រឿងព្រេង ទាក់ទងនឹងពិធីសែនព្រះភូមិនៅរដូវធ្វើស្រែ
រហូតដល់សព្វថ្ងៃនេះ
នៅកន្លែងខ្លះក្នុងរដ្ឋកម្ពុជា តែកាលណាមានភ្លៀងធ្លាក់ជ្រាយដីល្មមចាប់ប្រកបរបរស្រែហើយ
គេច្រើនឃើញអ្នកស្រែធ្វើច្រម1 ដាក់បាយ សម្ល នំចំណី យកទៅដោតសែននៅក្នុងស្រែរបស់ខ្លួន
ដើម្បីឲ្យស្រូវបានផលច្រើន ហើយគេតែងហៅពិធីនេះថា
"សែនព្រះភូមិ" ។ ទំនៀមសែនព្រះភូមិនេះ តាមការស្រាវជ្រាវនៃក្រុមទំនៀមទម្លាប់ឃើញថា
មានទំនាក់ទំនងតាំងពីពុទ្ធសម័យមកដែរ ប៉ុន្តែកាលនោះ គេបូជានាងយក្ខិនី
ដើម្បីសួរដំណឹងទឹកភ្លៀង ។ លុះយូរៗ មក អ្នកស្រុកភ្លេចរឿងដើម ក៏ស្មានថា
ការសែនព្រះភូមិនេះ គឺសែនទេវតាដែលរក្សាផែនដីនេះទៅវិញ ប៉ុន្តែ ទោះជាយល់ដូច្នោះ
ក៏មិនជាការខុសឆ្ងាយចាកហេតុដើមប៉ុន្មានដែរ ។
មានដំណាលក្នុងគម្ពីរធម្មបទថា
ក្នុងសម័យពុទ្ធកាល មានកុដុម្ពីក៍ម្នាក់
ជាអ្នកស្ដុកស្ដម្ភដោយទ្រព្យសម្បត្តិ ប៉ុន្តែ ប្រពន្ធជាស្រីអារ
គ្មានកូនសោះ ។ មាតារបស់កុដុម្ពីក៍ ក៏ត្រិះរិះថា
"បើកូនអញគ្មានកូននឹងតក្នុងវង្សត្រកូលដូច្នោះ
តើបានអ្នកណានឹងរក្សាទ្រព្យសម្បត្តិទៅទៀត" ។
គំនិតនោះមិនបាត់ស្ងាត់ ក៏ដឹងទៅដល់នាងភរិយាដើម ។ នាងភរិយាដើមគិតថា
បើប្ដីអញមានប្រពន្ធចុង ហើយនាងនោះមានកូន គេមុខជានឹងបានគ្រប់គ្រងទ្រព្យសម្បត្តិ
ធ្វើជាធំក្នុងផ្ទះសម្បែងនេះពុំខាន ឯខ្លួនអញក៏មុខជានឹងថយមុខមាត់
ពុំមានអ្នកណារាប់អានឡើយ បើដូច្នោះ
គួរអញចេញមុខទៅដណ្ដឹងប្រពន្ធជួសម្ដាយក្មេក
ដើម្បីឲ្យនាងប្រពន្ធចុងគោរពខ្លាចអញ ។
បន្ទាប់មក នាងនោះ ក៏ចូលទៅនិយាយនឹងម្ដាយក្មេក
ដើម្បីធានាទៅដណ្ដឹងប្រពន្ធឲ្យប្ដី ។ ម្ដាយក្មេកក៏ព្រម ។
លុះបានប្រពន្ធថ្មីមកមិនយូរប៉ុន្មាន នាងនោះមានគភ៌មែន ។
នាងប្រពន្ធដើមដឹងដូច្នោះ ក៏ផ្សំថ្នាំលាយនឹងចំណីឲ្យនាងនោះបរិភោគ ។
កូនដែលទើបនឹងចាប់បដិសន្ធិនៅក្នុងផ្ទៃនោះ ក៏រលូតចេញមក
មួយលើកជាពីរលើក ។ លុះដល់លើកទី ៣ ឱសថដែលនាងប្រពន្ធដើមផ្សំឲ្យនោះ
មិនត្រឹមតែធ្វើឲ្យអន្តរាយទារក
ថែមទាំងបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតម្ដាយផង ។ មុននឹងស្លាប់
នាងនោះដឹងថា "ខ្លួនដែលដល់នូវសេចក្ដីអន្តរាយនេះ
មិនគឺអ្នកឯណាក្រៅអំពីរូបប្រពន្ធដើមជាអ្នកធ្វើឡើយ"
ក៏ចងពៀរវេរានឹងនាងប្រពន្ធដើមថា "មីប្រពន្ធដើមនេះ
ចិត្តវាខ្មៅណាស់ វាធ្វើថ្នាំពន្លូតសម្លាប់កូនអញ មួយលើកជាពីរលើក
លើកនេះស្លាប់ទាំងខ្លួនអញទៀត ដើម្បីនឹងសះគំនុំចិត្ត
សូមឲ្យខ្ញុំកើតជាតិណាៗទៅ ឲ្យបានស៊ីកូនវាវិញ" ថាតែប៉ុណ្ណេះ
នាងនោះ ក៏ធ្វើមរណកាលទៅ ហើយអន្ទោលយកកំណើតជាសត្វឆ្មា ។ ឯប្រពន្ធដើម
លុះស្លាប់ទៅ ក៏ទៅយកកំណើតជាសត្វមាន់ ។ មេមាន់នោះ
កាលបើបានពងពេញសំបុកកាលណា សត្វឆ្មាទៅខាំស៊ីអស់រលីង
លុះដល់កើតជាគម្រប់បី មេមាន់ក៏ចងពៀរនឹងឆ្មាថា
"កើតជាតិក្រោយសូមឲ្យបានស៊ីកូនឆ្មាវិញ"
រួចក៏ដាច់ខ្យល់ស្លាប់ទៅ ។ លុះជាតិជាបន្ទាប់មកទៀត ឆ្មានោះ
ក៏អន្ទោលជាតិជាមេម្រឹគ, ឯមេមាន់ ចាប់កំណើតជាសត្វខ្លា ។ កាលណាមេម្រឹគសម្រាលកូន
ខ្លានោះ តែងទៅខាំស៊ីកូនអស់ គម្រប់បីលើក ដូចន័យមុនទៀត ។
ជាតិជាបន្តមកទៀត ខ្លានោះ ទៅកើតជានាងកុលធីតា, ឯមេម្រឹគ
ទៅកើតជានាងយក្ខិនី ។ ក្នុងពេលដែលនាងកុលធីតានោះមានកូន ស្រាប់តែនាងយក្ខិនីនោះ
ធ្វើជាម្រាក់មកសួរសុខទុក្ខ ហើយបន្លំចាប់កូននោះស៊ីទៅ ។
លុះវារជាគម្រប់បី នាងកុលធីតានាំប្ដីប្រពន្ធព្រមទាំងកូនទៅងូតទឹកស្រះ
។ នៅពេលដែលងូតរួច ហើយបីកូនអង្គុយចាំប្ដី
នាងចោលភ្នែកទៅឃើញយក្ខិនីដើរសំដៅពីចម្ងាយមក ។
នាងយល់ច្បាស់នូវសេចក្ដីអន្តរាយ ក៏បីកូនស្ទុះរត់គេច ។ លុះរត់ទៅៗ
ក៏ទៅដល់វត្តជេតពន គាប់ជួនពេលនោះ ព្រះពុទ្ធអង្គកំពុងប្រទានធម៌ទេសនា
នៅកណ្ដាលប្រជុំជនពុទ្ធបរិស័ទ ។ នាងកុលធីតាភ័យណាស់
យកកូនទៅដាក់ទៀបព្រះបាទព្រះអង្គ ហើយស្រែកយំអង្វរព្រះអង្គថា
សូមព្រះអង្គជួយកុំឲ្យយក្ខិនីស៊ីបាន ។ នាងយក្ខិនីតាមមកដល់កំពែងវត្ត
លុះឃើញមនុស្សកុះករ មិនហ៊ានចូល ក៏ឈររេរានៅក្រៅកំពែង ។ ព្រះពុទ្ធអង្គ
ទ្រង់ត្រាស់ប្រើអានន្ទទៅហៅនាងយក្ខិនីនោះឲ្យចូលមក ។ កាលបើនាងយក្ខិនីនោះចូលមកក្រាបថ្វាយបង្គំព្រះអង្គ
ទើបព្រះអង្គទ្រង់នាំអតីតនិទាន "អំពីការចងពៀរ
ដែលមិនអាចរម្ងាប់ដោយពៀរ" មកសម្ដែងប្រាប់
រួចទ្រង់ត្រាស់ផ្សះផ្សារនាងទាំងពីរនាក់
ឲ្យលែងកាន់ចិត្តគំនិតគុំកួននឹងគ្នា ហើយឲ្យទុកដាក់គ្នាជាបងជាប្អូនតទៅ
។ នាងយក្ខិនីទូលសួរព្រះអង្គថា តើឲ្យនាងរស់របៀបណា ? បើនាងធ្លាប់តែរស់ដោយចាប់មនុស្សសត្វជាអាហារ
យ៉ាងហ្នឹងទៅហើយ បើព្រះអង្គឲ្យនាងកាន់សីល
តើនាងអាចនឹងចិញ្ចឹមជីវិតបានបែបណា ? ។ កាលនោះ ព្រះពុទ្ធអង្គ ទើបត្រាស់បង្គាប់ឲ្យនាងកុលធីតាយកនាងយក្ខិនីទៅចិញ្ចឹម
។ នាងយក្ខិនីនោះ ចេះមើលដំណើរទឹកភ្លៀង ។ ហេតុនេះបើនាងដឹងថា
ឆ្នាំនេះភ្លៀងតិច នាងបង្គាប់នាងកុលធីតាឲ្យធ្វើស្រែជ្រៅ បើឆ្នាំនោះ
មានភ្លៀងច្រើន ត្រូវធ្វើស្រែទួល ។ មិនយូរប៉ុន្មាន នាងកុលធីតា
ក៏ទៅជាអ្នកមានទ្រព្យសម្បត្តិ ដោយសារបានផលស្រូវច្រើន ។ អ្នកជិតខាង
ឃើញនាងធ្វើស្រូវមិនដែលខុសឆ្នាំណាសោះ នឹកឆ្ងល់ ក៏នាំគ្នាទៅសួរ
នាងក៏ប្រាប់តាមដំណើរ ។ បន្ទាប់មក តែជិតដល់រដូវធ្វើស្រែ អ្នកជិតខាង
តែងនាំគ្នាយកចំណីទៅជូននាងយក្ខិនី ដើម្បីសួរដំណឹងទឹកភ្លៀង ។ ក្រោយមក
នាងយក្ខិនីដែលធ្លាប់តែនៅក្នុងព្រៃ កើតក្ដីអផ្សុក
មិនចេះនៅក្នុងស្រុកដែលឮសូរតែសំឡេងត្បាល់អង្រែមិនឈប់ឈរ
ក៏សុំនាងកុលធីតាទៅនៅឯស្រែឆ្ងាយអំពីស្រុកភូមិ ។ នាងកុលធីតា ក៏ទៅសង់រោងមួយឲ្យទៅនៅក្រៅស្រុក
។ អ្នកស្រុកអ្នកភូមិ
ដែលធ្លាប់តែយកឥវ៉ាន់ទៅបូជានាងយក្ខិនីដើម្បីសួរដំណឹងទឹកភ្លៀង
ក៏យកឥវ៉ាន់តាមទៅបូជានាងយក្ខិនី ឯស្រែឆ្ងាយនោះទៀត ។
រឿងបូជានេះ យូរទៅ
លុះអស់អំពីនាងយក្ខិនីទៅ ក៏ក្លាយទៅជាទំនៀមបូជាព្រះភូមិ
ដើម្បីឲ្យធ្វើស្រូវបានផលច្រើនទៅវិញ ។
រឿងព្រេង ទាក់ទងនឹងពិធីសែនព្រះភូមិនៅរដូវធ្វើស្រែ
Reviewed by VannyDa
on
4:02 PM
Rating: