រឿង ដូនចាស់ដាំដើមឃ្លោកសាដៀវ
មាននិទានមួយថា : មានដូនចាស់មួយដាំឃ្លោកសាដៀវដុំឡើង
ទើបនឹងបែកសន្លឹក ២ មានបុរសម្នាក់មកដណ្ដឹងទិញឃ្លោកនោះឲ្យថ្លៃ ១
កហាបណៈហើយដើរទៅលំនៅវិញបាត់ ។ ដូនចាស់រក្សាឃ្លោកនោះ លុះឃ្លោកផ្លែ
មានបុរសម្នាក់ដទៃមកដណ្ដឹងទិញឃ្លោកនោះទៀត ដូនចាស់ថា “ឃ្លោកនេះគេទិញអស់ហើយ
អញលក់ឲ្យចៅម្ដេចបាន” ។ បុរសនោះថា “គេទិញពីកាលណា ? ” ។ ដូនចាស់ថា “កាលដុះបែកសន្លឹក
២” ។ បុរសនោះសួរទៀតថា “គេទិញដូននោះតើឲ្យថ្លៃប៉ុន្មាន ? ” ។
ដូនថា “ កាលគេមកទិញនោះគេឲ្យថ្លៃ ១ កហាបណៈ ” ។ បុរសនោះថា “ គេទិញតែដើមទេ
ឥឡូវខ្ញុំយកថ្លៃឃ្លោកជូន ព្រោះបានទិញហើយ ”។ ដូនចាស់ថា “ចៅអើយ ! អ្នកទិញមុនគេយកផ្លែនោះឯង”
។ ចៅនោះថា “លែងតែលក់ឲ្យខ្ញុំចុះ ខ្ញុំឲ្យថ្លៃជូន ២ កហាបណៈ” ។
ដូនចាស់អរនឹងប្រាក់នោះ ក៏លក់ឃ្លោកនោះទៅ ។ បុរសនោះទិញបានផ្លែឃ្លោកហើយ
ក៏នៅចាំរក្សាឃ្លោកនោះ លុះដល់ធំក៏បេះយកទៅធ្វើសាដៀវ ហើយដេញលេងនៅលំនៅអាត្មាឯង ។
ឯបុរសទិញដើមឃ្លោកអំពីមុន ដើរទៅឮបុរសនោះដេញសាដៀវពីរោះ ក៏ចូលទៅដណ្ដឹងថា
“បានឃ្លោកសាដៀវនេះពីណា ?”
។ បុរសដេញសាដៀវថា “អញទិញគេ” ។ ចៅមួយដណ្ដឹងទៀតថា “ចៅទិញពីណា? ”។
ចៅម្ចាស់សាដៀវថា “ទិញអំពីដូនចាស់ ”។ ចៅទិញដើមឃ្លោកមុនថា “ ម្ដេចក៏ចៅលួចផ្លែឃ្លោកអញ ? ” ។
ឯចៅម្ចាស់សាដៀវថា “ អញទិញពីដូនចាស់នោះ ត្រឹមត្រូវតាមច្បាប់ ម្ដេចក៏ចៅថា
“អញលួចឃ្លោកចៅឯង ?
បើដូច្នេះយើងនឹងគ្នាទៅដណ្ដឹងដូនចាស់ម្ចាស់ឃ្លោកនោះ ”
ទើបចៅទាំង ២ នាក់នាំគ្នាទៅដល់ដូនចាស់នោះ ហើយសួរថា “ ដូនលក់ផ្លែឃ្លោកឲ្យចៅនេះមែនឬ ? ” ។
ដូនចាស់ថា “ លក់មែន ” ។ ចៅម្ចាស់ឃ្លោកដែលទិញពីមុននោះថា
ម្ដេចក៏ដូនលក់ផ្លែឃ្លោកខ្ញុំ ?
។ កាលបើដូច្នេះចៅទាំង ២ នាំគ្នាទៅគាល់ព្រះមហាក្សត្រ
សូមទ្រង់កាត់សេចក្ដីនោះ ។
ទើបព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាហើយមានព្រះបន្ទូលថា “ព្រះស្ដែងទិញមុនគេនោះ
ទិញតែដើមទេ ហើយដើរទៅបាត់ទៅពុំនៅរក្សាផ្លែឃ្លោកនោះ
ត្រូវបានទៅព្រះស្ដែងដែលទិញក្រោយនោះឯង ” ។
ទ្រង់ព្រះវិនិច្ឆ័យដូច្នេះ ហៅសុគតិគមនំហោង។ “បុរសទាំង
២ សុខចិត្តក៏ក្រាបបង្គំលាទៅកាន់ផ្ទះអាត្មាទីទៃៗ។”
រឿង ដូនចាស់ដាំដើមឃ្លោកសាដៀវ
Reviewed by VannyDa
on
1:07 PM
Rating: