រឿង សត្វឥន្ទ្រី និងក្រពើដណ្ដើមដំរីគ្នាស៊ី
មាននិទានមួយថា : មានសត្វឥន្ទ្រីមួយនៅលើកោះ
កណ្ដាលសមុទ្រ ហើយមានក្រពើមួយធ្វើរូងនៅលើកោះនោះផង ។
សត្វឥន្ទ្រីនោះតែងទៅឆាបដំរីអំពីត្រើយសមុទ្រយកមកឆី
នៅខាងរូងក្រពើជាប្រក្រតី ។ ថ្ងៃមួយ
ក្រពើមើលយល់ឥន្ទ្រីពាំដំរីនិងឆីហើយ ក្រពើនោះគិតគ្នាន់ក្នុងចិត្តថា “
អញនឹងដណ្ដើមសាច់ដំរីអំពីឥន្ទ្រីឆី ។
លុះឥន្ទ្រីពាំដំរីមកដាក់ដល់ឋានដែលធ្លាប់តែបរិភោគរៀងរាល់ថ្ងៃនោះ
ក្រពើនោះវាចេញអំពីរូងឡើងទៅរកឥន្ទ្រីហើយសួរថា “ ម្នាលឥន្ទ្រី ! ម្ដេចក៏ព្រះស្ដែងមកលួចសាច់ដំរីជាអាហារអញ ? ” ។
ឥន្ទ្រីឆ្លើយថា “ ដំរីនេះអញឆាបយកមកអំពីត្រើយសមុទ្រជាប្រាកដទើបតែអម្បាញ់មិញនេះឯង
ម្ដេចក៏ព្រះស្ដែងថាអញលួចអាហារព្រះស្ដែង ? ” ។
ក្រពើនិងឥន្ទ្រីវិវាទគ្នា ប្រាថ្នាចង់បានសាច់ដំរីទៅវិញទៅមក
ពុំដាច់ស្រេចឡើយ ទើបនាំគ្នាទៅប្ដឹងពោធិសត្វជាតាបសនៅទីនោះ ។
ក្រពើនិងឥន្ទ្រីប្ដឹងដោយដំណើរទីទៃ ៗ ។ ក្រពើថា “
ខ្ញុំខាំដំរីនឹងឆីនៅរូងខាងរូងលំនៅខ្ញុំ ឥន្ទ្រីនេះមកដណ្ដើមសាច់ដំរី
នឹងយកឆីជាអាហារវា ” ។ ឥន្ទ្រីថា “
ដំរីនេះខ្ញុំឆាបអំពីត្រើយសមុទ្រជាប្រាកដ ទើបតែមកដល់ ខ្ញុំគិតនឹងឆី
ស្រាប់តែក្រពើនេះវាវារឡើងអំពីរូង ទៅថា “ ខ្ញុំលួចចំណីអាហារវា ”
ទាំងនេះសូមព្រះអង្គពិចារណាឲ្យខ្ញុំហោង ” ។
ទើបតាបសមកមើលដល់ទីកន្លែងដំរីឃើញតែស្នាមក្រចកឥន្ទ្រី
ពុំឃើញចង្កូមក្រពើនោះឡើយ ព្រះអង្គយកក្រចកឥន្ទ្រីមកផ្ទាប់មើលយល់ថាមែន
។ តាបសថា “ឥន្ទ្រីនេះយល់ជាមានសាក្សីមែនពិត
ឯក្រពើឥតសាក្សីអ្វីឡើយ" ទើបកាត់សេចក្ដីនោះឲ្យក្រពើចាញ់ឥន្ទ្រី ។
តាបសកាត់សេចក្ដីដូច្នេះ ហៅថាសុគតិគមនំហោង
។
រឿង សត្វឥន្ទ្រី និងក្រពើដណ្ដើមដំរីគ្នាស៊ី
Reviewed by VannyDa
on
1:02 PM
Rating: