស្ដេចក៏ទ្រង់សរសើរថា
បុរសជានាយចេះស្ទាត់ក្នុងការស៊ើបសួរខាងផ្លូវតុលាការមែន។
ថ្ងៃមួយក្រោយមក មានសេដ្ឋីម្នាក់ស្លាប់
សេដ្ឋីនោះមានប្រពន្ធក្មេងល្អ ។ នាងនោះប្ដេជ្ញាថា «មិនយកប្ដីទៀតទេ» ។
ដំណឹងនោះជ្រាបដល់ស្ដេចៗទ្រង់ឲ្យនាហ្មឺនសព្វមុខមន្ត្រី
ទៅចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីនោះ ។ នាហ្មឺនទាំងអស់ទៅចង់មិនបាន
ស្ដេចទ្រង់គិតថា « នាងនេះប្រហែលជាមិនយកប្ដីដូចដំណឹង ដែលទ្រង់ជ្រាបនោះមែន » តែទ្រង់គិតក្នុងព្រះរាជហឫទ័យថា
«នាហ្មឺនសព្វមុខមន្ត្រីទាំងនោះប្រហែលជាមិនពេញសេចក្ដីប្រាថ្នានាងមេម៉ាយទេ
បើអង្គអញប្រហែលជានាងនេះព្រម»។ ក៏ទ្រង់យាងទៅផ្ទះមេម៉ាយនោះ ហើយទ្រង់ឲ្យប្រាប់នាងថា «ល្ងាចនេះ
ទ្រង់នឹងមកផ្ទំនឹងនាង ឲ្យនាងរៀបចំទីកន្លែងចាំទទួល» ។
នាងមេម៉ាយក៏ទទួលព្រះរាជឱង្ការ ។ ពេលល្ងាចនាងរៀបក្រឡាព្រះបន្ទំ
ហើយតែងស្រីបម្រើម្នាក់ដែលមានកើតស្រែងនៅខ្លួន រចនាដោយគ្រឿងប្រដាប់
សម្រាប់តាក់តែងរូបកាយស្រី គឺគ្រឿងមាសពេជ្រ
និងគ្រឿងក្រអូបគ្រប់ប្រដាប់ហើយឲ្យនាងនោះចូលទៅក្នុងទីក្រឡាព្រះបន្ទំ
ដែលរៀបចំទទួលស្ដេចតាមព្រះរាជឱង្ការ ។ ដល់ស្ដេចយាងមក
ដោយទ្រង់មិនបានគិតពិនិត្យសព្វគ្រប់ ទ្រង់ក៏យល់ថា «ទីនេះជាទីសម្រាប់នាងមេម៉ាយមែន
បានជាមនុស្សទាំងឡាយ មិនហ៊ានមកនៅទីនេះ » ទ្រង់ក៏ដាក់ព្រះអង្គគង់អែប
ដោយសំគាល់ថា «នាងមេម៉ាយ»
ទ្រង់ផ្ទំជាមួយនាងនោះ
រួចហើយទ្រង់កំណត់ព្រះចិន្ដាថា «អញមកចង់នាងនេះបានហើយ» ។
ដើម្បីឲ្យបានជាភស្តុតាងដល់ភ្នែកអ្នកផងទាំងពួង, ស្ដេចក៏ទ្រង់ខាំថ្ពាល់នាងនោះជាសំគាល់
រួចទ្រង់យាងមកព្រះបរមរាជវាំងវិញ ទ្រង់មានព្រះរាជឱង្ការផ្ដាំថា «ព្រឹកស្អែកនេះឲ្យនាងចូលទៅគាល់ស្ដេចកុំខាន» ។
ទ្រង់យាងទៅដល់ព្រះបរមរាជវាំង ទ្រង់ក៏មានព្រះរាជឱង្ការ
ប្រាប់អស់នាហ្មឺនសព្វមុខមន្ត្រីថា ព្រះអង្គយាងទៅចង់នាងនោះបាន
មានទាំងសម្គាល់ស្នាមព្រះទន្តនៅថ្ពាល់នាងនោះផង
ហើយទ្រង់បានប្រាប់ឲ្យចូលមកគាល់ ក្នុងវេលាព្រឹកនេះផង
ឲ្យនាហ្មឺនសព្វមុខមន្ត្រីទាំងអស់ចាំមើល ។ ដល់នាងមេម៉ាយចូលមកគាល់
យកទាំងស្រីបម្រើដែលតាក់តែងកាយ ទទួលស្ដេចពីយប់នោះមកជាមួយផង, លុះចូលមកគាល់
ក៏អង្គុយតាមមុខក្រោយ នាងមេម៉ាយអង្គុយមុខ ស្រីបម្រើអង្គុយក្រោយ ។
ស្ដេចឲ្យនាហ្មឺនទៅពិនិត្យមើល នៅកន្លែងសំគាល់ ដែលទ្រង់បានប្រាប់ហើយនោះ
។ លុះភ្នាក់ងារដែលទទួលព្រះរាជឱង្ការទៅពិនិត្យ
ត្រឡប់មកក្រាបទូលស្ដេចវិញថា «នាងអង្គុយក្រោយមានស្នាមនៅថ្ពាល់ជាសម្គាល់ដោយធ្មេញ
ឯនាងមេម៉ាយគ្មានស្នាមអ្វីជាសម្គាល់ទេ » ។
ស្ដេចក៏តូចព្រះរាជហឫទ័យដោយសេចក្ដីមិនបានពិនិត្យជាមុន
ក៏ព្រះអង្គទ្រង់ចិន្ដាត្រិះរិះទៅឃើញថា « នាងនេះជាស្រីមានប្រាជ្ញា
នឹងរកអ្នកណាទៅចង់នាងពុំបាន»
ទ្រង់នឹកដល់បុរសដែលជាអ្នកស្ទាត់ខាងវិជ្ជាចង់ស្រី
ក៏មានព្រះរាជឱង្ការឲ្យចូលទៅគាល់ ។ ស្ដេចក៏មានព្រះរាជឱង្ការសួរទៅបុរសនោះថា
«ឯងទៅចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីបានឬទេ ? បើបងឯងត្រូវការវត្ថុអ្វី
យើងឲ្យឯងទាំងអស់ »
។ បុរសនោះក្រាបទូល «ទទួលតាមបន្ទាល់
ដោយមិនបាច់យកវត្ថុជាឧត្ដមទៅទេ សុំតែសំពត់ផាឌិបសចាស់ យកទៅស្លៀកពាក់
ហើយនឹងឆ្អឹងគោមួយថោវេចខ្ចប់ជាប់នឹងខ្លួនប៉ុណ្ណោះបានហើយ» ។
ឯនាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋី
វេលាដែលត្រឡប់ពីគាល់ស្ដេចទៅវិញ
ក៏រៀបសាលាធ្វើបុណ្យខ្មោចសេដ្ឋីជាប្ដី រំលាយសពជាស្រេច
រើសធាតុយកមកខ្ចប់តម្កល់លើសាលាធ្វើបុណ្យឆ្លង ។ វេលាយប់នោះបុរស
ដែលទទួលព្រះរាជឱង្ការ បានទៅដល់លើសាលា
ដែលនាងមេម៉ាយធ្វើបុណ្យខ្មោចប្ដី ដែលនឹងហើយស្រេចនៅវេលាព្រឹកស្អែកនោះ
ដល់ហើយធ្វើជាយំសោកនឹងខ្មោចប្រពន្ធខ្លួនស្លាប់
មានសេចក្ដីទុក្ខយ៉ាងខ្លាំងដោយមានទាំងធាតុស្ពាយជាប់នឹងខ្លួន
ជាសំគាល់ផង, បណ្ដាលឲ្យអស់អ្នកជាពួកក្រុមនាងមេម៉ាយ
ដែលនៅលើសាលានោះទាំងប៉ុន្មាន មានសេចក្ដីឆ្ងល់ភ័ន្តភាំងគ្រប់គ្នា
សួរទៅបុរសនោះថា ហេតុអ្វី ក៏អ្នកមកយំសោក
បោកខ្លួនប្រាណលើទីនេះខ្លាំងម្ល៉េះ? ។ បុរសនោះប្រាប់ទៅអ្នករក្សាសាលានោះថា
«ខ្ញុំឃើញគេធ្វើបុណ្យខ្មោចលោកសេដ្ឋីនោះ
ខ្ញុំនឹកដល់ខ្មោចប្រពន្ធខ្ញុំ ដែលស្លាប់ជាយូរ ហើយនោះភ្លាម
ក៏បណ្ដាលឲ្យសង្វេគនឹងទុក្ខវេទនានិងការព្រាត់ប្រាសជាថ្មីមួយជាន់ទៀត, តាំងពីប្រពន្ធស្លាប់ទៅនោះខ្លួនខ្ញុំលះបង់ការងារចោលអស់
ស្ពាយតែធាតុប្រពន្ធដើរ ដោយសេចក្ដីអាឡោះអាល័យ » ហើយបុរសនោះ
សុំអ្នកចាំសាលាអ្នកស្នាក់មួយយប់ ។ បុរសដែលចាំសាលា
មិនហ៊ានសម្រេចដោយខ្លួនឯង
ក៏យកសេចក្ដីនោះទៅជម្រាបនាងមេម៉ាយជាចៅហ្វាយតាមដំណើរ
ដែលបុរសនោះអធិប្បាយអំពីសេចក្ដីកម្សត់របស់ខ្លួន ហើយសុំសាលាស្នាក់ ។
នាងមេម៉ាយមានចិត្តអាណិតដល់បុរសកម្សត់
ដែលមានទុក្ខព្រាត់ប្រាសប្រពន្ធនោះ ក៏យល់ព្រមឲ្យស្នាក់
ហើយបង្គាប់ទៅមនុស្សបម្រើ ឲ្យរៀបអាហារភោជន ឲ្យទានបុរសនោះផង ។
លុះយប់នាងមេម៉ាយ ទៅស្ដាប់ធម៌ទេសនា ឆ្លងបុណ្យខ្មោចប្ដី
នៅលើសាលាដែលតម្កល់ធាតុនៅនោះ ។ ឯបុរសចង់ស្រី ក៏សម្ងំធ្វើជាដេកលក់ទៅ
។ នាងមេម៉ាយនោះស្ដាប់ធម៌ទេសនាចប់ត្រឡប់មកផ្ទះវិញ ។
បុរសជាអ្នកចង់ស្រី ឃើញឱកាសស្ងាត់ល្អ ក៏លួចយកធាតុប្រពន្ធខ្លួន
ទៅដាក់ប្របធាតុសេដ្ឋីជាប្ដីនាងមេម៉ាយ ។ លុះដល់ព្រឹកឡើង
នាងមេម៉ាយចូលដល់សាលា បុរសនោះក៏ស្រែកយំយ៉ាងខ្លាំងថា «អ្នកណាលួចធាតុប្រពន្ធខ្ញុំបាត់ ? » ។ នាងមេម៉ាយឆ្ងល់ ក៏សួរបុរសនោះថា «ហេតុអ្វី ក៏អ្នកឯងយំខ្លាំងម្ល៉េះ ?» ។
បុរសនោះប្រាប់ទៅនាងមេម៉ាយវិញថា « អ្នកឯណាលួចធាតុប្រពន្ធខ្ញុំទៅបាត់» ហើយចោទប្រកាន់
ទៅលើរូបនាងមេម៉ាយថា «ខ្មោចប្ដីនាងមេម៉ាយលួចធាតុប្រពន្ធទៅ» ។
នាងមេម៉ាយមានសេចក្ដីអន់ចិត្តនឹងបុរសចោទប្រកាន់ខ្មោចប្ដីថា «លួចធាតុប្រពន្ធដូច្នោះ, ក៏នាំបុរសនោះឲ្យទៅមើលឃើញនៅជិតគ្នាមែន
។ បុរសក៏ចោទប្រកាន់ចំពោះខ្លួននាងមេម៉ាយថា «ប្ដីនាង
យកប្រពន្ធគាត់ទៅធ្វើជាប្រពន្ធខ្លួនហើយ
លុះតែនាងព្រមទទួលធ្វើជាប្រពន្ធគាត់វិញ ទើបព្រមសុខចិត្ត» ។
សេចក្ដីចោទចំពោះខ្លួននាងមេម៉ាយនោះ ជាដំណំច្រើនខណាស់ដោយឧបាយយ៉ាងល្អិត
។ នាងមេម៉ាយរកផ្លូវដោះសាគ្មាន ក៏ចាញ់កលនោះជាទម្ងន់
ថែមទាំងមានសេចក្ដីអន់ចិត្តខ្មោចប្ដីខ្លួនដែលស្លាប់នោះ
ថាជាមនុស្សគ្មានចិត្តសប្បុរសចំពោះប្រពន្ធបន្តិចបន្តួចសោះ
គ្នាកំពុងកើតទុក្ខនឹងខ្លួន ៗ ហ៊ានទៅលួចប្រពន្ធគេ យកមកបញ្ចើនៅមុខ
នាងជាអុកជាទុក្ខគិតសព្វៗ ទៅក៏ទទួលព្រមយកបុរសនោះធ្វើជាប្ដី
ជាសេចក្ដីផ្គើន តបឲ្យទល់ពុតទៅនឹងខ្មោចប្ដីខ្លួនវិញដែលហ៊ានខូច
លួចប្រពន្ធបុរសនោះ ។ ចំណែកបុរសនោះ ដល់បាននាងមេម៉ាយជាប្រពន្ធ ៣ – ៤
ថ្ងៃក៏បបួលគ្នាទៅគាល់ស្ដេច ។ ឯស្ដេចនឹងនាហ្មឺនសព្វមុខមន្ត្រីបានទត
បានឃើញ ក៏មានសេចក្ដីសរសើរចំពោះបុរសនោះថា
ជាអ្នកមានវិជ្ជាចេះចង់ស្រីប្រាកដមែន ។
ម្ង៉ៃនឹងចេះ ឲ្យគេកោត
ម្ង៉ៃនឹងឆោត ឲ្យគេអាណិត
រឿង បុរសមានកូន៤នាក់រៀនវិជ្ជា៤បទ
Reviewed by Admin
on
5:08 PM
Rating: