រឿង ទេវតាសេកសាយ
កាលពីព្រេងនាយ
មានមនុស្សកម្សត់ពីរនាក់ប្ដីប្រពន្ធ មានកូនប្រុសមួយ ។
កូននោះកើតឡើងវេលាណា មានទេវតាអាក្រក់មកថែរក្សាសែកសោយ ។
តាំងពីទេវតាអាក្រក់មកសែកសោយក្មេងនោះ ឪពុកម្ដាយក៏ស្លាប់ចោលអស់ទៅ ។
ក្មេងនោះនៅជាមួយនឹងជីដូន ៗ ក៏ថែរក្សាដរាបដល់អាយុ ២០ ឆ្នាំ ។ ថ្ងៃមួយ
ក្មេងនោះចូលទៅក្នុងព្រៃ ដើម្បីរកឧស កំពុងតែកាប់ឧស
មានទេវតាមួយអង្គទៀត ជាទេវតាល្អ ជួយឲ្យចម្រុងចម្រើនយសស័ក្ដិភោគសម្បត្តិ
។ ទេវានោះនិយាយនឹងទេវតាអាក្រក់ថា «តាំងពីអ្នកឯងចូលមករក្សាមនុស្សនោះកាលណា
ម្ដាយអាពុកគ្នាស្លាប់ចោលអស់ហើយ គ្នាក្រលំបាកពន់ពេក
ហើយថារឹទ្ធិអ្នកឯងពូកែមែន »
។ ទេវតាអាក្រក់និយាយតបទៅវិញថា « អ្នកជឿថាអំណាចខ្ញុំពូកែទេ? » ។
ទេវតាល្អឆ្លើយថា « ខ្ញុំជឿហើយ ប៉ុន្តែខ្ញុំសូមរក្សាមនុស្សនេះម្ដង» ។
ទេវតាអាក្រក់ ព្រមបើកអំណាចឲ្យទេវតាល្អថែរក្សាហើយហោះទៅ ។
ទេវតាបណ្ដាលឲ្យមនុស្សនោះកំពុងតែកាប់ឧស
ក៏ដាក់ដឹងចុះហើយភ្ញាក់ខ្លួនព្រើតលោគិតថា «ឱ អញ បើអញរស់នៅ គ្រាន់អញនឹងរកស៊ីចិញ្ចឹមជីវិតជីដូនអញ
បើប្រសិនជាអញស្លាប់ទៅ តើបានអ្នកណានឹងរកស៊ីចិញ្ចឹមជីដូនអញទៀត
បើដូច្នេះ អញគិតទៅនិយាយបបួលយាយអញទៅនៅធ្វើខ្ញុំសេដ្ឋី
គ្រាន់តែសុំបាយគេស៊ី ប្រហែលជាគេព្រមហើយ» គិតតែប៉ុណ្ណេះក៏លែងកាប់ឧស
ត្រឡប់ទៅវិញ ទៅដល់និយាយប្រាប់ជីដូនតាមដំណើរសព្វគ្រប់
ដែលខ្លួនគិតកាលទៅកាប់ឧស ។ ជីដូនបានស្ដាប់ហើយក៏ចូលចិត្តព្រមតាមចៅ
បុរសកម្សត់ទាំងពីរនាក់ គឺជីដូននិងចៅ ក៏នាំគ្នាដើរទៅផ្ទះមហាសេដ្ឋី
ដល់ចូលទៅក្នុងកំពែងរបងហើយ ទៅអង្គុយបត់ជើងនៅមាត់ជណ្ដើរមហាសេដ្ឋី ។
លុះបន្តិចទៅ មហាសេដ្ឋីប្ដីប្រពន្ធនាំគ្នា
ចេញមកក្រៅក្រឡេកទៅឃើញអ្នកទាំងពីរនាក់អង្គុយក៏សួរថា «ឯងមកនេះមានប្រាថ្នាអ្វី?» ។
បុរសកម្សត់នោះឆ្លើយជម្រាបទៅសេដ្ឋីថា «ខ្ញុំពីរនាក់ជីដូននិងចៅនេះ មកសុំនៅធ្វើជាខ្ញុំបម្រើលោក
គ្រាន់តែយកបាយចិញ្ចឹមជីវិត»
។ មហាសេដ្ឋីស្ដាប់ហើយឆ្លើយថា « អើឯងនៅចុះ » ។
បុរសនោះជម្រាបទៅមហាសេដ្ឋីថា «សូមលោកមេត្តាឲ្យខ្ញុំនៅបម្រើខាងលើផ្ទះបាយហើយនិងផ្ទះធំ» ។
មហាសេដ្ឋីព្រម ទើបយាយចាស់នោះ សុំគ្រាន់តែដេញមាន់ទា កុំឲ្យស៊ីស្រូវ
កាលណាគេយកស្រូវទៅហាល ។ បុរសនោះ
ខំយកចិត្តទុកដាក់បម្រើសេដ្ឋីមិនឲ្យទាស់ចិត្តបន្តិចសោះ ។
មហាសេដ្ឋីមានចិត្តអាណិតស្រឡាញ់រាប់អាន ។ លុះយូរទៅប្រមាណជា ៣-៤ ឆ្នាំ
បុរសនោះ សុំមហាសេដ្ឋីទៅនៅឃ្វាលក្របីវិញ ដល់នៅឃ្វាលក្របី
ផ្លាស់អស់ខ្សែពួរចាស់ៗទាំងប៉ុន្មាន ជួសជុលក្រោលឲ្យស្អាតល្អឡើង
ក្របីទាំងអស់ចំនួន ១០០ ក្បាល ។ ដល់យូរទៅ
មហាសេដ្ឋីប្ដីប្រពន្ធនិយាយគ្នាថា «តាំងពីអានេះទៅឃ្វាលក្របី
យើងមិនដែលទៅមើលវាម្ដងសោះ ដូច្នេះត្រូវយើងនាំគ្នាទៅមើលវាម្ដង» ក៏នាំប្ដីប្រពន្ធទៅ
លុះទៅដល់មើលទៅក្របី ខ្សែពួរ និងក្រោល ពេញចិត្តទាំងអស់
ក៏ត្រឡប់មកវិញនិយាយគ្នាថា «អានេះជាមនុស្សល្អ កាលដែលយើងឃើញមុន
មិនដែលមានប្រដាប់សម្រាប់ក្របីថ្មី យ៉ាងនេះទេ ឥឡូវនេះមានព្រម អានេះជាមនុស្សចិត្តត្រង់នឹងចៅហ្វាយនាយ» ។
បុរសនោះទៅឃ្វាលក្របីរាល់ថ្ងៃ មានកាលថ្ងៃមួយនោះ
ពេលល្ងាចដេញក្របីត្រឡប់មកក្រោលវិញ មកដល់ត្រពាំងមួយ
ដេញក្របីចុះទៅត្រពាំងទឹក ទៅជាន់ដុំមាសនៅក្នុងត្រពាំងនោះ បែរទៅខាងណា
ក៏សុទ្ធតែដុំមាស ពេញត្រពាំងទាំងអស់ ។ បុរសនោះថា «ដុំថ្មអ្វីក៏ច្រើនម្ល៉េះ
ប៉ះជើងស្ទើរស្លាប់ហើយ »
ថាហើយក៏យកដុំមាសមួយដុំមក គិតថា «អញយកដុំថ្មនេះទៅផ្ញើយាយអញ
ព្រោះថ្មនេះល្អ» ។ បុរសនោះ ដេញក្របីមកចូលក្រោល រួចហើយក៏យកដុំមាសនោះទៅឲ្យជីដូនៗ
បានឃើញដុំមាសហើយ សួរថា «ចៅយកពីណាមក យកទៅវិញទៅយាយមិនហ៊ានយកទេ ដុំមាសធំម្ល៉េះ » ។
បុរសដឹងជាដុំមាសដូច្នោះហើយ ក៏យកទៅទុកក្នុងត្រពាំងវិញ ចំណាំកន្លែងទុក
រួចត្រឡប់មកវិញ ។
ថ្ងៃក្រោយមក ព្រះមហាក្សត្រ
ទ្រង់ល្បងចិត្តពួកសេនាបតី ទ្រង់មានព្រះបន្ទូលទៅនឹងអាមាត្យថា « អ្នកឯងទៅប្រាប់សេនាបតីទាំង៤
ថា « ល្ងាចនេះ ឲ្យដេកចាំព្រះបរមរាជវាំងនៅចុងព្រះរាជរោង» ។
អាមាត្យនាំយកព្រះបន្ទូលទៅជម្រាបសេនាបតីទាំង ៤ តាមដំណើរ ។
សេនាបតីទាំងនោះ ក៏រៀបខ្លួនមកដេកតាមព្រះរាជឱង្ការពេលមកដេកនោះ
មិនគិតប្រុងប្រយ័ត្នសោះ គិតតែពីដេកទាល់ភ្លឺ ។ លុះយប់ជ្រៅស្ងាត់
ស្ដេចទ្រង់យាងមកទតសេនាបតីទាំង ៤ នោះ ឃើញដេកទាំងអស់គ្នា
ក៏ទ្រង់យាងត្រឡប់ទៅក្រឡាព្រះបន្ទំវិញ ដល់ព្រឹកឡើង
ទ្រង់មានព្រះបន្ទូលឲ្យចាប់សេនាបតីទាំងនោះ យកទៅកាប់ចោលទៅ ។
លុះល្ងាចក្រោយទៀត ទ្រង់មានព្រះបន្ទូលឲ្យហៅមហាសេដ្ឋីទាំង ៤
ឲ្យមកដេកដូចមុនទៀត ។ មហាសេដ្ឋីដែលជាចៅហ្វាយបុរសកម្សត់នោះ ភ័យណាស់
ព្រោះមិនដឹងជាមានរឿងអ្វី បានជាស្ដេចឲ្យសម្លាប់សេនាបតីទាំង ៤ មុននោះ ឥឡូវដល់មកខ្លួនទៀត
គិតថាមុខជាស្លាប់ហើយ កូនប្រពន្ធទាំងប៉ុន្មានយំសោកទាំងអស់គ្នា ។
លុះបន្តិចទៅ ឮទៅដល់បុរសកម្សត់ៗ ក៏ឡើងមកសួរថា « ហេតុម្ដេច
បានជាយំសោកយ៉ាងនេះ? »
។ មហាសេដ្ឋីប្រាប់ទៅតាមរឿង ។ បុរសថា « បើដូច្នេះ
ខ្ញុំសូមទៅដេកជំនួស »
។ មហាសេដ្ឋីឮដូច្នោះហើយ ក៏អរណាស់
ឲ្យរកសំពត់អាវល្អៗ យកមកឲ្យបុរសកម្សត់នោះស្លៀកដោយគិតថា
មុខជាស្លាប់ហើយ ។ លុះបុរសរៀបខ្លួនស្រេច នឹងទៅដេកចាំវាំង
ជាមួយពួកមហាសេដ្ឋីឯទៀត តែពេលទៅ បុរសនោះយកទាំងដាវមួយទៅផង ទៅដល់ហើយក៏ដេក
។ ពួកមហាសេដ្ឋីឯទៀត គេអង្គុយនិយាយគ្នាលេង លុះដល់យប់ជ្រៅ
ទើបនាំគ្នាដេកអស់ទៅ ។ បុរសនោះ ដឹងថាគេដេកស្ងាត់
ក៏ក្រោកឡើងអង្គុយម្នាក់ឯង ។ លុះយប់ជ្រៅស្ងាត់
ស្ដេចទ្រង់ចេញមកដូចមុនទៀត មកដល់ចុងព្រះរាជរោង បុរសនោះក្រឡេកឃើញទាញដាវបាន
ដេញកាប់ធ្វើជាកាប់ផុតៗ ស្ដេចរត់រួចទៅ ។ ក្នុង ១ យប់នោះ ស្ដេចចេញមក ៣
ដង ។ បុរសដេញកាប់ទាំង ៣ ដងស្ដេចទ្រង់រត់ទៅវិញ ។ លុះព្រឹកឡើង
ស្ដេចទ្រង់មានព្រះបន្ទូល ឲ្យចាប់សេដ្ឋីទាំង ៣ នាក់ ដែលដេកនោះ
យកទៅកាប់ចោល ហើយទ្រង់មានព្រះបន្ទូលឲ្យហៅបុរសកម្សត់នោះទៅ
ទ្រង់មានព្រះបន្ទូលសួរបុរសកម្សត់ថា «ឯងជាសេដ្ឋីឈ្មោះអ្វី?» ។
បុរសកម្សត់ក្រាបទូលថា «ទូលព្រះបង្គំជាខ្ញុំ ជាកូនមហាសេដ្ឋីឈ្មោះនោះ» ។
ស្ដេចមានព្រះបន្ទូលឲ្យទៅហៅមហាសេដ្ឋី ដែលជាចៅហ្វាយបុរសកម្សត់នោះមកទ្រង់មានព្រះបន្ទូលសួរថា
«នេះជាកូនអ្នកមែនឬអ្វី? » ។
មហាសេដ្ឋីក្រាបទូលឆ្លើយទទួលថា «កូនមែន» ។
ស្ដេចមានព្រះបន្ទូលថា «បើកូនមហាសេដ្ឋីឯង អញសុំធ្វើជាកូនអញ» ។
មហាសេដ្ឋីក៏ថ្វាយបុរសនោះទៅស្ដេច ហើយក្រាបបង្គំលាទៅផ្ទះវិញ ។ ស្ដេចមានព្រះរាជបុត្រីមួយព្រះអង្គ
ទ្រង់ក៏រៀបផ្សំផ្ដុំនឹងបុរសកម្សត់នោះ ជាប្ដីប្រពន្ធទៅ
ហើយអភិសេកឲ្យឡើងសោយរាជ្យយូរទៅ ស្ដេចបុរសនឹកឃើញទៅដល់មាស
ដែលនៅក្នុងត្រពាំង ក៏ត្រាស់បង្គាប់ទៅមហាសេដ្ឋីឪពុក
ឲ្យទៅដឹកមាសមកដាក់ឃ្លាំងទុក ។
មានមួយថ្ងៃ ស្ដេចបុរសនោះ
ចង់ចេញទៅកាន់ចុងព្រះរាជរោង ឲ្យសេនាបតីគាល់ ក៏ទៅទូលស្ដេចឪពុកៗ
ទ្រង់ហាមថា « ឯងជាតិជារាស្ត្រ បើចេញទៅត្រូវយកមហេសីទៅផង » ។
ស្ដេចបុរសទ្រង់យាងចេញទៅកាន់ចុងព្រះរាជរោង ជាមួយអគ្គមហេសី
ពួកនាហ្មឺនទាំងពួងគាល់ត្រៀបត្រា ។ វេលានោះ ទេវតាអាក្រក់
ដែលរក្សាបុរសនោះអំពីដើម ត្រឡប់មកវិញក៏ជួបទេវតាល្អ ហើយនិយាយថា «ឥឡូវនេះអ្នករក្សាមនុស្សនេះ
តាំងពីនៅលំបាក ទាល់តែបានធ្វើជាស្ដេចថែមទៀត
នោះឃើញថាអំណាចអ្នកពូកែមែន បើបើដូច្នេះអ្នកចេញទៅ ឲ្យខ្ញុំរក្សាម្ដង» ។
ទេវតាល្អ ប្រគល់ស្ដេចកម្សត់ឲ្យទៅទេវតាអាក្រក់ហើយហោះ ទៅ ។ ពេលនោះ
មានភ្លៀងផ្គរ ទេវតាអាក្រក់ក៏បណ្ដាលចិត្តស្ដេចបុរសនោះមួយរំពេច
ស្ដេចនោះមិនបានគិត លោមានព្រះបន្ទូលចំពោះពួកនាហ្មឺន
ដែលគាល់ត្រៀបត្រាថា អញឮផ្គរលាន់ ស្រណោះកាលនៅឃ្វាលក្របីពីដើមណាស់ » គ្រាន់តែប៉ុណ្ណោះ
មហេសីឮក៏ស្ទុះទៅរកព្រះបិតាហើយក្រាបទូលថា «ព្រះវរបិតា
មិនគួរឲ្យខ្ញុំម្ចាស់ទៅអាមនុស្សឃ្វាលក្របីនេះ
សោះខ្ញុំម្ចាស់លែងយកហើយ ព្រោះវានិយាយចំមុខនាហ្មឺន ដែលគាល់ត្រៀបត្រាថា
« ឮផ្គរលាន់ ស្រណោះកាលនៅឃ្វាលក្របីពីដើម
ខ្ញុំម្ចាស់ខ្មាសពួកនាហ្មឺនសព្វមុខមន្ត្រីណាស់
ខ្ញុំម្ចាស់មិនយកជាប្ដីទេ»
។ ស្ដេចបិតាឮដូច្នោះ
ក៏ឲ្យចាប់ស្ដេចនោះយកទៅដាក់គុកទៅ ។ ដាក់គុកបានពាក់កណ្ដាលថ្ងៃ
ទេវតាល្អដែលរក្សាមុននោះត្រឡប់មកវិញ ហើយនិយាយទៅនឹងទេវតាអាក្រក់ថា «អ្នកមានរឹទ្ធិណាស់
ចូលមករក្សាភ្លាម ស្ដេចបុរសបានជាប់គុកភ្លាម ដូច្នេះអ្នកអញ្ជើញទៅចុះ
ទុកឲ្យខ្ញុំរក្សាវិញ»
រួចហើយទេវតាល្អក៏បណ្ដាលចិត្តស្ដេចបុរសៗនឹកឃើញភ្លាមថា
« អញមិនគួរភ្លាត់សំដីឲ្យទាល់តែជាប់គុកសោះ
ប៉ុន្តែគ្មានអ្នកណាដឹងថា
អញជាប់គុកនៅឡើយទេដូច្នេះអញបង្គាប់ទៅសេដ្ឋីឪពុកអញ ឲ្យយកមាសដែលមកពីក្នុងត្រពាំងនោះ
ដំធ្វើជារូបក្របី ១០០ ដាក់ជើងពានមាស ១០០
យកមកឲ្យអញក្នុងថ្ងៃស្អែកនេះពីព្រឹក» គិតតែប៉ុណ្ណោះក៏ប្រើមេគុកឲ្យទៅប្រាប់សេដ្ឋីថា
«ស្ដេចមានព្រះបន្ទូលថា ឲ្យយកមាសដំធ្វើរូបក្របី ១០០
ដាក់លើជើងពានមាស ១០០ ហើយយកទៅថ្វាយស្ដេចដល់កន្លែងទ្រង់» ។
សេដ្ឋីឮហើយ ក៏ហៅជាងទាំងពួង ឲ្យធ្វើក្នុងមួយយប់ឲ្យហើយលុះព្រឹកឡើង
ឲ្យខ្ញុំស្រីសេដ្ឋី ១០០ នាក់ ទូលយកទៅថ្វាយស្ដេចក្នុងព្រះរាជវាំង ។
ស្ដេចបិតាក្មេកទតមកឃើញ ឲ្យអមាត្យរត់ទៅមើល ។ អាមាត្យមកក្រាបទូលវិញទ្រង់មានព្រះបន្ទូលឲ្យហៅអ្នកទូលក្របីនោះមក
ហើយទ្រង់មានព្រះបន្ទូលថា «នាងឯងរាល់គ្នា យកក្របីមាសនេះទៅណា?» ។ ស្រីទាំងនោះថា « ខ្ញុំម្ចាស់យកមកថ្វាយព្រះអង្គ» ។
ស្ដេចទ្រង់ជ្រាប ទ្រង់ឲ្យហៅព្រះរាជបុត្រីថាមហេសីស្ដេចកម្សត់
ឲ្យចេញមកមើល ហើយមានព្រះបន្ទូលថា «កូនអើយ ! ដែលប្ដីឯងវាថាស្រណោះកាលឃ្វាលក្របីនោះ
មិនមែនក្របីសត្វទេ គឺរូបក្របីមាសនេះឯង កូនមើលក្របីនេះចុះ
ណ្ហើយកូនកុំខឹងនឹងប្ដី យកប្ដីវិញទៅ » មានព្រះបន្ទូលតែប៉ុណ្ណោះក៏ទ្រង់ឲ្យទៅដោះស្ដេចបុរសកម្សត់មក
ហើយទ្រង់អភិសេកនឹងនាងជាព្រះរាជបុត្រីឲ្យឡើងសោយរាជសម្បត្តិ
ជាសុខសប្បាយរៀងទៅ ព្រមទាំងយាយជីដូននៃបុរសនោះផង ។
រិទ្ធិនៅទេវតា
ប្រាជ្ញានៅមនុស្ស
រឿង ទេវតាសេកសាយ
Reviewed by VannyDa
on
12:40 PM
Rating: