រឿង បុរស២នាក់ដណ្ដើមតាំងយូគ្នា
មាននិទានមួយថា : មានបុរសមួយបាំងតាំងយូដើរទៅតាមផ្លូវ
។ មានបុរសមួយទៀតដើរមកជួបនិយាយទៅកាន់ម្ចាស់តាំងយូថា “អ្នកអើយ ! ថ្ងៃក្ដៅណាស់អ្នកឲ្យខ្ញុំដើរដោយសារម្លប់តាំងយូផង
បានឬទេ ?” ។ ចៅម្ចាស់តាំងយូឆ្លើយថា “ចូរអ្នកមកដើរផងគ្នាចុះ” ។
ទើបចៅនោះដើរចូលមកក្រោមម្លប់តាំងយូហើយថា “អ្នកអើយ! ឲ្យមកខ្ញុំកាន់ឲ្យអ្នក” ។
ចៅម្ចាស់តាំងយូក៏ឲ្យតាំងយូទៅចៅនោះកាន់ហើយដើរទៅផងគ្នា
លុះដល់ផ្លូវបែកដើរបែកចេញទីទៃពីគ្នា ។ ឯចៅម្ចាស់តាំងយូមុននឹងដើរទីទៃពីគ្នានិយាយថា “ចូរឲ្យតាំងយូមកអញវិញ”
។ ចៅនោះថា “ អញនឹងឲ្យតាំងយូអញទៅចៅម្ដេចបាន បើតាំងយូជារបស់អញកាន់ពីផ្ទះអញមក ” ។
ចៅម្ចាស់តាំងយូនោះខឹង ហើយដណ្ដើមតាំងយូអំពីចៅនោះអស់ចិត្តពុំបានឡើយ ទើបចៅទាំង ២
នាក់នាំគ្នាទៅដល់ចៅក្រម ហើយក៏ប្ដឹងដោយដំណើរទីទៃ ៗ ចៅ ១ ឆ្លើយថា
“តាំងយូខ្ញុំកាន់អំពីផ្ទះខ្ញុំមក ចៅនោះមកដណ្ដើមតាំងយូនេះពីខ្ញុំ” ។
ឯម្ចាស់តាំងយូឆ្លើយថា “របស់ខ្ញុំៗកាន់ដើរមកពីផ្ទះ ចៅនេះដើរមកជួបនឹងខ្ញុំ
បានសុំដើរដោយសារម្លប់តាំងយូខ្ញុំ ហើយយកតាំងយូពីខ្ញុំទៅកាន់ លុះដល់ផ្លូវបែក
មុននឹងដើរបែកចេញពីគ្នា ខ្ញុំយកតាំងយូខ្ញុំវិញ ចៅនេះពុំឲ្យខ្ញុំឡើយ ទើបខ្ញុំទាំង ២
នាំគ្នាមកប្ដឹងលោកម្ចាស់សូមលោកពិចារណាក្ដីនេះឲ្យយើងខ្ញុំហោង” ។
ចៅក្រមកាត់ក្ដីនេះពុំបាន ទើបនាំចៅទាំង ២
នេះឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយនូវដំណើរនោះសព្វគ្រប់ ។
ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាឈ្វេងយល់ ដោយនូវប្រាជ្ញាទិព្វវិសេស
ក៏ទ្រង់ឲ្យពុះតាំងយូនោះ ចែកគ្នា ១ ចំហៀងម្នាក់ ហើយទើបព្រះអង្គឲ្យទៅផ្ទះទីទៃ ៗ
រួចទ្រង់ឲ្យអាមាត្យ ទៅតាមស្ដាប់ពាក្យសម្ដីចៅទាំង ២ នោះដល់ផ្ទះរៀងខ្លួន ។
ឯបុរសម្ចាស់តាំងយូកាលបើទៅដល់ផ្ទះប្រពន្ធស្រែកសួរថា “ តាំងយូបាត់ទៅណាមួយចំហៀង ? ” ។
ប្ដីឆ្លើយថា “ មេអើយ !
អញដើរទៅជួបនឹងចៅម្នាក់មកដោយសារម្លប់តាំងយូអញ
ហើយវាយកទៅកាន់ដើរផងគ្នា ទៅដល់ផ្លូវបែក មុននឹងបែកទៅតាមផ្លូវទីទៃពីគ្នា
អញយកតាំងយូវិញ វាពុំឲ្យ ទើបនាំគ្នាទៅគាល់ព្រះមហាក្សត្រ ៗ
ទ្រង់បង្គាប់ឲ្យពុះតាំងយូនេះចែកគ្នា ” ។ អាមាត្យឮពាក្យប្រពន្ធបុរសម្ចាស់តាំងយូសួរ
ហើយប្ដីប្រាប់ប្រពន្ធដូច្នោះ ក៏កត់ពាក្យនោះនាំមកថ្វាយព្រះមហាក្សត្រ ។
បុរសម្នាក់ទៀត ដើរទៅដល់ផ្ទះប្រពន្ធស្រែកសួរថា “ យើ ! បានតាំងយូ ១ ចំហៀងមកពីណា ? ” ។
ប្ដីប្រាប់ទៅប្រពន្ធថា “ ឯងអើយ !
អញដើរទៅលេង ៗ បានតាំងយូ ១ ចំហៀងព្រងើយ ” ។
អាមាត្យបានឮពាក្យបុរសនោះនិយាយ ហើយបានកត់ត្រាពាក្យនោះនាំថ្វាយព្រះមហាក្សត្រ ៗ ទ្រង់ឲ្យហៅចៅទាំង
២ នោះមកដល់ហើយ ទើបទ្រង់ឲ្យសូត្រតម្រាពាក្យនោះឲ្យចៅទាំង ២ ស្ដាប់ ។
ចៅដែលដណ្ដើមតាំងយូនោះ យល់ថាខ្លួនខុសពិតហើយ
ក៏ឥតចម្លើយអ្វីនឹងឆ្លើយឡើយឱនមុខអៀនអន់ស្ងាត់បាត់មាត់នៅទីនោះ ។
ទើបព្រះមហាក្សត្រទ្រង់ព្រះរាជបញ្ជាឲ្យបុរសនោះសងតាំងយូគេ។
ព្រះមហាក្សត្រទ្រង់ព្រះរាជបញ្ជាដូច្នេះ ចៅទាំង
២ នោះចូលចិត្តហើយ ក៏ក្រាបបង្គំលាទៅលំនៅទីទៃៗ ហោង។
រឿង បុរស២នាក់ដណ្ដើមតាំងយូគ្នា
Reviewed by VannyDa
on
1:05 PM
Rating: