រឿង បុរសកម្សត់នៅក្បែរផ្ទះសេដ្ឋីស្រង់ក្លិនអាហារសេដ្ឋី
មាននិទានមួយថា : មានបុរសកម្សត់ម្នាក់នៅក្បែរខាងផ្ទះសេដ្ឋី
បើខ្យល់បក់ពីខាងលិច រុះរើខ្ទមទៅសង់ពីខាងកើត បើខ្យល់បក់ពីខាងកើត
រុះរើខ្ទមទៅសង់ពីខាងលិច បើខ្យល់បក់ពីខាងជើង
រុះរើខ្ទមទៅសង់ពីខាងត្បូង បើខ្យល់បក់ពីខាងត្បូង
រុះរើខ្ទមទៅសង់ពីខាងជើង ។ សេដ្ឋីឃើញដូច្នោះប្រើខ្ញុំទៅដណ្ដឹងថា “
បុរសនោះចេះតែរុះរើខ្ទមទៅមក ៗ ធ្វើអ្វីដូច្នេះ ? ” ។
ខ្ញុំទៅដណ្ដឹង បុរសនោះប្រាប់ថា “ អ្នកអើយ ! អ្នកប្រាប់លោកផងថា “
ដែលខ្ញុំរុះរើទៅមក ត្បិតខ្ញុំស្រង់ក្លិនចំណីអាហារលោកនេះឯង ” ។
ខ្ញុំក៏វិលមកប្រាប់វិញដោយដំណើរនោះ ។ សេដ្ឋីគិតថា “
បើវារស់ដោយក្លិនអាហារអញ ដូច្នេះអញយកវាជាខ្ញុំបានហោង ” គិតដូច្នេះហើយក៏នាំបុរសនោះទៅប្ដឹងចៅក្រម
ឲ្យជំនុំពិចារណាដោយដំណើរនោះ ចៅក្រមថា “ បើដូច្នោះអ្នកយកជាខ្ញុំបានហោង
” ។ បុរសនោះថា បើដូច្នោះអ្នកនាំខ្ញុំទៅគាល់ព្រះមហាក្សត្រ
ខ្ញុំនឹងក្រាបបង្គំទូលសុំព្រះរាជទ្រព្យឲ្យថ្លៃខ្លួនខ្ញុំ ” ។ ទើបសេដ្ឋីនាំបុរសនោះទៅគាល់ព្រះមហាក្សត្រ
។ បុរសនោះក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់នៅក្បែរផ្ទះសេដ្ឋីនេះ
បើខ្យល់បក់ពីខាងលិច រុះរើខ្ទមទៅសង់ពីខាងកើត
បើខ្យល់បក់មកពីខាងកើត ខ្ញុំព្រះបាទអម្ចាស់រុះរើខ្ទមទៅសង់ពីខាងលិច បើខ្យល់បក់ពីខាងជើង
ខ្ញុំព្រះបាទអម្ចាស់រុះរើខ្ទមទៅសង់ពីខាងត្បូង, បើខ្យល់បក់ពីខាងត្បូង
ខ្ញុំព្រះបាទអម្ចាស់រុះរើខ្ទមទៅសង់ពីខាងជើង, ខ្ញុំព្រះបាទអម្ចាស់រុះរើទៅមក
ៗ ដូច្នេះ ដើម្បីស្រង់ក្លិនចំណីអាហារ របស់សេដ្ឋីនេះ, សេដ្ឋីនេះថា
“ ខ្ញុំព្រះបាទអម្ចាស់រស់នៅដោយសារក្លិនចំណីអាហាររបស់គាត់ ”
ហើយគាត់ចាប់ខ្ញុំព្រះបាទអម្ចាស់យកទៅប្ដឹងចៅក្រម ៗ
បង្គាប់ឲ្យខ្ញុំព្រះបាទអម្ចាស់ទៅជាខ្ញុំសេដ្ឋីនេះ
ខ្ញុំព្រះបាទអម្ចាស់មកក្រាបទូលសុំព្រះរាជទ្រព្យឲ្យថ្លៃខ្លួន
ខ្ញុំព្រះបាទអម្ចាស់” ។ ព្រះមហាក្សត្រទ្រង់ដណ្ដឹងទៅសេដ្ឋីថា “ ម្នាលសេដ្ឋី ! ដំណើរសេចក្ដីនេះមែនពិតដូច្នេះ
ឬដូចម្ដេច?” សេដ្ឋីក្រាបបង្គំទូលថា “ដំណើរនេះពិតដូច្នេះមែន” ។
ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាយល់ថាចៅក្រមនោះពុំទៀងត្រង់ ទើបព្រះអង្គឲ្យយកសំពត់មកក្រាលកណ្ដាលថ្ងៃឲ្យយកប្រាក់មកចាក់គរលើសំពត់សនោះ
ហើយទ្រង់មានព្រះបន្ទូលថា
“ចូរព្រះស្ដែងសេដ្ឋីទៅយកប្រាក់ថ្លៃតួបុរសនោះចុះ ។
សេដ្ឋីទទួលព្រះបន្ទូលហើយ ទៅនឹងឈោងយកប្រាក់អំពីសំពត់សនោះ
ព្រះអង្គមានព្រះបន្ទូលថា “ បើបុរសនោះបានឆីចំណីអាហារព្រះស្ដែងមែន
ទើបគួរព្រះស្ដែងយកប្រាក់លើសំពត់សនោះ
ឥឡូវបុរសនេះស្រង់យកតែក្លិនអាហារទេ
មានតែព្រះស្ដែងយកស្រមោលប្រាក់នោះទើបល្មមនឹងតម្លៃក្លិនអាហារព្រះស្ដែង
” ។ បុរសនឹងសេដ្ឋីនោះចូលចិត្តហើយ ក្រាបថ្វាយបង្គំលាទៅលំនៅអាត្មាទីទៃហោង
។ ”
រឿង បុរសកម្សត់នៅក្បែរផ្ទះសេដ្ឋីស្រង់ក្លិនអាហារសេដ្ឋី
Reviewed by VannyDa
on
1:01 PM
Rating: