រឿង ឧកញ៉ាយោមរាជនិងឧកញ៉ាពលទេព
កាលពីព្រេងនាយ មាននាម៉ឺនពីរនាក់
ម្នាក់ជាទីឧកញ៉ាយោមរាជ ម្នាក់ទៀតជាឧកញ៉ាពលទេព ។
ឯឧកញ៉ាពលទេពជាមនុស្សលោភបុណ្យសក្ដិ
ចង់បានទីយោមរាជគិតស្វែងរកទោសដាក់និងក្រាបទូលស្ដេចទម្លាក់ចាកទីយោមរាជអាត្មាឯង
នឹងបានស្ដីទីយោមរាជនោះតទៅ ។ ឧកញ៉ាពលទេពស្វែងរកទោស
លោកយោមរាជនោះជាយូរខែមក។ ថ្ងៃមួយមានអ្នកទោសម្នាក់ជាប់ទោសធ្ងន់
ក្រុមជំនុំកាត់ទោសដល់ប្រហារជីវិត ។ ឯអ្នកទោសនោះដឹងថាថ្ងៃព្រឹកនេះ
ស្នែងគេនឹងនាំអាត្មាទៅសម្លាប់ជាប្រាកដ ក៏តាំងសៅសោកវិយោគ ស្ដាយជីវិត
មហិមាយំពណ៌នាថា” ឱ ! ជីវិតអញអើយ ! ព្រឹកស្អែកនេះហើយនឹងបង់ចាកប្រាណ អើត្រង់ក្ដីស្លាប់ ១
នេះនរណាឡើយនឹងវៀរបង់បាន តែកើតឡើងហើយ រមែងតែស្លាប់ជាធម្មតា
តែថាត្រង់ជីវិត ១ នេះទោះបង់បាត់ទៅក្ដី ក៏មិនសូវជាសោកស្ដាយប៉ុន្មាន
មកស្ដាយតែវិជ្ជា ១ ដែលខ្លួនបានចេះហើយពុំទាន់បានបង្ហាត់បង្ហាញនរណា ១ បើព្រឹកនេះខ្លួនស្លាប់ហើយ
វិជ្ជានេះយល់នឹងជាសូន្យសោះ អស់មាននរណាមួយ ក្នុងលោកនេះ
អាចចេះតទៅទៀតបានឡើយ" ។
កាលនោះមាននាយឆ្មាំពន្ធនាគារម្នាក់
បានឮចៅនោះពណ៌នាសោកស្ដាយវិជ្ជាដូច្នោះ ក៏ចូលទៅសាក សួរថា
"ចៅឯងព្រឹកនេះដល់ទីស្លាប់ប្រាកដហើយ ចៅយំរៀបរាប់ថាត្រង់ជីវិត
រូបរាងកាយ មិនសូវជាស្ដាយប៉ុន្មាន មកស្ដាយវិជ្ជា ១ ដែលចេះមក
តើវិជ្ជានោះឈ្មោះវិជ្ជាអ្វី ចៅចេះវិជ្ជាអ្វី ចូរប្រាប់យើងមើល" ។
អ្នកទោសក៏ប្រាប់ថា
"ខ្ញុំបាទចេះវិជ្ជាស្ដាប់ភាសាសត្វ វិជ្ជានេះវិសេសរបស់ខ្ញុំបាទណាស់
ក្នុងលោកនេះគ្មាននរណាចេះសោះ តែខ្ញុំបាទដល់ទីស្លាប់ហើយ
វិជ្ជានេះសូន្យតែម្ដង ព្រោះពុំមាននរណាបានមករៀនតទៅឡើយ" ។
នាយឆ្មាំពន្ធនាគារឮដូច្នោះ
ក៏នាំសេចក្ដីនោះទៅជម្រាបលោកឧកញ៉ាយោមរាជសព្វប្រការ ។ ឧកញ៉ាយោមរាជនឹកក្នុងចិត្តថា
វិជ្ជានេះវិសេសក្រៃពេក គួររៀនយក
ទើបនាំនាយឆ្មាំពន្ធនាគារទៅដោះអ្នកទោសចាកទីឃុំឃាំង ហើយសួរបញ្ជាក់ថា
ពិតឬពុំពិត ។ អ្នកទោសក៏ជម្រាបថា "នេះពិតប្រាកដមែន "
ឧកញ៉ាយោមរាជថា "បើយើងសុំរៀនពីចៅឯង តើបានឬមិនបាន ? ហើយវិជ្ជានេះតម្លៃប៉ុន្មាន?" ។ អ្នកទោសថា
"ខ្ញុំបាទជូនព្រះតេជព្រះគុណបាន សូមព្រះតេជព្រះគុណរៀនតទៅចុះ
តែអត់អំពីខ្ញុំប្របាទនេះហើយវិជ្ជានេះនឹងសូន្យជាប្រាកដ
តែការនឹងរៀននោះតោងទៅតាំងពិធីរៀន
នៅក្នុងព្រះវិហារចំពោះព្រះភក្ត្រព្រះបដិមាករជាប្រធាន
ឯគ្រឿងតម្កល់គ្រូនោះមិនមានអ្វីច្រើនទេ ត្រូវការតែទៀន ៥ ធូប ៥ លាជ ៥
ផ្កា ៥ ប៉ុណ្ណោះឯង អញ្ជើញព្រះតេជព្រះគុណរៀបរៀនឱ្យឆាប់ចុះ
តែព្រឹកស្អែកខ្ញុំប្របាទលាព្រះតេជព្រះគុណទៅស្រុកខ្មោចហើយ " ។
ឧកញ៉ាយោមរាជធ្វើតាម ទើបឱ្យនាយឆ្មាំពន្ធនាគារនាំខ្លួនអ្នកទោសទៅវត្ត
ក៏នាំចូលទៅក្នុងព្រះវិហារ
ឱ្យបិទទ្វារវិហារជិតទាំងអស់ពុំឱ្យមនុស្សណាមួយឮឡើយ
ឧកញ៉ាយោមរាជក៏តាំងរៀបទៀនធូប លាជផ្កា នៅចំពោះព្រះភក្ត្រព្រះ ហើយថា
"ពិធីរៀននោះតើដូចម្ដេចខ្លះ ចូរចៅបង្គាប់ទៅមើល
យើងនិងធ្វើតាម"
អ្នកទោសបង្គាប់ឱ្យអុចទៀនធូបហើយយលោកយោមរាជនិងខ្លួនវាក្រាបថ្វាយបង្គំព្រះ
សូត្រនមស្ការ ពុទ្ធគុណ ធម្មគុណ សង្ឃគុណ ចប់ចុះ
ហើយអ្នកទោសប្រណម្យដៃពោលដង្ហោយឡើងថា "ឱ!
ព្រះដ៏មានបុណ្យព្រះគុណដោយមហាករុណា តែងប្រោសមេត្តាសត្វដែលកើតមានក្ដី
វិបត្តិចូលមកពឹងពោធិសម្ភារជួយដោះទុក្ខសត្វឱ្យសត្វបានក្ដីសុខសម្រាន្តទាំងលោកនេះនិងបរលោក
ព្រះពុទ្ធជាម្ចាស់អើយ!
ខ្ញុំព្រះករុណានេះត្រូវទោសធំណាស់ព្រឹកស្អែកនេះហើយ
លោកឧកញ៉ាយោមរាជនឹងឱ្យនាំទៅប្រហារជីវិតខ្ញុំព្រះករុណា ៗ
មានក្ដីភិតភ័យខ្លាចក្ដីស្លាប់នោះជាបំផុត ស្ដាយជីវិតក្រៃពេកណាអើយ!
សូមព្រះអង្គទ្រង់ប្រោសបិណ្ឌបាតជីវិតខ្ញុំព្រះករុណា
អំពីលោកឧកញ៉ាយោមរាជនេះ ឱ្យលោកប្រោសលែងខ្ញុំឱ្យរួចចាកក្ដីស្លាប់
ក្នុងគ្រាម្ដងនេះ " ថាហើយអ្នកទោសវាទៅក្រាបទៀបបាទជើងលោកយោមរាជ
ហើយដង្ហោយថា "ឱព្រះតេជព្រះគុណអើយ ! សូមប្រោសអត់ទោសខ្ញុំព្រះបាទនេះ
ហេតុដែលខ្ញុំប្របាទសោកពោលថា
"ស្ដាយវិជ្ជាចេះភាសាសត្វនោះខ្ញុំមិនចេះវិជ្ជានោះទេ
គឺខ្ញុំសោកស្ដាយជីវិតពិតៗ គិតបញ្ឆោតឱ្យព្រះតេជព្រះគុណអញ្ជើញមកកាន់ព្រះវិហារនេះឯង
ដើម្បីឱ្យព្រះសម្មាសម្ពុទ្ធជាម្ចាស់
គឺព្រះពុទ្ធរូបនេះទ្រង់បិណ្ឌបាតជីវិតខ្ញុំប្របាទអំពីព្រះតេជ-ព្រះគុណ
ឱព្រះតេជព្រះគុណអើយ ! ប្រោសថ្វាយជីវិតខ្ញុំប្របាទ ដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទៅ
ឥឡូវព្រះអង្គទ្រង់បិណ្ឌបាតហើយព្រះគុណអើយ ! ការបូជាដោយគ្រឿងអាមិសទានឯទៀត ៗ
នោះមានផលានិសង្សពុំស្មើនឹងការបូជាជីវិតខ្ញុំព្រះបាទដល់ព្រះពុទ្ធជាម្ចាស់ក្នុងគ្រានេះឡើយ
ផលនេះហើយជាផលយ៉ាងធំបំផុត ព្រះតេជព្រះគុណនិងប្រាថ្នាសាងជាពុទ្ធភូមិឬអរហន្ត
ភូមិក៏អាចសម្រេចដូចក្ដីប្រាថ្នាទៅអនាគតកាល
"លោកឧកញ៉ាយោមរាជលុះឮពាក្យអ្នកទោសពោលដង្ហោយដូច្នោះ
ក៏ដូចជាគេខ្ទាស់ណែនឱរានឹកឃើញថា ចាញ់កលឧបាយអ្នកទោសជាប្រាកដ
ទើបនិយាយទៅកាន់នាយឆ្មាំពន្ធនាគារថា " អើយើងចាញ់កលអ្នកទោសនេះហើយ
ឥឡូវវាពោលពាក្យដង្ហោយសូមជីវិតវានឹងព្រះពុទ្ធ
ថាឱ្យទ្រង់បិណ្ឌបាតទោសវាឯងជាម្ដង ការនេះតែយើងមិនលែងវា ក៏ដូចជាយើង
មិនយល់ដល់ព្រះពុទ្ធជាម្ចាស់ ហាក់ដូចជាយើងឥតសទ្ធា
ក្នុងព្រះពុទ្ធសាសនា បើដូច្នេះនាយឆ្មាំឯងនិងខ្ញុំ
យើងពីរនាក់ចូលសទ្ធាលើកជីវិតវា ថ្វាយដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ចុះ
ហើយយើងពីរនាក់ទទួលកែខៃជាក្រោយ គឺយើងបិទបាំងឱ្យជិត
កុំឱ្យខ្ចរខ្ចាយឮដល់ត្រចៀកអ្នកដទៃឯទៀតឡើយ " ។
ឯនាយឆ្មាំក៏ព្រមតាម ទើបលោកយោមរាជឱ្យនាយឆ្មាំស្រាយចំណងហើយថា "
យើងលែងចៅឯងហើយ ចូរចៅរត់ទៅនៅទីណាមួយ ដែលជាទីរក្សាជីវិតឯងចុះ
ហើយកុំនិយាយប្រាប់គេថា យើងដោះលែងចៅឯង
ចៅឯងចូរថាកាច់ច្រវាក់រត់ចាកគុកទៅចុះ
តទៅមុខទៀតចៅកុំប្រព្រឹត្តការលាមកយ៉ាងនេះទៀតឡើយ" ។ ឯអ្នកទោសក៏ក្រាបថ្វាយបង្គំព្រះ
ហើយក្រាបលាលោកយោមរាជ និងនាយឆ្មាំ ហើយក៏រត់ចេញទៅស្រុកក្រៅ
លាក់ខ្លួនពុំឱ្យពួករាជការដឹងឮឡើយ ។ ឯឧកញ៉ាយោមរាជ
ក៏នាំនាយឆ្មាំថ្វាយបង្គំ លាព្រះពុទ្ធរូបហើយវិលទៅកាន់លំនៅៗ
ជាសុខសប្បាយ កំចាយតែសព្ទប្រាប់គេថា អ្នកទោសនោះកាច់ច្រវាក់
រត់ចេញចាកគុកទៅបាត់ហើយ ។ លុះកន្លងកាលយូរ រឿងនោះពុំស្ងាត់បាត់ទៅឡើយ
ជាហេតុដឹងឮទៅដល់ឧកញ៉ាពលទេព ៗ ។ មានចិត្តត្រេកអរដោយសមតាមគំនិត
ដែលគិតរកឱកាសនឹងក្រាបទូលព្រះរាជាឱ្យដកងារឧកញ៉ាយោមរាជនេះ
អាត្មាគង់នឹងបានទីនោះ ។ សម័យថ្ងៃមួយ ជាពេលាព្រឹក
ព្រះរាជាស្ដេចចេញអង្គាសភត្តដាក់បាត្រលោកសង្ឃ
ស្ដេចកំពុងទុកបាត្រមានហ្វូងក្អែកទាំងឡាយហើរមកស្រែកកញ្ឆៀវកងរំពងទាំងផ្ទៃវាំង
ក្អែកពួកខ្លះហើរស្រែកយំ ទំតាមដើមឈើទំតាមដំបូលប្រាសាទ ដំបូលដំណាក់ទីទៃ
ៗ ។ ឯព្រះបរមចក្រី លុះស្ដេចទុកបាត្រស្រេចហើយ ទ្រង់ត្រាស់ថា
អាសត្វក្អែកអស់នេះ មានហេតុភេទអ្វី
បានជាថ្ងៃនេះវានាំគ្នាមកស្រែកគឹកកងកោលាហលយ៉ាងនេះធ្វើម្ដេចនឹងបានដឹងភាសាវាអេះ ! " ។
ឯឧកញ៉ាពលទេពអង្គុយគាល់នៅទីនោះ លុះបានឮព្រះបន្ទូល
ដូច្នោះបានឱកាសទើបក្រាបទូលឡើងថា
"សូមទ្រង់ព្រះមេត្តាប្រោសមនុស្សយើងទាំងឡាយ
ក្នុងព្រះនគរនេះពុំមាននរណាមួយអាចចេះភាសាសត្វឡើយ
ឮថាអ្នកឧកញ៉ាយោមរាជ គេចេះភាសាសត្វ
ដោយគេបានរៀនតអំពីអ្នកទោសដល់ទីប្រហារជីវិតម្នាក់ ហើយបានលែងអ្នកទោសជាគ្រូគេនោះបង់
សូមទ្រង់ព្រះមេត្តាប្រោស ឱ្យហៅមកសួរគង់ទ្រង់ជ្រាប" ។
ព្រះរាជាបានទ្រង់ព្រះសណ្ដាប់ដូច្នេះ ក៏ប្រើរាជបម្រើម្នាក់
ឱ្យទៅហៅឧកញ៉ាយោមរាជចូលមកគាល់ ។ ឧកញ៉ាយោមរាជ
ឮថាទ្រង់មានព្រះរាជឱង្ការឱ្យហៅទៅគាល់ដូច្នោះ
ក៏នឹកពិភាល់ក្នុងចិត្តថា ទ្រង់ឱ្យរកខ្លួនចូលទៅនេះ
មុខជាមានការប្លែកប្រាកដ ទើបសួរទៅកាន់រាជបម្រើនោះថា
"នាហ្មឺនណាគាល់នៅក្នុងទីនោះខ្លះ?" រាជបម្រើជម្រាបថា "លោកឧកញ៉ាពលទេព
គាល់នៅទីនោះ" ។ ឧកញ៉ាយោមរាជឮដូច្នោះ ក៏ដឹងខ្លួនថាអាពលទេព
វាគង់ក្រាបទូល ពោលទោសអញជាប្រាកដ
គិតហើយឧកញ៉ាយោមរាជរៀបអាត្មាម្នីម្នាទៅជាមួយនឹងរាជបម្រើនោះ
លុះដល់ហើយក៏ចូលទៅក្រាបបង្គំអង្គុយគាល់ក្នុងទីដ៏គួរសម។
ឯព្រះរាជាទតយល់ឧកញ៉ាយោមរាជចូលមកគាល់ហើយក៏ត្រាស់ថា "អើអ្នកយោមរាជ
ឥឡូវឧកញ៉ាពលទេព គេប្រាប់យើងថា
អ្នកឯងបានរៀនភាសាសត្វអំពីអ្នកទោសម្នាក់
ហើយអ្នកឯងបានលែងអ្នកទោសនោះចេញចាកគុកទៅ
ឥឡូវហ្វូងសត្វក្អែកទាំងឡាយវាមកស្រែកកញ្ជ្រៀវ កងរំពងជាកោលាហល
យល់ថានឹងមានហេតុអ្វីមួយពុំខាន បើដូច្នេះអ្នកឯងចេះភាសាសត្វ
ចូរស្ដាប់វា និយាយគ្នាវាទៅមើល" ។ ឧកញ៉ាយោមរាជក៏ទទួល
ព្រះឱង្ការទូលអនុលោមតាមថា
"ខ្លួនបានរៀនចេះដឹងភាសាសត្វពិតប្រាកដមែន"
លុះឮព្រះឱង្ការប្រើឱ្យ ស្ដាប់សត្វក្អែកដូច្នោះ
ក៏ធ្វើជាបែរផ្ទៀងត្រចៀកស្ដាប់សត្វក្អែកម្ខាង
ហើយបែរទៅស្ដាប់សព្ទក្អែកម្ខាងទៀត លុះស្ងប់សព្ទក្អែកបន្តិច
ក៏ក្រាបបង្គំទូលថា "សូមទ្រង់ព្រះមេត្តាប្រោស
ហ្វូងក្អែកដែលទំលើដើមឈើនេះ ជាហ្វូងក្អែកស្រុកក្រៅ
ឯហ្វូងក្អែកដែលទំលើដំបូលមហាប្រាសាទនោះ ជាហ្វូងក្អែកនៅក្នុងនេះ
" ។ ព្រះរាជាឮដូច្នោះ ក៏ត្រាស់សួរទៅវិញថា "
ចុះក្អែកស្រុកក្រៅវាមកយំកង តើវាយំដូចម្ដេច ? ក្អែកក្នុងក្រុង
តើកញ្ជ្រៀវថាដូចម្ដេច? "
អ្នកឧកញ៉ាក្រាបទូលថា "ក្អែកស្រុកក្រៅ
មានក្ដីក្ដៅក្រហាយ ដោយអ្នកស្រុកក្រៅពុំបានធ្វើបុណ្យឱ្យទាន
ដូចអំពីឆ្នាំមុន ៗ គឺឆ្នាំមុន ៗ ប្រជារាស្ត្រសម្បូរស្រូវអង្ករ
គេនាំគ្នាធ្វើបុណ្យនិមន្តលោកសង្ឃឆាន់ តាមភូមិលំនៅ
ឯចំណីអាហារដែលសេសសល់នោះ គេបោះឱ្យទានក្អែកឬសត្វឯទៀតៗផង
បណ្ដាសត្វទាំងឡាយមានក្អែកជាដើម សឹងបានបរិភោគចំណីដែលសេសសល់នោះទូទៅ
សេចក្ដីសុខសប្បាយក៏មានគ្រប់ដំបន់
ឥឡូវឆ្នាំនេះលោកឧកញ៉ាពលទេពជានាយក្សេត្រ
ចាត់មេកងអាជ្ញាហ្លួងចេញទៅកត់ស្រូវមិនត្រូវតាមប្រពៃណី
គឺយកពន្ធរាស្ត្រលើសប្រមាណ រាស្ត្រគ្នាមានស្រូវតែត្រឹម ៤-៥
ថាំងក៏កត់គ្នាឱ្យជាប់ពន្ធដែរ ឧកញ៉ាពលទេពឱ្យកត់ដល់ទៅស្រូវពូជ
ស្រូវដំណើប ស្រូវចម្ការប្រាំងយកជាពន្ធទាំងអស់
មួយទៀតស្រូវគ្នាមានតែត្រឹម ៥០-៦០ ក៏ទារយកបង្កើតដាក់ថា ៩០-១០០
រាស្ត្រគ្នាតវ៉ាក៏មិនបាន យកបុណ្យស័ក្ដិ
សង្កត់បង្ក្រាបគ្នាទៅតាមអំពើចិត្តផ្សេង ៗ ពួកប្រជារាស្ត្រកើតក្ដីក្រលំបាកបានក្ដីក្ដៅក្រហាយតែរាល់ៗគ្នា
បានជាឆ្នាំនេះមិនមាននរណាអាចធ្វើបុណ្យឱ្យទានដូចឆ្នាំមុនៗបាន
ពួកក្អែកទាំងឡាយពុំបានទទួលទានបាយសម្ល
ដែលសេសសល់អំពីការធ្វើបុណ្យទាននោះឯង ទើបវានាំគ្នាចូលមកក្នុងក្រុង
នាំសេចក្ដីក្ដៅក្រហាយឡើងក្រាបបង្គំទូលព្រះករុណាជាអម្ចាស់ផ្ទៃក្រោមទ្រង់ជ្រាប
ការឧកញ៉ាពលទេពប្រព្រឹត្តខុសព្រះរាជបញ្ញត្តមានសភាពយ៉ាងនេះ
សូមល្អងធូលីព្រះបាទស្ដេចទ្រង់ជ្រាប " ។ ព្រះបរមរាជា
បានទ្រង់ព្រះសណ្ដាប់ពាក្យឧកញ៉ាយោមរាជដូច្នេះក៏ត្រូវព្រះទ័យ
ទើបទ្រង់ខ្ញាល់នឹងឧកញ៉ាពលទេពថា កោងកាចឆបោករាស្ត្រ
ធ្វើឱ្យប្រជារាស្ត្រក្ដៅក្រហាយទាំងព្រះរាជអាណាខេត្ត
ស្ដេចទ្រង់ឱ្យដកងារឧកញ៉ាពលទេពចេញចាកមុខងារមន្ត្រី
ប្រោសប្រទានឧកញ៉ាយោមរាជឡើងទីជាសម្ដេចជហ្វាទឡ្ហ អគ្គមហាសេនា
ស្ដីទីរាជការជាអធិបតីក្រសួងនានាតទៅ ។
រឿង ឧកញ៉ាយោមរាជនិងឧកញ៉ាពលទេព
Reviewed by VannyDa
on
2:24 PM
Rating: