រឿង ចោរលួចគោ
មាននិទានមួយថា : មានបុរសម្នាក់ទិញគោ ១ ដឹកមកដល់ផ្ទះខ្លួន
ហើយរៀបចំនំចំណីចងដៃជាស្រេច រួចបុរសនោះដឹកគោចេញទៅចងឯក្រៅឲ្យឆីស្មៅ
ហើយទៅដេកក្រោមម្លប់ឈើ,
កំពុងតែដេកលក់ស្រួល មានបុរសម្នាក់ដើរមកឃើញគោនោះក៏ស្រាយយកទៅ
។ បុរសម្ចាស់គោភ្ញាក់ឡើងពុំឃើញគោ ក៏ក្រោកឈរ មើលទៅឃើញចោរកំពុងដឹកគោនោះ នាំរត់ទៅ, បុរសម្ចាស់គោតាមទៅហៀបនឹងទាន់ក៏ស្រែកហៅថា
“ វ៉ើយចៅដឹកគោអញទៅណា ?
” ។
ចោរនោះមិនស្ដី ។
បុរសម្ចាស់គោរត់ទៅចាប់ខ្សែគោអំពីដៃចោរ ។ ចោរថា “ យីអើ ! អញចង់អស់សំណើចនឹងចៅនេះពេកណាស់
គោអញដឹកពីផ្ទះអញមកម្ដេចក៏ចៅឯងមកចោទថាអញលួចគោចៅ ? ” ។ ចៅទាំង ២
ដណ្ដើមគោគ្នាទៅវិញទៅមក សុទ្ធតែបានរៀងៗ ខ្លួនទើបចៅទាំង ២
នោះដឹកគោទៅប្ដឹងចៅក្រមដោយដំណើរទីទៃ ៗ ពីគ្នា ។ ចៅក្រមកាត់សេចក្ដីឲ្យចៅទាំង ២
នាក់នោះពុំបាន ក៏នាំគ្នាទៅគាល់ព្រះមហាក្សត្រក្រាបបង្គំទូលតាមដំណើរនោះ ។
ឯចៅម្ចាស់គោក្រាបបង្គំទូលថា “ គោនេះខ្ញុំព្រះបាទអម្ចាស់ទើបនឹងទិញពីគេមកដល់ផ្ទះ
ចងឲ្យទទួលព្រះរាជទានស្មៅ ខ្ញុំព្រះបាទអម្ចាស់ទៅទទួលព្រះរាជទានដំណេកលក់
ស្រាប់តែចៅនេះមកលួចដឹកគោខ្ញុំព្រះបាទខ្ញុំព្រះបាទអម្ចាស់យកទៅ
លុះខ្ញុំព្រះបាទអម្ចាស់ក្រោកពីដំណេកទៅតាមយកគោពីចៅនេះ ៗ ពុំព្រមឲ្យ
ចេះដណ្ដើមគោពីខ្ញុំព្រះបាទអម្ចាស់ ” ។ ព្រះមហាក្សត្រទ្រង់ដណ្ដឹងថា “
គោនេះចៅឲ្យស៊ីអ្វី ?
” ។ ចៅម្ចាស់គោក្រាបទូលថា “ ឲ្យទទួលព្រះរាជទានស្មៅ ” ។
ចោរឆ្លើយថា “ ខ្ញុំព្រះបាទអម្ចាស់ ដឹកគោមកអំពីផ្ទះ ខ្ញុំព្រះបាទអម្ចាស់
ស្រាប់តែចៅនេះ ដើរមកពីណា មកដណ្ដើមគោខ្ញុំ ព្រះបាទអម្ចាស់កណ្ដាលផ្លូវ ” ។
ព្រះមហាក្សត្រទ្រង់សួរថា “ គោនេះចៅឯងឲ្យស៊ីអ្វី ? ” ។ ចោរឆ្លើយថា “ ឲ្យទទួលព្រះរាជទានសណ្ដែក
” ។ ព្រះមហាក្សត្រឲ្យអាមាត្យយកស្លឹកប្រយង្គុបង្អកគោ ហើយគោនោះវារើចេញមក ឃើញតែស្មៅ
ពុំឃើញស្លឹកសណ្ដែកដល់មួយទងនៅក្នុងពោះគោនោះឡើយ ។ ព្រះអង្គមានព្រះបន្ទូលថា “
អានេះលួចគោមែនហើយ ” ទើបព្រះអង្គកាត់ឲ្យចៅម្ចាស់គោនោះឈ្នះ។
ព្រះអង្គកាត់ដូច្នេះ ហៅសុគតិគមនំហោង។
រឿង ចោរលួចគោ
Reviewed by VannyDa
on
1:09 PM
Rating: