រឿង ដើមកំណើតសត្វមូស
នៅក្នុងបឋមកប្ប
ព្រះឥសូរជាអ្នកបង្កើតលោក មានបង្កើតទាំងសត្វគ្រប់យ៉ាង នៅលើផែនដីជាដើម គឺទ្រង់បានបង្កើតសត្វមូសមុនគេបង្អស់
។ សម័យនោះ សត្វមូសមានខ្លួនធំៗ ជាងសត្វត្មាតទៅទៀត
ហើយវាតែងហើរជាច្រើនឥតឈប់ឈរ ស្វែងរកស៊ីមនុស្សលោកជាអាហារ
មនុស្សណាដែលត្រូវជាចំណីសត្វមូស គេឃើញនៅសល់តែរាងឆ្អឹង
គ្មានសាច់ឈាមឡើយ ។ មនុស្សម្នាមហាជនមានសេចក្ដីតក់ស្លុតជាក្រៃលែង
តែគ្មាននរណាម្នាក់ រកមធ្យោបាយការពារសត្វមូសបានឡើយ
ក៏ដាក់វេនគ្នាឱ្យមូសស៊ីរៀងរាល់យប់ ។ ចាប់តាំងពីថ្ងៃនោះមក
ជនដែលដឹងថា វេនខ្លួនជិតមកដល់ហើយក៏យំសោកបោកខ្លួនបោកប្រាណ ។
គាប់ជួនជាពេលនោះ មានកូនក្រមុំសេដ្ឋីម្នាក់ប្រកបដោយបញ្ញាវាងវៃ
នាងអាណិតអាសូរអ្នកស្រុកដែលបានដាក់វេនគ្នាទៅឱ្យសត្វមូសស៊ីនោះក្រៃពេក
នាងគិតក្នុងចិត្តថា
បើអញមិនជួយរកមធ្យោបាយស្រោចស្រង់មនុស្សទាំងអស់ដោយឥតរើសមុខទេ
អ្នកទាំងអស់នោះប្រាកដជាគេចពីចំណីមូសពុំបាន
ហើយតទៅប្រាកដជាគ្មានមនុស្សរស់នៅទៀតឡើយ ។ កាលបើបាននឹកឃើញយ៉ាងនេះ
នាងកញ្ញាក៏ចូលទៅជួបនឹងឪពុកម្ដាយនិយាយថា "
ខ្ញុំចង់ទៅឱ្យមូសស៊ីជាមួយនឹងជនឯទៀតដែរ " ។
កាលបើឮសេចក្ដីស្នើដូច្នេះ ឪពុកម្ដាយរបស់យុវតី ក៏កើតទោសៈជាខ្លាំង
គាត់ឆ្លើយមកកាន់ យុវតីវិញថា
"ហេតុម្ដេចបានជាកូនឯងភ្លើឆ្កួតដូច្នោះ ? មនុស្សក្នុងនគរនេះ
គេមានតែពីគេចរត់ឱ្យផុតពីសេចក្ដីស្លាប់
ចុះកូនឯងម្ដេចក៏ល្ងើពកថ្ងាសទៅជាចង់ទៅងាប់វិញ" ។
ទោះបីឪពុកម្ដាយថាដូច្នោះ ក៏យុវតីមិនព្រមឈប់
សុំអង្វរឪពុកម្ដាយទៅឱ្យមូសស៊ីនោះឡើយ ។
ឪពុកម្ដាយកាលបើឃើញកូនស្រីខ្លួន
នៅតែរឹងចចេសមិនព្រមស្ដាប់ដំបូន្មានគាត់សោះដូច្នោះ
ក៏កើតទោសៈឆួលឆេះឥតឧបមាទើបនិយាយថា "អើឥឡូវបើឯងចង់ងាប់
មិនព្រមស្ដាប់អញ ទៅ ទៅឱ្យបាត់ពីមុខមាត់អញទៅ " ។
នាងកញ្ញាកូនសេដ្ឋីឮដូច្នោះ
ក៏ពោរពេញទៅដោយសេចក្ដីសប្បាយ
ហើយដើរសំដៅទៅកន្លែងដែលមនុស្សត្រូវទៅនៅឱ្យមូសស៊ី ។ ហើយនិយាយថា
"បើអ្នករាល់គ្នាចង់គេចឱ្យ
រួចពីសេចក្ដីស្លាប់ចូរអ្នកធ្វើតាមខ្ញុំ ៗ នឹងបង្គាប់ឱ្យធ្វើ
នោះអ្នកប្រាកដជាគេចរួចពីសេចក្ដីស្លាប់ពុំខាន
គឺត្រូវអ្នកទាំងអស់គ្នាទៅរកប្រមូល ស្លឹកឈើងាប់ៗ ស្ងួតៗ
ឱ្យបានច្រើនយកមកទីនេះ ហើយកាលបើសត្វមូសវាហើរជិតយើង ៗ
ត្រូវដុតភ្លើងឱ្យឆេះហុយផ្សែងនៅជុំវិញយើង ហើយយើងបបួលគ្នាទៅក្នុងរង្វង់កណ្ដាលភ្លើងនោះ
ធ្វើដូច្នេះ សត្វមូសមិនហ៊ានហើរឆ្លងភ្លើងផ្សែងមកស៊ីយើងទេ " ។
មនុស្សទាំងឡាយយល់នូវបំណងនៃនាងកញ្ញា
ហើយក៏ព្រមធ្វើតាមនាងទាំងអស់ ។ លុះវេលាយប់
ពួកសត្វមូសក៏មកដល់តាមទម្លាប់ដើម្បីស៊ីមនុស្ស ។ នៅពេលនោះពួកអ្នកស្រុកក៏ដុតភ្លើងឆេះសន្ធោសន្ធៅឡើង
មិនឱ្យរលត់តាមបង្គាប់បុត្រីសេដ្ឋី ។ សត្វមូសឃើញដូច្នោះពុំហ៊ានហើរឆ្លង
កាត់ភ្លើងផ្សែងទៅខាំស៊ីមនុស្សឡើយ
ហើយវាក៏ប្រមូលគ្នីគ្នាមកកកកុញជំនុំគ្នាថា
"បើយើងនៅតែមានខ្លួនធំដូច្នេះតទៅទៀត
នោះយើងប្រាកដជាខាំមនុស្សលោកស៊ីពុំបាន
ពីព្រោះកាលណាគេដុតភ្លើងឱ្យឆេះឡើងដូច្នោះ យើងពុំអាចចូល
ទៅជិតគេបានឡើយ អាស្រ័យហេតុនេះ
ចូរយើងចូលទៅទូលព្រះឥសូរដែលជាអ្នកបង្កើតយើងមក
សូមឱ្យព្រះអង្គធ្វើខ្លួនយើងឱ្យទៅជាតូចៗវិញ ប្រយោជន៍យើងនឹងស្រួលលបឆ្មក់ខាំមនុស្សបាន
កុំឱ្យមនុស្សលោកមើលយើងឃើញ បើដូច្នោះឃើញថាស្រួលជាង " ។
បន្ទាប់មកពួកមូស ក៏មូលមតិគ្នាហើរទៅកាន់ស្ថានសួគ៌ គោរពវន្ទាព្រះឥសូរ
រួចហើយវាក៏សុំព្រះឥសូរ ឱ្យធ្វើខ្លួនវាទៅជាតូច ៗ ល្អិត ៗ សមទៅតាមបំណងរបស់វា
។ នៅពេលនោះ
ព្រះឥសូរក៏ធ្វើខ្លួនសត្វមូសឱ្យតូចៗដូចជាសត្វមូសសព្វថ្ងៃនេះ ។
កាលបើបានខ្លួន តូចដូចបំណងហើយ
សត្វមូសក៏ថ្លែងអំណរគុណព្រះឥសូររួចលាព្រះអង្គត្រឡប់មកស្ថានមនុស្សលោកវិញ
ហើយវាក៏ហើយត្រេចពីភូមិទៅភូមិមួយស្វែងរកខាំមនុស្សលោក ។
ប៉ុន្តែមនុស្សលោកចេះតែយកដៃទះ
វាស្លាប់អស់ខ្លះក៏នៅរស់តែបាក់ស្លាបបាក់ជើង ។
ដូច្នេះមនុស្សលោកក៏បានធូរចិត្តហើយមានសេចក្ដីសប្បាយច្រើនលើសមុន ។
ពួកមូសក៏ប្រជុំគ្នាសាជាថ្មីទៀតថា "ឥឡូវមនុស្សលោកគេធ្វើបាបយើងខ្លាំងណាស់
គេទះគេវាយយើងហើយគេនឹងសម្លាប់យើងឱ្យអស់ពូជ
យើងពុំអាចខាំមនុស្សលោកបានទៀតឡើយ ហេតុដូច្នេះ
ត្រូវយើងនាំគ្នាទៅរកព្រះឥសូរម្ដងទៀត
ដើម្បីសុំព្រះអង្គធ្វើមាត់យើងឱ្យស្រួចៗ
ដូចម្ជុលដើម្បីយើងអាចខាំមនុស្សលោកបានឆាប់រហ័ស
កុំឱ្យមនុស្សលោកដឹងថាយើងខាំគេ" ។
កាលជំនុំបានមូលមតិជាឯកច្ឆន្ទ
ទើបសត្វមូសបបួលគ្នាហើយទៅកាន់ស្ថានសួគ៌ លុះទៅដល់
ក្រោយពីបានគំនាបគាប់គួរព្រះឥសូរហើយ សត្វមូសក៏ទូលសុំព្រះឥសូរ
ឱ្យធ្វើមាត់ខ្លួនឱ្យតូចៗ ដើម្បីស្រួលខាំមនុស្សលោក ។
ព្រះឥសូរក៏ទ្រង់ឆ្លើយតបមកវិញថា "នែមូស ! មាត់ដែលយើងបានធ្វើឱ្យអ្នកឯងនេះវាស្រួចល្មមណាស់ទៅហើយ
ប៉ុន្តែបើអ្នកឯងចង់ខាំមនុស្សលោកឱ្យបានរហ័សហើយមុតទៀតនោះ
ចូរអ្នកឯងទៅរកព្រនង់មួយៗម្នាក់ ដើម្បីជួយសំពងពីលើថែមទៀត
ប៉ុន្តែចូរអ្នកដឹងថាមនុស្សលោកគេមានព្រនង់នេះស្រេចហើយ
ដូច្នេះចូរអ្នកត្រឡប់ទៅវិញចុះ " ។
ពួកមូសក៏ហើរត្រឡប់មកស្ថានមនុស្សលោកវិញ
ហើយវាហើរត្រេចរកខាំមនុស្សលោកទាំងយប់ថ្ងៃ នៅត្រង់ចន្លោះកៀនកោះ
គ្រប់នគរដោយយកស្លាបធ្វើជាអន្លូងក្បាលស្វា
ហើយវាវាយមនុស្សលោកដោយហើរខាំយ៉ាងរហ័សបំផុត ដូចព្រះឥសូរបានបង្គាប់វា ។
រឿង ដើមកំណើតសត្វមូស
Reviewed by VannyDa
on
2:24 PM
Rating: