រឿង បុរសឪពុកនិងកូនប្រុសជួបនឹងក្រពើ
មាននិទានមួយថា : មានបុរសឪពុកនិងកូន
បររទេះចេញទៅជួញ ជួបនឹងក្រពើមួយដែលភ្លើងព្រៃរោលរលាកជើងទាំង ៤ នឹងដើររកឆីពុំបាន
អត់អាហារស្គមរីងរៃ ។ បុរសឪពុកនិងកូនបានឃើញក្រពើនោះរលាកជើងទាំង ៤
ស្គមទាំងខ្លួននឹងវាពុំបានដូច្នេះហើយ
បុរសនោះអាសូរក្រពើបានកាប់ឈើមកចងអបក្រពើនោះរឹងជាប់ លើកដាក់រទេះបរទៅ
លុះដល់បឹងមួយធំជាទីសុខសប្បាយ បុរសនោះដាក់ក្រពើចុះក្នុងទឹក
ក្រពើនោះបានផឹកទឹកអកភក់ឆ្អែតហើយ គិតនឹងខាំនោះវិញ បុរសនោះថា “ព្រះស្ដែងកុំខាំអញ ៗ
មានគុណលើព្រះស្ដែង” ។ ក្រពើនោះថា “មានគុណនឹងអញឯណា បើចងអញស្ទើរស្លាប់
ដូច្នេះអញឆីព្រះស្ដែង ឲ្យទាល់តែបាន” ។ ឯបុរសថា “ព្រះស្ដែងកុំអាលខាំអញ
មកយើងនឹងនាំគ្នាទៅរកប្រាជ្ញលោកកាត់សេចក្ដីនេះឲ្យយើង
”ទើបបុរសនិងក្រពើទៅនាំគ្នាក្រាបបង្គំទូលព្រះមហាក្សត្រ ដោយនូវដំណើរទីទៃ ៗ ។
ក្រពើក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់នៅទីមួយស្ងៀម ៗ
ស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំព្រះបាទអម្ចាស់ជាប់ លើកដាក់លើរទេះបរទៅ
ខ្ញុំព្រះបាទអម្ចាស់បម្រះពុំរួច ព្រោះតែធ្វើទុក្ខខ្ញុំព្រះបាទអម្ចាស់
បានជាខ្ញុំព្រះបាទអម្ចាស់ខាំបុរសនេះឆី” ។ បុរសក្រាបបង្គំទូលថា
“ក្រពើនេះភ្លើងព្រៃរោលរលាកជើងទាំង ៤ វារពុំបាន
ខ្ញុំព្រះបាទអម្ចាស់អាសូរទើបយកឈើចងអបហើយ លើកដាក់លើរទេះ បរទៅដល់បឹង ទើបស្រាយលែង
ហើយក្រពើនេះចុះទៅក្នុងទឹក បានផឹកទឹកអកភក់មានកម្លាំងហើយ គិតខាំខ្ញុំព្រះបាទអម្ចាស់វិញ
ហេតុនេះបានជាខ្ញុំព្រះបាទអម្ចាស់ទាំង ២ នាំគ្នាមកក្រាបបង្គំទូលព្រះអង្គ
សូមទ្រង់កាត់សេចក្ដីនេះ,
បើព្រះអង្គពុំជឿសូមទ្រង់ទតជើងក្រពើទាំង ៤ ចុះ” ។
ព្រះមហាក្សត្រទ្រង់ពិចារណាថា “ ក្រពើឥតធម៌ ពុំដឹងគុណគេឡើយ ” ទើបព្រះអង្គកាត់ថា “
បើដូច្នោះមែនមានតែព្រះស្ដែងឲ្យគេចងព្រះស្ដែងដូចអំពីមុននោះសិន
ហើយសឹមអញពិចារណាឲ្យព្រះស្ដែង ” ទើបព្រះអង្គឲ្យបុរសនោះទៅចងក្រពើនោះជាប់ដូចអំពីមុន
ហើយទ្រង់មានព្រះបន្ទូលថា “ព្រះស្ដែងនាំទៅផ្ទះចុះ
ថ្ងៃក្រោយព្រះស្ដែងកុំធ្វើគុណនឹងសត្វតិរច្ឆាន ព្រោះលោកថា
ពុំត្រូវទុកចិត្តសត្វមានចង្កូម មានពិស ”។
ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ
បុរសនោះចូលចិត្តហោង។
រឿង បុរសឪពុកនិងកូនប្រុសជួបនឹងក្រពើ
Reviewed by VannyDa
on
1:06 PM
Rating: