រឿង ពេទ្យសំណាង
ឃុនសុវត្ថិវេទី យូ-អ៊ុន រៀបរៀង
ក្នុងកាលដ៏កន្លងយូរមកហើយ មានបុរសម្នាក់ឈ្មោះ សំណាង
ជាមនុស្សកំញ្រឳពុក មានតែម្តាយជាគំរប់ពីរ
នៅស្រុកបច្ចន្តគ្រាមក្នុងនគរបុរីរម្យ ជាអ្នកទាល់ក្រទ្រព្យសម្បត្តិ
ព្រមទាំងល្ងង់ខ្លៅមិនមានវិជ្ជាចំណេះអ្វីក្នុងខ្លួន សូម្បីតែអក្សរនឹងលេខក៏មិនចេះផង
។ ជីវិតនាយសំណាងប្រព្រឹត្តមកបាន ២០ ឆ្នាំប្លាយហើយ
មិនដែលប្រទះសេចក្ដីសុខស្រួលម្ដងសោះ ជួបតែសេចក្ដីនឿយហត់
លុះតែខំប្រឹងរក បែកញើសតាងទឹក ទើបបានអាហារបរិភោគព្រឹកល្ងាច
ឯសំលៀកបំពាក់មានគ្រាន់តែបិទបាំកេរ្តិ៍ខ្មាស
ថែមទាំងមានបំណះច្រើនជាន់ច្រើនពណ៌, មុខគួរឲ្យសង្វេគពេកណាស់
។
មានកាលថ្ងៃមួយ នាយសំណាងមានវិតក្កខ្លាំង
ជាហេតុនាំឲ្យទឹកមុខស្រពោនមិនក្លៀវក្លាចេះតែអង្គុយសំកុក
មិននិយាយស្ដីរកអ្នកណាឡើយ ។ ក្នុងខណៈនោះ មានតាចាស់ម្នាក់
មាននាមនឹងគោត្រមិនប្រាកដ ស្មាស្ពាយថងយាម ដៃកាន់ឈើច្រត់
បានដើរមកជួបនឹងនាយសំណាង ក៏សួរថា នៃចៅ
មុនខៅក្រៀមក្រស់មិនស្រស់ស្រាយសោះ
ទំនងជាមិនសប្បាយដោយហេតុអ្វីមួយឬចៅ ? ។
សូមជំរាបប្រសាសន៍លោកតា ខ្ញុំបាទព្រួយចិត្តជាខ្លាំង ។ ចៅព្រួយព្រោះរឿងហេតុអ្វី?
។ បាទ, ព្រោះខ្ញុំបាទទាល់គំនិតមិនដឹងជានឹងគិតធ្វើរបរបែបណា
គ្រាន់នឹងចិញ្ចឹមជីវិតឲ្យបានសុខស្រួល កុំឲ្យមានលំបាកដូចសព្វថ្ងៃនេះ
។ អាយុចៅបានប៉ុន្មានឆ្នាំហើយកើតថ្ងៃអី ឆ្នាំអី ? ។
ជំរាបប្រសាសន៍លោកតា ខ្ញុំបាទអាយុ២៦ ឆ្នាំហើយ កើតថ្ងៃប្រហស្បតិ ខែ
បិសាខឆ្នាំច ។ បានជាតាសួរដូច្នេះ ព្រោះតាបានស្តាប់ពាក្យចៅឯងមក
គួរឲ្យអាណិតណាស់ តាចង់ពិគ្រោះមើលជោគជតារាសីចៅ ឯង
តើក្នុងមួយចប់ជីវិតរបស់ចៅប្រព្រឹត្តទៅបែបណា ។ បានលោកតាមើលឲ្យខ្ញុំបាទអរគុណរកប្រៀបគ្មាន។
តាចាស់បានយកលេខថ្ងៃខែឆ្នាំនឹងអាយុរាសីមកពិនិត្យគន់គូរមើល
សង្កេតតាមគម្ពីរវេទ ដែលចេះចាំមកសព្វគ្រប់ហើយ
ទើបពិនិត្យមើលលក្ខណៈទ្រង់ទរាយរូបឆោមរបស់ចៅសំណាងមកផ្គូគ្នានឹងលេខថ្ងៃខែឆ្នាំ
ហើយទាយថា នៃចៅ! ទំនាយចៅឯងថា នឹងបានសេចក្ដីសុខ
មានកេរ្តិ៍ឈ្មោះដោយសាវវិជ្ជាមួយ ។ វិជ្ជាអ្វី? លោកតា!
។ វិជ្ជាពេទ្យផ្សំថ្នាំព្យាបាលរោគគ្រប់ជំពូក ចៅ! ។ ឳលោកតាអើយ!
ខ្ញុំបាទនឹងចេះផ្សំថ្នាំធ្វើជាគ្រូពេទ្យដូចម្តេចកើតបើខ្ញុំបាទខ្លៅម្ល៉េះ
សូម្បីតែអក្សរលំនាំក៏ខ្ញុំបាទមិនចេះផង ។ តាចាស់ញញឹមហើយប្រាប់ថា
មានមនុស្សច្រើនណាក់ណាស់ចៅ!
ដែលមានទ្រព្យសម្បត្តិព្រមទាំងមានកេរ្តិ៍ឈ្មោះព្រោះ តែវិជ្ជាផ្សំថ្នាំ
គេក៏មិនចេះអក្សរដូចចៅដែរ ។ បើប្រាកដដូចលោកតាមានប្រសាសន៍មែន
ខ្ញុំបាទអរណាស់ ។ បន្ទាប់មក តាចាស់លានាយសំណាងដើរហួសទៅ
មិនដឹងជាទៅកាន់ទីណា ។
កាលតាចាស់នោះទៅបាត់
ចៅសំណាងអង្គុយទ្រឹងគិត១ស្របក់ ក៏ស្រាប់តែប្រែទឹកមុខថ្លាស្រស់
ដោយនឹកឃើញថា ឳលោកតានេះទាយហាក់ដូចជាបើកមុខវែកផ្លូវ ឲ្យអញធ្វើតាមឧបាយនោះហើយ
។ កាលកន្លងមកមិនយូរប៉ុន្មាន ចៅសំណាងទៅឯមាត់សមុទ្រ ដើររករើសឆ្អឹងត្រី,
សំបកលៀស, សំបកត្រី, ស្នូកអណ្ដើក-បបែល-កន្ទាយ-កុយ, ភ្លុក, ស្បែក, ស្នែង, របស់សត្វផ្សេង
នឹងដំបុកឆ្កែញ៉ាំងជាដើម, កាលត្រឡប់ពីមាត់សមុទ្រមកវិញ
បានឡើងទៅកាន់ព្រៃភ្នំ រកកាប់ដើម, ឫស, សំបកនៃឈើវិសេសៗ ក្រៗ ដែលមិនមានរៀងអាយនឹងតាវល្លិផ្សេងៗ
ហើយយកមកតប្រៀបដាក់លក់កណ្ដាលផ្សារនៅស្រុកបច្ចន្ដគ្រាម
ព្រមទាំងនិយាយបញ្ចុះបញ្ចូលមនុស្សទាំងពួង
ឲ្យជឿចូលចិត្តជាវថ្នាំយកទៅប្រើរម្ងាប់រោកទាំងពួង ។
រីឯពួកបុរសស្រ្ដីដែលមានភ័យព្រោះរោគគ្របសង្កត់រឹបជាន់រាងកាយ
សឹងតែនាំគ្នាខ្វល់ខ្វាយចូលជាវឳសថអំពីនាយសំណាងគ្រប់ៗគ្នា ។
ចាប់ដើមពីថ្ងៃដែលនាយសំណាងតាំងថ្នាំលក់ អ្នកផងនាំគ្នាហៅថា
“ពេទ្យសំណាងៗ” ជាប់រហូតរៀងមក ។
នៅឳកាសដែលពេទ្យសំណាងកំពុងផ្សាយថ្នាំឳសថ
ពួកចៅហ្វាយស្រុកគ្រប់ដំបន់ក្នុងនគរបុរីរម្យ
សឹងតែខំខ្វល់ខ្វាយចាត់ការឲ្យភ្នាក់ងារទីទៃៗទៅស៊ើបរកពេទ្យពូកែៗក្នុងដំបន់ដែលខ្លួនកាន់កាប់,
លុះស៊ើបទៅឃើញមាន ក៏បញ្ជូនពេទ្យទាំងនោះទៅថ្វាយព្រះករុណាម្ចាស់ជីវិតនៃនគរបូរីរម្យ
តាមព្រះរាជឳង្ការត្រាស់បង្គាប់ ។
ចំណែកឯពួករាស្រ្តអ្នកស្រុកបច្ចន្ដគ្រាម
កាលមានពួកភ្នាក់ងាររាជការស្រុកទៅស៊ើបរកពេទ្យពូកែ
បានឆ្លើយដាក់ទៅលើពេទ្យសំណាងមកសាលាស្រុកហើយប្រាប់ថានៃពេទ្យសំណាង!
អ្នកផងក្នុងស្រុកនេះនិយាយថាអ្នកឯងចេះផ្សំថ្នាំយ៉ាងចំណាន
ចុះអ្នកឯងដឹងទេ? ឥឡូវនេះព្រះមហាក្សត្រ
ដែលសោយរាជ្យនៅនគរយើងនេះ
មានព្រះអាបាធរោគក្អករបេងទ្រង់បានឲ្យពួកពេទ្យនៅទីក្រុងទាំងអម្បាលម៉ាន
មកព្យាបាលរោគនោះហើយ តែមិនបានធូរស្រាកស្រាន្ដសោះ
ទើបទ្រង់ចាត់ព្រះរាជឳង្ការបង្គាប់មកចៅហ្វាយស្រុកគ្រប់ស្រុកក្នុងព្រះនគរ
ឲ្យបញ្ជូនពេទ្យក្នុងស្រុកនីមួយៗទៅមើលរោគព្រះអង្គ, ហេតុនេះ យើងនឹងបញ្ជូនអ្នកឯងឲ្យទៅមើលព្រះរោគស្ដេចនោះ
ក្នុងកាលឥឡូវនេះ ។
បានឮថា ពេទ្យសំណាងនោះ
ក៏កើតរោគក្អករបេងមកយូរឆ្នាំហើរដែរ
តែរកថ្នាំមើលដោយខ្លួនឯងមិនជាសោះ
កាលបានស្តាប់ពាក្យចៅហ្វាយស្រុកតម្រូវឲ្យទៅមើលរោគស្តេចដូច្នោះ
ក៏ភិតភ័យជាខ្លាំង បានអង្វរទៅចៅហ្វាយស្រុកថា សូមលោកមេត្តាកុំបញ្ជូនខ្ញុំប្របាទទៅឲ្យទាន
ព្រោះខ្ញុំប្របាទគ្មានចេះផ្សំថ្នាំកែរោគបែបនោះទេណាមួយខ្ញុំប្របាទក៏កើតរោគរបេងនោះដែរ
ខ្ញុំបាទនឹងទៅមើលថ្វាយស្តេចដូចម្តេចកើត ។
រីឯចៅហវាយស្រុកនោះ
ជាអ្នកខ្លាចស្តេចណាស់ ដោយគិតឃើញថា បើមិនបានបញ្ជូនពេទ្យណាមួយទៅថ្វាយ
ក្រែងស្តេចយកទោសថា ល្មើសនឹងព្រះរាជឳង្ការ
តែនឹងរកពេទ្យដទៃក្នុងស្រុកនោះក្រៅពីពេទ្យសំណាងមិនបាន
ទើបពុំព្រមទទួលពាក្យអង្វរ, ទោះបីពេទ្យសំណាងអង្វរយ៉ាងណា
ក៏រឹងរឹតសំដែងអំណាចប្រើអាការបង្ខិតបង្ខំជាខ្លាំងដរាប់ទាល់តែពេទ្យសំណាងលែងប្រកែក
ព្រមទទួលទៅទាំងភិតភ័យ ។ ចៅហ្វាយស្រុកបានចាត់បម្រើម្នាក់
ឲ្យយករទេះ១មកនាំពេទ្យសំណាងចៅថ្វាយស្តេច
ក្នុងពេលនោះភ្លាមឥតមានបង្អែបង្អង់ឡើយ ។
ពេទ្យសំណាងជិះរទេះទៅអស់រយៈផ្លូវវែងឆ្ងាយ
ក៏បានដល់ភ្នំមួយដែលតាំងនៅពាក់កណ្ដាលផ្លូវ
បានដាក់រទេះឈប់រកទឹកផឹកក្បែរជើងភ្នំនោះ ។ ដោយការស្រេកទឹកពន់ពេក,
តេជោធាតុក្នុងខ្លួនពេទ្យសំណាងក៏ឆេះដាលរោលរាលជាខ្លាំង
ជាហេតុបណ្ដាលឲ្យរោគក្អករឹងរឹតតែខ្លាំងឡើងលើសដើមទៅទៀត ។ ជូនជាពេលនោះ
ជារដូវខែប្រាំង សត្វទីភូមិភាគផែនដីក្បែរជើងភ្នំ
សឹងតែរីងស្ងួតហួតហែងគោកខះអស់ពុំមានទឹកដក់នៅបន្ដិចសោះឡើយ
ពេទ្យសំណាងដើររកស្ទើរដាច់ខ្យល់ពុំបានទឹកក្រេបសោះ
ដើរទៅដើរទៅបានឃើញខ្ទមមួយ ដល់ដើរចូលទៅជិតឃើញមានបុរសស្រ្ដីប្តីប្រពន្ធនៅក្នុងខ្ទមនោះ
ឯប្រពន្ធកំពុងលាងបន្លែច្រើនមុខក្នុងផើងមួយ ដោយទឹកបន្ដិចហើយល្ងក់កខួរ
។ ពេទ្យសំណាងនិយាយសុំទឹកថា អឺអ្នក! មានទឹកទទួលទានទេ
មេត្តាឲ្យខ្ញុំសុំទទួលទានបាន១ឆ្អែត ។ ស្រ្ដីនោះតបថា ឳ
លោកអើយ!ខ្ញុំគ្មានទេនៅទីនេះក្រទឹកណាស់, ខ្ញុំខំសំរេងដងអំពីអណ្ដូងខាងត្បូងផ្ទះបានល្មមតែស្លដណ្ដាំ,
នៅសល់បន្ដិចបន្ដួច ខ្ញុំយកមកលាងបន្លែនេះអស់ទៅហើយ ។
ពេទ្យសំណាងស្រេកទឹកខះកពេកទ្រាំអត់ពុំបាន
ក៏សុំទឹកលាងបន្លែអំពីស្រ្ដីនោះមកផឹក រួចលាម្ចាស់ខ្ទមត្រឡប់មកឡើងជិះរទេះធ្វើដំណើរតទៅមុខទៀត
។
លុះពេទ្យសំណាងជិះរទេះទៅដល់ទីក្រុង
ក៏បរទេះចូលទៅតាមថ្នល់ក្នុងក្រុង
មើលឃើញថ្នល់ស្អាតៗខ្វាត់ខ្វែងជាក្រឡាចត្រង្គ
ឃើញសសរគោមដាក់ចង្កៀងបំភ្លឹវេលាយប់ភ្លឺរន្ទាល តាមដោយចិញ្ចើមថ្នល់ជាសង្កាត់ៗ
ឃើញផ្ទះផ្សារធំៗខ្ពស់ៗច្រើនជាន់ល្វែងសង់ជាជួរៗតាមសងខាងថ្នល់នីមួយៗ
នៅក្នុងផ្ទះផ្សារទាំងនោះ
ឃើញសុទ្ធតែជាតិអ្នកនគរបុរីរម្យបើកលក់ទំនិញគ្រប់មុខ, ទីខ្លះឃើញសួនផ្កា ដាំផ្កាលាយពណ៌ចម្រុះគ្នា វិចិត្រជាក្បាច់ផ្សេងៗគួរឲ្យមៀងមើល
។ ពេទ្យសំណាងជិះរទេះគន់មើលបណ្ដើរ លុះបរទៅដល់ព្រះបរមរាជវាំង
ឃើញកំពែងវែងសន្លឹម ធ្វើអំពីថ្មដ៏ខ្ពស់ព័ទ្ធជុំវិញជា ៤ ជ្រុង
នៅជុំវិញកំពែងនោះ មានរោងទងដ៏ល្អវិចិត្រក្បាច់រចនាប្លែកៗ
មើលទៅខាងក្នុងឃើញប្រាសាទជាច្រើន ខ្ពស់ទទុងៗ
ប្រក់សុទ្ធតែក្បឿងពណ៌ភ្លឺចិញ្ចែង កំពូលមុខព្រហហ្មបួន
នៅទីក្បែរខាងប្រាសាទមួយៗមានសួនផ្កាល្អត្រកាលពេទ្យសំណាងឃើញហើយ
នឹងអស្ចារ្យស្ងើចស្ញប់ស្ញែងខ្លាចរិទ្ធានុភាពស្តេចផែនដី
ដែលរៀបចំទីក្រុងនឹងព្រះរាជវាំង ឲ្យរុងរឿងនេះ ជាអនេកកប្បការ ។
កាលពេទ្យសំណាង
ចុះពីរទេះដើរចូលទៅក្នុងព្រះបរមរាជវាំង
បានឃើញពួកពេទ្យដែលមកអំពីស្រុកក្រៅ កំពូងគេផ្សំឳសថថ្វាយស្ដេច
តែស្ដេចសោយថ្នាំទាំងនោះទៅ ក៏ពុំបានជាព្រះរោគឡើយ ។
ក្នុងកាលមុននឹងចូលទៅគាល់ស្តេច ពេទ្យសំណាងមានព្រួយចិត្ត
ឆ្លេឆ្លាគំនិតជាខ្លាំងណាស់
ដោយការស្រាវជ្រាវនឹករកថ្នាំនឹងយកមកប្រកបផ្សំថ្វាយស្ដេចដើម្បីដោះទាល់ខ្លួន
ព្រោះកាលចេញពីផ្ទះមកគ្មានដោយជាប់ថ្នាំបន្ដិចបន្ដួចមកផងទេ, ដើរបណ្ដើរនឹករកថ្នាំបណ្ដើរ, កំពុងតែដើរគិតៗ
ស្រាប់តែភ្ញាក់ក្នុងចិត្តថា “យី!អញមកតាមផ្លូវ
មិនបានពិនិត្យមើលរោគខ្លួនឯងផងសោះ
ឥឡូវនេះក្នុងខ្លួនអញដូចជាបានធូរច្រើនណាស់បាត់ក្អកបាត់ក្ដៅស្ទេញអស់ហើយ,
ប្រហែលរោគក្នុងរូបអញនេះបានសះស្បើយ ដោយសារផឹកទឹកសាងបន្លែ
ដែលសុំពីស្រីនៅជើងភ្នំនោះទេដឹង? អញគួរមើលថ្វាយស្តេចតាមទំនងនេះចុះ”
លុះគិតឃើញដូច្នេះហើយ
ក៏ឲ្យគេនាំខ្លួនចូលទៅក្រាបបង្គំគាល់ស្ដេចៗទ្រង់មានព្រះរាជឳង្ការសួរថា
“ពេទ្យសំណាង! អ្នកឯងអាចមើលរោគយើងជាទេ? បើមើលជា,
យើងនិងឲ្យរង្វាន់ជាច្រើន” ។
ពេទ្យសំណាងក្រាបទូលបង្គំទូលថា “សូមទ្រង់ព្រះមេត្តាប្រោស!
ទូលបង្គំសូមមើលថ្វាយតាមបន្ទាល់
តែសូមទ្រង់ព្រះរាជទានបន្ទប់មួយដ៏ស្ងាត់នឹងមនុស្សបម្រើពីរនាក់
ដើម្បីនឹងបានចាត់ចែងឳសថថ្វាយ” ។ ស្ដេចទ្រង់បានប្រទានតាមពាក្យសុំរបស់ពេទ្យសំណាងៗបានហៅអ្នកបម្រើទាំងពីរនាក់នោះ
ឲ្យចូលទៅក្នុងបន្ទប់ហើយបង្គាប់ឲ្យទៅរកបេះស្លឹក ផ្លែឈើ
មើលឈើដែលគេស្លបរិភោគបានបន្ដិចៗគ្រប់មុខអំពីស្រុកស្រែមកឲ្យ, កាលបានហើយ ក៏យកចូលទៅក្នុងបន្ទប់នោះ ហើយយកទឹកលាងក្នុងចានដែកមួយ
ធ្វើទំនងឲ្យដូចស្រីលាងបន្លែដែលខ្លួនឃើញ
រួចយកទឹកនោះទៅត្រងដោយសំពត់សស្អាត
ហើយចាក់ទៅក្នុងកែវមួយនាំយកទៅថ្វាយស្ដេចៗ សោយទឹកឳសថអស់១កែវនោះ
ព្រះអាពាធក៏បានធូរសះស្បើយចាកព្រះអង្គ ។
ព្រះមហាក្សត្រាធិរាជ កាលបានជាព្រះរោគហើយ
ទ្រង់សោមនស្សរីករាយសប្បាយក្នុងព្រះរាជហឫទ័យជាខ្លាំង
ទ្រង់បានធ្វើបដិការតបគុណពេទ្យសំណាង
ឲ្យសមគួរដល់កិច្ចដែលគេបានស្រង់ជីវិតព្រះអង្គ
គឺទ្រង់ប្រទានស្រីស្នំម្នាក់ឈ្មោះ សុគន្ធ អាយុ ១៨ ឆ្នាំ ដែលមានរូបឆោមល្អឆើតមានពុជពង្សខ្ពង់ខ្ពស់
ឲ្យជាភរិយា, ទ្រង់ប្រទានខ្ញុំប្រុសខ្ញុំស្រីច្រើននាក់នឹងមាសប្រាក់ច្រើនពាន់
ព្រមទាំងផ្ទះមួយដ៏មានប្រដាប់ប្រើប្រាស់ក្នុងនោះគ្រប់គ្រាន់
ហើយទ្រង់ប្រទានយសសក្ដិខ្ពង់ខ្ពស់ទីឧកងារជាឧកញ៉ាសំណាងមានភ័ព ។
ពេទ្យសំណាងកាលបានទទួលព្រះរាជអំណោយដ៏ប្រសើរយ៉ាងនេះហើយ
ក៏មានចិត្តត្រេកអរមហិមាបាននៅរួមវាសនាជាមួយនឹងនាងសុគន្ធជាសុខសប្បាយ
ថ្ងៃក្រោយមកបានប្រើគេឲ្យទៅនាំមាតាយកមកនៅជាមួយឯទីក្រុងវិញ ។
តាំងពីថ្ងៃដែលព្រះរាជាទ្រង់សះស្បើយព្រះរោគ,
កិត្តិស័ព្ទដ៏ពិរោះក៏លាន់ឮខ្ចរខ្ចាយពេញទាំងនគរថាពេទ្យសំណាងមើលស្តេចជា
។ មនុស្សទាំងឡាយជាអ្នកមានទុក្ខធុរៈ
ដោយរោគផ្សេងៗបាននាំគ្នាចូលទៅសុំជាវថ្នាំលោកសំណាងរាល់ថ្ងៃ ។
ឳសថណាដែលលោកសំណាងផ្សំឲ្យ ឳសថនោះពូកែសក្ដិសិទ្ធិអាចរម្ងាប់រោគបានដូចចិត្ត
។ លោកសំណាងបានជួបសេចក្ដីសុខបន្ដិចម្តងៗ តាំងពីថ្ងៃចេញលក់ថ្នាំ,
រហូតមកដល់មានកេរ្តិ៍ឈ្មោះជាពេទ្យវិសេស
រឹងរឹតមានសេចក្ដីសុខដ៏ធំទូលាយថែមទៀត
គួរឲ្យអស្ចារ្យនឹងបុណ្យលោកដ៏ក្រៃលែង ។
ច្រៀងដែលដំណាលមកនេះ
បំភ្លឺបានទាំងពីរផ្លូវ គឺទាំងផ្លូវលោកនឹងផ្លូវធម៌
ដូចមានសេចក្ដីរួចរួមជាពាក្យកាព្យតទៅនេះ ៖
បុណ្យភ័ព្វកំណប់ពីព្រេងនាយ តែងឲ្យពណ្ណរាយនាលោកិយ
ដល់ជនជាប្រុសឬជាស្រី ដែលខំឃ្មាតខ្មីកសាងទុក ។
ឃើញទេលោកសំណាងមានភ័ព្វ
ល្បីឈ្មោះមានទ្រព្យគេរាប់មុខ
ផ្សំថ្នាំសក្តិសិទ្ធិឥតមានធុក
នេះគឺសាងសុខទុកពីមុន ។
មួយទៀតរឿងនេះសឲ្យយល់ ថាកុំឲ្យវល់ព្រោះគ្មានទុន
ប្រឹងតែធ្វើការកុំស្ករស្កុន
សុខសាន្ដទ្វេគុណគង់កើតមាន ។
ហេតុនេះអស់សាធុជនអើយ
បើក្ដីក្រគ្របហើយត្រូវរិះធ្យាន
ប្រឹងប្រកបការឲ្យកើតបាន
ដូចពេទ្យចំណាននេះអ្នើអឺយ ។
ចប់រឿងព្រង ពេទ្យសំណាង
រឿង ពេទ្យសំណាង
Reviewed by Admin
on
5:30 PM
Rating: