រឿង បុរសម្នាក់ស្រលាញ់ប្រពន្ធគេ
មាននិទានមួយដំណាលថា : បុរសមានប្រពន្ធក្រមុំរូបឆោមល្អ
មានបុរសម្នាក់ស្រលាញ់ប្រពន្ធបុរសនោះ តែងមកចាំឃ្លាំមើលនៅកំពង់ទឹកតែសព្វថ្ងៃ។
នាងនោះយល់បុរសនោះចេះតែមកឃ្លាំមើលរកតែងូតទឹកពុំបានដូច្នោះ
ក៏និយាយថា “ចៅអើយ !
ម្ដេចមកចាំនៅនេះរកតែអញងូតទឹកពុំបាន” ។ ចៅនោះថា
“ត្បិតអញស្រលាញ់នាងទើបអញមកចាំនាងនៅនេះ” ។ នាងនោះថា
“អញមានប្ដីហើយកុំចៅមកចាំអញធ្វើអ្វី ចូរទៅផ្ទះវិញទៅ អញនឹងងូតទឹក” ។
ចៅនោះថាអញស្រលាញ់នាងពេក នឹងដើរចេញពុំបានឡើយ លុះតែនាងដោយអញ ទើបអញដើរចេញពីនេះ
បើនាងពុំដោយអញៗ ពុំដើរចេញពីទីនេះឡើយ, អញចាំនាងត្រាតែបាន”។
នាងនោះគិតក្នុងចិត្តថា “អញនឹងធ្វើដូចម្ដេចអែះ បើដូច្នេះអញដោយគាត់ទៅចុះ”
ហើយនាងនោះក៏ដោយគាត់ទៅចុះ ។ លុះបានជាស្មន់អន្ធករហើយ នាងនោះថា “ចៅអើយ ! ណ្ហើយទៅលំនៅវិញចុះ”
។ ចៅនោះថា “នាងអើយកាលពុំទាន់បានខ្លួននាងម្ដេចអញពុំទៅ
ចំណង់បើឥឡូវនេះអញបាននាងស្មន់អន្ធករហើយ រកពីណាអញទៅ អញពុំទៅឡើយ” ។ មេនោះថា “
កាលចៅពុំទាន់បានអញជាស្មន់អន្ធករនោះចៅដើរចេញពុំបាន ឥឡូវនេះអញដោយចៅហើយ
តើចៅនៅចាំអញធ្វើអ្វីទៀត” ។ ចៅនោះថា “អញយកនាងជាភរិយា អញឲ្យបាន កុំនាងសន្ទិះឡើយ
នាងនោះថា “អញមានប្ដីហើយ អញខ្លាចប្ដីអញណាស់” ។ ចៅនោះថា “នាងខ្លាចប្ដីនាង នោះឯង ៗ
ទេអញនឹងរកកលកុំឲ្យប្ដីនាងដឹង នាងកុំខ្លាចឡើយ”។ ទើបចៅនោះដើរចេញ ទៅឃើញខ្មោចស្រីមួយគេចោលនោះព្រៃ
លុះដល់យប់ ចៅនោះយកខ្មោចនោះមកទុកមួយអន្លើជិតផ្ទះនោះ លុះប្ដីដេកលក់
ទើបចៅនោះយកខ្មោចនោះទៅផ្ដេកខាងប្ដីមេនោះ ហើយនាំប្រពន្ធចៅនោះចុះអំពីផ្ទះស្រឡះចេញ
ទើបវាយកភ្លើងដុតផ្ទះចៅនោះ ។ ប្ដីដឹងក៏ក្រោកឡើងដាស់ខ្មោចដោយស្មានថាប្រពន្ធ ថា “នែ ! ក្រោកឡើងភ្លើងឆេះផ្ទះម្ដេចក៏ដេកធ្វើព្រងើយ
” ចៅប្ដីនោះកើចដៃខ្មោចឡើង ខ្មោចនោះរឹងស្ដូកនៅកន្ទេលលុះភ្លើងឆេះក្ដៅនឹងនៅពុំបាន
ចៅនោះលោតចុះពីផ្ទះទៅឈរទ្រហោយំថា “ ឱប្រពន្ធអញអើយ ម្ល៉េះហើយ ភ្លើងរោលស្លាប់ហោង
ឱអ្នកស្រុកអើយ !
ជួយអញតិចរ៉ា” ។ ដោយចៅនោះជឿស្មោះថាជាប្រពន្ធឯង
បានជាយំសោកក្រៃពេក។
លុះព្រឹកឡើងបុរសនោះ ទៅរកមនុស្សដាក់ខ្មោចនោះ
ហើយបុរសនោះរត់ខ្ចីប្រាក់គេលើកខ្មោច រួចហើយទើបចៅនោះ រណ្ដាប់រទេះក្របីគោបរចេញទៅជួញ
បានប្រាក់មកសងគេខ្លះនៅខ្លះនៅឡើយ ។ លុះបុរសនោះទៅជួញឯស្រុកដទៃទៀត
បានជួបនឹងប្រពន្ធនោះឯង ហើយនិយាយថា “នាងនេះជាប្រពន្ធអញ ម្ដេចចៅនាំពង្រត់ប្រពន្ធអញមក ?“ ។
បុរសស្មន់អន្ធករនោះថា “ម្ដេចចៅមកចំហូវអញ ថាអញនាំពង្រត់ប្រពន្ធចៅឯងមក ? ក្រែងប្រពន្ធចៅឯងភ្លើងឆេះទៅហើយឬ”
។ ម្ល៉េះហើយចៅទាំង ២ ដណ្ដើមគ្នានាំគ្នាទៅដល់ចៅក្រម ៗ ពិចារណាពុំបាន
ទើបនាំសេចក្ដីនោះឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរទីទៃៗ។
ចៅមួយទូលថា “ចៅនេះចំហូវប្រពន្ធខ្ញុំព្រះបាទអម្ចាស់ថាជាប្រពន្ធគាត់
ប្រពន្ធគាត់ភ្លើងឆេះទៅហើយ” ។ ឯបុរសជាប្ដីថាទូលថា ”ស្រីដែលភ្លើងឆេះនោះ
មិនមែនប្រពន្ធខ្ញុំព្រះបាទអម្ចាស់ទេ
នាងនេះទេតើជាប្រពន្ធខ្ញុំព្រះបាទអម្ចាស់សូមព្រះអង្គទ្រង់ព្រះពិចារណា”។
ព្រះមហាក្សត្រទ្រង់ពិចារណាថា “ សេចក្ដីនេះ
កម្រអ្នកឯណារកបាន លុះតែរកដោយកលប្រាជ្ញាទើបបាន ក៏ទ្រង់ឲ្យអាមាត្យម្នាក់ចូលក្នុងស្គរ
ចាំស្ដាប់សម្ដីស្រីនឹងប្រុសនោះ ឲ្យប្ដីនឹងប្រពន្ធនោះសែងស្គរទៅ លុះសែងស្គរទៅ
មេនោះឥតថាអ្វីឡើយ រួចឲ្យបុរសស្មន់អន្ធករនិងមេនោះសែងវិញ ទើបមេនោះថា “
បើអញនៅនឹងប្ដីអញ មិនពិបាកដូច្នេះទេ ” ។ បុរសស្មន់អន្ធករនោះថា “ កុំនិយាយខ្លាចគេឮ ”
។
មេនោះថាអញមិននិយាយឯណាបាន អញខ្លាចអ្វី
បើធ្ងន់ស្ទើរបាក់ស្មា ដូច្នេះចៅឯងបារម្ភអ្វី បើចៅទើបតែសែងតែម្ដង ឯអញពីរដងហើយ
ធ្ងន់ស្ទើរស្លាប់” ។ អាមាត្យនៅក្នុងស្គរស្ដាប់ឮពាក្យមេនោះនិយាយដូច្នោះ
ហើយក៏កត់ត្រាតាមពាក្យនោះ ។ លុះសែងបានដល់កំណត់ហើយចូលមក
គេយកអាមាត្យនោះចេញពីក្នុងស្គរ ហើយអាមាត្យយកតម្រានោះមកសូត្រថ្វាយព្រះមហាក្សត្រ
ទើបព្រះអង្គបង្គាប់ឲ្យប្ដីឈ្នះ ហើយទ្រង់ឲ្យលក់អាប្រុសនឹងមេស្រីនោះ ដាច់សុរិល[1] ។
ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីនេះបានដោយប្រាជ្ញាទិព្វវិសេសហោង។
រឿង បុរសម្នាក់ស្រលាញ់ប្រពន្ធគេ
Reviewed by VannyDa
on
1:06 PM
Rating: