រឿងព្រេង ទាក់ទងនឹងពិធីសុំទឹកភ្លៀង
ទឹកភ្លៀង ជាវត្ថុធាតុមួយដ៏វិសេស
ទោះបីរុក្ខជាតិ សត្វក្ដី មនុស្សក្ដី
សឹងអាស្រ័យទឹកភ្លៀងដើម្បីរស់ទាំងអស់ ។ អស់រដូវប្រាំងទាំងមូល
ដែលនាយឧទ្យាន ខំស្រោចស្រពដំណាំដោយទឹក តែការចម្រើនលូតលាស់ដំណាំនោះ
មិនស្មើនឹងបានទឹកភ្លៀងស្រោចស្រពម្ដងទេ ។ ដូច្នេះក្នុងគ្រា
ឬឆ្នាំណាដែលខ្វះទឹកភ្លៀង រមែងមានហេតុភ័យបណ្ដាលឡើងពីរយ៉ាង គឺ
ភ័យអំពីការអត់ឃ្លានម្យ៉ាង ភ័យអំពីរោគាព្យាធិម្យ៉ាង ។
ភ័យអន្តរាយដ៏ធំទាំងពីរយ៉ាងនេះឯងហើយ ជាកត្តាឲ្យទំនៀមសុំភ្លៀង
ទៅជាទំនៀមមួយយ៉ាងសំខាន់ ដែលខ្មែរយើងរក្សាទុក បានឋិតថេរតមក ។
ការរាំងភ្លៀង តែងធ្វើឲ្យសត្វលោករងទុក្ខវេទនាខ្លាំងបំផុត2 ។
មានសេចក្ដីដំណាលថា3
ក្នុងកាលកន្លងទៅហើយ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង
ព្រះអង្គទ្រង់យោនយកកំណើតជាសត្វត្រីរ៉ស់ ស្ថិតនៅក្នុងស្រះមួយ
នាវស្សបុរី ។ កាលនោះ ក្នុងវស្សបុរីទាំងមូល ពុំមានបង្អោរភ្លៀងចុះសោះ, លុះរាំងរឹះយូរៗ ទៅ
ទឹកបឹង ទឹកត្រពាំង ក៏រីងហួតអស់ ។ ចំណែកស្រះដែលមានស្ដេចត្រីរ៉ស់នៅនោះ
ក៏រីងខ្លះដែរ នៅសល់តែភក់ខាប់ ។ ពេលនោះ ពួកត្មាត កុក និង ក្រសារទាំងឡាយ
នាំគ្នាចុះចឹកត្រីនៅក្នុងស្រះស៊ីយ៉ាងរីករាយ ជារៀងរាល់ថ្ងៃ ។
ស្ដេចត្រីរ៉ស់ ក៏បង្គាប់ពួកត្រីទាំងឡាយ
ឲ្យមុជចូលជ្រកលាក់ខ្លួនក្នុងភក់យ៉ាងវេទនាណាស់ ។ ថ្ងៃមួយ
ស្ដេចត្រីរ៉ស់ ជំនុំនឹងត្រីរងគ្រោះឯទៀតថា
"តាំងពីពួកយើងមកចាប់កំណើតជាត្រីនេះ
មិនដែលធ្វើអ្វីបៀតបៀនសត្វណាម្ដងទេ មិនគួរឡើយ
យើងមកទទួលការលំបាកយ៉ាងនេះសោះ" ។ គ្រានោះ ស្ដេចត្រីរ៉ស់
តាំងអធិដ្ឋានបួងសួងនឹកដល់គុណព្រះរតនត្រ័យថា "សូមតេជះគុណកែវទាំង
៣ ជាទីពឹងរបស់សត្វលោក សូមព្រះអង្គជួយស្រោចស្រង់យើងទាំងឡាយផង !” ។
នៅពេលនោះ ក៏កើតហេតុអស្ចារ្យ
គឺក្ដៅដល់ទៅអាសនាព្រះអម្រិន្ទាធិរាជ ។ បានជ្រាបហេតុអស្ចារ្យដូច្នេះ
ព្រះឥន្ទ្រាធិរាជ ទ្រង់ត្រាស់ប្រើទេវបុត្ត ១ អង្គ
ឲ្យបង្អុរភ្លៀងចុះមកសព្វទិសទី លិចទីទាបគ្មានសល់ ។ ស្ដេចត្រីរ៉ស់
ព្រមទាំងពពួកត្រីទាំងឡាយ បានសេចក្ដីសុខសប្បាយ តាំងពីពេលនោះមក ។
ដោយមានរឿងអស្ចារ្យយ៉ាងនេះឯងហើយ
ទើបកាលណាមានការរាំងរឹះ អ្នកស្រុក តែងនាំគ្នាធ្វើពិធីសុំទឹកភ្លៀង
ដោយមាននិមន្តព្រះសង្ឃសូធ្យធម៌ សុកោន្ថោ មានធ្វើស្រះតូចមួយ
ហើយរកត្រីរ៉ស់យកទៅដាក់ឲ្យហែលក្នុងទឹកនោះ រួចធ្វើពិធីបួងសួងសុំទឹកភ្លៀងទៅ
4 ។
រឿងព្រេង ទាក់ទងនឹងពិធីសុំទឹកភ្លៀង
Reviewed by VannyDa
on
4:03 PM
Rating: