រឿង ត្រីមាស
ក្នុងកាលពីព្រេងនាយ
មានតាចាស់នឹងយាយចាស់ ពីរនាក់ប្ដីប្រពន្ធជាអ្នកក្រីក្របំផុតបានសង់ខ្ទមមួយតូចនៅទៀបមាត់សមុទ្រ
អស់កាលជាយូរចំនួន ៣៣ ឆ្នាំមកហើយ ។
តាចាស់នោះឯងតែងរកចិញ្ចឹមជីវិតដោយការនេសាទត្រីគឺបង់សំណាញ់ជាប្រក្រតី
។ ឯយាយចាស់ជាអ្នកប្រកបការកាប់ព្រាល កាប់ក្រចៅ យកមកលក់ដូរចិញ្ចឹមជីវិតជានិច្ចជាកាល
។
ថ្ងៃមួយ, តានេសាទពុនសំណាញ់ទៅបង់ត្រីនៅមាត់សមុទ្រ,
លុះទាញសំណាញ់មកឃើញជាប់សុទ្ធតែភក់ ។
តានេសាទក៏រលាស់ចោលហើយបង់ជាគំរព់ពីរ, ទាញមកឃើញជាប់សុទ្ធតែសារាយ
។ តានេសាទក៏បង់សំណាញ់ទៅជាគំរប់បីទៀត, ដល់ទាញសំណាញ់មក
ឃើញជាប់ត្រីសម្បុរមាសមួយ ។ វេលានោះឯង
ត្រីមាសនិយាយអង្វរទៅតានេសាទនោះដោយភាសាមនុស្សថាៈ
– លោកតា, មេត្តាលែងខ្ញុំទៅក្នុងទឹកសមុទ្រវិញទៅ,
ខ្ញុំនឹងជូនរបស់ដែលមានដំឡៃ ជាទីគាប់ចិត្តលោកតា ។
តានេសាទក៏ភាន់ភាំង ហើយខ្លាចផង ដោយនឹកថា « អញបានរកស៊ីដោយការនេសាទត្រីនេះ
ចំនួន ៣៣ ឆ្នាំមកហើយ មិនដែលប្រទះឃើញត្រីចេះនិយាយដូច្នេះសោះ » ។ តានេសាទក៏លែងត្រីមាសទៅក្នុងសមុទ្រវិញ ហើយនិយាយនឹងត្រីថាៈ
– ត្រីមាស !
សូមឲ្យទេវតារក្សាឯងដោយល្អចុះ, ហើយខ្ញុំក៏មិនត្រូវការទទួលយកវត្ថុអ្វីជាបំណាច់អំពីឯងវិញឡើយ
។ ចូរឯងហែលលេងក្នុងទឹកសមុទ្រតាមសប្បាយចុះ ។
– យាយ, ថ្ងៃនេះបងទៅបង់សំណាញ់ បានត្រីមាសមួយ
ហើយត្រីនោះមិនដូចជាត្រីធម្មតាឡើយ គឺវាចេះនិយាយដូចជាមនុស្សយើង
ហើយត្រីនោះឯងអង្វរបង ឲ្យបងលែងវាទៅក្នុងទឹកសមុទ្រវិញ
វានឹងឲ្យរបស់ដ៏មានដំឡៃដល់បងតាមតែបងចង់បាន
តែបងខ្លាចមិនហ៊ានទទួលយកគ្រឿងបណ្ណាការអ្វីមួយឡើយ ហើយបងក៏លែងត្រីនោះ
ទៅក្នុងសមុទ្រវិញទៅ ។
យាយចាស់ជាភរិយា បានឮប្ដីនិយាយដូច្នោះហើយ ក៏ជេរទៅប្ដីថា
– នែតាចាស់ ល្មេញល្មើ, ម៉េចក៏តាឯងមិនទារយករបស់អ្វីមួយអំពីត្រី
! បេទុកជាយ៉ាងយ៉ាង ក៏គួរតែទទួលយកថាំងឈើមួយគូគ្រាន់នឹងដងទឹកចុះអេះ
ព្រោះរបស់យើងវាបាក់បែកអស់ទៅហើយ ។
តានេសាទក៏ត្រឡប់ទៅកាន់សមុទ្រវិញ ហើយចុះដើររកមើលត្រីមាស
វេលានោះទឹកសមុទ្រ កើតមានរលកយ៉ាងស្រាល ៗ , ហើយតានេសាទ
ក៏ស្រែកហៅទៅត្រីមាស, ឯត្រីមាសក៏ហែលមកជិត
ហើយសួរគាត់ថាៈ
– លោកតា មានការអ្វីមករកខ្ញុំនេះ ?
តានេសាទក៏តបទៅកាន់ត្រីមាស ដោយសេចក្ដីគោរពថាៈ
– ឱអ្នកម្ចាស់ថ្លៃត្រីអើយ, ប្រពន្ធខ្ញុំខឹងនឹងខ្ញុំដោយហេតុមិនទទួលយករបស់អ្វីមួយពីអ្នក,
ឥឡូវនេះគេឲ្យខ្ញុំមកសុំថាំងថ្មីមួយសម្រាប់ពីអ្នក
ដើម្បីយកទៅដងទឹក ត្បិតថាំងខ្ញុំវាបាក់បែកអស់ទៅហើយ ។
ត្រីមាសតបទៅតានេសាទថាៈ
– លោកតា កុំបារម្ភឲ្យសោះ, ចូរតាត្រឡប់ទៅផ្ទះវិញចុះ
ទេវតានឹងទំនុកបម្រុងដល់តា ៗ នឹងបានថាំងថ្មីនោះជាប្រាកដ ។
តានេសាទត្រឡប់មកផ្ទះវិញ ឯយាយចាស់ក៏បានថាំងថ្មីមួយសម្រាប់,
តែយាយចាស់មិនបានពេញចិត្តឡើយ ត្រឡប់ជាគំហកឲ្យប្ដីវិញថាៈ
– តាចាស់ល្ងីល្ងើ តាឯងផ្ដេសផ្ដាសណាស់, ម៉េចក៏ទៅសុំឯថាំងឈើ,
របស់នេះល្អឬ ? តាឯងចូរត្រឡប់ទៅរកត្រីម្ដងទៀត
ហើយសុំផ្ទះមួយវិញ ត្បិតយើងគ្មានផ្ទះល្អនឹងនៅទេ ។
តានេសាទក៏ត្រឡប់ទៅសមុទ្រវិញ, ទឹកសមុទ្រក៏ត្រឡប់ជាល្អក់បន្តិច
ៗ, ហើយគាត់ស្រែកហៅទៅត្រីមាស ៗ
ក៏ហែលមកជិតហើយសួរថាៈ
– តាមករកខ្ញុំដោយមានការអ្វីទៀត ?
តានេសាទតបដោយគោរពថាៈ
ឱ ! អ្នកម្ចាស់ថ្លៃអើយ, ប្រពន្ធខ្ញុំវារឹតតែកិនខ្ញុំខ្លាំងឡើងទៀត,
វាឲ្យខ្ញុំមកសុំផ្ទះអ្នកមួយ ។
ត្រីមាសតបថាៈ
– តាកុំព្រួយ, ចូរតាត្រឡប់ទៅផ្ទះតាវិញចុះ
តានឹងបានផ្ទះមួយតាមតាសុំជាប្រាកដ ។
តានេសាទក៏ត្រឡប់មកកាន់គេហស្ថានខ្លួនវិញ ស្រាប់តែបាត់ខ្ទមនោះទៅ
ឃើញឯផ្ទះមួយយ៉ាងល្អរុងរឿងផុះឡើងនៅពីមុខគាត់
មានបន្ទប់ខ្វាត់ខ្វែងយ៉ាងធំទូលាយមានផ្ទះបាយនឹងបង្អួចទ្វារជាជួររាងរាយដែលសាងអំពីឥដ្ឋបាយអ,
ឯយាយចាស់នោះអង្គុយនៅទៀបបង្អួចមួយ
ហើយស្រែកជេរមកតានេសាទជាប្ដីវិញថាៈ
– នែតាគំរក់ដូចជាតិរច្ឆាន, តាឯងទៅសុំឯផ្ទះផ្ដេសផ្ដាសយ៉ាងនេះ
មិនពេញចិត្តអញទេ ! តាឯងចូរត្រឡប់ទៅសុំត្រីម្ដងទៀតថាៈ
យើងមិនចង់បានភាពជាស្រីអ្នកស្រែចម្ការសាម័ញ្ញដូច្នេះទេ, យើងចង់បានទៅជាស្រីមួយដែលប្រកបដោយរូបសម្បត្តិ
មានត្រកូលស្ដុកស្ដម្ភវិញ ។
តានេសាទក៏ត្រឡប់ទៅរកមាសទៀត, ឯទឹកសមុទ្រក៏រិតតែល្អក់ក្រៃលែង
តាចាស់ក៏ស្រែកហៅទៅត្រីមាស ៗ ក៏ហែលមកជិតហើយសួរថាៈ
– លោកតាមកធ្វើអ្វីនៅទីនេះ ?
តាចាស់តបដោយគោរពថាៈ
– ឱ ! អ្នកម្ចាស់ថ្លៃត្រីអើយ, សូមអ្នកអត់ទោសខ្ញុំ,
ប្រពន្ធខ្ញុំគេនៅតែខឹងនឹងខ្ញុំជានិច្ច
វាមិនឲ្យខ្ញុំឈប់បានមួយដង្ហើមសោះ, ឥឡូវនេះវាថាវាមិនចង់នៅជាសភាពស្រីអ្នកស្រែចម្ការដូច្នោះទេ
វាចង់បានទៅជាស្រីអ្នកមានត្រកូលខ្ពង់ខ្ពស់ស្ដុកស្ដម្ភវិញ ។
ត្រីមាសតបថាៈ
– បើប៉ុណ្ណោះទេ ចូរតាកុំព្រួយ, ចូរតាត្រឡប់ទៅផ្ទះវិញចុះ
ទេវតានឹងជួយតាឲ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ។
តានេសាទក៏ត្រឡប់មកផ្ទះអាត្មាវិញ
ស្រាប់តែឃើញប្រាសាទមួយយ៉ាងធំខ្ពស់
ឃើញយាយចាស់នោះអង្គុយក្នុងល្វែងប្រាសាទខាងក្រៅហើយមានសំលៀកបំពាក់សុទ្ធសឹងតែរបស់មានតំលៃ,
នៅក្បាលមានពាក់កញ្ចាំង ដែលដាំរំលេចដោយពេជ្រ
មានពាក់ខ្សែកពេជ្រជាច្រើនខ្សែ, ម្រាមដៃទាំងអស់សឹងពាក់ដោយចិញ្ចៀនមាសដាំពេជ្រ,
ពាក់ស្បែកជើងក្រហម ។ នៅជុំវិញខ្លួនយាយចាស់នោះ
មានមនុស្សនៅចាំបម្រើណែនណាន់តាន់តាប់, គាត់វាយគាត់ធាក់មនុស្សបម្រើទាំងអម្បាលនោះដោយឥតមេត្តា
។ តានេសាទឃើញដូច្នោះក៏និយាយទៅកាន់ភរិយាថាៈ
– ជំរាបសួរ អ្នកស្រី, ឥឡូវនេះចិត្តអ្នកស្រីយ៉ាងណា
ល្មមស្កប់ស្កល់ហើយឬនៅ បើបានដល់ទីប៉ុណ្ណេះហើយ ?
យាយចាស់អប្រិយ គំហកឲ្យតានេសាទជាប្ដី ហើយក៏ឲ្យគាត់ទៅធ្វើការឯរោងសេះទៅ
។
លុះកន្លងទៅបានប្រមាណពីរអាទិត្យ, យាយចាស់នោះមានសេចក្ដីលោភកើតឡើងទៀត
ទើបឲ្យបំរើទៅហៅតានេសាទមកហើយបង្គាប់ថាៈ
– តាអើយ, តាឯងចូរទៅរកត្រីមាសម្ដងទៀត
ហើយសុំថាៈ អញមិនចង់បានជាភាពស្រីអ្នកមានត្រកូលស្ដុកស្ដម្ភត្រឹមប៉ុណ្ណេះទេ,
អញចង់បានទៅជាស្ដេចស្រីដែលប្រកបដោយរិទ្ធានុភាពយ៉ាងល្បីល្បាញទួទៅទាំងទ្វីបនោះវិញ
។
តាចាស់មានសេចក្ដីខ្លាចហើយអង្វរថាៈ
– ឱ ! អ្នកម្ចាស់ថ្លៃអើយ, ចុះឯងកើតមកពីជាតិអ្វី
បានជាហាស្ដីនិយាយឡើង គ្មានចេះខ្មាសអ្នកស្រុក គ្មាននគរបន្តិចសោះនេះ ?
បាននេះហើយចង់បាននោះទៀតមិនចេះស្កប់ ស្កល់ ! ។
យាយចាស់រឹងរិតតែខឹង ហើយគំរាមទៅតានេសាទថាៈ
– តាឯងខ្លាចអ្វី, បានជាហ៊ានមកឈ្លោះប្រកែកតបតនឹងអញជាស្រីមានត្រកូលខ្ពស់ដូច្នេះវិញ
? នែតា ចូរទៅឯសមុទ្រប្រញាប់, បើតាឯងមិនទៅទេ,
អញនឹងបង្ខំតាឯងដោយអាជ្ញាឥឡូវនេះ ។
តានេសាទកំសត់ មានសេចក្ដីខ្លាចភរិយាអាត្មា
ក៏ត្រឡប់ទៅកាន់សមុទ្រទៀត ។ ក្នុងគ្រានេះទឹកសមុទ្រ បណ្ដាជាពណ៌ខ្មៅ,
តានេសាទស្រែកហៅទៅត្រីមាស ៗ ក៏ហែលមកជិត ហើយសួរថាៈ
– តាមករកអ្វីនៅទីនេះ ?
តានេសាទក៏តបទៅកាន់ត្រីមាសដោយគោរពថាៈ
អ្នកម្ចាស់ថ្លៃត្រីអើយ, សូមអ្នកអត់ទោសខ្ញុំចុះ
ព្រោះភរិយាខ្ញុំវាវង្វេងទៅហើយ
វាថាមិនចង់បានជាភាពស្រីមានត្រកូលខ្ពស់ប៉ុណ្ណេះទេ, វាចង់ឲ្យបានទៅជាស្ដេចស្រីដ៏ធំលើសលុបគេទាំងអស់វិញ
វាឲ្យខ្ញុំមកសុំអ្នកទៀត ។
ត្រីមាសតបទៅតានេសាទថាៈ
– តា កុំព្រួយ ចូរតាត្រឡប់ទៅផ្ទះវិញចុះ
ទេវតានឹងទំនុកបម្រុងដល់តាឲ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ។
វេលានោះឯងយាយចាស់អប្បល័ក្ខណ៍, ប្រែភេទជាស្ដេចស្រីដូចសេចក្ដីប្រាថ្នា
។ ឯតានេសាទ ត្រឡប់មកដល់ផ្ទះវិញ
ស្រាប់តែឃើញមានព្រះរាជវាំងផុះអំពីមុខគាត់
ឃើញយាយចាស់ទៅជាស្ដេចស្រីអង្គុយនៅក្នុងព្រះរាជវាំងនោះឯង, មានបរិវារប្រុសស្រីចោមរោមគាល់ហ្វៅហើយមនុស្សទាំងនោះសឹងដឹកស្រាដែលនាំមកអំពីនានាប្រទេសយកមកថ្វាយ,
ហើយស្ដេចស្រីនោះបរិភោគនំប៉័ងដែលប្រកបដោយគ្រឿងទេសមានរសឈ្ងុយឈ្ងប់
។ តានេសាទនិម្មិតតែបានឃើញសភាពដូច្នោះហើយ
ក៏ញ័ររន្ធត់ស្លុតក្នុងចិត្តលុតជង្គង់នៅមុខស្ដេចស្រីជាភរិយាថ្វាយបង្គំហើយសួរថាៈ
– សូមថ្វាយបង្គំ ស្ដេចស្រីកំណាច ! ឥឡូវនេះ
ព្រះនាងសព្វព្រះរាជហឫទ័យ នឹងសម្បត្តិប៉ុណ្ណេះហើយឬនៅ ?
ស្ដេចស្រី ( យាយចាស់ ) ឥតរមិលមើលមកតានេសាទជាប្ដីដល់តិចសោះ
សូម្បីមួយប៉ប្រឹចភ្នែកក៏គ្មាន ហើយត្រឡប់ជាបណ្ដេញតានេសាទនោះវិញ ។
ពួកបរិវារនិងអាមាត្យនាំគ្នាចាប់ស្មាតានេសាទច្រានចេញមកទ្វារខាងក្រៅ,
ក្រុមរក្សាព្រះអង្គក៏ស្ទុះទៅគំរាមគាត់
មានអាការហាក់ដូចជានឹងប្រហារ ឲ្យដាច់ជាកំណាត់តូច – ធំ, ចំណែកឯបណ្ដាជនក៏ចំអកផ្ចាញ់ផ្ទាល់តានេសាទថាៈ
– នែតាចាស់ចោលម្សៀត, យ៉ាងនេះហើយវាសមនឹងអំពើតាឯង
! តាឯងគ្មានដឹងខ្យល់អ្វី, ហ៊ានលើកខ្លួនទៅផ្ទឹមនឹងមហាក្សត្រី
នេះជាការគួររបស់តាឯងឬ ?
– តានេសាទភិតភ័យណាស់ ក៏រត់ចេញអំពីនោះទៅ ។ មិនយូរប៉ុន្មានកន្លងទៅប្រមាណពីរអាទិត្យតមកទៀត,
ស្ដេចស្រីក៏កើតលោភចិត្តឡើងទៀត
ទើបចាត់រាជបម្រើឲ្យដើរទៅតាមរកតានេសាទជាប្ដី, លុះរកឃើញហើយក៏បាននាំយកខ្លួនតានេសាទនោះមកថ្វាយ,
ឯស្ដេចស្រីនោះបង្គាប់ទៅរកតានេសាទថាៈ
– ចូរតាឯងទៅរកត្រីនោះទៀតហើយនិយាយសុំថាៈ
អញមិនចង់បានជាស្ដេចស្រីដូច្នេះទេ, អញចង់បានទៅជាស្ដេចស្រីជាម្ចាស់លើសមុទ្រវិញដើម្បីទៅនៅត្រួតត្រាក្នុងមហាសមុទ្រ
ត្រាតែបានត្រីមាសនោះមកនៅបម្រើអញតាមតែសេចក្ដីដែលអញត្រូវការតែម្ដង
។
តានេសាទមិនហ៊ានប្រកែក
ក៏ទៅកាន់សមុទ្រ, ទឹកសមុទ្រនោះប្រែពណ៌ខ្មៅ
មានព្យុះនឹងរលកបោកបែកផ្កាត្រែង, តានេសាទស្រែកហៅទៅត្រីមាសដូចមុនទៀត
ឯត្រីមាសក៏ហែលមកជិត ហើយសួរថាៈ
– នែលោកតាកំសត់, ចុះតាមករកអ្វីទៀត ?
តានេសាទ តបទៅកាន់ត្រីដោយគោរពថាៈ
ឱ ! អ្នកម្ចាស់ថ្លៃត្រីអើយ, តាមតែអ្នកអត់ទោសខ្ញុំចុះ,
ខ្លួនខ្ញុំពុំដឹងបើនឹងប្រព្រឹត្តទៅយ៉ាងណាទៀតទេ, ព្រោះអកុសលរបស់ខ្ញុំហើយ, អ្នកមើលចុះ ឥឡូវស្ដេចស្រីភរិយាខ្ញុំ
វាមិនចង់បានជាស្ដេចស្រីដូច្នោះទេ, វាចង់ធ្វើជាស្ដេចស្រីមកសោយរាជសម្បត្តិ
នៅក្នុងមហាសមុទ្រនេះវិញដើម្បីឲ្យអ្នកបំរើវាតាមតែវានឹកត្រូវការ ។
ត្រីមាសមិនបានពោលពាក្យតបទៅតានេសាទឡើយ ហើយបក់កន្ទុយ
ដាំក្បាលចុះមុជទៅក្នុងសមុទ្រជ្រៅបាត់ទៅ ។
តានេសាទក៏ចេះតែនៅរង់ចាំត្រីក្រែងត្រឡប់មកវិញនឹងបានទទួលពាក្យតបដូចគ្រាមុន
ៗ , ឯត្រីក៏បាត់មិនឃើញមកវិញសោះ
តាចាស់អស់កំលាំងណាស់ក៏ត្រឡប់មកផ្ទះវិញ ។ ម្ដងនេះ តានេសាទមិនបានឃើញឯខ្ទមតូចកញ្ចាស់
ហើយឃើញយាយចាស់ជាភរិយាអង្គុយនៅទៀបថាំងឈើកំបែកដូចកាលមុន ។
គតិរឿងនេះ
រឿងនេះឯងចែងឲ្យឃើញថាជនណាមានតណ្ហាក្លាខ្លាំងក្រៃមិនចេះស្កប់
ជននោះឯងតែងបានផលផ្ដល់ត្រឡប់ជាទុក្ខលន់លើសកាលមានពីមុននោះ ។
សុភាសិតបុរាណពិតមានពោលទុកជាទំនុកថា «
លោភពេក វាបែកពោះ » ជាឱវាទបណ្ឌិតជាតិមានសង្រ្គោះហាមដោយស្មោះកុំឲ្យយើងឡើងភ្លេចខ្លួន
។
រឿង ត្រីមាស
Reviewed by Admin
on
5:37 PM
Rating: