រឿង ប្រវត្តិនៃសត្វដំរី
ប្រវត្តិសត្វដំរី ដែលខ្ញុំនឹងពណ៌នាជារឿងរ៉ាវ
ជូនអស់លោក-អ្នកស្តាប់ ដូចមានតទៅនេះ ជាការពិតមែនឬពុំពិតនោះ
ខ្ញុំពុំអាចនឹងរ៉ាប់រងបានទេ
ព្រោះជារឿងគ្មានគោលចារិកគ្មានសមុដ្ឋាននៃប្រវត្តិហេតុដ៏សមគួរ
នឹងលើកយកមកជាបន្ទាល់, តែខ្ញុំនឹងអត់ទ្រាំមិនតែងរឿងនេះ
ឡើងពុំបាន ព្រោះជាអ្នករក្សាដំរីច្រើនមានសេចក្ដីយល់ផ្សេងៗគ្នា ហេតុនេះ
បានជាខ្ញុំខំតែងរឿងនេះឡើង
ដើម្បីជាគោលនៃពួកសត្វសាស្រ្តនិងវិនិច្ឆ័យតទៅ ។
ដំរីជាពួកសត្វព្រៃមានរូបរាងធំបំផុត
ក្នុងពពួកសត្វចតុប្បាទ ។ ដំរីនេះ ក្នុងគម្ពីរសារសង្គហៈលោកកំណត់ទុក១០
ត្រកូល មានត្រកូលឆន្ទន្តនឹងត្រកូលឯរាវ័ណ្ណជាដើម, ក្នុងពពួកដំរីទាំង
១០ ត្រកូលនោះ ខ្មែរយើងចែកចេញជា២ពួក គឺមួយពួកហៅ ដំរីភ្នំ
បានដល់ពួកដំរីដែលកើតនៅនាទីភ្នំ មួយពួកទៀតហៅ ដំរីរនាម គឺដំរីដែលកើតនៅក្នុងព្រះនាម
។ ដំរីទាំងពីរពួកនេះ មានទ្រង់ទ្រាយខុសគ្នា មិនច្រឡំគ្នាទេ
គឺដំរីភ្នំមានសណ្ឋានខ្ពស់មុខក្បាលងើប ដំរីរនាម
មានសណ្ឋានទាមមុខក្បាលឳនកម្លាំងពលំក៏ខុសគ្នាដែរ
គឺដំរីភ្នំមានកម្លាំងខ្លាំងជាងដំរីរនាម ហើយមានអាយុវែងជាងផង, ឯដំរីរនាមច្រើនខ្សោយមានអាយុខ្លីជាងដំរីភ្នំ ។
ការដែលនឹងពណ៌នាអំពីប្រវត្តិដំរីនេះ
ខ្ញុំនឹងពណ៌នាតាមរឿងនៃបុរសម្នាក់
ដែលវិលពីកំណើតដំរីមកចាប់ជាតិជាមនុស្ស
ហើយដឹងជាតិរបស់ខ្លួនកាលកើតជាដំរី បុរសនោះអួតថាកាលខ្លួននៅជាកុមារអាចចាំទាំងភាសាដំរីបានផង
។
គ្រានេះនឹងពោលពីប្រវត្តិនៃបុរស
ដែលដឹងជាតិនោះ ជាសេចក្ដីសង្ខេបជាមុនសិន ដើម្បីជាគោលក្នុងរឿងនេះ ។
ក្នុងសម័យមួយ
ខ្ញុំបានជួបនឹងបុរសម្នាក់ឈ្មោះនាយ វ៉ឹក ធ្វើជាទាហានក្រុមរក្សាស្រុកនៅទីរួមខេត្តកំពង់ធំ
បុរសនេះនិយាយថាខ្លួនទើបនឹងវិលពីកំណើតដំរី
មកចាប់ជាតិជាមនុស្សក្នុងបច្ចុប្បន្ននេះ ។ អស់លោក-អ្នក
ដែលធ្លាប់បានទៅធ្វើរាជការ នៅទីរួមខេត្តកំពង់ធំ កាលពីឆ្នាំ១៩២០
ដល់១៩២៥ គង់បានជ្រាបឬបានស្គាល់នាយវ៉ឹក នោះជាពុំខាន ។ នាយវ៉ឹកនេះ
ជាមនុស្សមានសណ្ឋានទ្រង់ទ្រាយបែបភាពគួរឲ្យជឿថា
ទើបនឹងវិលមកពីសត្វដំរីមែន ព្រោះសណ្ឋានក្បាលមានទំនងដូចក្បាលដំរី
ម្រាមដៃនឹងម្រាមជើងធំៗខ្លីៗ ដំណើរដើរយោលខ្លួនយោលក្បាលដូចដំរី ។
ជាតកនាយវ៉ឹក
នាយវ៉ឹកអធិប្បាយថា កាលខ្ញុំកើតជាដំរី
ជាសត្វដំរីភ្នំ ខ្លួនខ្ញុំជាដំរីមានភ្លុកមានបងឈ្មោល១ជាដំរីស្ត
មានម្តាយ១ មេម៉ាយ តែកើតនៅព្រៃភ្នំណាៗខ្ញុំមិនស្គាល់ ។
ខ្ញុំនឹងបងបានគិតគ្នាពិចារណាសង្វេតចិត្តអាណិតដល់មាតា ដែលចាស់ជរា
ដើររកអាហារល្អឬឆ្ងាញ់ពិសារឲ្យពេញបរិបូណ៌ពុំបានព្រោះនៅក្នុង
ហ្វូងធំ អាហារទាំងឡាយដូចយ៉ាងទំពាំងទុលដី មើលឈើនឹងផ្លែឈើជាដើម
ដំរីស្ទាវៗ ដណ្តើមយកអស់ ។ ខ្ញុំព្រមទាំងបង
នឹងទ្រាំនៅក្នុងហ្វូងធំពុំបាន ក៏បបួលបងប្អូននាំម្តាយបែកចេញពីហ្វូងធំទៅរកស៊ីក្នុងព្រៃ
ឆ្ងាយ ។ ពីហ្វូងដំរីឯទៀត ។ មានកាលសម័យថ្ងៃមួយ
ខ្ញុំនាំម្តាយចេញទៅរកស៊ីក្នុងព្រៃឈើ
ស្រាប់តែមានព្រានបាញ់កាំភ្លើងពីចុងឈើមកត្រូវខ្លួនខ្ញុំ
តែក្នុងខណៈដែលត្រូវគ្រាប់នោះ ខ្ញុំគ្មានស្មារតីដឹងថាខ្លួនត្រូវគ្រាប់ទេ
ព្រោះកាលឮសូរកាំភ្លើងនោះ ខ្លួនខ្ញុំនឹងបងខ្ញុំ
ព្រមទាំងមាតារត់ចេញពីនោះ ដោយប្រញាប់ប្រញាល់ ។
លុះខ្ញុំរត់ឆ្ងាយបន្តិចទៅក៏នឹកឃើញថា នៅទីដែលឮសូរកាំភ្លើងនោះ
អាត្មាអញបានឃើញដំរី១ដួលស្លាប់ កាលនឹកឃើញដូច្នេះខ្ញុំក៏វិលទៅកាន់ទីនោះវិញតែម្នាក់ឯង
កាលខ្ញុំទៅដល់ក៏ឃើញដំរី ១ មានភ្លុកដួលស្លាប់
ខ្ញុំខំសំឡឹងមើលខ្មោចដំរីនោះ ក៏ឥតមានស្គាល់សោះ, ខំមិនអស់ចិត្តក៏ចូលទៅចាប់លើកខ្មោចដំរីនោះ
ត្រឡប់លើជាក្រោម ដើម្បីពិនិត្យមើលឲ្យច្បាស់ ក៏នៅតែមិនស្គាល់ ។
ខ្ញុំក្រឡេកមើលទៅចុងឈើឃើញព្រានព្រៃម្នាក់អង្គុយលើបង្គាបឈើ
ដៃកាន់កាំភ្លើង ខ្ញុំនឹកផ្តួចក្នុងចិត្តឡើងថា
ព្រាននេះហើយជាអ្នកធ្វើហត្ថីឃាដ
បើដូច្នេះអាត្មាអញនឹងនៅរង់ចាំធ្វើមនុស្សឃាដវិញជាការសងសឹក គ្នា,
ខ្ញុំកាលគិតដូច្នោះហើយក៏ថយខ្លួនទៅពួននៅគុម្ពឈើមួយ
រងចាំព្រាននោះចុះមក និងចូលទៅព្រេចសម្លាប់ ។ ចំណែកខាងព្រានកាលឃើញថា
ដំរីដែលខ្លួនបាញ់នោះស្លាប់ប្រាកដហើយ ក៏ចុះចាកបង្គាបឈើ
ដៃកាន់កាំភ្លើង លុះចុះមកដល់ដីហើយយកពូថៅទៅពុំក្បាលដំរីនោះ
កាលពុះកកាយដកយកភ្លុកបានហើយ ក៏ចងភ្លុកនោះរែកយកតៅ
ដៃនៅតែកាន់កាំភ្លើងជាប់ទៅផង ។
ឯខ្លួនខ្ញុំដែលពួនចាំធ្វើមនុស្សឃាដនោះ
ចេះតែមានសេចក្ដីខ្លាចតក់ស្លុតក្នុចិត្តពុំហ៊ានចូលទៅព្រេច
តែមិនព្រះលះបង់គំនិតដែលចងអាឃាដព្យាបាទនោះទេ កាលឃើញព្រានចេញដំណើរទៅ
ខ្ញុំក៏ចេញទៅតាមក្រោយដោយគិតថា
បើដល់ទីណាមួយមានឳកាសល្អនឹងចូលទៅព្រេចឲ្យខាងតែបាន
តែពុំចេះមានឳកាសល្អសោះ
លុះតាមៗទៅដរាបដល់ផ្ទះព្រានៗក៏ចូលទៅក្នុងផ្ទះ
ខ្ញុំក៏ថយទៅនៅក្នុងព្រៃចេកខាងក្រោយផ្ទះព្រោះនោះ
តែមិនឆ្ងាយប៉ុន្មានទេ ព្រោះព្រាននិយាយការអ្វីៗ
ក្នុងផ្ទះខ្ញុំឮទាំងអស់ ដោយចងចិត្តថា ឲ្យតែព្រានចុះពីផ្ទះមកកាលណា
នឹងចូលទៅសម្លាប់ ។
ក្នុងរាត្រីនោះខ្ញុំបានបរិភោគផ្លែចែកនឹងដើមចែកក្នុងចំការនោះ ខ្ទេចខ្ទីអស់
។ លុះព្រឹកឡើង ខ្ញុំឮព្រាននិយាយថា ចុះចេកអញថ្ងៃនេះ
ក៏ស្រពោនទុំស្លឹកពាសពេញទាំងចំការដូច្នេះ ជាមានហេតុអ្វីឬ
លុះកន្លងចូលរាត្រីគំរប់ពីរ ខ្ញុំចូលទៅរុះផ្ទះព្រាននោះ
កំពុងតែរុះរើឮសូរសំឡេងព្រានដាស់ប្រពន្ធប្រាប់ថា អញដូវជាវិលមុខ
ប្រហែលជាខុសប្រកាំដឹង ឯងចូរទៅកាប់ដើមចេកយកមកដោយស្លាធ័រឲ្យអញ ។
ខ្ញុំឃើញប្រពន្ធព្រាននោះ
ចុះទៅកាប់ដើមចេកមែនខ្ញុំដូចជាមានសេចក្ដីភ័យពុំហ៊ានរុះផ្ទះ
នោះតទៅទៀត ។ លុះដល់រាត្រីគំរប់បី ស្រាប់តែខ្ញុំភ្លេចបាត់ស្មារតីពុំដឹងជាខ្លួនទៅនៅក្នុងទីណា
(គឺចូលទៅចាប់កំណើតក្នុងផ្ទៃប្រពន្ធព្រាន) ។
តអំពីនេះទៅ
នឹងរាថយទៅនិយាយអំពីប្រពៃណីនៃសត្វដំរី តាមសំដីនាយវ៉ឹកឡើងវិញ ។
សត្វដំរីកាន់ប្រពៃណីសុចរិតពិតត្រង់
មានធម្មសម្បត្តិដ៏បរិបូណ៌ គឺដំរីញីទាំងឡាយ ដែលនៅក្រមុំ
មានសេចក្ដីជឿស្មោះត្រង់នឹងមាតាបិតាពុំហ៊ានប្រព្រឹត្តអនាចារក្រៅ
កន្លងធម៌ បើនឹងយកប្តី លុះតែមាតាបិតាយល់ព្រមទុកដាក់
ឲ្យទើបបានហ៊ានយក ។ មុននឹងប្រគល់ខ្លួនធីតាឲ្យកាន់ត្រកូលស្វាមីនោះ
មានធ្វើពិធីមួយដ៏សំខាន់
គឺប្រជុំពួកដំរីដែលជាញាតិមកប្រាប់ឲ្យយល់ព្រមគ្រប់ៗគ្នា
នៅទីបឹងឬជ្រោះណាមួយ លុះព្រមព្រៀងធ្វើមង្គលរួចហើយ
ដំរីគួសវាសនាំគ្នាចុះទៅក្នុងបឹងឬក្នុងជ្រោះដើម្បីឲ្យពួកដំរី
ចុះបាចទឹកឲ្យ ។
ក្នុងមួយឆ្នាំៗ ដំរីទាំងឡាយក្នុងសកលលោក
ត្រូវទៅឡើងអ្នកតាម្តង ទោះបីទៅរកស៊ីឆ្ងាយក្ដីជិតក្ដី
ក៏ត្រូវចូលទៅប្រជុំគ្នាឡើងអ្នកតាមួយថ្ងៃ ពុំដែលមាន
គ្រប់តែដំរីត្រូវដឹងរបៀបនេះ ។
ឯអ្នកតានោះមានរួបសណ្ឋានទ្រង់ទ្រាយដូចមនុស្ស តែធំប៉ុនដំរីសារអង្គុយពែនភ្នែន
នៅលើកំពូលភ្នំ បែរមុខទៅទិសខាងកើត ។ ដំរីទាំងឡាយកើតពីខាងកើត
ហើយដើរចូលទៅថ្វាយបង្គំអ្នកតាម្នាក់ម្តងៗ ។ ពេលដែលដំរីក្រាបសំពះនោះ
អ្នកតាប្រាប់ថាឆ្នាំនេះត្រូវឲ្យដំរីបរិភោគដើមឈើនេះជាថ្នាំ
ដំរីទទួលប្គាប់ហើយក៏ថយចុះទៅវិញ
រួចដំរីណាមានអាយុសង្ខារគ្រប់កំណត់នឹងមរណៈក្នុងឆ្នាំនោះ
មិនអាចរស់នៅដល់ពេលចូលថ្វាយបង្គំលើកក្រោយទៀតបានទេ
អ្នកតាក៏មិនបានប្រាប់ថ្នាំឲ្យដំរីនោះបរិភោគទេ
គ្រាន់តែធ្វើអាការឲ្យសញ្ញាដោយលើកដៃដាក់លើស្មាចង្អុលទៅក្រោយ
គឺចង្អុលទៅខាលិចភ្នំ ដំរីនោះក៏ស្រក់ទឹកភ្នែក
ហើយចុះទៅតាមដៃអ្នកតាទៅ ។ ពួកដំរីដែលជាកូនចៅ
ឬជាមិត្រសំឡាញ់ឃើញដូច្នោះក៏សំដែងអាការផ្សេងៗ
ដើម្បីថ្លែងសេចក្ដីសោកស្តាយ ។
ដំរីដែលនៅក្នុងព្រៃ
សឹងមានឥស្សរផាពជាទីសប្បាយរីករាយណាស់ តែមានទេសកាលម្តងៗ
នាំឲ្យពួកដំរីទាំងឡាយមានទុក្ខព្រួយគឺបើមេដំរីណាសំរាលកូនមក
សប្បុរទង់ដែង (ហៅថាដំរី)
នោះពួកដំរីទាំងឡាយនាំគ្នាខ្វល់ខ្វាយជួយថែរក្សាកូនដំរីនោះ ។
បើកូនដំរីនោះចេញដើរទៅទីណា តែងនាំគ្នាតាមទៅឈរបាំពីមុខពីក្រោយ
ដើម្បីកុំឲ្យមនុស្សលោកឃើញ ព្រោះមនុស្សលោកកាលណាឃើញកូនដំរីនោះហើយ
ពុំដែលរំលងចោលមួយដងដោះឡើយ តែងតែតាមទាក់តាមចាប់
ម្ល៉ោះហើយសេចក្ដីអន្តរាយ ដោយគ្រឿងអាវុធក៏កើតមានឡើង ដល់ពួកដំរីទាំងមូល
លុះកូនដំរីនោះធំពេញជំទង់ឡើង
ក៏នាំគ្នាចាប់យកទៅឲ្យត្រាំទឹកដេលមានជ័រឈើ
ដើម្បីឲ្យក្លាយទៅជាដំរីខ្មៅវិញ ។
សារត្រឡប់ទៅនិយាយអំពីប្រពន្ធព្រានព្រៃ ។
ប្រពន្ធព្រានព្រៃកាលគភ៌គ្រប់កំណត់ទសមាស ក៏សំរាលកូនចេញមក
កូននោះជាភេទប្រុស មានរូបរាងទ្រង់ទ្រាយដូចដំរីដោយច្រើន ។
មាតាបិតាបានសន្មតនាមកុមារនោះថា វ៉ឹក ។
ចៅវ៉ឹកពោលថា
កាលខ្ញុំកើតឡើងអាយុបាន៣ឆ្នាំ
ក៏នឹករលឹកដល់ដំរីដែលជាមាតានឹងបងពុំដឹងជានៅឯណា
នឹកពិចារណាឃើញតាងពីនាំបណ្តើរមាតាចេញចាកហ្វូងដំរីមកដល់ទីដែល
ព្រានព្រៃបាញ់ខ្លួននោះ
ខ្ញុំមានសេចក្ដីរំជួលក្នុងដួងហ្ឫទ័យកាន់តែខ្លាំងឡើងៗ
នឹងទ្រាំនៅស្ងៀមតទៅពុំបាន។ ទទួលមានឳកាសថ្ងៃមួយ
មាតាបិតាខ្ញុំទៅធ្វើចំការអស់
ទុក្ខខ្ញុំឲ្យនៅចាំផ្ទះដោយផ្តាំផ្ញើនឹងញាតិព្រៀងលានឲ្យជួយ មើលផង
ខ្ញុំឃើញបានឳកាសល្អ ក៏រត់ចេញពីផ្ទះដើរចូលទៅក្នុងព្រៃ
ដើម្បីស្វែងរកដំរីជាមាតានឹងបង ។
ខ្ញុំចេញដើរទៅតាមផ្លូវដែលខ្ញុំនៅចាំកាលកើតជាដំរីធ្លាប់ដើរ
ខ្ញុំទទួលទាហារផ្លែឈើតាមដែលខ្ញុំធ្លាប់ទទួលទានកាលពីនៅជាជាតិ ដំរី
ចេញដើរទៅក្នុងព្រៃអស់វេលារាត្រីជាច្រើន
ឥតមានជួបនឹងមនុស្សណាម្នាក់សោះ ឃើញតែដានជើងដំរីព្រៃ
ខ្ញុំខំដើរតាមដានដំរីទៅទៀត ។
គីតអំពីថ្ងៃដែលខ្ញុំចេញអំពីផ្ទះទៅបាន៧ថ្ងៃ
ខ្ញុំបានជួបប្រទះនឹងដំរីស្ត១ ដើរស៊ីក្នុងព្រៃស្មាច់ ខ្ញុំគយគន់មើល
ដោយសេចក្ដីសង្កេតសព្វគ្រប់ទៅ ក៏ស្គាល់បានប្រាកដជាបងរបស់ខ្ញុំៗ
ស្ទុះចូរទៅ ដើម្បីសាកសួរអំពីសុខទុក្ខនឹងសួររកមាតា ។
ដំរីស្តកាលបានឃើញមនុស្សរត់ចូលទៅជិតដូច្នោះ ក៏ភិតភ័យតក់ស្លុត
ស្ទុះរត់ចេញជាប្រញាប់ ។ ខ្ញុំនៅចាំភាសាដំរី
ក៏ស្រែកជាភាសាដំរីអំពីរឿងរ៉ាវ
ដែលធ្លាប់នៅជាមួយគ្នាក្នុងគ្រាដែលកើតជាដំរី
ខ្ញុំនិយាយបណ្តើររត់តាមបណ្ដើរ ទាល់តែដំរីស្តស្តាប់បានទើបឈប់លែងរត់
ហើយខ្ញុំចូលទៅឈរទល់មុខដំរី ពោលវាចាជាភាសាដំរីសួរមាតា ។
ដំរីស្តប្រាប់មកវិញថា មាតាយើងស្លាប់ទៅហើយ ។ ដំរីស្តជឿជាក់ថា
ប្អូនបានទៅកើតជាមនុស្សមែន ក៏មានសេចក្ដីស្នេហាចំពោះខ្ញុំក្រៃពេក
បានចាប់លើកខ្ញុំដាក់ឲ្យអង្គុយលើពោងនាំចេញទៅរកស៊ីព្រៃស្ងាត់
ដែលឆ្ងាយអំពីហ្វូងដំរី ដើម្បីការពារមិនឲ្យដំរីព្រៃឃើញខ្លួនខ្ញុំ
ហើយខំរកផ្លែឈើមើមឈើឲ្យខ្ញុំបរិភោគជួសតាងបាយ ។
ដំរីស្តខំព្យាយាមខ្ញុំពេញ៣ឆ្នាំ ឥតបានចូលទៅក្នុងហ្វូងដំរីព្រៃសោះ
ម្ល៉ោះហើយបណ្តាលឲ្យកើតសេចក្ដីអផ្សុកធុញទ្រាន់ជាខ្លាំង
ទើបនិយាយនឹងខ្ញុំថា អូនអើយ អូនឯងបានទៅកើតជាមនុស្សទៅហើយ
គួរតែទៅនៅរួមសាមគ្គីនឹងមនុស្ស
ឯបងដែលមានកំណើតជាសត្វដំរីក៏ត្រូវរួមសាមគ្គីនឹងសត្វដំរីដូច គ្នា
ល្ហើាយចុះយើងជាបងប្អូនរួមផ្ទៃមួយ
ក្នុងគ្រាអូនឯងនៅជាសត្វដំរីក៏ត្រូវនៅចាំប្រាកដថាយើងជាបង ប្អូននឹងគ្នាជាដរាបតទៅ
។ ខ្ញុំបានតបទៅវិញថាខ្ញុំទទួលស្តាប់ទាំងអស់ពាក្យដែលបងនិយាយ
ទាំងប៉ុន្មាន បើដូច្នេះ សូមបងជូនខ្ញុំទៅទីលំនៅវិញ ។
ខ្ញុំនឹងដំរីស្តបានសំដែងសេចក្ដីអាឡោះអាល័យគ្នាជាពន្លឹកទៅវិញ ទៅមក
រួចទើបសំរីស្តចាប់លើកខ្ញុំដាក់លើពោង
ហើយដើរតំរង់ចូលទៅកាន់ស្រុកភូមិនៃមនុស្ស
លុះទៅជិតដល់ក្រោយផ្ទះមាតាបិតាខ្ញុំក៏ដាក់ខ្ញុំឲ្យចុះពីលើ ពោង
ហើយប្រញាប់ប្រញាល់វិលចូលទៅក្នុងព្រៃវិញ ។ ចំណែកខាងខ្លួនខ្ញុំ
កាលចូលមកដល់ផ្ទះ មាតាបិតាជាព្រានព្រៃបានឃើញហើយ
ក៏មានសេចក្ដីត្រើតរីករាយឥតឧបមា ព្រោះកាលបាត់ខ្ញុំទៅជាង៣ឆ្នាំ
ឥតមានដំណឹងសោះ ។ ក្នុងពេលដែលទើបមកដល់
ខ្ញុំនិយាយភាសាមនុស្សមិនកើតទេ ព្រោះកាលខ្ញុំឃ្លាតពីមាតាបិតាទៅនោះ
នៅតូចណាស់ ភាសាមនុស្សទើបតែនឹងចេះបន្តិចបន្តួចខ្ញុំស្តាប់ពាក្យមាតាបិតា
ដែលសាកសួរ បានខ្លះមិនបានខ្លះ តែខ្ញុំនិយាយតបវិញមិនកើត ។
លុះកន្លងទៅ៣-៤ ខែទើបនិយាយរឿងរ៉ាវដែលពោលហើយនេះ
ជាភាសាមនុស្សប្រាប់មាតាបិតាបាន ។
ចៅវ៉ឹកនេះ
លុះអាយុពេញការបានចូលធ្វើជាទាហានក្រុមរក្សាស្រុកនៅទីរួមខេត្ត
កំពង់ធំ ។ឈ្មោះនេះតែនិយាយរឿងរ៉ាវរបស់ខ្លួនចប់កាលណា
តែងលើកដៃសំពះសុំឲ្យបានទៅកើតជាសត្វដំរីវិញ
ព្រោះពុំពេញចិត្តនឹងសេចក្ដីចង្អៀតចង្អល់របស់មនុស្សលោកសោះ ។
អំពីរឿងប្រវេណីរបស់សត្វដំរីនេះ
នៅមានហ្មម្នាក់ឈ្មោះ ហ្មសុខជាហ្មជាន់ចាស់ គាត់និយាយថា
សត្វដំរីកាន់កិរិយា១ ប្លែកពីសត្វចតុប្បាទដទៃៗ
គឺនៅគ្រាដែលសត្វដំរីរួមបវេណីនឹងគ្នា
ពុំបានប្រព្រឹត្តដូចសត្វទាំងពួងទេ ប្រព្រឹត្តបែបយ៉ាងមនុស្សទៅវិញ ។
ថាសត្វដំរីញីនឹងដំរីឈ្មោល កាលណាមានសេចក្ដីស្រឡាញ់គ្នាជាប្រាកដ
មុននឹងរួមសំវាស(ស្គាគ្នា) តែងនាំគ្នាទៅរកនាទីដីដែលមានភាពខូងកណ្ដាល
ដើម្បីដេកផ្ងារបានដោយស្រួល តែមុនបឹងប្រះខ្លួនដេកទៅក្នុងដីក្រហូងនោះ
ត្រូវដំរីឈ្មោលធ្វើកិច្ចស្បថសច្ចាប្រណិធានចំពោះមុខដំរីញីនោះ សិន
តាមលក្ខណៈប្រវេណី ៣ ប្រការគឺ៖
១-កាលណាស្គាគ្នារួច ត្រូវជួយលើកឡើងវិញ,
២-បើមានអាសន្នអន្តរាយ
ដោយសត្វខ្លាឬព្រានព្រៃមកទាន់ត្រូវនៅជួយការពារគ្នា គ្រាតែអស់ជីវិត
មិនរត់ចោលគ្នា,
៣-ត្រូវទុកការរួមសំវាស (ស្គាគ្នា)
ជាដំបូងនេះជាគោលថា នឹងមិនទៅស្នេហានឹងដំរីញីដទៃ ត្រាតែអស់ជីវិត ។
របៀបដែលស្បថនេះ
ត្រូវដំរីឈ្មោលស្បថបែរមុខចំពោះទៅរកព្រះអាទិត្យ
លុតជង្គង់លើកប្រមោយឡើងថ្វាយបង្គំព្រះអាទិត្យ ៣ ដង ទើបដំរីញីព្រមព្រះខ្លួនដេកទៅក្នុងដីក្រហូង
។ បានជាជាប់កិច្ចស្បថដូច្នេះ
ព្រោះដំរីញីនឹងក្រោកឡើងខ្លួនឯងវិញពុំរួច ដោយហេតុទីដ៏ខ្ពស់
ខាងឆ្វេងនឹងខាងស្តាំ លុះតែដំរីដូចគ្នា ជួយលើកទើបក្រោករួច ។
របៀបប្រវេណីនៃសត្វដំរី ដូចបាន ពណ៌នាខាងលើនេះ
ជាការពិតឬជាការប្រឌិតឡោះង ដោយថ្វីមាត់នៃអ្នកកំប្លែង
ដើម្បីពោលជាការកំសាន្តនោះ ខ្ញុំពុំអាចនឹងរ៉ាប់រងទេ
ទុកដជូនអស់លោកអ្នកដែលបានមើលឬបានស្តាប់រឿងនេះ ពិចារណាផងចុះ ។
រឿង ប្រវត្តិនៃសត្វដំរី
Reviewed by Admin
on
5:35 PM
Rating: