ផ្សព្វផ្សាយពាណិជ្ជកម្ម

ទូរស័ព្ទមកកាន់ពួកយើងឥឡូវនេះ៖ 010 72 88 35ads

រឿង នាងនាយចង្រ្កាន


លោក លាង-ហាប់-អាន សាស្រ្ដាចារ្យ
ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រឹត
រៀប​រៀង
            កាល​ណោះ មាន​មហាសេដ្ឋី​ម្នាក់​ពោះ​ម៉ាយ បាន​រៀបការ​ជា​លើក​ទី​ពីរ​ជា​មួយ​នឹង​ស្រី​ម្នាក់​ដ៏​ល្អ​ឯក ធ្វើ​ជា​ភរិយា ។ នាង​នោះ​មាន​កូន​ស្រី​ពីរ​នាក់​មាន​មុខ​ដូចៗ​គ្នា​ប៉េះ​បិទ ។ ចំណែក​លោក​សេដ្ឋី​មាន​កូន​ស្រី​ដើម​មួយ​នាក់​ដែល​មាន​លក្ខណៈ​សុភាព​រាប​ទាប ហើយ​ស្រឡាញ់​ម្ដាយ​ចុង​ដូច​ជា​ម្ដាយ​ខ្លួន​បង្កើត ។ ប៉ុន្តែ​នាង​ម្ដាយ​ចុង​ដែល​ជា​អសប្បុរស ក៏​តែង​ច្រណែន​ធ្វើ​បាប​នាង​កូន​ដើម​ជា​អនេក។ ហើយ​បាន​ដាក់​កំរិត ឲ្យ​បំពេញ​មុខ​ការ​គ្រប់​ចំពូក​នៅ​ក្នុង​ផ្ទះ គឺ​ឲ្យ​ជូត​ក្ដារ លាង​ចាន បោក​អ៊ុត​ខោ​អាវ​ជូត​សំអាត​បន្ទាប់​ខ្លួន នឹង​កូន​សំណប់​ទាំង​ពិរ ហើយ​ចាត់​ឲ្យ​នាង​ដេក​នៅ តែ​ក្នុង​ជង្រុក​លើ​ចម្បើង ដ៏​ស្កៀប​រមាស់ ។ នាង​កញ្ញា​នេះ​មាន​ទុក្ខ​គ្រាំ​គ្រា ក្នុង​ខ្លួន​តែ​ឯក​ឯង នាង​ពុំ​ហាន​ជំរាប​លោក​បិតា​ឡើយ ដោយ​មាន​សេចក្ដី​កោត​ក្រែង​ដល់​ម្ចាយ​ចុង ។ ពេល​ធ្វើ​ការ នាង​កញ្ញា​តែង​នៅ​ពួន​ធ្វើ​តែ​ម្នាក់​ឯង​ចង្រុក​ក្នុង​ផ្ទះ​បាយ ។ ហេតុ​ដូច្នោះ​ហើយ ទើប​នាង​បុត្រី​ច្បង​បាន​សម្មត់​ហៅ​ចំអក​ថា នាង​កញ្ជះ​ចង្រ្កាន ។ ប៉ុន្តែ នាង​បន្ទាប់​ហៅ​ថា នាង នាយ​ចង្រ្កាន ។ ពិត្រ​មែន​តែ​នាង​មាន​សម្លៀក​បំពាក់​ពុំ​គប្បី គង់​នាង​នៅ​ល្អ​ឆើត ជាង​បង​ជា​បុត្រី​ម្ដាយ​ចុង​ទាំង​ពីរ ។
            សម័យ​មួយ ព្រះ​រាជបុត្រ​ព្រះ​ចៅ​សោយ​រាជ្យ បាន​ប្រកាស​អញ្ជើញ​អស់​ពពួក​កញ្ញា​ទាំង​ឡាយ ដែល​ជា​បុត្រី​មហាសេដ្ឋី នឹង​នាម៉ឺន​ធំ​តូច​ទាំង​ឡាយ​ចូល​មក​រាំ​កំសាន្ត នៅ​ក្នុង​ព្រះ​រាជ​ដំណាក់ ។ នាង​កញ្ញា​បុត្រី​ចុង​របស់​មហាសេដ្ឋី​ក៏​ត្រូវ​គេ​អញ្ជើញ​ទៅ​ដែរ ព្រោះ​នាង​ទាំង​ពីរ​នេះ មាន​ឈ្មោះ​ល្បី​ឯក​ក្នុង​នគរ ។ នាង​ទាំង​ពីរ​ក៏​បាន​ប្រុង​ប្រៀប​សម្លៀក​បំពាក់ យ៉ាង​ល្អ​ទុក​ជា​មុន​ស្រេច ។ លំដាប់​នោះ​ហើយ ដែល​នាង​នាយ​ចង្រ្កាន​ត្រូវ​ទទួល​ងារ​អ៊ុត​សំអាត​សំលៀក​បំពាក់​ឲ្យ​បង ។ មាតា​បាន​ប្រើ​ឲ្យ​គេ​អញ្ជើញ​ជាង​មក​កាត់​បូរ​សក់ ឲ្យ​បុត្រី​ទាំង​ពិរ​នឹង​តែង​ខ្លួន​តាម​សម័យ ។ ពេល​នោះ​បង​ទាំង​ពីរ​ក៏​បាន​ប្រាប់​សេចក្ដី​អំពាវ​នាវ របស់​ព្រះ​អង្គ​ម្ចាស់​ដល់​នាង​នាយ​ចង្រ្កាន ហើយ​ក៏​បាន​អនុញ្ញាត​ឲ្យ​នាង​កាត់​សក់​កន្ទើង​រើង​នោះ​ចោល​ចេញ ជា​មួយ​ផង ។ កំពុង​កាត់ នាង​បង​ទាំង​ពិរ​ក៏​និយាយ​ចំអក​ទៅ​ថា "យើ​មេ​នាយ​ចង្រ្កាន តែង​ខ្លួន​ទៅ​ព្រះ​រាជ​ដំណាក់​មហោស្រព​ដែរ! ហ៎ យ៉ាង​ណា​ទៅ​បើ​គេ​ឃើញ​ស្រី​កញ្ជះ​ចង្រ្កាន មក​ច្របូក​ក្នុង​ហ្វូង​អ្នក​មាន​មុខ​មាត់​ធំៗ​យ៉ាង​នេះ!” ។ នាង​នាយ​ចង្រ្កាន​នឹក​ខ្មាស​សំដី​បង​ណាស់ ប៉ុន្តែ​នាង​ពុំ​មាន​តប​ដោយ​កំហឹង​សោះ នាង​គ្រាន់​តែ​អង្វរ​ថា "សូម​បង​កុំ​ចំអក​ឲ្យ​ខ្ញុំ" តែ​ប៉ុណ្ណេះ ។ នាង​ទាំង​ពិរ​ដោយ​សេចក្ដី​អំនួត​ដ៏​ក្រៃ​លែង ក៏​ភ្លេច​ភ្លាំង​អាហារ​ម្ហូប​ចំណី​អស់​ពីរ​ថ្ងៃ ។ រាល់​ពេល​គេ​ឃើញ​នាង​ទាំង​ពីរ អង្គុយ​ឆ្លុះ​កញ្ចក់​មួយ​ម្នាក់ តាក់​តែង​ខ្លួន ។
            ដល់​កាល​បរិច្ឆេទ នាង​ទាំង​ពីរ​ក៏​បាន​បណ្ដើរ​គ្នា​យ៉ាង​ប្រិម​ប្រិយ​ទៅ​ទី​ប្រជុំ​នោះ ។ ចំណែក​នាង​នាយ​ចង្រ្កាន ដែល​មាន​សេចក្ដី​អន្ទះ​អន្ទែង​ចង់​ទៅ​ជា​ខ្លាំង ក៏​ខំ​ដើរ​តាម​មើល​បង​រហូត​ដល់​ផុត​កន្ទុយ​ភ្នែក ។ មាន​ចំណង់​ណាស់​នាង​ក៏​ទៅ​ជា​ស្រែក​យំ នឹក​តូច​ចិត្ត​តែ​ខ្លួន​ឯង ។ មួយ​រំពេច​ស្រាប់​តែ​មាន​ស្រី​ម្នាក់​រូប​រាង​ស្អាត ចេញ​ខ្លួន​មក​បង្ហាញ​នាង សួរ​អំពី​ដំណើរ​ដែល​នាង​យំ​នោះ ។ នាង​កញ្ញា​ពុំ​បាន​ប្រាប់​សើ ហើយ​រឹង​រិត​តែ​យំ​ស្រណោះ​ស្រណោក​ជា​យ៉ាង​ខ្លាំង ។ ដោយ​អំណាច​ចិន្តា​ទិព្វ របស់​នាង​ទេព​ធីតា​ដែល​ជា​ម្តាយ​ចិញ្ចឹម របស់​នាង​នាយ​ចង្រ្កាន ធីតា​យល់​ហេតុ​ពិត​ថា នាង​កញ្ញា​មាន​ចំណង់​តៅ​លេង​ទី​ប្រជុំ​នឹង​គេ ។ ទើប​នាង​និយាយ​លួង​លោក​ថា​"អើ កូន​ស្រី​ម្ដាយ នាង​ច្បាស់​ជា​ចង់​ទៅ​កំសាន្ត ជា​មួយ​គេ​ហើយ!​ឯង​នេះ​កុំ​ស្មាន​ថា គ្មាន​សំណាង​ឲ្យ​សោះ កុំ​យំ​ចាំ​ម្ដាយ​បើក​ឲ្យ​ទៅ" ។ ត​មក​នាង​ទេពធីតា​ក៏​នាំ​នាង​នាយ​ចង្រ្កាន​ចូល​ទៅ ក្នុង​បន្ទប់​ហើយ​ស្រដី​ប្រើ​ទៅ​ថា "ចូរ​កូន​ស្រី​ចូល​តៅ​ក្នុង​សួន​ច្បារ​បេះ​ផ្លែ​ក្រូច​មួយ​យក​មក​ឲ្យ​ម្ដាយ " ។ នាង​នាយ​ចង្រ្កាន​មាន​អំណ​ពេក ក៏​ចុះ​ទៅ​រក​បេះ​ផ្លែ​ក្រុច បាន​មួយ​យ៉ាង​ទុំរលោង មក​ជូន​នាង​ទេពធិតា​ដោយ​គិត​ក្នុង​ចិត្តា​ថា តើ​ផ្លែ​ក្រូច​នោះ​នឹង​ធ្វើ​យ៉ាង​ណា​ទៅ ឲ្យ​ខ្លួន​បាន​ទៅ​ទី​ប្រជុំ​នឹង​គេ​នោះ ។ នាង​ទេពធិតា​ទទួល​ផ្លែ​ក្រូច​ពី​ដៃ​បុត្រី​ចិញ្ចឹម​ហើយ ក៏​បក​យក​សាច់​ចោល​ចេញ​អស់ ទើប​ទាញ​ចង្កឹះ​ទិព្វ​វាយ​ចង្អុល​សេព​អាគម ។ មួយ​រំពេច សំបក​ក្រូច​ក៏​ប្រែ​ភេទ​ទៅ​ជា​តួរទេះ​ទូរ​មួយ​យ៉ាង​ថ្មី​ស្រឡាង ។
            ត​មក​នាង​ទេព​ធីតា​ក៏​ចូល​ទៅ​លើក​ហិប​តូច​មួយ ហើយ​មាន​កណ្ដុរ​៦ ។ ធីតា​ប្រាប់​ឲ្យ​បុត្រី​បើក​គម្រ​បង្ហើប ឲ្យ​ចេញ​ម្ដង​មួយៗ​ទើប​យក​ចង្កឹះ​ទិព្វ​វាយ​លើ​ខ្នង​កណ្ដុរ ឲ្យ​ប្រែ​ភេទ ទៅ​ជា​សេះ​យ៉ាង​ធំ​ធាត់​ទាំង​៦ សំរាប់​អូស​រទេះ ។
            បាន​ដូច្នោះ​ហើយ នាង​កញ្ញា​ក៏​ស្រដី​ទៅ​ធីតា​ជា​មាតា​ចិញ្ចឹម​ថា "ចាំ​ខ្ញុំ​ទៅរក​ចាប់​កណ្ដុរ​ប្រែង​មួយ មក​ជូន​ដើម្បី​សេព ឲ្យ​បាន​ជា​អ្នក​បរទេះ!” ។ នាង​ទេពធីតា​មាន​អំណរ​ណាស់​ក៏​តប​ថា "អើ​ប្រពៃ​ណាស់​កូន​ស្រី ឯង​ទៅ​រក​ចាប់​យក​ឲ្យ​ឆាប់​មក" ។ នាង​នាយ​ចង្រ្កាន​ក៏​បាន​ទៅ​យក​ទ្រុង​អង្គប់​កណ្ដុរ​ប្រែង​មួយ ដែល​មាន​កណ្ដុរ​បី​នៅ​ក្នុង​នោះ មក​ឲ្យ​មាតា​ទេព​រើស​យក​មួយ​មក​សេព ឲ្យ​ទៅ​ជា​អ្នក​បររទេះ​ម្នាក់​យ៉ាង​ចំណាន ។ ហើយ​នាង​ធីតា​បង្គាប់​ទៅ​បុត្រី​ទៀត​ថា "ចូរ​កូន​រត់​ទៅ​ក្នុង​សួន​ច្បារ ឯង​នឹង​បាន​ប្រទះ​ឃើញ​បង្គួយ​ប្រាំ​មួយ​នៅ​ជើង​របង ចូរ​ឯង​ចាប់​យក​មក​ឲ្យ​ឆាប់" នាង​កញ្ញា​ស្ទុះ​រត់​ទៅ​រក ឃើញ​ហើយ​ក៏​ចាប់​យក​មក​ជូន​មាតា ដែល​មាន​សេព​មួយ​រំពេច ឲ្យ​ទៅ​ជា​អ្នក​បំរើ​ទាំង ៦​យ៉ាង​រម្យទំ។
            ស្រេច​ហើយ​នាង​ទេពធីតា ប្រាប់​ទៅ​បុត្រី​ថា "ឥឡូវ​បាន​ហើយ ចូរ​កូន​ទៅ​លេង​នឹង​គេ​ចុះ" ។ នាង​បុត្រី​ស្រី​ដី​ថា "អ្នក​ម៉ែ​ឲ្យ​កូន​ទៅ​ទាំង​ក្រខ្វក់​យ៉ាង​នេះ" ។ ថា​ដូច្នោះ​ភ្លាម នាង​ទេពធិតា​ក៏​យក​ចង្កឹះ​ទិព្វ​ពាល់​ទៅ​លើ​ខ្លួន​នាង ។ មួយ​រំពេច សម្លៀក​បំពាក់​ចាស់​ក៏​ប្រែ​ភេទ​ជា​ថ្មី​ហើយ​អង្គ​នាង​ក៏​ស្រោច​ស្រក់​ទៅ​ដោយ​គ្រឿង​អលង្ការ​មាន​ខ្សែ​កដៃ មាស​ពេជ្រ​ចិញ្ជៀន​ភ្លឺ​ចិញ្ចាច ។ ធីតា​ហុច​ស្បែក​ជើង​កែវ​មួយ​គូ ឲ្យ​បុត្រី ពាក់ ហើយ​ផ្ដាំ​ផ្ដាច់​ថា "ចូរ​កូន​កុំ​នៅ​ឲ្យ​ហួស​ដល់​អធ្រាត្រ បើ​កូន​មិន​ត្រឡប់​មក​ពី​មុន​ឲ្យ​ទាន់​ពេល​វិញ​ទេ រទេះ​នោះ​មុខ​ជា​ទៅ​ជា​សំបក​គ្រូច សេះ​ទៅ​ជា​កណ្ដុរ​បំរើ​ទៅ​ជា​បង្គួយ ហើយ​សម្លៀក​បំពាក់​ថ្មី ក៏​ទៅ​ជា​ចាស់​ដូច​ដើម​វិញ" ។ នាង​បុត្រី​ទទួល​ពាក្យ​នាង​ទេពធីតា​ថា នឹង​វិល​មក​ឲ្យ​ទាន់ពេល​វេលា​ដូច​បណ្ដាំ ។
            ដល់​ក្នុង​ព្រះ​រាជ​ដំណាក់ អ្នក​ផង​បាន​ឲ្យ​ដំណឹង​ដល់​ព្រះ​អង្គ​ម្ចាស់​ថា មាន​ព្រះ​នាង​ក្សត្រី​ម្នាក់ ជិះ​រទេះ​ទូរ​ចូល​មក​ដល់​ហើយ ។ ឮ​ដូច្នោះ​ព្រះ​អង្គ​ម្ចាស់​ក៏​យាង​ចេញ​មក​ទទួល ។ ព្រះ​អង្គ​ម្ចាស់​ទ្រង់​ហុច​ដៃ​ទទួល​នាង​ឲ្យ​ចុះ​មក​ដី ហើយ​ទ្រង់​អញ្ជើញ​ចូល​ទៅ ក្នុង​មន្ទីរ​កំសាន្ដ ។មួយ​រំពេច សូរ​សម្លេង​ភ្លេង​ក៏​ស្ងាត់​ស្ងៀម ។ គេ​ឮ​តែ​សូរ​មាត់​សរសើរ​គ្រប់ៗ​គ្នា ចំពោះ​សេចក្ដី​ល្អ​ឆើត​របស់​នាង​នាយ​ចង្រ្កាន​ដាច់​គេ​ឯង ។ កុំ​ថា​ឡើយ​ដល់​ទៅ​ព្រះ​រាជា ដែល​ទ្រង់​ជរា​ទៅ​ហើយ​នោះ ក៏​គង់​តែ​ទ្រង់​គយ​គន់​ទត​រំពៃ​មក​លើ​រូប​នាង ហើយ​ទ្រង់​សរសើរ ចំពោះ​ភក្រ្ត​ព្រះ​អគ្គមហេសី​ថា ទ្រង់​តាំង​ពី​ឡើង​សោយ​រាជ​សម្បត្តិ​មក ពុំ​ដែល​បាន​ប្រទះ​ឃើញ​កញ្ញា​ស្រស់​ល្អ​ឆើត​យ៉ាង​នេះ​សោះ ។ ស្រីៗ​ទាំង​អស់​ខំ​ផ្អៀង​ផ្អង​គយ​គន់​សម្លៀក​បំពាក់​ប្លែក​របស់​នាង ពុំ​ដាក់​ភ្នែក​សោះ ខ្លះ​ខំ​ចំណាំ​គំរូ ដើម្បី​នឹង​ជួល​ជាង​ដៃ​ឯក​ឲ្យ​កាត់​តាម នៅ​ពេល​ដែល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។
            ព្រះ​អង្គ​ម្ចាស់​បាន​អញ្ជើញ​ឲ្យ​នាង​អង្គុយ នៅ​កន្លែង​ដ៏​ឧត្តម ហើយ​ក៏​ទ្រង់ អញ្ជើញ​ឲ្យ​ក្រោក​ឡើង​រាំ​ជា​មួយ​ព្រះ​អង្គ ។ ភ្លឹក​នឹង​អង្គ​នាង ព្រះ​អង្គ​ម្ចាស់​ភ្លេច​ទាំង​សោយ​ចំណី​ផ្សេងៗ ដែល​គេ​លើក​យក​មក​ថ្វាយ​ស្មោះ ។ នាង​កញ្ញា​ក៏​បាន​ក្រោក​ដើរ​ទៅជិត​បង​ស្រី​ទាំង​ពិរ ដែល​ភាំង​ពុំ​ស្គាល់នាង​ដល់​បន្តិច​សោះ ហើយ​គំនាប់​ទទួល​សេចក្ដី​រាក់​ទាក់ យ៉ាង​ស្និត្ធ​ស្នាល ។ បន្តិច​មក​នាលោកា​ចង្អុល​ម៉ោង​១១ សែ​សិប​ប្រាំ​នាទី នាង​កញ្ញា​គំនាប់លា​ភៀវ​ទាំង​អស់ ព្រម​ទាំង​ថ្វាយ​បង្គំ​លា​ព្រះរាជា វិល​ត្រឡប់​មក​ផ្ទះ​វិញ តាម​បណ្ដាំ​នាង​មាតា​ទេព ។ ដល់​ផ្ទះ​ហើយ​នាង​ក៏​ចូល​ទៅ​សំពះ​អរគុណ​មាតា​ទេព ។ នាង​បាន​រ៉ាយ​រ៉ាប់​ប្រាប់​អំពី​ដំណើរ របស់​នាង​នឹង​សេចក្ដី​ឆ្ងល់ របស់​អ្នក​ទាំង​អស់ ។ នាង​ជំរាប​មាតា​ទេព​ថា ព្រះ​អង្គ​ម្ចាស់​សូម​អញ្ជើញ​នាង​ទៅ​កំសាន្ត នៅថ្ងៃ​ស្អែក​ទៀត ។ កំពុង​តែ​និយាយ​ស្រាប់​តែ​ឮសូរ​មាត់​បង​ស្រី​មក​គោះ​ទ្វារ​ហៅ ។ នាង​នាយ​ចង្រ្កាន​ស្ទុះ​ចេញ​ទៅទទួល​បង​ដោយ​ធ្វើ​ជា​ស្លាប់​ហើយ​យក​ដៃ​ឈ្លី​ភ្នែក មាន​សញ្ញា​ដូច​ជា​ទើប​នឹង​ក្រោក​ពី​ដេក សើង​មម៉ើង​ដូច្នោះ ។ មួយ​រំពេច បង​ស្រី​ម្នាក់​ស្រី​អួត​ទៅ​នាង​ថា "នាយ​ចង្រ្កាន​អើយ! បើ​ឯង​ទៅ​មន្ទីរ​សំណាក់​ផង ប្រហែល​ជា​ឯង​នឹក​ផ្លែក​អស្ចារ្យ ដូច​បង​ជា​ពុំ​ខាន​ហើយ វ៉ី​អើយ មាន​ព្រះ​នាង​ក្សត្រី​កញ្ញា​ម្នាក់​រូប​ល្អ​ឆើត​រក​ស្រី​ក្រមុំ​ប្រៀប​គ្មាន ហើយ​ចេះ​គួរ​សម​សុភាព​រាប​ទាប ទាំង​បាន​គួរ​សម​ចែក​ផ្លែ​ក្រូច​ដល់​យើង​ទាំង​ពីរ​ស៊ី​ផង យ៉ាង​ស្និទ្ធ​ស្នាល គ្មាន​ឆ្មើង​ទេ នាង​នាយ​ចង្រ្កាន ក៏​ធ្វើ​ជា​សួរ​ឈ្មោះ​ព្រះ​នាង​ក្សត្រី​នោះ" ។ ប៉ុន្តែ​បង​ទាំង​ពីរ​តប​មក​វិញ​ថា គេ​ពុំ​ដែល​ឃើញ​ព្រះ​នាង​នោះ​សោះ ជា​អង្វែង​មក​ហើយ ព្រះ​អង្គ​ម្ចាស់ទ្រង់​សព្វ​ព្រះ​ហ្ឫទ័យ ភ្លេច​ទាំង​ក្រយា​ស្ងោយ ទន់​ដៃ​ជើង​អស់ ។ នាង​នាយ​ចង្រ្កាន​ធ្វើ​ជា​សើច​តប​ទៅ​វិញ​ថា "យី ល្អ​ណាស់ហ្ន៎! ធ្វើម៉េច​ទៅ​ឲ្យ​ខ្ញុំ​បាន​ឃើញ​ផង ឳ!​បើ​ដូច្នោះ សូម​បង​មេត្តា​ឲ្យ​ខ្ញុំ​ខ្ចី​អាវ​ចាស់​ពណ៌​លឿង​មួយ​មក" ។ នាង​បង​ស្រដី​ពេប​ជ្រាយ​ទៅ​ថា ហ៎!​អី​ក៏​គ្រាន់​បើ​ម្ល៉េះ មី​កញ្ជះ​ចង្រ្កាន ឯង​ស្មាន​ថា អញ​ភ្លើ​នឹង​ឲ្យ​ឯង​ខ្ចី​ផ្តេស​ផ្ដាស​យ៉ាង​នេះ​ឫ " ។
            ស្អែក​ឡើង​នាង​កញ្ញា​ទាំង​ពីរ​បាន​តែង​ខ្លួន​ទៅ​មន្ទីរ​ប្រជុំ​កំសាន្ត​ទៀត ។ ចំណែក​នាង​នាយ​ចង្រ្កាន​ក៏​បាន​ស្លៀក​ពាក់​យ៉ាង​ល្អ លើស​លុប​ជាង​ថ្ងៃ​មុន​ឡើង​ជិះ​រទេះ​សេះ​ដដែល​បរ​ចេញ​ទៅ ។ ព្រះ​អង្គ​ម្ចាស់​ពេញ​ទៅ​ដោយ​សេចក្ដី​ត្រេក​ត្រអាល ក៏​បាន​មក​អង្គុយ​ជិត​ប្រកៀក ពិភាក្សា​នឹង​នាង​នាយ​ចង្រ្កាន​ក្សត្រី យ៉ាង​ស្និទ្ធ​ស្នាល សប្បាយ​ហួស​ប្រមាណ នាង​កញ្ញា​ភ្លេច​ពាក្យ​បណ្ដាំ​មាតា​ទេព ។ លុះ​នាលិការ​វាយ​ម៉ោង ១២ គត់ នាង​ស្មាន​តែ​ម៉ោង​១១ ប៉ុណ្ណោះ ។ ប៉ុន្តែមួយ​រំពេច​មក​ស្រាប់​តែ​នាង​ក្រោក​ឈរ​ឡើង​សំពះ​គំនាប​លា​ភ្ញៀវ ព្រម​ទាំង​ព្រះ​មហាក្សត្រ នូវ​ព្រះ​អគ្គមហេសី​ ស្ទុះ​រត់​ចេញ​មក​ក្រៅ​ជា​ប្រញាប់ ។ ឆ្ងល់​ពន់​ពេក ព្រះ​អង្គ​ម្ចាស់​ក៏​ដេញ​តាម​នាង​មក​ក្រៅ​ប៉ុន្តែ​ទ្រង់​តាម​ពុំ​ទាន់​នាង ។ រហ័ស​ដូច​ព្រួញ នាង​កញ្ញា​ភ្លាត់​ស្បែក​ជើង​មួយ​ចំហៀង​ធ្លាក់​នៅ​លើ​អិដ្ឋ ។ ព្រះ​អង្គ​ម្ចាស់​ទ្រង់​ស្ទុះ​ទៅ​រស់​យក​មក​ទុក​យ៉ាង​ប្រពៃ ។
            នាង​នាយ​ចង្រ្កាន​ដើរ ត្រឡប់​មក​ផ្ទះ​វិញ នៅ​សល់​តែ​ស្បែក​ជើង​មួយ​ចំហៀង​ជា​លំអរ ។ សម្លៀក​បំពាក់​នាង ប្រែ​ភេទ​ទៅ​ជា​ចាស់​ក្រខ្វក់​ដូច​ដើម ចំណែក​រទេះ​សេះ​នឹង​បំរើ​ក៏​ក្លាយ​ភេទ ទៅ​ជា​សត្វ​កណ្ដុរ​បង្គួយ​រត់​បាត់​អស់ ។ ព្រះ​អង្គ​ម្ចាស់​បាន​បញ្ជាក់​សួរ​អ្នក​យាម​ទ្វារ​ថា មាន​ឃើញ​រទេះ​ ព្រះ​នាង​ក្សត្រី​បរ​ចេញ​ទៅ​តាម​ទ្វារ​ទេ ។ នាយ​ឆ្មាំ​ទ្វារ​ទូល​តប​ថា បាន​ឃើញ​តែ​ស្រី​កំសាត់ ស្លៀក​សំពត់​អាវ​ចាស់​ម្នាក់​រត់​ចេញ​ទៅ តែ​ប៉ុណ្ណេះ​ដែល​មាន​ភាព​ជា​កូន​អ្នក​ស្រែ​ស្មោះ ។
            លុះ​នាង​បង​ទាំង​ពីរ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នាង​នាយ​ចង្រ្កាន​ក៏​សួរ​បញ្ជាក់ អំពី​សេចក្ដី​សរសើរ​ដល់​ព្រះ​នាង​ក្សត្រី ពី​ថ្ងស​មុន​នោះ ។ នាង​ទាំង​ពីរ​បាន​រ៉ាយ​រឿង​ប្រាប់​ថា ព្រះ​នាង​កញ្ញា​នោះ ប្រដាប់​រឹង​រឹត​តែ​ល្អ​ជាង​ថ្ងៃ​មុន​ទៅ​ទៀត ប៉ុន្តែ​ដល់​នាលិកា​វាយ​ម៉ោង​១២ គត់​ស្រាប់​តែ​ព្រះ​នាង ស្ទុះ​រត់​ចេញ​ភៀស​ខ្លួន​បាត់​ទៅ ។ ហើយ​ដោយ​រហ័ស​ពេក ព្រះ​នាង​ក៏​របូត​ស្បែក​ជើង​ម្ខាង​ធ្លាក់​នៅ​លើ​អិដ្ឋ ។ ព្រះ​អង្គម្ចាស់ ក៏​បាន​រើស​ស្បែក​ជើង​កែវ​នោះ​ទុក ហើយ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ទៅដល់​ព្រះ​នាង​ជា​ខ្លាំង សឹង​ផ្ទំ​ពុំ​លក់ ។
            រំលង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ដោយ​សេចក្ដី​អន្ទះ​អន្ទែង​ទប់​ពុំ​បាន ព្រះ​អង្គ​ម្ចាស់​ក៏​បាន​អំពាវនាវ​គ្រប់​តំបន់ ដល់​កញ្ញា​ទាំង​ឡាយ ដែល​មាន​ទំហំ​ជើង​ត្រូវ​នឹង​ស្បែក​ជើង​នោះ នឹង​បាន​ឋានន្តរ​ជា​ទី​អគ្គមហេសី ។ ក្រុម​ព្រះ​ញាតិ​វង្ស​ទាំង​អស់ បាន​នាំ​បុត្រី​មក​ល​ជើង នឹង​ស្បែក​ជើង​នោះ ប៉ុន្តែ​ពុំ​មាន​ត្រូវ​ដល់​ម្នាក់​សោះ ។ បន្ទាប់​មក​ដល់​វេណ​ពួក​បុត្រី​ឧត្តម​មន្រ្តី​រហូត​ដល់​មន្រ្តី​ជាន់​ទាប់ ប៉ុន្តែ​ពុំ​មាន​ល្មម​ជើង​សោះ ។ គេ​ក៏​បាន​នាំ​បុត្រី​លោក​មហាសេដ្ឋី​ទាំង​បី​យក​ទៅ​ឲ្យ​ល​ទៀត ។ លុះ​ឃើញ​បង​ប្រឹង​ស៊ក​ពុំ​ចុះ​ហើយ​នាង​នាយ​ចង្រ្កាន​បន្លឺ​វាចា ដោយ​ស្អាល់​ដាក់​ជា​ស្បែក​ជើង​របស់​ខ្លួន​ឡើង​ថា "មើល​ឲ្យ​ខ្ញុំ​ល​មើល​តើ​ប្រពៃ​ទេ" ។ ឮ​ដូច្នោះ នាង​បង​ទាំង​ពីរ​ក៏​នាំ​គ្នា​សើច​ចំអក​ឲ្យ​នាង​ប្អូន ។ អ្នក​ប៉ាវ​គង ក៏​សូម​អញ្ជើញ ឲ្យ​នាង​នាយ​ចង្រ្កាន​ចូល​មក​ល​ស្បែក​ជើង​នោះ ។ នាង​កញ្ញា​ក៏​បាន​ចូល​ទៅ​អង្គុយ​នៅ​កន្លែង​ដ៏​សម​គួរ​មួយ ហើយ​នាយ​តម្រួត ក៏​ទាញ​ស្បែក​ជើង​យក​មក​ឲ្យ​នាង​ពាក់​ល ។ នាង​កញ្ញា​ទទួល​សុពណ៌​បាទ​មក​ពាក់​ត្រូវ​ក្លំ គ្មាន​ចន្លោះ ។ អ្នក​ទាំង​អស់​ព្រម​ទាំង​បង​ស្រី​ទាំង​ពីរ ក៏​នាំ​គ្នា​ភាំង​ឆ្ងល់​សំឡឹង​មើល​មុខ​នាង​នាយ​ចង្រ្កាន​ភ្លឹសៗ ។ ដើម្បី​សហេតុ​ឲ្យ​រឹង​រឹត​តែ​ប្រាកដ​ឡើង នាង​ក៏​ដក​ទាញ​យក​ស្បែក​ជើង​ដូច​គ្នា មួយ​ចំហៀង​ទៀត​ពី​ហោប៉ៅ​មក​ពាក់​បង្ហាញ​អ្នក​ទាំង​អស់​ឲ្យ​ឃើញ​ជាក់​ថា ជា​របស់​នាង​ពិតៗ ហើយ​កាន់​តែ​ស្ងើច​វាសនា​នាង​ទៅ​ទៀត ។
            មួយ​រំពេច នាង​ទេពធីតា​ជា​មាត​ចិញ្ចឹម ក៏​បាន​មក​ដល់​ទី​នោះ ។ នាង​យក​ចង្កឹះ​ទិព្វ​ពាល់​ទៅ​លើ​សម្លៀក​បំពាក់​ប្រាណ​នាង ។ មិន​បាន​ទាំង​មួយ​ជំទាស់​ដៃ​ផង ស្រាប់​តែ​សំពត់​អាវ​ចាស់ ក្រខ្វក់​ប្រែ​ភេទ​ទៅ​ជា​ហូល​ឌិន​ចរ​ល្បាប់​ដ៏​ភ្លឺ​រលើប​រលោង ប្រដាប់​ដូវ​ខ្សែ​មាស​ពេជ្រ ស្រោច​ស្រក់​ទាំង​កាយ​នាង ធ្វើ​ឲ្យ​នាង​បង​ទាំង​ពីរ​ស្គាល់​ជាក់​ថា នាង​នាយ​ចង្រ្កាន​នេះ​ហើយ ដែល​ក្លែង​ខ្លួន​ជា​ព្រះ​នាង​ក្សត្រី កាល​ដែល​ខ្លួន​បាន​ឃើញ​កោត​គោរព សរសើរ​នៅ​ក្នុង​ព្រះ​រាជ​មន្ទីរ​មហោស្រព​នោះ ។ ទើប​នាង​ទាំង​ពីរ​តក់​ស្លុត​ឥត​ឧបមា នឹក​ខ្មាស​ប្អូន​ពេក​ស្ទុះ​ចូល​ទៅ​ក្រាប​ឳប​ចើង​និយាយ​អង្វរ សូម​ទោស​កុំ​ឲ្យ​នាង​ប្រកាន់​ឲ្យ​សោះ កាល​ដែល​ខ្លួន​បាន​ធ្វើ​បាប​មើលងាយ​ពេប​ជ្រាយ​ទាំង​ប៉ុន្មាន​អំពី​មុន​នោះ ។ នាង​នាយ​ចង្រ្កាន​ក៏​ចាប់​លើក​បង​ទាំង​ពីរ​ឲ្យ​ក្រោក​ឈរ​ឡើង​ហើយ​និយាយ​រាក់​ទាក់​បញ្ជាក់​ថា ខ្លួន​គ្មាន​កំហឹង​គំនុំ​គុំ​គួន​អ្វី​ឡើយ​គឺ​ពិត​ជា​នៅ​ស្រឡាញ់​បង​ដូច​បង​បង្កើត​ពោះ​មួយៗ​ជីវិត ។
            ក្បួន​ប៉ាវ​គង​ក៏​បាន​រៀប​ដង្ហែ​នាង​នាយ​ចង្រ្កាន​ជិះ​លើ​ចូល​ទៅ​ក្នុង​ព្រះ​រាជវាំង​ថ្វាយ​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​អង្គ​ម្ចាស់ ព្រម​ទាំង​ព្រះ​វរាជ​បិតា​មាតា​នូវ​ព្រះ​ញាតិ​វង្ស​នឹង​នាម៉ឺន​សព្វ​មុខ​មន្រ្តី​ធំ​តូច ដែល​រង់​ចាំ​ទទួល​នៅ​ទី​នោះ ។
            លុះ​ដល់​ពេលា​ល្អ ព្រះ​រាជា​ក៏​បាន​រៀប​អភិសេក​ព្រះ​រាជ​បុត្រ​នឹង​នាង​កញ្ញា​នាយ​ចង្រ្កាន​ជា​ទី​អគ្គមហេសី​យ៉ាង​មហោឡារិក ។ លំដាប់​មក​ព្រះ​អង្គ​ក៏​ទ្រង់​ផ្ទេរ​រាជ្យ​ឲ្យ​ព្រះ​រាជបុត្រ​គ្រង​ស្នង ហើយ​នាង​នាយ​ចង្រ្កាន ក៏​ឡើង​ឋានន្តរ​ជា​ព្រះ​ម្ចាស់​ក្សត្រី​យ៉ាង​ប្រាកដ ។ ព្រះ​នាង​ក៏​បាន​នាំ​បង​ស្រី​ទាំង​ពីរ ចូល​ទៅ​នៅ​ក្នុង​មហាប្រាសាទ​ជា​មួយ ហើយ​នៅ​ថ្ងស​អភិសេក​ជា​មួយ​នោះ ព្រះ​នាង​ក៏​បាន​រៀប​ការ​បង​ទាំង​ពីរ​នាក់ ឲ្យ​ទៅ​នាម៉ឺន​កម្លោះ​ឯក​យ៉ាង​ស្តុក​អង់​អាច ក្នុង​ព្រះ​រាជ​វាំង​ជា​ស្រេច ។
(ចប់)
            ការ​មើល​ងាយ​គេ​ថា​បាន​មួយ                     ឲ្យ​ផល​ទុក្ខ​ព្រួយ​យ៉ាង​អប្រិយ
            ឲ្យ​អាប់មុខ​មាត់​នា​លោកិយ                       ទៅ​បរ​លោក​ក្ដី​សឹង​ដូច​គ្នា ។
            ដូច​នាង​បងៗ ចោម​មើល​ងាយ      នាង​នាយ​ចង្រ្កាន​ឥត​មេត្តា
            បាន​ក្ដី​អាម៉ាស់​មុខ​ណាស់​ណា      កណ្ដាល​ហ្វូង​មហាជន​ប្រជុំ ។
            តែ​នាង​ជា​ស្រី​នាយ​ចង្រ្កាន             នាង​បាន​ម្ដាយ​ដើម​ជួយ​ឧបត្ថម្ភ
            លៃ​លក​ឲ្យ​នាង​បាន​ជា​ធំ               ឧត្តម​រុង​រឿង​រួច​ថោក​ទាប ។
            គឺ​បាន​ឡើង​ជា​អគ្គមហេសី            ខ្ពស់​លើស​បង​ស្រី​ទាំង​ទ្វេ​ភាព
            ដោយ​គុណ​ម្តាយ​ដើម​ជួយ​ឲ្យ​លោក            ប្រសើរ​រៀង​រាប​លើស​ស្រី​ផង ។
            លុះ​បាន​ជា​ធំ​មិន​ឆ្មើង​ឆ្មៃ                នាង​ជួយ​កែ​ខៃ​ស្រី​ជា​បង
            ឲ្យ​បាន​ស្វាមី​រួម​គូ​គ្រង                               ល្អៗ​កន្លង​ពេក​ណាស់​អឺយ ។
 

 


រឿង នាងនាយចង្រ្កាន រឿង នាងនាយចង្រ្កាន Reviewed by Admin on 5:28 PM Rating: 5
Powered by Blogger.