រឿង ដើមកំណើតរន្ទះ
កាលពីព្រេងនាយ មានបិសាចមួយ ឈ្មោះរាមាសូរ
និងនាងអារក្ខទេវីមួយ ឈ្មោះមេខលា ។
អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានឫទ្ធិម្នាក់
ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថា ។
បិសាចនឹងនាងអារក្ខទេវីបានខំរៀនប្រណាំងប្រជែងគ្នា
ដើម្បីបំពេញចិត្តគ្រូរៀងខ្លួន ហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៃ
ក្រៃលែងដូចគ្នា ។ តាបសក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នា ។
កាលបើតាបសបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយ
លោកក៏ចង់ល្បងវិជ្ជាសិស្សមើលថា តើនរណាប៉ិនប្រសប់ជាងគ្នា ។
ទើបលោកនិយាយទៅកាន់សិស្សថា "បើអ្នកណាមួយយកកែវមួយមានទឹក
សន្សើមពេញមកឱ្យខ្ញុំបាន
នោះខ្ញុំនឹងធ្វើទឹកនោះឱ្យក្លាយទៅជាកែវមនោហរា
ហើយដោយគុណភាពនៃរតនវត្ថុនោះ អ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វីឬចង់បានអ្វី
ចេះតែបានសម្រេចទាំងអស់ " ។
រាមាសូរក៏យកកែវមួយទៅត្រង់ទឹកសន្សើមដែលទើរនៅស្លឹកឈើនិងស្មៅផ្សេង ៗ
វាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹក ប៉ុន្តែឥតបានលទ្ធផលល្អសោះ ។
ចំណែកឯនាងមេខលា ដែលជាស្រីចេះគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្តោក
ៗ ហើយយកទៅដាក់ផ្តិលលើទឹកសន្សើមដែលដក់នៅលើស្លឹកឈើ នឹងនៅលើស្មៅ
ទាល់តែដុំឈើនោះជក់ទឹកនៅពេញទាំងអស់ ។ បន្ទាប់មកនាងអារក្ខទេវី
បានយកដុំឈើនោះទៅច្របាច់ទឹកដាក់ទៅក្នុងកែវ ។ អាស្រ័យដោយហេតុដូច្នេះ
នាងរកទឹកសន្សើមដាក់កែវបានពេញ ហើយក៏យកកែវនោះទៅជូនមហាតាបស ។
ហេតុដូច្នេះបានជានាងអារក្ខទេវីត្រូវតាបសសំគាល់ថា ប៉ិនប្រសប់ជាងបិសាច ។
តាបសជប់ទឹកសន្សើមនោះកើតទៅជាកែវ
ហើយប្រគល់ទៅឱ្យនាងមេខលា ដោយប្រាប់ថា "
កែវនេះមានគុណភាពខ្លាំងពូកែណាស់ បើអ្នកមានបំណងអ្វីមួយ
គ្រាន់តែលើកកែវនេះគ្រវីឡើងនោះមួយរំពេច
សេចក្ដីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាម មួយទៀតដោយគុណភាពនៃកែវនេះ
អ្នកអាចហោះកាត់អាកាសពពក ជ្រកអាចម៍ជន្លេន ទៅកាន់កន្លែងណាក៏បានទាំងអស់
" ។
នាងអារក្ខទេវីក៏ទទួលយកកែវនោះមក
លើកគ្រវីឡើងលើ ស្រាប់តែហោះវឹងទៅលើមេឃតម្រង់ទៅមហាសាគរ ។
ចំណែកឯអាមាសូរ
អាស្រ័យដោយការព្យាយាមដ៏យូរ ក៏រកទឹកសន្សើមដាក់បានពេញកែវ
ហើយយកទៅថ្វាយមហាឫសី ៗ ពោលថា "ចៅឯង យករបស់នេះ មកយឺតយូរពេកហួសពេលតាត្រូវការ
ឥឡូវតាបានឱ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយ
មន្តអាគមគាថារបស់តាអាចជប់វត្ថុបែបនេះកើត បានតែមួយដងគត់ទេ " ។
កាលបើបានឮមហាតាបសថាដូច្នេះ
រាមាសូរក៏កើតសេចក្ដីទោមនស្សពន់ពេកប្រមាណ ហើយក៏ស្រែកយំអណ្ដឺតអណ្ដកយ៉ាងខ្លាំង
។
ដើម្បីលួងចិត្តបិសាចតាបសក៏ប្រាប់ថា
"ចូរចៅកុំកើតទុក្ខខ្លាំងពេក ចាំតាឱ្យពូថៅមួយ
ពូថៅនេះអ្នកអាចយកទៅឈ្លោះដណ្ដើមយកកែវពីនាងអារក្ខទេវីមេខលាបាន
នាងមេខលានេះ ចូលចិត្តហោះហើរលេងនៅលើអាកាសដើម្បីមុជទឹកភ្លៀង
នៅពេលដែលមានភ្លៀងម្ដង ៗ ចូរអ្នកចោលពូថៅនោះទៅលើវានឹង
បោះចោលកែវដ៏មានតម្លៃនោះ ប៉ុន្តែបើនៅពេលប្រយុទ្ធគ្នានោះ
ចៅឯងឃើញវាលើកកែវឡើងគ្រវី
ចូរចៅឯងបិទភ្នែកភ្លាមមុននឹងចោលពូថៅទៅលើវា " ។
កាលបើរាមាសូរបានពូថៅមកកាន់នៅនឹងដៃហើយ
វាក៏ហោះស្វែងរកនាងមេខលា ដើម្បីដណ្ដើមយកកែវមនោហរា
ប៉ុន្តែបើបានឃើញនាងកាលណា នាងក៏យល់ឃើញភ្លាមថា
បិសាចនេះប្រាកដជាមកមានបំណងធ្វើអាក្រក់មកលើនាងពុំខាន
ទើបនាងលើកកែវគ្រវីឡើង ហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងខ្ពស់ ។
កាលបើក្រឡេកឃើញពន្លឺចាំងនៃកែវមានសិល្បភ្លាម
បិសាចក៏បិទភ្នែកជិតរួច គ្រវែងអាវុធវាទៅ
អាវុធនោះក៏ហោះយ៉ាងលឿនឮសូរសម្បើមក្រៃលែង ប៉ុន្តែឥតត្រូវនាងអារក្ខទេវី
។
ចាប់តាំងពីពេលនោះមក
ទើបនៅពេលមានភ្លៀងផ្គរ គេឃើញចាំងពន្លឺកែវហើយឮសូរសំឡេងយ៉ាងខ្លាំងនៃអាវុធនោះ
។ អាស្រ័យហេតុនេះហើយ បានជាក្នុងភាសាខ្មែរឱ្យឈ្មោះដុំថ្មទាំងឡាយ
ណាដែលមានរាងដូចផ្លែពូថៅ ឬចបកាប់ក្បាលស្រួច ឬដូចកាំបិតថា "
កាំរន្ទះ " ហើយសន្មតរបស់ទាំងនេះថា ជាព្រួញរបស់យក្សបាញ់ នៅលើមេឃធ្លាក់មកដី
។
រឿង ដើមកំណើតរន្ទះ
Reviewed by VannyDa
on
2:25 PM
Rating: