រឿង បុរសដណ្ដឹងប្រពន្ធ
កាលពីព្រេងនាយ
មានបុរសម្នាក់ចង់បានប្រពន្ធ ទៅដណ្ដឹងកូនគេម្នាក់ ។ ម្ដាយឪពុកគេថា «បើចង់បានកូនយើងជាប្រពន្ធ
លុះតែឲ្យយើងចង់ត្រាំទឹកបានបីយប់ ទើបយើងឲ្យកូនបាន» ។
បុរសនោះ ក៏ព្រមឲ្យគេចងត្រាំទឹក
ដល់ត្រាំទឹកបានពីរយប់បុរសនោះឃើញភ្លើងឆេះលើកំពូលភ្នំ
ក៏លើកដៃឡើងអាំងលេង ។ គេមើលមកឃើញគេថាបុរសនោះអាំងភ្លើង
គេមិនឲ្យកូនគេជាប្រពន្ធឡើយ ។ បុរសនោះ ខឹងណាស់ទៅប្ដឹងចៅក្រម
ចៅក្រមឲ្យទៅកោះម្ដាយឪពុកខាងស្រីនោះមកជំនុំជម្រះ ។
ចៅក្រមយកសំណូកពីអ្នកចុងក្ដី ក៏កាត់ថា «ចៅឯងត្រូវចាញ់គេហើយ
មិនត្រូវបានកូនគេទេបើដូច្នេះ ចៅឯងទៅរៀបបាយមកឲ្យយើងស៊ី» ។
ឯចៅនោះ ឮចៅក្រមកាត់ថាមិនត្រូវបានកូនគេជាប្រពន្ធ ហើយគេប្រើទៅរៀបបាយមកឲ្យគេស៊ីផង
ក៏តូចចិត្តណាស់ ដើរបណ្ដើរយំបណ្ដើរ ទៅប្រទះនឹងសុភាទន្សាយ ៗសួរថា «ថ្វីបងក៏បានជាយំ?» ។
បុរសនោះប្រាប់តាមដំណើរសព្វគ្រប់ប្រការ ។ សុភាទន្សាយសួរថា « គេឲ្យបងឯងទៅណា? » ។
បុរសនោះថា «ឥឡូវគេប្រើឲ្យទៅរៀបបាយ » ។ សុភាទន្សាយថា « អើបងរៀបរួច
មកយកអញទៅផង អញទៅជួយជំនុំឲ្យ តែអញទៅមុខជាឈ្នះហើយ បើបងឯងរៀបបាយមក
ស្លកុំដាក់អំបិលប្រហុក ។
អំបិលប្រហុកដាក់ក្បែរខាងនោះស្លតែត្រីនិងបន្លែហើយ » ។
បុរសនោះឮសុភាទន្សាយអួតដូច្នោះក៏អរណាស់ ខំទៅរៀបបាយដូចបង្គាប់សុភាទន្សាយ
ហើយក៏យកមកជូនគេពីរនាក់នឹងសុភាទន្សាយ ។ ទៅដល់
ចៅក្រមឃើញសុភាទន្សាយមក ក៏សួរថា « បងទន្សាយមករកអ្វី?» ។
សុភាទន្សាយថា « មកជួយជំនុំក្ដីលោក»
។ ចៅក្រមថា «អើចាំស៊ីបាយរួចសិន» ។
ឯចៅក្រម ដល់ស៊ីបាយនោះទៅសួរថា ស្លអ្វីក៏សាបម៉េ្លះ ? » ។ សុភាទន្សាយឆ្លើយឡើងថា « ភ្លើងឆេះលើកំពូលភ្នំថាក្ដៅដល់, ចុះអំបិលប្រហុកដាក់ក្បែរនោះ
ម្ដេចក៏បានជាមិនប្រៃដល់? »
។ សុភាទន្សាយឆ្លើយតែប៉ុណ្ណោះ ចៅក្រមទាល់ប្រាជ្ញា
ទើបកាត់សេចក្ដីឲ្យបុរសនោះឈ្នះ ឲ្យបានប្រពន្ធបុរសនោះ ។
ចេះឯង ឲ្យក្រែងចេះគេ
រឿង បុរសដណ្ដឹងប្រពន្ធ
Reviewed by VannyDa
on
12:40 PM
Rating: