រឿង ព្រះរាជកុមារ ៤ អង្គត្រូវជ្រើសយកមួយអង្គសោយរាជ្យ
មាននិទានមួយថា : មានព្រះរាជកុមារ
៤ អង្គចេញទៅរៀនសិល្បសាស្ត្រឯក្រុងតក្កសិលាមហានគរ
លុះរៀនសិល្បចប់សព្វគ្រប់ហើយត្រលប់វិលវឹងមកឈប់សម្រាក នៅឧទ្យានមួយ ។
កាលនោះមានព្រះមហាក្សត្រនគរដទៃមួយសោយព្រះទិវង្គត
ហើយឥតអ្នកណានឹងធ្វើជាស្ដេចសោយរាជស្នងព្រះមហាក្សត្រនោះ
ទើបព្រាហ្មណ៍អ្នកប្រាជ្ញបុរោហិតមុខមន្ត្រីសេនាបតីកវីបណ្ឌិតព្រឹទ្ធាមាត្រ
ទឹមបុស្សរថអធិដ្ឋានផ្សងរកអ្នកមានបុណ្យ
ដើម្បីទទួលយកមកឲ្យសោយរាជសម្បត្តិគ្រប់គ្រងព្រះនគរនោះ ។ កាលផ្សងទៅ
បុស្សរថនោះពុំទៅរំលងឧទ្យាននោះឡើយ ។
ពួកបុរោហិតចូលទៅមើលយល់រាជបុត្រទាំង ៤ ព្រះអង្គគង់នៅទីនោះ
ក៏យកទឹកស្រង់ទាំង ៤ ព្រះអង្គ ស្រេចហើយអញ្ជើញចេញមក ទើបអស់ព្រាហ្មណ៍អ្នកប្រាជ្ញបុរោហិត
នឹងមុខមន្ត្រីសេនាបតីកវីបណ្ឌិតព្រឹទ្ធាមាត្រទាំងនោះពិចារណាគ្នាថា “
រាជកុមារទាំង ៤ ព្រះអង្គនេះយើងនឹងយកព្រះអង្គណាជាម្ចាស់យើង ? ” ។
ទើបព្រាហ្មណ៍អ្នកប្រាជ្ញបុរោហិតអម្បាលនោះ គិតធ្វើជាប្រស្នាពិសោធរាជកុមារទាំង
៤ ថា “ អង្គឯណាមានបុណ្យប្រកបដោយលក្ខណៈត្រូវបានជាស្ដេច”
គិតដូច្នេះហើយក៏ព្រាហ្មណ៍អ្នកប្រាជ្ញទាំងនោះក្រាបបង្គំទូលថា “
បពិត្រព្រះរាជកុមារទាំង ៤ ព្រះអង្គ ! យើងខ្ញុំនឹងនិទានរឿងមួយ
ថ្វាយព្រះអង្គ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់” ហើយព្រាហ្មណ៍និទានថា “
មាននគរ ១ មានរាជធីតា ៤ ព្រះអង្គ នាង ១ មានរូបឆោមល្អប្រពៃ នាង ១
ចេះវត្តប្រតិបត្តិហើយចេះប្រដាប់ភោជនាហារដ៏មានរសឆ្ងាញ់ពិសា, នាង ១
ចេះផ្គត់ផ្ទង់សារពើទ្រព្យផង រក្សាទុកមិនឲ្យខ្ចាត់ខ្ចាយ នាងមួយចេះប្រដៅខ្ញុំកំដរផង
ចេះចាយទ្រព្យឲ្យទានសមណព្រាហ្មណ៍ ភណាចារ្យនិងស្មូមយាចកផង, បើនាងទាំង
៤ សុទ្ធតែប្រកបដោយលក្ខណៈទីទៃ ៗ ដូច្នេះ តើព្រះអង្គទាំង ៤
សព្វព្រះរាជហឫទ័យ និងយកនាងណាជាព្រះរាជទេពីនៃព្រះអង្គនីមួយ ៗ ? ” ។
ព្រះរាជកុមារ ១ ថា “ នាងដែលមានរូបល្អនោះគួរជារាជទេពី” ។ ព្រះរាជកុមារ ១
ថា “នាងដែលមានវត្តប្រតិបត្តិចេះប្រដាប់ភោជនាហារ ដ៏មានរសឆ្ងាញ់ពិសានោះ
គួរជារាជទេពី ” ។ រាជកុមារ ១ ថា “
នាងដែលចេះផ្គត់ផ្គង់សារពើទ្រព្យរក្សាទុកមិនឲ្យខ្ចាត់ខ្ចាយនោះគួរជារាជទេពី
” ។ ព្រះរាជកុមារ ១ ថា “ នាងដែលចេះប្រដៅខ្ញុំកំដរផង
ចេះចំណាយទ្រព្យផ្គត់ផ្គង់សមណព្រាហ្មណ៍ភណាចារ្យនិងឲ្យទានស្មូមយាចកផងនោះ
គួរបានជារាជទេពី ”។
ទើបអស់ព្រាហ្មណ៍អ្នកប្រាជ្ញ
រាជបុរោហិតមុខមន្ត្រីសេនាបតី កវីបណ្ឌិតព្រឹទ្ធាមាត្យទាំងនោះ
ទទួលយកព្រះរាជកុមារអង្គក្រោយដែលសព្វព្រះរាជហឫទ័យ
ចំពោះនាងដែលចេះបង្គាប់បញ្ជាប្រដៅខ្ញុំកំដរផង
ចេះរក្សាទ្រព្យផ្គត់ផ្គង់សមណព្រាហ្មណ៍ភណាចារ្យ
និងឲ្យទានស្មូមយាចកផងនោះឯង អភិសេកឡើងជាស្ដេច សម្រេចដោយនូវប្រការអម្បាលនេះហោង
។
រឿង ព្រះរាជកុមារ ៤ អង្គត្រូវជ្រើសយកមួយអង្គសោយរាជ្យ
Reviewed by VannyDa
on
1:03 PM
Rating: