រឿង អ្នកដំណើរពីរនាក់ដណ្ដើមគ្នាដេកកណ្ដាល
កាលពីព្រេងនាយ
មានមនុស្សពីរនាក់ដើរទៅផ្លូវឆ្ងាយ ចួនយប់ក្នុងព្រៃងងឹតដើរទៅមិនរួច
បបួលគ្នាដេកក្នុងព្រៃ ។ អ្នកទាំងពីរនាក់ ចង់ដេកកណ្ដាលតែរៀងខ្លួន
ប៉ុន្តែមិនដឹងគិតធ្វើដូចម្ដេចនឹងបានដេកកណ្ដាល ។
បុរសទាំងពីរនាក់គិតគ្នាថា " បើដូច្នោះ យើងដេកយកជើងទល់គ្នា "
ហើយបុរសទាំងនោះ ក៏ដេកយកជើងទល់គ្នាទាំងពីរនាក់ទៅ ។
ក្រោយមកមានខ្លាមកឃើញមនុស្សដេកយកជើងទល់គ្នា ហើយទទូរសំពត់ជិត
មើលមិនដឹងជាសត្វអ្វីវែងដូច្នោះ ឆ្ងល់ណាស់ត្បិតមិនដែលឃើញ
ក៏បបួលអស់សត្វឯទៀតជាច្រើន មានទាំងដំរី ក្របី គោ រមាស រមាំង ក្ដាន់ប្រើស
ទ្រាយ ចចក ស្វាន ស្វា គ្រប់សត្វទាំងអស់មកមើល គ្មានសត្វណាមួយស្គាល់សោះ ។
ក្រោយមកទៀត សត្វទាំងអស់នោះគិតគ្នាថា "ឥឡូវនេះ នឹងមានអ្នកឯណាស្គាល់សត្វនេះ? ពួកយើងបបួលគ្នាមកមើលសត្វនេះ
ច្រើនភាសាណាស់ហើយ នៅសល់សត្វអ្វីទៀត ដែលមិនទាន់បានមកមើល?" ។
អស់សត្វទាំងនោះគិតគ្នាទៅ ឃើញនៅសល់តែទន្សាយពុំបានមក មួយទៀត ឮល្បីថា
"ទន្សាយនោះជាអ្នកមានប្រាជ្ញា ចេះនិយាយក្បួនច្បាប់ទម្លាប់ ចេះកលមាយា
ចាំទំនឹមទំនៀមច្រើនបើដូច្នេះ
យើងប្រើបងដំរីឲ្យទៅអញ្ជើញបងទន្សាយនោះទើបបាន
ត្បិតបងទន្សាយបើមាននរណាទៅពឹងការអ្វីគាត់ៗ កាន់ខ្លួនណាស់" ។
សត្វទាំងនោះគិតគ្នាហើយ ឲ្យដំរីទៅអញ្ជើញទន្សាយ ។ ដំរីក៏ទៅ ឃើញទន្សាយអង្គុយនៅលើក្បាលដំបូក
។ ទន្សាយឃើញដំរីដើរយេកយោកមកពីនាយ ក៏សួរថា "បងដំរី ! មានហេតុអ្វី
បានជារលះរលាំងមក?
" ។ ដំរីឆ្លើយថា "បងទន្សាយ!
ត្បិតមានសត្វអ្វីមួយចម្លែកណាស់ គ្មាននរណាស្គាល់សោះ
បានជាអស់សត្វក្នុងព្រៃនេះ ឲ្យខ្ញុំមកអញ្ជើញបងទន្សាយឯងទៅមើល
ក្រែងបងទន្សាយឯងស្គាល់សត្វនោះ" ។ ឯទន្សាយឮដូច្នោះ ហើយសួរថា
សត្វនោះដូចម្ដេច តូចឬធំ វែងឬខ្លី ? ។ ដំរីថា "សត្វនោះ
ធំចុង ធំគល់ តូចកណ្ដាល ហើយវែងប្រមាណប្រាំហត្ថ " ។
ទន្សាយឮដូច្នោះឆ្លើយឡើងថា " ឱបើដូច្នោះ បងដំរីកុំព្រួយចិត្ត
ចាំខ្ញុំទៅមើលឲ្យស្គាល់សត្វនោះ ប៉ុន្តែបងដំរីឯង
ឲ្យខ្ញុំជិះលើក្បាលបងឯងទៅ" ។ ដំរីឮដូច្នោះហើយ
ដើរចូលទៅឱនក្បាលឲ្យទន្សាយជិះលើក្បាល ទន្សាយធ្វើជាក្អេងក្អាង
លុះទៅដល់ហើយ ចុះពីក្បាលដំរី យកស្លឹកឈើដែលមានស្នាមដង្កូវវារដូចជាអក្សរ
កាន់លើកឡើងធ្វើជាសំបុត្រថា "អស់បងប្អូនស្ដាប់ខ្ញុំ
ត្បិតខ្ញុំជាបម្រើព្រះឥន្ទ្រៗ លោកប្រើឲ្យនាំសំបុត្រមក "
ហើយទន្សាយឡើងលើដំបូកធ្វើជាអានសំបុត្រថា "សត្វនេះ
ព្រះឥន្ទ្រលោកប្រើមក ឈ្មោះសត្វយោគីយោគា យកទាំងអស់គ្នា យកទាំងអញ
យកទាំងឯង " ។ អស់សត្វឮទន្សាយមើលសំបុត្រថា
"ព្រះឥន្ទ្រឲ្យមកយកទាំងអស់គ្នា" ក៏ស្ទុះបោលជាន់គ្នាស្លាប់
បាក់ដៃបាក់ជើងពាសពេញ ស្រែកលាន់ទាំងព្រៃ ។ មនុស្ស២នាក់នោះ
ដឹងថាសត្វទាំងនោះ ផ្អើលភ្ញាក់រត់ជាន់គ្នាស្លាប់ដូច្នោះ
ក្រោកឡើងលើកដៃសំពះទន្សាយថា "បងទន្សាយ មានគុណនឹងយើងខ្លាំងណាស់
បើប្រសិនជាយើងមិនបានបងទន្សាយមកធ្វើឧបាយកលឲ្យយើងទេ
នោះសមខ្លាវានឹងខាំយើងស៊ីជាចំណីវាទៅហើយ
បងទន្សាយឯងមានប្រាជ្ញាល្មមធ្វើជាសុភាបាន" ។
ឯមនុស្សទាំងពីរនាក់
មើលទៅឃើញអស់សត្វជាន់គ្នាស្លាប់ពេញព្រៃដូច្នោះ
បបួលគ្នាអារយកសាច់រែកទាំងពីរនាក់ ដើរទៅបន្តិច
ឃើញខ្លាសំគមមួយដំរីជាន់បាក់ជើង ដើរបានតិចៗ
ក៏បបួលគ្នាយកខ្សែចងដឹងយកទៅ លុះដើរទៅបន្តិចជួបនឹងអ្នកបររទេះគោ ។
ឯអ្នកបររទេះគោនោះ
ឃើញអ្នកទាំងពីររែកសាច់មកដូច្នោះក៏បញ្ឈប់រទេះសួរថា
"អ្នកធ្វើដូចម្ដេច ក៏បានសាច់ច្រើនម្ល៉េះ? ។
អ្នកនោះបញ្ឆោតថា "ឆ្កែកំបាក់ជើងខ្ញុំនេះឯង វាដេញខាំ ត្បិតឆ្កែនេះ
ជាឆ្កែប្រដេញ វាតែងតែដេញសត្វមក មិនដែលស្ងួតឆ្នាំងដល់មួយពេលទេ
ក្រែងតែគ្មានសត្វ បើព្រៃឯណាមានសត្វហើយ
មិនដែលរួចពីអាក្លឹកឆ្កែប្រដេញខ្ញុំនេះទេ ឲ្យតែវាឃើញស្នាមជើងនោះ
សង្ឃឹមថាបានឲ្យលាងឆ្នាំងចាំឲ្យហើយទៅ មុខជានឹងបានមិនដែលខានទេ"
។ ឯអ្នកបររទេះគោ ឮអ្នកនោះនិយាយអួតប្រាប់ដូច្នោះ
ហេតុតែជាមនុស្សល្ងង់មិនស្គាល់ក៏ចង់បានខ្លាកំបាក់ជើងសំគមនោះគិតថា
ជាឆ្កែមែនទែន ហើយនិយាយអង្វរលួងលោមថា "បើដូច្នោះអ្នកអាណិតខ្ញុំៗ
សុំទិញឆ្កែអ្នកយកទៅប្រដេញត្បិតស្រុកខ្ញុំមានសត្វច្រើនណាស់ " ។
អ្នករែកសាច់ឆ្លើយថា " បើខ្ញុំលក់ឆ្កែនេះឲ្យអ្នកទៅ
ផ្ទះខ្ញុំសមនឹងស្ងួតឆ្នាំងហើយ រកអ្វីស៊ីគ្មានទេ
ប៉ុន្តែអ្នកបានជួបនឹងខ្ញុំម្ដង បើមិននិយាយគ្នាក៏មិនបាន, ឆ្កែខ្ញុំនេះ
ខ្ញុំស្រឡាញ់វារកអ្វីប្រៀបគ្មានទេ បើអ្នកចង់ទិញ តើអ្នកឲ្យថ្លៃប៉ុន្មាន ? " ។ អ្នកបររទេះគោឆ្លើយថា " ខ្ញុំមានតែគោមួយនឹមនេះឯង
ហើយគោនេះ ខ្ញុំស្រឡាញ់រកអ្វីប្រៀបគ្នាទេ
ត្បិតបរមួយថ្ងៃរាល់ល្ងាចមិនឈប់សោះក៏បាន
ក្នុងមួយថ្ងៃឲ្យទឹកផឹកតែម្ដង ទាំងល្បឿនទៀតក្នុងស្រុកអាយនេះ
គ្មានគោណាលឿនស្មើទេ,
តែឥឡូវនេះ ចិត្តខ្ញុំចង់បានឆ្កែអ្នកឯង
យកទៅដេញសត្វឯស្រុកខ្ញុំៗ សុំដូរថ្នូរគោមួយនឹម ព្រមទាំងកណ្ដឹង
ចង្ក្រង់ ត្រដោក ខ្សែទាម ខ្សែចន្ទោលគ្រប់ប្រដាប់ ស្រាប់តែឡើងជិះបរតែម្ដង, ខ្ញុំសុំតែខ្លួននិងប្រពន្ធចុះចេញ"
។ អ្នករែកសាច់ឮអ្នកបររទេះថា "ដូរជាគោមួយនឹងគ្រប់ប្រដាប់
ស្រាប់តែឡើងបរ" ក៏នឹកអរក្នុងចិត្តណាស់ ដោយសាររែកសាច់វាធ្ងន់ផង
ហើយធ្វើជាមិនចង់ដូរទេ តែក្នុងចិត្តដូរណាស់ និយាយថា
"ឆ្កែខ្ញុំនេះខ្ញុំស្រឡាញ់ណាស់, ឥឡូវអ្នកមកសុំដូរពីខ្ញុំទៅ
ខ្ញុំខំកាត់ចិត្តដូរឲ្យអ្នកទៅចុះ, ប៉ុន្តែអ្នកថ្នមវាឲ្យល្អ
កុំឲ្យវាអត់ឃ្លាន ហើយអ្នកយកសាច់នេះ ទុកឲ្យវាស៊ីតាមផ្លូវទៅ " ។
ឯអ្នករែកសាច់ ឲ្យសាច់ទៅអ្នកនោះល្មមខ្លាស៊ីឆ្អែត
ហើយយកសាច់ដាក់លើរទេះបរទៅ ។ អ្នកម្ចាស់រទេះគោនោះ
ក៏ដឹកខ្លាសំគមកំបាក់ជើងទេ ទៅបន្តិចទៅ ឲ្យសាច់ទៅខ្លាស៊ីជារឿយៗ ។
ខ្លានោះបានសាច់ស៊ី មានកម្លាំង ក៏ក្រាញមិនចង់ទៅ ត្រាតែដាច់ខ្សែ
ហើយដើរចូលក្នុងព្រៃទៅ,
អ្នកនោះដឹងថាខ្លាបោលចូលទៅក្នុងព្រៃហើយ
ក៏រត់ទៅតាមចាប់ ហើយហៅថា "បឺសៗ ! អាក្លឹកមកឯអាយ" ។
ខ្លាឃើញមនុស្សទៅជិត បែរមកគំរាមធ្វើហ៊ែៗ ហ៊ៗ សន្ធាប់ឲ្យអ្នកនោះ ។
អ្នកនោះ ឃើញខ្លាគំរាមមុខគួរឲ្យខ្លាចដូច្នោះ ក៏ថយមកក្រោយវិញ
មិនហ៊ានតាមទៅទៀត ប៉ុន្តែនឹកស្ដាយ មើលទៅរទេះបរទៅបាត់
មិនដឹងជាទៅដល់ណា ។ អ្នកម្ចាស់ខ្លាបានរទេះគោនោះហើយ
ក៏ម្នីម្នាដាក់អម្រែកលើរទេះ ឡើងជិះទាំងពីរនាក់ បរជាប្រញាប់ទៅ
ឲ្យតែហួសពីមុខម្ចាស់រទេះនោះ ។
ឯអ្នកម្ចាស់រទេះដល់ខ្លាបោលចូលព្រៃទៅហើយ នឹកស្ដាយណាស់
មិនដឹងគិតធ្វើដូចម្ដេច ក៏បបួលប្រពន្ធត្រឡប់ទៅផ្ទះវិញ ។
យកហេះទៅដូរហោះ
រឿង អ្នកដំណើរពីរនាក់ដណ្ដើមគ្នាដេកកណ្ដាល
Reviewed by VannyDa
on
12:49 PM
Rating: