រឿង បុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍
មានរឿងព្រេងមួយដំណាលថា : មានបុរសកម្ជិលម្នាក់
មានប្រពន្ធគ្រប់លក្ខណ៍ មានកិរិយាមារយាទល្អ ចេះគោរពប្រណិប័តន៍ប្ដី ។
តាំងពីបានគ្នាជាប្ដីប្រពន្ធមក , បុរសកម្ជិលចេះតែពីដេក
ដល់ឃ្លានបាយ ទើបក្រោកឡើងស៊ី ៗ រួចដេកទៅវិញ សូម្បីថ្នាំជក់
ក៏ប្រពន្ធមូរឲ្យដែរ ។ ប្រពន្ធជាមនុស្សគោរពប្រណិប័តន៍ប្ដី
មិនមានពាក្យអាក្រក់ទៅលើប្ដីសោះ លើកបាយទឹកនិងរបស់អ្វីឲ្យប្ដី
សុទ្ធតែសំពះ , ដល់ទៅយូរទៅ មានសេចក្ដីក្រីក្រខ្លាំងណាស់
នាងនោះរកអ្វីចិញ្ចឹមពុំបានសោះឡើយ, ថ្ងៃមួយ នាងរៀបស្លា ៥ ម៉ាត់ បារី ៥
ចូលទៅក្រាបសំពះប្ដី ហើយថា « ខ្ញុំសុំទោសអ្នកប្ដី ត្បិតយើងសព្វថ្ងៃក្រណាស់
យើងមិនបានរកស៊ី គ្មានទទួលទានទេ សុំឲ្យអ្នកទៅកាប់ឈើ ធ្វើនង្គ័ល
រនាស់ធ្វើស្រែនឹងគេ ត្បិតដល់រដូវធ្វើស្រែហើយ » ។
ប្ដីថាបើដូច្នោះ ឲ្យនាងដាំបាយ វេចជាសំណុំចុះ ប្ដីនឹងទៅរកកាប់ឈើ ធ្វើនង្គ័ល
រនាស់ ។ ប្រពន្ធក្រោកពីយប់ដាំបាយ វេចជាកញ្ចប់ មានទាំងដឹង ពូថៅទៅផង ។
បុរសកម្ជិលដេកទាល់តែថ្ងៃរះ ប្រពន្ធពុំហ៊ានដាស់ ចាំឲ្យក្រោកខ្លួនឯង, ដល់ក្រោកហើយ
ប្រពន្ធដងទឹកទៅលប់មុខឲ្យរួចស្រេច នាងក៏ហុចស្លាបារី នឹងបាយកញ្ចប់
ព្រមទាំងគ្រឿងប្រដាប់ទៅឲ្យប្ដី ។
បុរសនោះក៏ចុះពីលើផ្ទះទៅចូលក្នុងព្រៃរកឈើ, បានឃើញឈើមួយដើម
មានមែកសាខាម្លប់ជាក់ ក៏ដាក់បាយសំណុំ ដឹង ពូថៅ ហើយដេកគងអន្ទាក់ខ្លា
មើលទៅលើនិយាយតែម្នាក់ឯងថា «មែកឈើនេះ ត្រូវធ្វើជាផ្នៀងនង្គ័ល, មែកនេះត្រូវធ្វើជាយាម , មែកនេះត្រូវធ្វើជាដង
មែកនេះត្រូវជានឹម មែកនេះត្រូវធ្វើជារនាស់ ។ គ្រាន់តែដេកថាប៉ុណ្ណឹង
ពេលឃ្លានបាយក្រោកឡើងស្រាយបាយសំណុំស៊ី ៗរួច ដេកថាដូចមុនទៀត , ថ្ងៃរសៀលត្រឡប់មកផ្ទះវិញ» ។
ប្រពន្ធឃើញរត់ទទួលយកគ្រឿងប្រដាប់ នាំប្ដីឡើងទៅលើផ្ទះ
យកទឹកលាងជើងឲ្យប្ដី ហើយសួរថា «អ្នកទៅបានការដូចម្ដេចខ្លះ ? ប្ដីថាមិនទាន់បានទេនាង ! ចាំស្អែកសឹមទៅទៀត
ដល់កន្លែងដើមឈើនោះហើយ,
រុក្ខទេវតាដែលអាស្រ័យនៅទីនោះ
ឮបុរសកម្ជិលថាដូច្នោះ ក៏ភ័យ ខ្លាចរកកន្លែងនៅគ្មាន
ក៏គិតគ្នានឹងតាមទៅវាយសម្លាប់បុរសកម្ជិលនោះ
ឲ្យស្លាប់នៅមាត់ជណ្ដើរផ្ទះ កុំឲ្យវាមកកាប់ឈើនេះបាន ។
បុរសនោះក៏ត្រឡប់មកផ្ទះវិញ ។ រុក្ខទេវតា តាមមកដល់មាត់របង
ឃើញប្រពន្ធរត់ទៅទទួលប្ដីដល់មាត់ជណ្ដើរ យកទឹកលាងជើងប្ដី ។
ដោយសិរីសួស្ដីប្រពន្ធនោះ ទេវតាចូលមិនចុះ មិនហ៊ានវាយ ។
បុរសនោះរួចពីអន្តរាយ ក៏ឡើងទៅលើផ្ទះ ប្រពន្ធសួរ និយាយដូចមុនទៀតថា « បានសព្វគ្រប់អស់ហើយ
ព្រឹកនឹងទៅកាប់» ។ ទេវតាភ័យណាស់ថា «បុរសនោះ មុខជាកាប់ហើយព្រឹកនេះ » ក៏នាំគ្នាមកនិយាយអង្វរថា «សុំកុំកាប់ឈើនោះ»។ បុរសថា
« អញមិនព្រមទេ ព្រឹកនេះអញទៅកាប់ហើយ» ។ ទេវតាភ័យណាស់
ក៏នាំគ្នានិយាយសូក ដោយប្រាប់ទីកន្លែងកំណប់មាសប្រាក់ឲ្យបុរស ៗសួរថា « ឲ្យកំណប់ប៉ុន្មានកន្លែង ? » ។ ទេវតាថាពីរកន្លែង បុរសថា « មិនព្រមទេ, បើ ៤
កន្លែងទើបព្រម ហើយឲ្យដាក់ឈើសម្គាល់ឲ្យផង » ។ ទេវតាក៏ព្រមធ្វើតាម កុំឲ្យតែកាប់ដើមឈើនោះ
។ បុរសថា « បើដូច្នោះ ខ្ញុំលែងកាប់ , តែថាព្រឹកនេះ
ខ្ញុំទៅគាស់កំណប់នោះហើយ »
។ ទេវតាថា « ទៅចុះខ្ញុំដោតឈើសម្គាល់ទុកឲ្យ » ។ ព្រឹកឡើងប្ដីប្រពន្ធ
នាំគ្នាទៅគាស់កំណប់ដែលទេវតាឲ្យ, ក្នុងកំណប់មួយៗទាំងពីរនាក់ប្ដីប្រពន្ធ
ត្រូវជញ្ជូនបីថ្ងៃ បានសុទ្ធតែមាសនិងប្រាក់ចាក់គរពេញផ្ទះ ។ នាងនោះ
ក៏រៀបចំដាក់ហិប ដាក់ឡាំង មិនឲ្យអ្នកណាឃើញ
ហើយក៏ជួលជាងឲ្យធ្វើគ្រឿងប្រដាប់ លក់ជាជំនួញរឹតតែមានឡើងៗ
បានជាសេដ្ឋី មានមនុស្សកុះករមូលមកនៅពឹងពាក់ជាច្រើន រាប់មិនអស់ ។
រឿង បុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍
Reviewed by Admin
on
5:07 PM
Rating: