រឿង ស្រីមានសហាយ ៗ ស្លាប់
មាននិទានមួយថា : មានបុរសម្នាក់និងស្រីម្នាក់ជាស្មន់អន្ធករផងគ្នា
លួចទៅមករកគ្នា ម្ដាយឪពុកពុំដឹងឡើយ ។ មានកាលមួយថ្ងៃ
ខ្លែងឆាបពស់វែកឆី វាហើរមកជ្រុះពស់លើដំបូលផ្ទះស្រីនោះ ។
ក្នុងរាត្រីនោះឯងបុរសនោះទៅកាន់ផ្ទះមេស្មន់អន្ធករ គាប់ចួនភ្លៀងធំ
បុរសនោះស្រែកទឹកប្រើមេស្មន់អន្ធករទៅសិតទឹកឲ្យ ។
មេស្មន់អន្ធករពុំទៅសិតទឹកអំពីក្អមយកសៀនទៅត្រងទឹកភ្លៀងនៅរងស្បូវ
ត្រូវឆ្អឹងពស់វែកនោះ ទឹកភ្លៀងដូចគេលាងពិសពស់ហូរចូលទៅក្នុងសៀន ។
មេស្មន់អន្ធករមិនបានដឹង ក៏យកមកឲ្យបុរសនោះផឹក ។ កម្លាំងពិសពស់ខ្លាំង
បុរសនោះក៏ហល់ផ្ទៃស្លាប់ទៅ ។
មេស្មន់អន្ធករបីខ្មោចបុរសនោះយកទៅដាក់នៅកណ្ដាលផ្លូវ ។ លុះព្រឹកឡើង
ឪពុកម្ដាយបុរសស្លាប់នោះ ដឹងថាកូនបាត់ហើយដើរខ្មីឃ្មាតទៅរក
បានឃើញខ្មោចកូននៅកណ្ដាលផ្លូវក៏ភិតភ័យរលះរលាំងទៅប្ដឹងចៅក្រម ។
ឯចៅក្រមដណ្ដឹងថា “កូននោះស្លាប់ដោយមានហេតុឬឥតហេតុ ?” ។
ម្ដាយឪពុកឆ្លើយថា “ ខ្ញុំពុំឃើញហេតុអ្វីទេ ” ។ ចៅក្រមថា “
បើឥតហេតុដូច្នោះ យើងនឹងជំនុំជម្រះឲ្យពុំបាន ” ។
ទើបឪពុកម្ដាយប្ដឹងចៅក្រម ឲ្យនាំខ្លួនឡើងទៅគាល់ព្រះមហាក្សត្រហើយក្រាបបង្គំទូលថា
“ សូមទ្រង់ព្រះអង្គមេត្តាប្រោស,
កូនខ្ញុំព្រះបាទអម្ចាស់នេះស្លាប់នៅកណ្ដាលផ្លូវ
ចៅក្រមពិចារណារកឲ្យខ្ញុំព្រះបាទអម្ចាស់ពុំបានឡើយ
ទើបខ្ញុំព្រះបាទអម្ចាស់មកក្រាបទូលព្រះបាទអម្ចាស់ពុំចេរ សូមទ្រង់ព្រះពិចារណា”
។ ទើបព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថា
“បើអស់ចៅក្រមទាំងអម្បាលម៉ាននោះជំនុំពិចារណាក្ដីនេះពុំបាន
ក៏អញនឹងពិចារណាខ្លួនឯង” ទើបព្រះអង្គឲ្យហៅកំលោះរាជានុកូលម្នាក់មក
ហើយទ្រង់មានព្រះបន្ទូលថា “ចូរព្រះស្ដែងយកខ្មោចបុរសនោះទៅដាក់លើផ្ទះឪពុកម្ដាយ
ហើយប្រាប់អស់ទាំងស្រីផងឲ្យទៅយំសោកក្បែរខ្មោចបុរសនោះ
ហើយព្រះស្ដែងចាំស្ដាប់ទំនួញអស់ស្រីទាំងនោះវាយំទួញថាម្ដេចៗ ខ្លះ ? ស្រីណាយំសោកស្ដាយថាម្ដេច
ព្រះស្ដែងកត់ត្រាឈ្មោះអស់ស្រីអម្បាលនោះសព្វគ្រប់យកមកឲ្យអញ” ។
ឯចៅកំលោះរាជានុកូលនោះ
ក្រាបថ្វាយបង្គំទទួលព្រះបន្ទូលចេញទៅយកខ្មោចបុរសនោះទៅដាក់លើផ្ទះម្ដាយឪពុក
ហើយប្រាប់អស់ស្រីផងឲ្យមកយំសោក ខ្មោចនោះដូចព្រះបន្ទូល ។
អស់ស្រីឯទៀតមកយំហើយទៅផ្ទះទីទៃ ៗ ទៅនៅតែមេម្នាក់យំសោកអាល័យពុំអស់សេចក្ដីពុំទៅផ្ទះ
ឱបខ្មោចទួញយំនៅទីនោះ ។ កំលោះរាជានុកូល
កត់ដោយដំណើរហើយយកទៅទូលព្រះមហាក្សត្រ ព្រះអង្គជ្រាបដោយដំណើរនោះហើយ
ទ្រង់មានព្រះបន្ទូលឲ្យទៅដណ្ដឹងមេនោះថា “
ត្រូវជាសាច់ញាតិម្ដេចនិងខ្មោចនោះ បានជាឱបទួញយំពុំទៅផ្ទះ” ។
មេនោះឆ្លើយថា “ ពុំជាសាច់ញាតិទេ ត្បិតចៅនេះជាស្មន់អន្ធករនឹងខ្ញុំ
ទៅរកខ្ញុំ ចួនភ្លៀងធំ ចៅនេះស្រែកទឹក
ខ្ញុំយកសៀនត្រង់ទឹកភ្លៀងឲ្យចៅនេះ ៗ នេះផឹកហើយ
ស្រាប់តែហល់ផ្ទៃស្លាប់យប់នោះឯង ខ្ញុំយកខ្មោចទៅដាក់នៅកណ្ដាលផ្លូវ
ខ្ញុំស្រណោះបុរសនេះឯងទើបខ្ញុំយំ ” ។ កំលោះរាជានុកូលក៏នាំពាក្យទាំងនេះ
ទៅក្រាបទូលព្រះមហាក្សត្រ ។ ព្រះអង្គបានជ្រាបអស់ដំណើរដូច្នោះហើយ
ទើបព្រះអង្គឲ្យមកមើលលើដំបូលផ្ទះស្មន់អន្ធករនោះ
ឃើញមានឆ្អឹងពស់វែកនៅទីដែលមេស្មន់អន្ធករត្រងទឹកភ្លៀងឲ្យបុរសនោះផឹក
ទើបទ្រង់មានព្រះបន្ទូលថា “នេះហេតុកម្មបុរាណខ្លួនឯងមកផ្ដល់ ”
ឯមេស្មន់អន្ធករនោះពុំធ្វើថ្នាំបំពុលឡើយ” ។
ព្រះអង្គពុំឲ្យឪពុកម្ដាយបុរសស្លាប់នោះនាំមេស្មន់អន្ធករនោះជាក្ដីឡើយ
បើឲ្យមេស្មន់អន្ធករនោះទៅលំនៅអាត្មាទីទៃ ៗ ហោង ។
រឿង ស្រីមានសហាយ ៗ ស្លាប់
Reviewed by VannyDa
on
1:02 PM
Rating: