រឿង បុរសឆោត ៤ នាក់ ដណ្ដើមស្រីម្នាក់ធ្វើជាប្រពន្ធ
មាននិទានមួយថា : មានបុរសឆោត
៤ នាក់ បបួលគ្នាទៅចាប់ស្ត្រីក្រមុំម្នាក់ បានហើយ បុរសឆោតទាំង ៤
នាក់នោះក៏វិវាទគ្នា ប្រាថ្នាចង់យកជាភរិយាអាត្មាទីទៃ ៗ ។
ស្រីនោះឆ្លើយថា “ហៃចៅទាំង ៤ នាក់អើយ ! ឥឡូវនេះ
ចៅវិវាទគ្នាដោយចង់យកអញជាប្រពន្ធនោះ អញពុំទាន់យកចៅណានីមួយឡើយ
បើនរណាឆោត ទើបអញធ្វើជាប្រពន្ធអ្នកនោះហោង”។
បុរសឆោតទាំង ៤
នាក់នោះនាំគ្នាទៅប្ដឹងចៅក្រម ៗ ពិចារណារឿងបុរសឆោតទាំង ៤ នាក់
និងស្ត្រីនោះពុំបាន ទើបនាំស្ត្រី និងបុរសទាំង ៤ នាក់នោះ
ឡើងទៅគាល់ព្រះមហាក្សត្រក្រាបបង្គំទូលថា “សូមព្រះរាជទានបុរសឆោតទាំង
៤នេះ ចាប់ស្ត្រីក្រមុំម្នាក់នេះបានមកហើយវិវាទគ្នា
ប្រាថ្នានិងយកជាភរិយាអាត្មាទីទៃ ៗ” ។ ស្ត្រីនេះពុំយកអ្នកណាឡើយ
គ្រាន់តែឆ្លើយថា “បើចៅឯណាឆោតណាស់ ទើបយកចៅនោះឯង” ។ បុរសទាំង ៤
និងស្ត្រីនេះនាំគ្នាប្ដឹង ខ្ញុំព្រះបាទអម្ចាស់ឲ្យពិចារណាឲ្យ ខ្ញុំព្រះបាទអម្ចាស់ពិចារណាពុំបាន
ទើបនាំស្ត្រីនិងបុរសឆោតទាំង ៤ នាក់នេះមកក្រាបបង្គំទូលព្រះបាទអម្ចាស់
សូមទ្រង់ព្រះតម្រិះពិចារណាហោង” ។ ទើបព្រះមហាក្សត្រត្រាស់ដណ្ដឹងថា
“នែចៅឆោតទាំង ៤ នាក់! ចៅឆោតម្ដេចខ្លះ ? ចូរព្រះស្ដែងថ្លែងដំណើរឆោតនោះ
មកអញនិងស្ដាប់ផងមើល”។
ទើបបុរសម្នាក់នោះក្រាបបង្គំទូលសម្ដែងឆោតថា
“ មានបុរសជាស្មន់អន្ធករនិងប្រពន្ធខ្ញុំព្រះបាទអម្ចាស់ ៗ ពុំដឹងឡើយ
ថ្ងៃមួយអាស្មន់អន្ធករវាត្បាញជាលជារូបស្រីម្នាក់ស្លៀកដណ្ដប់ឲ្យ
ហើយបណ្ដើរមកសុំដេកក្រោមផ្ទះខ្ញុំព្រះបាទអម្ចាស់ ៗ
ក៏បើកឲ្យបុរសនោះដេក លុះដល់ពាក់កណ្ដាលអាធ្រាត្រ
ប្រពន្ធខ្ញុំព្រះបាទអម្ចាស់ធ្វើជាឈឺផ្ទៃ
ដាស់ឲ្យខ្ញុំព្រះបាទអម្ចាស់ឲ្យអុជចន្លុះជូនទៅដល់ជើងជណ្ដើរផ្ទះ
ប្រពន្ធខ្ញុំព្រះបាទអម្ចាស់ ដើរទៅដល់របង ត្រលប់វិលមកដេកនិងស្មន់អន្ធករនៅក្រោមផ្ទះវិញ, លុះយូរបន្តិច
ទើបប្រពន្ធខ្ញុំព្រះបាទអម្ចាស់មកកាន់ខ្ញុំព្រះបាទអម្ចាស់វិញ
លុះខ្ញុំព្រះបាទអម្ចាស់ គន់មើលចំណាំរៀង ៗ ទៅ
ទើបដឹងជាក់ថាប្រពន្ធទៅដេកនិងស្មន់អន្ធករ នៅក្រោមផ្ទះនោះហោង ដូច្នេះឯង
ខ្ញុំព្រះបាទអម្ចាស់ថាខ្លួនឆោតក្រៃលែងឆោត ”។
បុរសក្រាបទូលរឿងឆោតថ្វាយថា “
មានកាលថ្ងៃ ១ ខ្ញុំព្រះបាទអម្ចាស់និងប្រពន្ធទៅដកសំណាបក្នុងស្រែ
ស្មន់អន្ធកររបស់ប្រពន្ធខ្ញុំព្រះបាទអម្ចាស់វាឡើងទៅលើដើមឈើ
ហើយស្រែកមកថា “ ខ្ញុំព្រះបាទអម្ចាស់ទាំង ២ ខូចនឹងគ្នា ”
ខ្ញុំព្រះបាទអម្ចាស់ថាទៅកាន់វាវិញថា “ យើងពុំខូចនឹងគ្នាឡើយ ”
វាស្ដាប់ពាក្យខ្ញុំព្រះបាទអម្ចាស់ថាដូច្នោះហើយ
វារឹតតែស្រែកអាក្រោសមកជាពីរដងបីដង ទើបប្រពន្ធខ្ញុំព្រះបាទអម្ចាស់ថា
“ បើវានៅលើដើមឈើ វាថាយើងនេះខូចនឹងគ្នា ”
ដូច្នេះចូរអ្នកហៅវាចុះមកនៅខាងអញ
ហើយអ្នកឡើងទៅលើដើមឈើដែលវាឡើងនោះ
រួចអ្នកមើលមកអញតើយល់ដូចពាក្យវាថា ឬដូចម្ដេច ?”
លុះប្រពន្ធខ្ញុំព្រះបាទអម្ចាស់ថាដូច្នោះ
ទើបខ្ញុំព្រះបាទអម្ចាស់ហៅវាចុះមកនៅខាងប្រពន្ធខ្ញុំបាទអម្ចាស់
ហើយខ្ញុំព្រះបាទអម្ចាស់ឡើងទៅនៅលើដើមឈើដែលវាឡើងនោះ, លុះវាចុះមកវិញវាខូចនឹងប្រពន្ធខ្ញុំព្រះបាទអម្ចាស់
ៗ មើលទៅឃើញវាខូចនឹងគ្នា
ហើយខ្ញុំព្រះបាទអម្ចាស់គិតយល់ថាមែនដូចពាក្យវាថា ទើបខ្ញុំព្រះបាទអម្ចាស់ចុះអំពីលើដើមឈើនោះមកកាន់ប្រពន្ធវិញ
លុះចំណេរទៅ ខ្ញុំព្រះបាទអម្ចាស់ចាំឃ្លាំមើលចំណាំរៀង ៗ តទៅទៀត
ទើបយល់ថាវាខូចនឹងប្រពន្ធខ្ញុំព្រះបាទអម្ចាស់ពិតមែនដូច្នេះ
ខ្ញុំព្រះបាទអម្ចាស់យល់ថាខ្លួនឆោត ក្រៃលែងឆោត ”។
បុរសម្នាក់ក្រាបទូលរឿងឆោតថ្វាយថា “
កាលខ្ញុំព្រះបាទអម្ចាស់នៅកំលោះ គេហៅខ្ញុំព្រះបាទអម្ចាស់ទៅហូបបាយ
ខ្ញុំព្រះបាទអម្ចាស់ឃើញស្រីក្រមុំច្រើនពេក ខ្ញុំព្រះបាទអម្ចាស់ខ្មាសគេ
ពុំបានហូបបាយ តែខ្ញុំព្រះបាទអម្ចាស់ឃ្លានបាយណាស់ ខ្ញុំព្រះបាទអម្ចាស់យកអំបុកមកអកពេញមាត់
តឹងថ្ពាល់ទាំងសងខាង អំបុកនោះរីកចេញឃើញដូចបូស នឹងលេបចូលពុំរួច
នឹងខ្ជាក់ចេញពុំបាន លុះគេតឿនឲ្យហូបបាយ ហូបនឹងគេពុំបានឡើយ
គេឃើញខ្ញុំព្រះបាទអម្ចាស់ស្ងៀមដូច្នោះ ទើបគេយកចន្លុះមកឆ្លុះមើលថ្ពាល់ទាំងសងខាងឃើញដូចបូស
ខ្ញុំព្រះបាទអម្ចាស់រឹតតែខ្មាសស្រីក្រមុំទាំងនោះណាស់ទៅទៀត
ដូច្នេះខ្ញុំព្រះបាទអម្ចាស់យល់ថាខ្លួនឆោតក្រៃលែងឆោត” ។
បុរសម្នាក់ទៀត សម្ដែងឆោតក្រាបទូលថា
“មានកាលថ្ងៃមួយ ខ្ញុំព្រះបាទអម្ចាស់ វេចបាយ ១ សំណុំចងពុននៅផ្លែលំពែង
ដើរចេញទៅ ចូលក្នុងព្រៃ ខ្ញុំព្រះបាទអម្ចាស់បញ្ឈរលំពែងនៅក្រោមឈើ ១ ដើម
លុះខ្ញុំព្រះបាទអម្ចាស់ឃ្លានបាយ ឈោងយកបាយសំណុំពុំបានឡើយ
ខ្ញុំព្រះបាទអម្ចាស់ក៏បញ្ឈរលំពែង ចុះក្បែរដើមឈើ
ហើយឡើងឈើនោះសួតាមមែកនឹងយកកញ្ចប់បាយមកស្រាយហូប
ខ្ញុំព្រះបាទអម្ចាស់ភ្លាត់ជើងធ្លាក់ចុះលើផ្លែលំពែងមុតធ្លុះថ្ពាល់ទាំងពីរខាង
ពុំបានស្រាយបាយចេញមកហូបឡើយ ហេតុដូច្នេះ ទើបខ្ញុំព្រះបាទអម្ចាស់នេះ
យល់ថាខ្លួនខ្ញុំព្រះបាទអម្ចាស់ឆោតក្រៃលែងឆោត ”។
កាលព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់
បុរសទាំង ៤ នាក់ សម្ដែងសេចក្ដីឆោតរបស់អាត្មាទីទៃ ៗ ដូច្នេះហើយ
ព្រះអង្គមានព្រះបន្ទូលថា “ព្រះស្ដែងឆោតទាំង ៣ នាក់
ឥតបន្ទាល់សាក្សីអ្វីជាប្រាកដឡើយ, ឯព្រះស្ដែងឆោតដែលត្រូវលំពែងធ្លុះថ្ពាល់នោះ
ឃើញថាជាក់ប្រាកដគ្រាន់បើ ”
ហើយទ្រង់បង្គាប់ឲ្យបានស្ត្រីនោះជាប្រពន្ធបុរសនោះឯង។
ព្រះមហាក្សត្រព្រះអង្គកាត់សេចក្ដីដូច្នេះ
ហៅថា សុគតិគមនំហោង។
រឿង បុរសឆោត ៤ នាក់ ដណ្ដើមស្រីម្នាក់ធ្វើជាប្រពន្ធ
Reviewed by VannyDa
on
1:03 PM
Rating: