រឿង ចាបស្រុកនិងចាបព្រៃ
កាលពីព្រេងនាយ មានចាបស្រុកនិងចាបព្រៃ
ដើររកស៊ីដោយពួកជារាល់ថ្ងៃ ។ ខាងចាបស្រុកមានមេបាប្រដៅថា «បើរកស៊ីកុំជជែកឈ្លោះគ្នា
ឲ្យឮមាត់គឹកកងឡើយ
ឲ្យប្រយ័ត្នខ្លួនបើព្រានវាវាយលប់ត្រូវឲ្យបបួលគ្នាខំហើរទូលលប់ឲ្យរបើក
ដើម្បីនឹងឲ្យរួចរស់ជីវិត ។ ពួកចាបស្រុក ក៏ធ្វើតាមដំបូន្មានមេបាប្រដៅ
តែងដើររកស៊ី មិនសូវហ៊ានមាត់ឲ្យឮជាគឹកកងទេ
ជួនកាលបើព្រានវាយលប់ត្រូវ ក៏បបួលគ្នាខំហើរទូលលប់ព្រាន
បានរួចជីវិតតែរៀងៗមក ។ មានកាលថ្ងៃ១ពួកចាបព្រៃនិងចាបស្រុកហើរចេញទៅរកស៊ី
ជួបប្រទះហ្វូងគ្នា នៅដើមត្រែង១ គុម្ព ។ ពួកចាបព្រៃទំនៅខាងក្រោម
ពួកចាបស្រុកទំនៅខាងលើ ក៏បាក់មែកត្រែងពីលើមកត្រូវក្បាលចាបព្រៃៗ
និយាយប្រកាន់ទៅចាបស្រុកថា «ហេតុអីក៏កាច់មែកត្រែងទម្លាក់មកឲ្យត្រូវក្បាលពួកយើង?» ។
ចាបស្រុកក៏បានប្រាប់ទៅចាបព្រៃវិញថា «យើងមិនបានកាត់មែកត្រែងឲ្យបាក់ត្រូវអ្នកឯងទេ
គឺមែកត្រែងវាបាក់ឯងធ្លាក់មកទេតើ» ។
ពួកចាបព្រៃជាពួកឥតកាន់ដំបូន្មាន មិនពិចារណាឲ្យឃើញខុសត្រូវ
ក៏បបួលគ្នាបង្កហេតុ បង្កើតជាជម្លោះនឹងពួកចាបស្រុក
ឮមាត់ជាគឹកកងរំពងឡើង ។ ពួកព្រានឮមាត់ចាបនៅគុម្ពត្រែងនោះច្រើន
ក៏យកលប់ទៅវាយត្រូវទាំងអស់គ្នា ។ ចាបទាំងពីរពួកនេះ បានត្រូវលប់ហើយ
ក៏នៅតែជាប់ឈ្លោះគ្នាទៀត ។ ចាបស្រុកពោលទៅចាបព្រៃថា «បើពួកឯងគ្រាន់បើ
ហេតុម្ដេចក៏មិនបម្រះឲ្យរួចពីលប់ទៅ» ។
ចាបព្រៃក៏ពោលមករកចាបស្រុកវិញថា «បើពួកឯងគ្រាន់បើ
ហេតុម្ដេចក៏មិនបម្រះឲ្យរួចពីលប់នេះទៅ» បានតែពាក្យបញ្ជូនគ្នាទៅវិញទៅមក
មិនគិតបម្រះឲ្យរួចជីវិតសោះ»
។ កំពុងតែឈ្លោះគ្នា ស្រាប់តែព្រានក្រសោបឡើង
ចាប់បានចាបទាំងអស់ ក៏ពិឃាដក្ស័យអស់ ។ នេះហើយចាបស្រុក ជាពួកចាបល្អ
តែខកខ្លួនមករកស៊ីជួបចូលនឹងហ្វូងចាបព្រៃ ជាពួកចាបប្រព្រឹត្តអាក្រក់
ក៏មានរឿងឈ្លោះគ្នាទាល់តែព្រានវាយលប់ត្រូវស្លាប់ទាំងអស់គ្នា ។
ចោទគេដោយស្មាន ត្រឡប់បានក្ដីទុក្ខ
រឿង ចាបស្រុកនិងចាបព្រៃ
Reviewed by VannyDa
on
12:39 PM
Rating: