រឿងព្រេង ទាក់ទងនឹងទំនៀមពូនភ្នំស្រូវ
ពិធីពូនភ្នំស្រូវ
គេច្រើនធ្វើនៅខែមាឃ-ផល្គុន ឬ ដើមខែចែត្រ គឺនៅពេលផុតរដូវច្រូតកាត់ ។
អ្នកស្រុក នាំគ្នាធ្វើពិធីនេះឡើង ដើម្បីផ្គត់ផ្គង់គ្រឿងបម្រុងចតុប្បច្ច័យសម្រាប់ព្រះសង្ឃ
គឺគេនាំគ្នាចំណាយផលដែលធ្វើបាននោះ ម្នាក់បន្តិចៗ
ប្រមូលគ្នាយកទីវេរចំពោះព្រះសង្ឃ ។
ពិធីពូនភ្នំស្រូវនេះ
គេច្រើនតែនិយមធ្វើនៅក្នុងវត្ត ខាងមុខព្រះវិហារ ។ ពេលខ្លះ គេធ្វើ ៣
ថ្ងៃ, ពេលខ្លះធ្វើ
៧ ថ្ងៃ តាមកាលៈទេសៈ និងសទ្ធាជ្រះថ្លារបស់អ្នកស្រុក ។ កាលណាចប់ហើយ
អាចារ្យជាអធិបតី ក្នុងកិច្ចការវត្ត
ក៏ចាប់ឲ្យឧបាសក-សិកានាំគ្នាដឹកជញ្ជូនស្រូវ ដែលពូនជាភ្នំនោះ
យកទៅដាក់ឃ្លាំងវត្ត ។ បុណ្យពូនភ្នំស្រូវនេះ ចាប់តាំងពីថ្ងៃ ១ រោច ខែចែត្រទៅ
មិនដែលឃើញមានធ្វើទេ ។
មានសាស្ត្រាល្បែង "ស្លឹករឹត" មួយ
និយាយអំពីនាងនក់ និង កឡុកបណ្ឌិត្យ ដែលទាក់ទងនឹងពិធីពូនភ្នំស្រូវ
មានសេចក្ដីសង្ខេបដូចតទៅ ៖
កាលដែលកន្លងទៅហើយ
មានបុរសម្នាក់ឈ្មោះកឡុកបណ្ឌិត និងស្ត្រីម្នាក់ឈ្មោះនាងនក់ នៅក្នុងភូមិជាមួយគ្នា
។ កាលនៅវ័យក្មេងនៅឡើយ អ្នកទាំងពីរនាក់នេះ តែងលេងជាមួយគ្នាជាធម្មតា
។ ថ្ងៃមួយ អ្នកទាំងពីរនាក់ ក៏នឹកភ្នកនិយាយអំពីអនាគត និងបំណងរបស់ខ្លួន
។
កឡុកបណ្ឌិតនិយាយថា "នែនាងនក់ ! អញ
បើនឹងយកប្រពន្ធទាល់តែស្រីនោះ ចេះគោរពអញ តាមករណីកិច្ចជាភរិយា
ហើយបើកាលណាអញទៅងូតទឹកកំពង់,
ស្រីនោះ ត្រូវកាន់សំពត់ងូតតាមទៅឲ្យអញដល់កំពង់
ទើបអញយកធ្វើជាប្រពន្ធ" ។
នាងនក់ ក៏ឆ្លើយតបទៅវិញថា "បងអើយ ! ខ្ញុំក៏មានចិត្តគិតដូចបងដែរ, បើបុរសណាកាន់សំពត់ងូតខ្ញុំទៅដល់កំពង់ទឹក
ហើយបម្រើខ្ញុំគ្រប់បែបយ៉ាង ទើបខ្ញុំយកធ្វើជាប្ដី" ។
រំលងពីនោះបន្តិចមក កឡុកបណ្ឌិត
ក៏ដល់អាយុចូលបួសក្នុងព្រះពុទ្ធសាសនា ។ លុះចាកសិក្ខាបទមកវិញ
នាងនក់នោះ ក៏មិនទាន់មានប្ដី,
ម្ដាយឪពុកកឡុកបណ្ឌិត ក៏ទៅស្ដីដណ្ដឹងនាងមកធ្វើជាប្រពន្ធកូនខ្លួន
ឲ្យបាននៅរួមសុខទុក្ខជាមួយគ្នាតទៅ ។ កឡុកបណ្ឌិត
ស្រឡាញ់ថ្នមប្រពន្ធណាស់ មិនដែលឲ្យសៅហ្មងអ្វីឡើយ ។ នាងនក់
ក៏បម្រើប្ដីតាមករណីកិច្ចរបស់ខ្លួនដែរ ។
ថ្ងៃមួយ ប្ដីប្រពន្ធនាំគ្នាទៅងូតទឹក ។
នាងនក់នឹកឃើញពាក្យដែលខ្លួនបាននិយាយលេងនឹងគ្នាកាលពីក្មេង លុះងូតរួច
ក៏ឡើងត្រឡប់ទៅផ្ទះមិនប្ដី ធ្វើជាភ្លេចក្រមា ។ កឡុកបណ្ឌិត
ឃើញប្រពន្ធភ្លេចក្រមាងូតទឹក ខំស្រែកប្រាប់ ។ នាងនក់ប្រាប់ទៅវិញថា
"បងកាន់យកមកឲ្យខ្ញុំផង !”
។ កឡុកបណ្ឌិត
ក៏កាន់យកក្រមាងូតទឹករបស់ប្រពន្ធទៅផ្ទះ ។ ទៅដល់ផ្ទះហើយ
នាងនករៀបបាយទឹកជូនប្ដីបរិភោគរួចស្រេច, ពេលចូលដំណេក សំណេះសំណាលពីនេះពីនោះ នាងនក
ក៏និយាយចំអន់ប្ដីលេងថា "នែបង ! បងភ្លេចហើយឬនៅ ? កាលយើងនៅពីក្មេងទាំងអស់គ្នា
ខ្ញុំបាននិយាយនឹងបងថា "បើខ្ញុំយកប្ដី ទាល់តែប្ដីនោះបម្រើ
ហើយកាន់ក្រមាងូតទឹកឲ្យខ្ញុំ ទើបខ្ញុំយកជាប្ដី ឥឡូវនេះ
ខ្ញុំបានប្ដីកាន់ក្រមាងូតទឹកឲ្យមែន សមតាមបំណងរបស់ខ្ញុំហើយ" ។
កឡុកបណ្ឌិត ស្ដាប់ប្រពន្ធនិយាយដូច្នោះ នឹកឃើញរឿងដើម ក៏កើតសេចក្ដីខ្មាសអៀននឹងពាក្យប្រពន្ធ
នឹកក្នុងចិត្តថា "មិនគួរចាញ់ប្រៀបមនុស្សស្រីសោះ" ។
ហើយក៏ឈប់និយាយលេងតទៅទៀត ។
ប្រពន្ធមិនដឹងជាប្ដីអន់ចិត្តនឹងសម្ដីខ្លួន ក៏និទ្រាលក់ទៅ ។
កឡុកបណ្ឌិត ក៏លបលួចយកសំពៅមួយ ធ្វើដំណើររត់ចេញទាំងយប់ ។ លុះព្រឹកឡើង
ទៅដល់នគរមួយ ដែលមានស្ដេចសោយរាជ្យមាននាមថា
"ស្ដេចបំផ្លាញឈ្មួញ" ។ លុះដឹងថាមានសំពៅមួយមកចតនៅតំបន់ខ្លួន
ស្ដេចនោះត្រេកអរណាស់ ទើបប្រើសេនារៀបភោជនាហារ
ជប់លៀងកឡុកបណ្ឌិតជានាយសំពៅ ដោយចាត់ឲ្យមានមនុស្សបម្រើពុំមានខ្ចោះ ។
ទ្រង់សំណេះសំណាលរាក់ទាក់នឹងនាយសំពៅ
ហើយឃាត់ឲ្យនាយសំពៅនៅកម្សាន្តបានពីរ-បីថ្ងៃសិន ។
នៅពេលដែលកឡុកបណ្ឌិតកំពុងតែបរិភោគអាហារ ស្ដេចបំផ្លាញឈ្មួញនោះ
ក៏ចាត់បម្រើឲ្យយកអណ្ដើកមាសមួយទៅលាក់ក្នុងសំពៅ ។
ពីរបីថ្ងៃក្រោយមក កឡុកបណ្ឌិត
ក៏ឡើងទៅក្រាបបង្គំលាស្ដេចចេញដំណើរទៅទៀត ។ ស្ដេចនោះ
ស្រាប់តែចោទប្រកាន់កឡុកបណ្ឌិតថា "នែមាណព ! យើងរាប់អានស្រឡាញ់ឯង
ឃាត់ឯងឲ្យនៅកម្សាន្តបានពីរបីថ្ងៃ មិនគួរឯងមានគំនិតអាក្រក់ មកលួចទ្រព្យសម្បត្តិដែលជាកេរមត៌កយើងទៅសោះ !” ។
ឯងចេញទៅមិនទាន់បានទេ ចាំយើងរើរកមើលទ្រព្យយើងសិន !” ។ កឡុកបណ្ឌិត
មិនដឹងកលស្ដេចបំផ្លាញឈ្មួញ ក៏ទូលតបថា "សូមចាត់បម្រើឲ្យរើមើលចុះ
បើឃើញទ្រព្យអ្វីជារបស់ព្រះអង្គពិតប្រាកដ ខ្ញុំព្រះអង្គ
សូមនៅជារាជបម្រើ ហើយប្រគល់ទាំងសំពៅ និងឥវ៉ាន់
ដែលផ្ទុកក្នុងនោះទាំងប៉ុន្មាន ថ្វាយព្រះអង្គទៀត ។
ស្ដេចបំផ្លាញឈ្មួញ
ក៏ចាត់បម្រើឲ្យរើភ្លាម លុះឃើញអណ្ដើកមាសហើយ ក៏រឹបអូសយកសំពៅ
ព្រមរបស់ទ្រព្យ រួចដាក់កឡុកបណ្ឌិតជាបម្រើ តាមកិច្ចសន្យា ។
ថ្លែងពីនាងនក ព្រឹកឡើង រកប្ដីមិនឃើញ
ក៏ឆាឡោ ចាត់បម្រើឲ្យដើររក ។ លុះដឹងថាបាត់សំពៅមួយ ទើបនាងយល់ជាក់ថា
ប្ដីច្បាស់ជារត់ចោលនាងហើយ
ព្រោះតែពាក្យសំដីដែលនាងនិយាយចំអន់លេងពីល្ងាចនោះ ។ នាងនក់
ក៏រៀបចំឥវ៉ាន់ដាក់សំពៅ ធ្វើដំណើរចេញទៅតាមប្ដី
ដោយរកទាំងសារិកាដែលនាងចិញ្ចឹមទៅផង ។ លុះទៅដល់នគរស្ដេចបំផ្លាញឈ្មួញ
នាងក្រឡេកទៅឃើញស្គាល់ជាសំពៅប្ដីនាង ទើបនាងខំគន់រកមើលប្ដី
តែមិនឃើញសោះ ព្រោះគេចាត់ឲ្យទៅធ្វើការនៅទីដទៃឆ្ងាយ ។ នាងក៏សំចតនៅទីនោះសិន
ចាំស៊ើបការណ៍មើល ។ ឯស្ដេចទុច្ចរិត កាលឃើញសំពៅពោរពេញទៅដោយទំនិញផ្សេងៗ
មកដល់ទៀត នឹកអរ ក៏ធ្វើល្បិចដូចមុន ។ លុះដល់នាង
និងបរិវារចេញទៅទទួលការជប់លៀងរបស់ស្ដេច ពួករាជបម្រើ
ក៏យកអណ្ដើកមាសទៅលាក់ដូចមុនទៀត ។ ប៉ុន្តែ
សារិកាដែលទំនៅលើដងក្ដោងខ្ពស់ បានឃើញការពុំគួរទាំងអស់ ។
លុះម្ចាស់វិលមកវិញ វាក៏ប្រាប់តាមដំណើរដែលឃើញ ។ នាង
ក៏ចាត់បម្រើឲ្យយកអណ្ដើកទៅចងពន្លិចក្នុងទឹកភ្លាម ។
នៅយូរថ្ងៃគន់មើលប្ដីមិនឃើញ នាងក៏ឡើងទៅលាស្ដេច ដើម្បីចេញដំណើរទៅទៀត
។ ស្ដេចបំផ្លាញឈ្មួញ ក៏តាងចោទនាងដូចលើកមុនទៀត ។
នាងនក់សន្យានឹងស្ដេចថា
បើកាលណារកទៅឃើញឥវ៉ាន់របស់ស្ដេចនៅក្នុងសំពៅនាង
នាងសុខចិត្តថ្វាយជីវិត និងសំពៅ ព្រមទាំងរបស់ដែលផ្ទុកក្នុងសំពៅ ។
ជាភ័ព្វល្អដល់នាង ស្ដេចនោះក៏ធ្លោយព្រះឱស្ឋប្ដេជ្ញានឹងនាងថា
បើកាលណារកទៅមិនឃើញរបស់ទ្រព្យអ្វីនៅក្នុងសំពៅនាងទេ
ស្ដេចសុខចិត្តផ្ទេររាជសម្បត្តិ និងខ្ញុំកំដរទាំងអស់ឲ្យនាង ។
និយាយខខិតនឹងគ្នារួចហើយ ស្ដេចក៏ចាត់បម្រើឲ្យចុះ ក្នុងសំពៅភ្លាម
តែពុំឃើញអណ្ដើកមាសនោះសោះ ទើបសុខចិត្តផ្ទេររាជ្យតាមពាក្យប្ដេជ្ញា ។
នាងនក់មិនព្រមទទួលរាជ្យនោះទេ នាងសុំយកតែសំពៅ ៥ ដែលផ្ទុកដោយទំនិញពេញ
និងសុំរើសអ្នកបម្រើម្នាក់ ។ ខណៈនោះ ស្ដេចក៏សុខចិត្តធ្វើតាម
ហើយក៏ទ្រង់បង្គាប់ឲ្យប្រជុំខ្ញុំកំដរ ដែលចាត់ទៅទាំងជិតឆ្ងាយ
ឲ្យចូលមកដើម្បីនាងរើស ។ ពេលនោះ
នាងក៏បានឃើញប្ដីស្លៀកពាក់អាវកណ្ដោចកណ្ដាចស្ទើរតែមើលមិនស្គាល់
ទើបនាងទូលស្ដេចថា "សុំយកមនុស្សបម្រើម្នាក់ គឺ កឡុកបណ្ឌិត
នេះឯង", ហើយទើបចាត់ឲ្យជញ្ជូនឥវ៉ាន់ដាក់ពេញសំពៅទាំង ៥ ។ នាយកឡុកបណ្ឌិត
លុះឃើញប្រពន្ធមកតាមជួយខ្លួនឲ្យរួចអំពីទុក្ខទោស ត្រេកអរពន់ពេក
ក៏សុំឲ្យនៅលេងទីនោះមួយយប់ទៀត ។
និយាយពីស្ដេចទុច្ចរិត
លុះធ្វើការមិនបានសម្រេចដូចបំណង កើតក្ដៅក្រហាយ មិនអស់ចិត្ត
ក៏ហៅបរិវារដែលយកអណ្ដើកមាសទៅលាក់មកសួរបញ្ជាក់ ។ បរិវារបង្គំទូលថា
កាលដែលខ្ញុំព្រះអង្គយកទៅលាក់ គ្មានឃើញអ្នកណាទេ
ឃើញតែសត្វសារិកាមួយទំលើដងក្ដោង ។ ឮតែប៉ុណ្ណោះ ស្ដេចពាលក៏យល់ការណ៍
ទើបបង្គាប់ឲ្យទៅបញ្ឆោតចាប់សារិកានោះមកសម្លាប់ចោល ។ ពួកបរិវារ
ក៏ទៅចាប់បានសារិកាយកមកថ្វាយស្ដេច ៗ បញ្ជាឲ្យដករោមម្ដងមួយៗ
រួចសឹមឲ្យវាសម្លាប់ ។ បរិវារអ្នកសម្លាប់សារិកានោះ
ប្រុងនឹងប្រឡាក់អាំងស៊ី តែភ្លេចយកអំបិលមក ក៏ទុកសារិកានោះនៅកន្លែងមួយ
ហើយរត់ទៅយកអំបិលមក សារិកានោះមិនទាន់ស្លាប់ទេ គ្រាន់តែសន្លប់
លុះភ្ញាក់ស្មារតីដឹងខ្លួនឡើង
ក៏ខំលោតចូលទៅពួនក្នុងរន្ធគល់ឈើមួយនៅក្បែរនោះ ។
បរិវារដែលរត់ទៅយកអំបិល លុះត្រឡប់មកវិញ រកសារិកាមិនឃើញក៏ហីទៅ ។
រីឯកឡុកបណ្ឌិត និងនាងនក់
លុះរៀបចំដំណើរចេញទៅ រកសារិកាមិនឃើញ ក៏ប្រើបម្រើឲ្យដើររក
តែមិនឃើញទៀត ទើបចាត់ការចេញសំពៅទៅ ។
ចំណែកឯសត្វសារិកា
ដែលពួននៅក្នុងរូងឈើនោះ លុះយប់ស្ងាត់
ឃើញស្ដេចកណ្ដុរសមួយចេញដើររកអាហារ ក៏សាកសួរគ្នា
ហើយសុំឲ្យកណ្ដុរសជួយកាយរូងមួយ សម្រាប់នៅបណ្ដោះអាសន្ន
ទម្រាំដុះរោមពេញ នឹងបានសងគុណឲ្យគាប់ចិត្ត ។ ស្ដេចកណ្ដុរស ក៏ព្រម ។
មួយខែកន្លងមក សារិកា ក៏ដុះរោមពេញដូចដើម ហើយគិតរកមធ្យោបាយសងគុណគេវិញ,ទើបនិយាយទៅកាន់ស្ដេចកណ្ដុរសថា
" សូមលោកជួយកាយរូងមួយទៅដល់វត្ត
ហើយធ្វើរន្ធបង្ហុយចេញតាមព្រះឱស្ឋព្រះជីវ៍ធំក្នុងព្រះវិហារ
ឲ្យមានប្រឡោះល្មមបញ្ចេញសំឡេងបាន ។ ស្ដេចកណ្ដុរស ក៏ទទួលធ្វើតាម ។
លុះធ្វើស្រេចហើយ សារិកា ក៏ចូលទៅនៅសម្ងំចាំ
លុះឃើញសាមណេរមួយអង្គចូលទៅទន្ទេញធម៌នៅក្នុងព្រះវិហារនោះ
វាក៏បញ្ចេញសំឡេងក្លែងធ្វើជាព្រះចេះនិយាយថា
“នែ ! សាមណេរ ! នៅទន្ទេញធម៌ដល់ណាទៀត !
ម្ដេចមិនទៅប្រាប់អាចារ្យឲ្យប្រមូលគ្នាមកធ្វើបុណ្យភ្នំស្រូវ
ទាន់អញតថាគតនៅ" ។
សាមណេរឮដូច្នោះ ភ័យណាស់
រត់ទៅពិតលោកគ្រូចៅអធិការ ៗមកមើល លុះឮពាក្យដដែលមែន ក៏ចេញទៅទូងស្គរ
ហៅអ្នកស្រុកឲ្យប្រជុំគ្នាធ្វើបុណ្យភ្នំស្រូវកំណត់ ៧ ថ្ងៃ ។ អ្នកស្រុក
នាំគ្នារែកស្រូវនំនែកផ្លែឈើផ្សេងៗ ទៅចាក់គរធារក្នុងព្រះវិហារ
ហើយធ្វើពិធីបុណ្យតាមលំនាំសាសនា យ៉ាងអ៊ឹកធឹក ។ សត្វសារិកា បានឱកាសហើយ
ក៏ទៅប្រាប់ស្ដេចកណ្ដុរសថា "ចូរលោកនាំគ្នាទៅជញ្ជូនគ្រឿងសម្រាប់បរិភោគនោះ
មកទុកដាក់បម្រុងជាស្បៀងចុះ,
ខ្ញុំសុំលាលោកទៅរកម្ចាស់ខ្ញុំហើយ !” ។
ក្រោយពីនោះមក តែដល់ថ្ងៃខួបនោះ
អ្នកស្រុក ក៏ចេះតែនាំគ្នាធ្វើបុណ្យភ្នំស្រូវ ជាប់ជាទំនៀមរហូតមក ។
រឿងព្រេង ទាក់ទងនឹងទំនៀមពូនភ្នំស្រូវ
Reviewed by VannyDa
on
4:03 PM
Rating: