រឿង ចៅកាំបិតបន្ទោះ
កាលដើមឡើយ មានបុរសពីរនាក់ ជាបងប្អូននឹងគ្នា
ម្ដាយឪពុកស្លាប់អស់ទៅនៅតែពីរនាក់បងប្អូន ក៏បបួលគ្នាទៅនៅវត្ត
រៀនអក្សរ ធម៌អាថ៌ សាស្ត្រាបាលីនឹងលោកសង្ឃរាជ
លោកក៏មេត្តាករុណាប្រៀនប្រដៅឲ្យរៀនសូត្រ ។
ក្មេងទាំងពីរនាក់ព្យាយាមណាស់ រកក្មេងណាស្មើគ្មាន ដល់រៀនចេះចប់ លោកគ្រូបំបួសនេន
។ នេនទាំងពីរពុំខ្ជិលសោះ
ខំរៀនសូត្រនិងបម្រើគ្រូពុំឲ្យគ្រូអាក់អន់ព្រះទ័យឡើយ ។
នេនទាំងពីរបួសបាន ៥ វស្សា នឹកចង់សឹក ក៏ចូលទៅវន្ទាលាគ្រូសឹក ។
គ្រូក៏ព្រមឲ្យសឹកៗរួចលោកគ្រូផ្ដាំបុរសបង ឲ្យទៅនៅរកស៊ីស្រុកចិន
នឹងបានជាចៅសួធំក្នុងស្រុកចិន ។ ឯបុរសប្អូន
គ្រូពុំបានផ្ដាំអ្វីឡើយត្បិតគ្រូមើលឲ្យឃើញថា
បុរសប្អូននឹងបានសោយរាជ្យជាសម្ដេចនគរពីរ ទើបលោកគ្រូផ្ដាំថា «ចៅឯងទៅរកស៊ីបើនឿយណាស់កុំដេក
យកប្រពន្ធត្រូវមើលម្ដាយក្មេក ចូលដំណេកកុំនិយាយនឹងប្រពន្ធ
បើឯងរក្សាពាក្យទាំង ៣ម៉ាត់នេះបាន ស្មើបាននគរពីរ អញគ្មានអ្វីឲ្យឯងទេ» ។
បុរសទាំងពីរនាក់បងប្អូន ក៏លាគ្រូដើរទៅ ។
បុរសបងទៅរកស៊ីឯស្រុកចិនតាមពាក្យគ្រូផ្ដាំ
ក៏បានជាចៅសួធំមែន ។ បុរសប្អូនមិនដឹងរកស៊ីអ្វី
ទៅនៅនឹងបងប្អូនញាតិសន្តាន
គេក៏អាណិតដណ្ដឹងប្រពន្ធរៀបការធ្វើផ្ទះឲ្យនៅ ។
បុរសនោះភ្លេចពាក្យគ្រូផ្ដាំ ក៏នៅរកស៊ីនឹងប្រពន្ធ ជួនមានស៊ីជួនអត់
បានព្រឹកអត់ល្ងាច បានល្ងាចអត់ព្រឹក សំពត់ស្លៀកក៏គ្មាន
មានតែខោកញ្ចាស់ពាក់កណ្ដាលភ្លៅមួយ ដាច់លេចមុខលេចក្រោយ ។
បុរសនោះតែងដើរទៅកំពង់ទឹក ក្រែងមានគេមកពីស្រុកចិន
នឹងបានសួរដំណឹងពីបងខ្លួន ។
ថ្ងៃ១មានសំពៅមួយមកពីស្រុកចិន
បុរសនោះក៏ចុះទៅសួរគេថា «អ្នកនាយសំពៅអើយ! អ្នកដែលបានប្រទះខ្មែរម្នាក់ដែរឬទេ ? គាត់ទៅនៅរកស៊ីស្រុកចិន
៥ឆ្នាំហើយ» ។ នាយសំពៅប្រាប់ថា «ឃើញខ្មែរម្នាក់ដែរ ឥឡូវគេបានជាចៅសួមានងារធំក្នុងស្រុកចិន
គ្មានអ្នកណាមានស្មើទេ?»
។ បុរសសួរទៅនាយសំពៅទៀតថា «អ្នកនាយសំពៅអញ្ជើញទៅវិញថ្ងៃណា?» នាយសំពៅថា
«៣ថ្ងៃទៀតខ្ញុំវិលទៅវិញហើយ» ។ បុរសនិយាយនឹងនាយសំពៅថា «អ្នកនាយសំពៅ
បើអ្នកអញ្ជើញទៅវិញ សូមអ្នកអាណិតឲ្យខ្ញុំសូមដោយសារទៅផង»។ នាយសំពៅព្រមឲ្យទៅ។ បុរសនោះ ក៏លានាយសំពៅមកផ្ទះវិញ ។
ទៅដល់ផ្ទះ បុរសនិយាយនឹងប្រពន្ធថា «នាងអើយ! យើងសព្វថ្ងៃនេះ
ក្រលំបាកណាស់ ឥឡូវនេះឮដំណឹងថាបងអ្នក ដែលទៅនៅស្រុកចិនគេមាន
គេបានជាចៅសួធំក្នុងស្រុកចិនឥឡូវបងចង់ទៅសួរ ក្រែងបងគេឃើញឯងក្រ
គេអាណិតឲ្យប្រាក់កាសចាយ សំពត់អាវស្លៀកពាក់ខ្លះ» ។
ប្រពន្ធឮប្ដីថាដូច្នោះ សួរថា «ចុះអ្នកទៅជាមួយអ្នកណា?» ។ បុរសជាប្ដីប្រាប់ថា
បងសុំដោយសារសំពៅគេ គេព្រមឲ្យទៅ៣ថ្ងៃទៀត គេចេញសំពៅហើយ» ។
ប្រពន្ធថា «បើអ្នកទៅក៏ទៅចុះ»
។ លុះដល់៣ថ្ងៃ បុរសក៏ចុះទៅ ។
នាយសំពៅឃើញបុរសនោះទៅ ក៏គេហៅចុះសំពៅចេញទៅ ។ កាលបើសំពៅរៀងទៅ
បុរសនោះមើលថែទាំ ជួយរក្សារបស់ទ្រព្យនាយសំពៅដូចរបស់ខ្លួន ។
នាយសំពៅឃើញបុរសនោះមានគំនិតមារយាទល្អ ក៏ស្រឡាញ់រាប់អានអាណិត
ឲ្យបាយទឹកស៊ីតែសព្វថ្ងៃរៀងទៅ ។ ឯប្រពន្ធបុរសនោះ
កាលក្រោយបុរសជាប្ដីទៅស្រុកចិន ក៏លួចមានសហាយយកមកដេកយប់
ថ្ងៃឲ្យទៅវិញ ។ និយាយពីបុរសដែលទៅជាមួយនឹងនាយសំពៅ លុះដល់ស្រុកចិន
ក៏សួរនាយសំពៅថា «វិលទៅស្រុកខ្មែរវិញថ្ងៃណា ប្រាប់ខ្ញុំផង» ។
នាយសំពៅប្រាប់ថា «៣ថ្ងៃទៀតនឹងចេញទៅ»។ បុរសឮដូច្នោះក៏ទៅសួររកបង ទៅដល់មាត់ទ្វារផ្ទះបង
ឃើញមនុស្សចាំទ្វារសួរគេថា «នេះហើយឬ ផ្ទះលោកចៅសួខ្មែរ ?» ។ អ្នកចាំទ្វារប្រាប់ថា «នេះហើយផ្ទះលោកចៅសួ» ។
អ្នកចាំទ្វារសួរបុរសវិញថា «អ្នកឯងមកពីណាមកសួររកផ្ទះចៅសួ?» ។ បុរសប្រាប់ថា «ខ្ញុំមកពីស្រុកខ្មែរលោកចៅសួនេះ
ជាបងខ្ញុំបង្កើត»
។ មនុស្សចាំទ្វារមើលទៅបុរសនោះ រូបអាក្រក់
ស្លៀកខោពាក់កណ្ដាលភ្លៅ សំពត់គ្មានដណ្ដប់ លេចមុខចេញក្រោយ
មិនសមប្អូនលោកចៅសួខ្លួនសោះ។ អ្នកចាំទ្វារមិនស្ងៀម
ទៅប្រាប់លោកចៅសួៗមិននៅ ទៅគាល់ស្ដេច ក៏ជម្រាបប្រពន្ធថា «អ្នកចៅហ្វាយស្រី!
មានមនុស្សម្នាក់មកពីស្រុកខ្មែរ រូបអាក្រក់ស្លៀកខោពាក់កណ្ដាលភ្លៅ
គន់ទៅខោដាច់ដាចលេចមុខលេចក្រោយ ហើយប្រាប់ខ្ញុំថា «ត្រូវជាបងប្អូនលោកចៅហ្វាយប្រុសបង្កើតឥឡូវខ្ញុំបានឲ្យចាំនៅមាត់ទ្វារ» ។
នាងជាប្រពន្ធចៅសួនោះ នឹកខឹងថា «អាមនុស្សកម្សត់ទុគ៌តនេះមកពីណា
ក៏ហ៊ានមកបង្កាច់កេរ្តិ៍ថា ប្ដីអញជាបងវាបង្កើត» ក៏ប្រើមនុស្សឲ្យទៅចាប់បុរសនោះ
ដាក់ច្រវាក់ទុកនៅរោងសេះថា «ចាំប្ដីមកនឹងឲ្យយកទៅសម្លាប់» ។ បុរសនោះ
លុះគេយកទៅដាក់ច្រវាក់ក៏នឹកថា «ឱអញអើយ! សង្វាតមកពីស្រុកខ្មែរ
ដល់ស្រុកចិនព្រោះតែបង ឥឡូវគេមាន គេពុំគិតអាណិតឈាម
ដែលកើតមកពោះជាមួយគ្នាសោះ គេឆ្មើងមាន
គេហ៊ានចាប់ឯងមកដាក់ច្រវាក់នឹងសម្លាប់ផង «ឱអញអើយ!បើទៅស្រុកខ្មែរវិញ
រកស៊ីតាមខ្លួនក្រគ្មាននរណាហ៊ានធ្វើបានទេ» ។
បុរសនោះពុំដឹងជាបងទៅគាល់ស្ដេច ។ លុះចៅសួជាបងវិលមកដល់ផ្ទះ
ប្រពន្ធប្រាប់ថា «មានបុរសកម្សត់ម្នាក់មកពីស្រុកខ្មែរនិយាយថា លោកជាបងបង្កើត
តែខ្លួននោះអាក្រក់ ស្លៀកខោពាក់កណ្ដាលភ្លៅដាច់ដាចលេចមុខលេចក្រោយ
ឥឡូវខ្ញុំឲ្យដាក់ច្រវាក់ទុកនៅរោងសេះ ចាំលោកអញ្ជើញមក ឲ្យនាំទៅសម្លាប់» ។
ចៅសួជាបងឮហើយថា «ទៅយកវាមកមើល ក្រែងប្អូនបង្កើតមែន» ហើយចៅសួឲ្យដោះច្រវាក់បុរសនោះ ។
លុះបុរសនោះមកដល់ស្គាល់ជាប្អូនបង្កើតមែន ក៏រៀបបាយឲ្យស៊ី
មើលទៅប្អូនឃើញស្លៀកខោពាក់កណ្ដាលភ្លៅចៅសួក៏ឲ្យខោមួយស្លៀក
ហើយសួរប្អូនថា «ប្អូននៅឯនាយ មិនដឹងរកស៊ីអ្វីទេ ក្រណាស់
ហើយមានប្រពន្ធផងបានអីស៊ី»
។ បងឮប្អូននិយាយក៏នឹកអាណិតប្អូន មិនចេញស្ដី
ហើយសួរថា «ប្អូនមកជាមួយអ្នកណា?»
។ បុរសប្អូនជម្រាបថា «ខ្ញុំមិននឹងនាយសំពៅ
គេឲ្យដោយសារមក»
។ ចៅសួបងថា «ចុះគេទៅវិញថ្ងៃណា» ។
បុរសប្អូនប្រាប់បងថា «៣ថ្ងៃទៀត គេចេញសំពៅទៅវិញ» ។ ចៅសួបងដឹងដូច្នោះ
ក៏ស្ងៀមទៅឲ្យលើកបាយមក ហៅបុរសជាប្អូនស៊ីជាមួយគ្នា
លុះស៊ីរួចប្រាប់ប្អូនថា «ប្អូននៅដេកផ្ទះនេះចុះ បងទៅលេងផ្ទះចិនសែ» ។
ចៅសួទៅផ្ទះចិនសែ ចិនសែឃើញក៏រៀបកៅអី ថ្នាំចិនខ្សៀទឹកតែទទួល
ហើយចៅសួនិយាយនឹងចិនសែថា «អ្នកចិនសែខ្ញុំមករកមើលឲ្យប្អូនខ្ញុំបន្តិច
វាចេះតែក្រីក្រអីចឹងទៅ ឬវានឹងគ្រាន់បើនឹងឡើងដែរ?» ។
ចិនសែទាញសៀវភៅរកមើលសព្វៗ ទៅទាយថា «ប្អូនលោកមិនជាអ្នកក្ររហូតទេ
៧ឆ្នាំទៀត នឹងបានសោយរាជ្យជាស្ដេចនគរពីរ
លោកនឹងបានជាធំក្នុងរាជការដោយសារប្អូន ប៉ុន្តែឥឡូវនេះលំបាកណាស់
ដល់វិលទៅស្រុកវិញពាក់កណ្ដាលផ្លូវ និងបានទ្រព្យតម្លៃនគរពីរជាសម្រាប់ខ្លួន
តែថាឃ្លាតទៅវិញ ដល់កំណត់បានសោយរាជ្យ
នឹងបានទ្រព្យនោះមកជាសម្រាប់បុណ្យវិញទាំងអស់»។
ចៅសួបានដឹងដំណឹងប្អូនដូច្នោះ ក៏លាចិនសែទៅផ្ទះវិញ ។ ដល់៣ថ្ងៃ
នាយសំពៅគេផ្ទុកសំពៅ រៀបនឹងចេញទៅថ្ងៃនោះ ចៅសួជាបងយកផាឌិបមក
ហែកមួយត្បូង ហុចទៅឲ្យបុរសជាប្អូន ។ បុរសជាប្អូន
ក៏ទទួលយកផាឌិបមួយត្បូងលាបងចុះទៅ ដើរបណ្ដើរគិតបណ្ដើរ
នឹកតូចចិត្តស្ទើរមិនចង់កាន់ផាឌិបនោះសោះ ចេះតែនឹកតូចចិត្តថា «ឱ!
បងប្អូននឹងគ្នា តាំងពីឪពុកម្ដាយស្លាប់ចោលទៅ
នៅកំព្រាតែបងប្អូនពីរនាក់ កាលវេលាក្រ ចេះស្រឡាញ់រាប់អានគ្នា
ដល់វេលាមានទាត់គ្នាចោល ឆ្មើងមាន ស្ទើរមិនរាប់គ្នា មាសប្រាក់
ដាក់ឃ្លាំងគរគោក មិនហ៊ានយកឲ្យគ្នាមួយស្លឹង
យកតែខ្មោចផាឌិបឲ្យគ្នាមួយត្បូង» ។ លុះបុរសនោះដើរទៅដល់កំពង់
ក៏ឡើងលើសំពៅ នាយសំពៅ ឲ្យកូនឈ្នួលស្រាវយុថ្កាសាក្ដោងបើកទៅ
ហើយនាយសំពៅសួរបុរសនោះថា «ប្អូនទៅឯលោកចៅសួ តើលោកឲ្យអ្វីខ្លះ?» ។
បុរសប្រាប់នាយសំពៅថា «គ្មានឲ្យអ្វីទេឲ្យតែផាឌិបមួយត្បូងនិងខោមួយ» ។
នាយសំពៅបានដឹងហើយក៏នៅស្ងៀម ។ លុះបើកសំពៅទៅដល់ពាក់កណ្ដាលផ្លូវ
យប់ងងឹតនឹងទៅពុំរួច ក៏ឲ្យបោះយុថ្កាដេក ។
ហេតុតែបុណ្យដល់បុរសក៏នឹងឃើញពាក្យដែលគ្រូផ្ដាំថា «នឿយណាស់កុំដេក
ឥឡូវអស់អ្នកសំពៅនេះដេកអស់ ដូច្នេះអញកុំឲ្យដេក» ក៏អង្គុយនៅក្បែរដងក្ដោង
ពុំហ៊ានដេក ។ លុះដល់អធ្រាត្រ មានយក្ខ១ ហោះមកឃើញសំពៅ
វាចុះមកប៉ងនឹងស៊ីមនុស្ស ហើយវាឈ្ងោកមើលទៅក្នុងសំពៅ
ធ្លាក់ពុកមាត់ទៅលើបុរសនោះៗ ក៏ស្ទុះទៅស្រវាចាប់ជាប់ហើយស្រែកថា «អាឯង
ស្លាប់នឹងដៃអញឥឡូវនេះហើយ»
។ យក្ខឮបុរសថាដូច្នោះ ភិតភ័យណាស់ តែស្ទុះទៅមិនរួច
ដ្បិតបុរសនោះចាប់ពុកមាត់ជាប់ យក្ខភ័យក្រែងស្លាប់
ក៏និយាយនឹងបុរសនោះថា «អ្នកបុរសអើយ! បើអ្នកអាណិតលែងខ្ញុំៗនឹងតបគុណអ្នក ជាខ្សែចងដៃ
ដំបងវាយឯង ឆ្នាំងឆ្អិនឯង ។ ខ្សែនិងដំបងនេះ បើមានបច្ចាមិត្តពីណាមកប្រមាថ
ឲ្យតែខ្សែទៅចងដំបងទៅវាយ បច្ចាមិត្តនោះ នឹងស្លាប់វិនាសអន្តរាយអស់ ។
ឯឆ្នាំនេះ បើឃ្លានអាហារចំណី ហើយនិងចង់បរិភោគអាហារចំណីអ្វី
ប្រាប់ឆ្នាំងថា «ឆ្អិនឡើងអញស៊ី»
ក៏ឆ្អិនឯងឡើងបានបរិភោគ មិនបាច់ដាំឡើយ» ។
បុរសឮដូច្នោះក៏ថា «បើដូច្នោះយក្ខឯង ឲ្យមកអញសិន សឹមអញលែង» ។
យក្ខក៏ហុចប្រដាប់ទាំងនោះមកបុរស បុរសនោះទទួលយក ហើយលែងយក្ខនោះទៅ
យក្ខក៏ហោះទៅលំនៅវាវិញ ។ លុះព្រឹកឡើង បុរសនិយាយប្រាប់នាយសំពៅថា «អ្នកនាយសំពៅ!
យប់មិញមានយក្ខមួយមកគិតនឹងស៊ីយើងរាល់គ្នា កុំតែបានខ្ញុំ
កុំអីយក្ខវាស៊ីអស់ទៅហើយ បើអ្នកនាយសំពៅមិនជឿខ្ញុំ
សូមមើលសំណូកយក្ខដែលវាលូកខ្ញុំនេះ មានខ្សែចងឯង ដំបងវាយឯង
ឆ្នាំងឆ្អិនឯងផង»
។ នាយសំពៅឮដូច្នោះ សួរថា «នៅឯណាប្អូន? យកមកឲ្យបងមើលផង!» ។
បុរសនោះ ហេតុតែជាមនុស្សត្រង់ ក៏យករបស់ទាំងនោះមកបង្ហាញនាយសំពៅ ។
នាយសំពៅឃើញរបស់ទាំងនោះ នឹកថា «របស់ទាំងនេះមានតម្លៃ
ឥតស្ដេចនាហ្មឺនណាមានឡើយ បុរសនេះមានសំណាងខ្ពស់អីម្ល៉េះ
បានទ្រព្យយ៉ាងនេះ »
។ នាយសំពៅ នឹកទៀតថា «បុរសនេះល្ងង់ឆោតណាស់, អញគិតបញ្ឆោតថាទុករក្សាឲ្យ
បើសំពៅទៅដល់គោកត្រង់ណាអញនឹងបញ្ឆោតឲ្យវាឡើង ហើយអញបើកសំពៅទៅចោល
អញនឹងយកទ្រព្យទាំងអស់នេះ»
។ នាយសំពៅគិតដូច្នោះហើយ និយាយថា «សូមប្អូនឲ្យទ្រព្យរបស់ទាំងនេះ
មកបងរក្សាទុក ត្បិតប្អូនឯងគ្មានហិបដាក់» ។ បុរសគិតស្មានថា «នាយសំពៅ
គេយកមករក្សាទុកឲ្យតាមត្រង់»
មិនដឹងជាគេទុច្ចរិតនឹងខ្លួនឡើយ
ទើបយករបស់ប្រគល់ទៅនាយសំពៅទាំងអស់ ។ នាយសំពៅ
ក៏បើកសំពៅទៅដល់ចុងកោះមួយ ដែលមានដើមល្វាមួយដើមដុះក្នុងទឹក
នាយសំពៅឲ្យចាប់ដើមល្វានេះឈប់ ហើយនិយាយនឹងបុរសថា «បងចង់ប្រើប្អូនឲ្យឡើងបេះផ្លែល្វាស៊ី» ។
បុរសឮនាយសំពៅប្រើ ក៏ឡើងដើមល្វាបេះផ្លែ
មិនដឹងជាគេនឹងចេញសំពៅទៅចោលសោះ ហើយនាយសំពៅចង្អុលថា «ហ៍!
ប្អូនឡើងទៅមែកលើ ប្អូនបោះអាចង្កោមធំនោះឲ្យបង!» ។
បុរសក៏ឡើងទៅលើមែកលើ ។ នាយសំពៅឲ្យកូនឈ្នួលច្រានសំពៅ
បើកចោលបុរសនោះទៅ ។ បុរសស្រែកហៅគេឲ្យមកយក គេក៏ពុំមក ។ បុរសគិតថា «ឱអញអើយ!
គេបញ្ឆោតឲ្យឡើងដើមល្វា គេចេញសំពៅទៅចោល, គេគិតយករបស់ឯង
ខ្លួនឯងគេចោលឲ្យស្លាប់ម្នាក់ឯងកណ្ដាលសមុទ្រ បើនឹងស្លាប់និងរស
ឲ្យតែឆ្នាំងឆ្អិនឯងនៅទៅរ៉ា គ្រាន់នឹងឲ្យចម្អិនបាយចំណីស៊ី
ទម្រាំមានសំពៅគេមក នឹងសុំដោយសារគេទៅ
ឥឡូវបាយក៏អត់សំពត់ដណ្ដប់ក៏គ្មាន សមនឹងស្លាប់ពុំលែង ។ បុរសនោះ
នឹកអាណិតអាត្មា ក៏យំសោក ។ លុះយប់មានជ្រូកមួយតែងមកស៊ីផ្លែល្វាទុំ
ជ្រូកនោះមានកែវពាំដើរលើទឹកបាន លុះអធ្រាត្រស្ងាត់
ជ្រូកនោះពាំកែវដើរលើទឹកមកនឹងរើសផ្លែល្វាស៊ី ។ បុរស
ឃើញជ្រូកដាក់កែវនៅគល់ល្វា ក៏បេះផ្លែល្វាចោលទៅឆ្ងាយ
ឲ្យជ្រូកតាមទៅស៊ី ខ្លួននឹងឆក់យកកែវជ្រូកនោះ ។ ហេតុតែកុសលនោះត្រូវមានបុណ្យ
ជ្រូកនោះក៏ទៅស៊ីឆ្ងាយពីកែវ ។ បុរស ក៏សម្រូតចុះមកឆក់កែវជ្រូកបាន
រត់ចេញទៅខំដើរទៅទាំងយប់ ។ លុះព្រឹក ក៏បានទៅទាន់សំពៅ ក៏ស្រែកហៅថា «អី!អ្នកនាយសំពៅ
ចាំខ្ញុំផង!» ។ នាយសំពៅឮមាត់ បែរមើលទៅឃើញស្គាល់ថាបុរស
ក៏ឲ្យមូរក្ដោងឈប់ចាំ ។ បុរសទៅដល់ឡើងលើសំពៅ និយាយថា «ឱ!
អ្នកបងនាយសំពៅ មិនគួរគិតអាក្រក់ មកចោលខ្ញុំ ឲ្យស្លាប់កណ្ដាលសមុទ្រសោះ, កុំតែកុសលខ្ញុំមាន
កុំអីស្លាប់បង់អសារតែម្នាក់ឯង» ។ នាយសំពៅឆ្លើយដោះថា «ឱប្អូនអើយ!
បងស្មានថាប្អូនចុះមកខាងក្បាលសំពៅហើយ បងមិនមានគិតចង់ចោលប្អូនទេ» ហើយនាយសំពៅថា
«អើ! ប្អូនបានអីក៏ដើរលើទឹកបាន? » ។ បុរសថា «ខ្ញុំមានកែវជ្រូក
បានជាខ្ញុំដើរលើទឹកបាន»
។ នាយសំពៅ ហេតុតែមានចិត្តអកតញ្ញូក៏ថា «ប្អូនឲ្យបងទុកឲ្យ»
។ បុរសគិតឃើញថា « នាយសំពៅនេះ
វាគិតបញ្ឆោតអញទៀតហើយ»
ក៏និយាយថា «សូមអ្នកនាយសំពៅយករបស់ទាំងនោះមកឲ្យខ្ញុំសិន
ខ្ញុំប្រមូលឲ្យមូល សឹមជូនទៅអ្នកវិញ
ត្បិតរបស់នេះមានប្រយោជន៍អីដល់ខ្ញុំ គង់តែខ្ញុំជូនអ្នកទាំងអស់ទេ!» ។
នាយសំពៅឮដូច្នោះនឹកថា «បុរសនេះវាជាអ្នកល្ងង់ គង់តែបានមកដៃអញវិញទាំងអស់ទេ» ក៏យកខ្សែចង
ដំបងវាយឯង ឆ្នាំងឆ្អិនឯង និងផាឌិបមួយត្បូង ព្រមទាំងខោមកឲ្យបុរសៗទទួល
រៀបវេចរួចសព្វគ្រប់ ក៏សំពះលានាយសំពៅ ចុះដើរលើទឹកទៅ ។
នាយសំពៅនឹកស្ដាយក្រោយ មិនចេញស្ដីមួយម៉ាត់ ។ បុរសខំដើរដោយអំណាចកែវ
ផ្លូវដើរ ៧ យប់ បុរសដើរតែមួយថ្ងៃ ទាល់ព្រលប់ដល់ផ្ទះ ។
លុះបុរសទៅដល់ផ្ទះ ក៏ស្រែកហៅប្រពន្ធថា «នាងអើយនាង! បើកទ្វារឲ្យបងទៅផង
បងមកដល់ហើយ!» ។ ឯប្រពន្ធ ជាស្រីអាក្រក់ ក្បត់ចិត្តប្ដី កំពុងតែដេកឱបសហាយ
ឮមាត់ប្ដីហៅ ធ្វើជាថា «អ្នកណាហៅអី?
ប្ដីអញមិននៅទេ កុំមកហៅអញ!» ។
បុរសឮប្រពន្ធថាដូច្នោះ នឹកថាប្រពន្ធចិត្តត្រង់នឹងខ្លួន ក៏ឆ្លើយថា «បងមកហើយនាង!» ។
ប្រពន្ធថា «យី!អ្នកទេឬ?
ខ្ញុំគិតថាមនុស្សផ្ដេសផ្ដាសវាហៅខ្ញុំ» ហើយមេនោះថា
«អ្នកចាំខ្ញុំអុជចន្លុះសិន!» តែវាបណ្ដោះសហាយវាសោះ ។ បុរស
ក៏ជីកដីក្រោមជណ្ដើរ កប់កែវនិងខ្សែចងដំបងវាយឯងឆ្នាំងឆ្អិនឯងរួច
លប់ដីទៅ ។ មេនោះបណ្ដោះសហាយវារួច វាអុជចន្លុះមកទទួលប្ដីឡើងទៅលើផ្ទះ
រៀបបាយទឹកឲ្យប្ដីស៊ីរួច វានាំប្ដីចូលដេក ពេលដេក វានិយាយថា «អ្នកទៅស្រុកចិន
បានអីមកផ្ញើខ្ញុំខ្លះ? »
។ បុរសជាប្ដីប្រាប់ប្រពន្ធថា «បងគ្មានបានអីទេ
បងគេឲ្យខោមួយ ផាឌិបមួយត្បូង»
។ មេនោះ ធ្វើជាស្រែកយំថា «មិនមែនទេ!
អ្នកកុហកខ្ញុំ មិនដែលអ្នកណាទៅដល់បងហើយ គេមានក៏នឹងឲ្យផាឌិបមួយត្បូង
ខោមួយដូច្នេះទេ» ។ បុរសនឹកពាក្យគ្រូផ្ដាំថា «ចូលដំណេកកុំនិយាយនឹងប្រពន្ធ» បុរសនោះក៏ថា
«ណ្ហើយនាង ចាំព្រឹកសឹមបងប្រាប់» ។ ឯសហាយមេនោះ
វាលបស្ដាប់ក្រោមផ្ទះ ។ មេនោះ សួរប្ដីទៀត ។ បុរសស្មានថា
ប្រពន្ធចិត្តត្រង់នឹងខ្លួន អាណិតប្រពន្ធ
នឹងចង់ប្រាប់តែក្រែងខុសនឹងបណ្ដាំគ្រូ ក៏រារែកក្នុងចិត្ត ។
ដល់មេនោះចេះតែទទូចសួរ បុរសក៏ភ្លេច ដោយយល់ឃើញថា យប់នេះស្ងាត់
និងដោយមិនដឹងជាសហាយប្រពន្ធនោះនៅក្រោមផ្ទះ ក៏ប្រាប់ប្រពន្ធថា «បងកប់កែវជ្រូក១
ខ្សែចងឯង១ ដំបងវាយឯង១ ឆ្នាំងឆ្អិនឯង១ នៅក្រោមជណ្ដើរមុខផ្ទះ» ។
សហាយឮក៏មកគាស់យកអស់ ។ បុរសនិងប្រពន្ធ ក៏ដេកលក់ទៅ ។ លុះព្រឹកឡើង
បុរសនោះទៅរករបស់បាត់អស់ឃើញតែស្នាម ។ បុរសនោះមិនចេញស្ដី ដោយដឹងច្បាស់ថា
«ប្រពន្ធមានសហាយ»
ក៏ធ្វើឃ្នាងដាក់ជណ្ដើរយកខ្សែចងអូសទៅប្ដឹងចៅក្រម
។ ចៅក្រមទទួលជម្រះ វាយជណ្ដើរពិចារណាសួរថា «ជណ្ដើរឯងទទួលបញ្ញើបុរសនេះ
ម្ដេចឯងឲ្យមនុស្សលួចរបស់គេអស់?» ។ ចៅក្រម
ហេតុតែជាអ្នកឥតប្រាជ្ញា មិនយល់ការរាក់ជ្រៅអាថ៌កំបាំង
ក៏បបួលគ្នាសើចនឹងបុរស ស្ដីឲ្យបុរសថានាំបង្កើតក្ដីថា «បុរសឯងឆ្កួត
គ្មានជីដូនជីតានរណាគេក្ដីនឹងជណ្ដើរ ដូចនៅឯងទេ
ចៅឯងទៅរកនរណាគេជម្រះឲ្យចុះ»
។ បុរសក៏ចងជណ្ដើរអូសចូលទៅក្នុងព្រះរាជវាំង ។
ពេលនោះ ជួនជាស្ដេចទ្រង់ចេញប្រថាប់នៅចុងព្រះរាជរោង ទ្រង់បានទតឃើញ ។
ស្ដេចទ្រង់ឲ្យអាមាត្យរត់ទៅហៅបុរសនោះមក
ហើយទ្រង់មានព្រះបន្ទូលសួរបុរសថា «ដំណើរដូចម្ដេច
បានជាអ្នកដាក់ឃ្នាងជណ្ដើរ ហើយចងអូសដូច្នោះ! តើមកពីហេតុអ្វី?» ។
បុរសនោះក្រាបបង្គំទូលថា «សូមទ្រង់ព្រះមេត្តាប្រោស! កាលដើមឡើយ ទូលព្រះបង្គំ
បានយករបស់ទៅជីកកប់ក្រោមជណ្ដើរនេះ ផ្ញើនឹងជណ្ដើរឲ្យជណ្ដើររក្សាឲ្យ
ជណ្ដើរនេះ ឲ្យមនុស្សលួចយកអស់
បានជាទូលព្រះបង្គំពុំសុខចិត្តនឹងជណ្ដើរនេះ» ។ ស្ដេចមានព្រះបន្ទូលសួរបុរសថា
«របស់អ្វីខ្លះ?»
។ បុរសក្រាបទូលថា «ខ្សែចងឯង ឆ្នាំងឆ្អិនឯង
និងកែវដើរលើទឹកបាន»
។ ស្ដេចទ្រង់ជ្រាប
ទ្រង់ឲ្យបុរសយកជណ្ដើរនោះមកថ្វាយព្រះអង្គ ។ ទ្រង់ឲ្យអាមាត្យយកទុក
ហើយទ្រង់មានបន្ទូលថា «ប្រពន្ធចៅឯងមានសហាយ ចៅឯងនៅនឹងយើងចុះ» រួចទ្រង់ក៏ព្រះរាជទានសំពត់អាវឲ្យបុរសនោះស្លៀកពាក់
។ បុរសនោះ ក៏នៅគាល់បម្រើស្ដេចប្រមាណ ៣ថ្ងៃ ។
ស្ដេចទ្រង់ព្រះរាជទានព្រះភូសាឲ្យបុរសនោះ ទ្រង់ផ្ដាំថា «ចូរឯងយកសំពត់ដែលយើងឲ្យនេះ
ទៅផ្ទះ បើមានគេបបួលថា ឲ្យមកមើលរបាំ ចូរឯងកុំមក ឯងឲ្យតែសំពត់នេះ
ទៅប្រពន្ធឯងស្លៀកពាក់មកមើលរបាំចុះ» ។ បុរសនោះ ទទួលព្រះរាជឱង្ការហើយ
ក៏ថ្វាយបង្គំលាវិលទៅផ្ទះវិញ ។
ឯប្រពន្ធឃើញប្ដីបានសំពត់ល្អធ្វើឫកជាស្រឡាញ់ប្ដីណាស់ លុះព្រឹកឡើង
ស្ដេចឲ្យប៉ាវគងថា «ឲ្យអស់អាណាប្រជានុរាស្ត្រទាំងអស់មើលរបាំ
ត្បិតស្ដេចចាត់ចែងរបាំឲ្យអស់រាស្ត្រមើល!» ។ អស់អ្នកស្រុក
ក៏បបួលគ្នាទៅមើលល្ខោនទ្រហឹងអឺងកង ។ មេប្រពន្ធ វាបបួលបុរសនោះថា «អ្នកទៅមើលរាំនឹងគេឬទេ?» ។
បុរសថា «នាងឯងយកសំពត់នេះស្លៀកទៅមើលរាំនឹងគេចុះ បងមិនទៅទេ» ។ មេនោះ
ឮប្ដីឲ្យសំពត់ល្អទៅស្លៀកមើលរាំ ក៏នឹកអរ ចង់យកទៅឲ្យសហាយវាស្លៀក
ត្បិតប្ដីមិនទៅមើលទេ ។ មេនោះបានសំពត់
ក៏រលះរលាំងចុះដើរទៅស្កាត់រកសហាយ ឃើញហើយ ក៏ឲ្យសំពត់នោះ ទៅសហាយស្លៀក
រួចបណ្ដើរគ្នាទៅក្នុងព្រះរាជវាំង ចូលទៅមើលល្ខោន ឈរទន្ទឹមគ្នា ។
ស្ដេចទ្រង់ឲ្យទាហានក្រុមវាំងដើរល្បាតមើល បើឃើញនរណាស្លៀកសំពត់
ដែលទ្រង់ព្រះរាជទានឲ្យទៅបុរសនោះ ទ្រង់ឲ្យហៅមកទាំងប្រុសទាំងស្រី ។
អស់ពួកទាហានក្រុមវាំង ក៏ហៅអានោះមេនោះមកថ្វាយស្ដេចៗទតឃើញមិនមែនបុរស
ទើបទ្រង់ឲ្យទៅហៅបុរសនោះមក ទ្រង់សួរថា «ឯណា ប្រពន្ធចៅឯង?» ។
បុរសក្រាបទូលថា «នាងនេះហើយជាប្រពន្ធទូលព្រះបង្គំជាខ្ញុំ» ។
ស្ដេចទ្រង់មានព្រះបន្ទូលថា «ចុះប្រុសនេះ ចៅឯងស្គាល់ទេ?» ។ បុរសក្រាបទូលថា «មិនស្គាល់ទេ!» ។
ស្ដេចទ្រង់ឲ្យយកសំពត់កញ្ចាស់មក
ឲ្យអាសហាយនោះផ្លាស់សំពត់ថ្មីចេញហើយទ្រង់សួរថា «សំពត់នេះ
ចៅឯងបានមកពីណា?»
។ អាសហាយភិតភ័យ ក៏ក្រាបទូលថា «នាងនេះឲ្យទូលព្រះបង្គំជាខ្ញុំស្លៀក» ។
ស្ដេចត្រាស់សួរថា «ឯងលួចប្រពន្ធបុរសនេះមែនទេ?»។ អាសហាយក្រាបទូលថា «ទូលព្រះបង្គំជាខ្ញុំលួចមែន» ។
ទ្រង់សួរថា «ឯងលួចរបស់ដែលបុរសនេះ គេកប់ក្រោមជណ្ដើរមែនឬទេ?» ។
អានោះក្រាបទូលថា «មែន» ។ ស្ដេចទ្រង់ឲ្យបណ្ដើរអានោះទៅយករបស់ទាំងនោះមក
ទ្រង់សួរបុរសនោះថា «របស់នេះ ជារបស់ចៅឯងហើយឬ?» ។ បុរសក្រាបទូលថា «ហ្នឹងហើយ
ណ្ហើយ! សូមទ្រង់អភ័យទោសវា ឲ្យវាយកគ្នាជាប្ដីប្រពន្ធចុះ ។
ស្ដេចនិងនាហ្មឺនកោតចិត្តបុរសនោះ ក៏ទ្រង់លើកលែងទោសតាមពាក្យសុំ ។
បុរសនោះ លើករបស់ទាំងអស់ថ្វាយស្ដេច ដោយក្រាបទូលថា «ខ្សែនិងដំបងនេះ
បើមាននរណាមកជាបច្ចាមិត្ត សូមទ្រង់ប្រើខ្សែឲ្យចងដំបងឲ្យវាយ
បច្ចាមិត្តនោះស្លាប់វិនាសអស់បាន ឯឆ្នាំងនេះ
បើទ្រង់សព្វព្រះរាជហឫទ័យនឹងព្រះស្ងោយអ្វី គ្រាន់តែទ្រង់ប្រាប់ថា «ឆ្នាំងឆ្អិនឡើង!» ព្រះស្ងោយនោះក៏ឆ្អិនដូចព្រះរាជហឫទ័យ
កែវជ្រូកនេះទៀតបើសព្វព្រះរាជហឫទ័យយាងលើទឹក ក៏ទ្រង់យាងបាន» ។
ស្ដេចនឹកក្នុងព្រះទ័យថា
ទ្រព្យទាំងនេះជាទ្រព្យមានតម្លៃនឹងរកទ្រព្យអ្វី
ឲ្យស្មើនឹងតម្លៃរបស់បុរសនោះគ្មាន ទុកជាខ្លួនអញក្ដី មហេសីក្ដី
បុត្រីក្ដី ទាំងទ្រព្យពេញនគរក្ដី ក៏ពុំស្មើនឹងរបស់បុរសនោះដែរ» ហើយត្រង់មានព្រះបន្ទូលទៅនឹងបុរសថា
«អញគ្មានអ្វីនឹងតបថ្លៃទ្រព្យចៅទេ មានតែបុត្រីនិងរាជសម្បត្តិ
អញលើកឲ្យជាតម្លៃទ្រព្យចៅ»
។ បុរសក្រាបទូលថា «សូមទ្រង់ព្រះមេត្តាប្រោស! ទូលព្រះបង្គំជាខ្ញុំ
ជាមនុស្សកម្សត់
ពុំប្រាថ្នារាជសម្បត្តិនិងព្រះរាជបុត្រីល្អធូលីព្រះបាទទេ
បើទ្រង់ព្រះមេត្តាប្រោស សូមព្រះរាជទានតែកាំបិតបន្ទោះ១ចុះ» ។
ស្ដេចទ្រង់ជ្រាបដូច្នោះ ទ្រង់មានព្រះបន្ទូលឲ្យជាងយកដែក១០ហាប ទៅសិតធ្វើកាំបិតបន្ទោះ១
។ កាំបិតបន្ទោះនោះ យកក្ដារដាក់ត្រួត
៧ជាន់គ្រាន់តែអូសកាត់ក៏ដាច់មិនដឹងខ្លួន ទ្រង់ឲ្យធ្វើស្រោមដាក់ហើយ
ទ្រង់ព្រះរាជទានទៅបុរសនោះ ។
ដោយហេតុស្ដេចព្រះរាជទានព្រះរាជបុត្រីនិងរាជសម្បត្តិ បុរសនោះមិនយក
ទៅយកឯកាំបិតបន្ទោះដងមួយ បានជាអ្នកស្រុកគេសន្មតហៅថា «ចៅកាំបិតបន្ទោះដងមួយ» តាមហេតុនោះ
។ ចៅកាំបិតបន្ទោះនោះដើរទៅដល់នគរមួយទៀត
ក៏ទៅសុំសម្នាក់នៅផ្ទះមហាសេដ្ឋី១ ។ សេដ្ឋីនោះ មានកូនស្រី១
គ្មានកូនប្រុស កាលបើឃើញចៅកាំបិតបន្ទោះដងមួយមកសុំសម្នាក់ដូច្នោះ
ក៏មានចិត្តអាណិតស្រឡាញ់ ឲ្យនៅធ្វើជាកូន ។ ចៅកាំបិតបន្ទោះដងមួយ
តាំងពីបានមហាសេដ្ឋីធ្វើឪពុកថ្ងៃណា ក៏ថែទាំរក្សាទ្រព្យរបស់
ដាស់តឿនខ្ញុំកំដរឲ្យធ្វើការរកស៊ី មិនឲ្យមហាសេដ្ឋីព្រួយចិត្តឡើយ ។
មហាសេដ្ឋីក៏មានចិត្តអាណិតស្រឡាញ់ចៅកាំបិតបន្ទោះដងមួយលើសកូនបង្កើត ។
ជួនជាពេលនោះ ស្ដេចទ្រង់ចង់ពិសោធរកនាហ្មឺនមានប្រាជ្ញា
ចេះរក្សាទឹកដីជួសទ្រង់បាន ទ្រង់ក៏ឲ្យរៀបទីព្រះទែនក្រាលពូកព្រែព្រំ
ដាក់ចំណីអាហារ បើមន្ត្រីណាត្រូវវេនចាំវាំង ឲ្យស៊ីដេករៀងទៅ ។
អស់នាហ្មឺន ក៏ទៅបរិភោគចំណីនោះ ហើយដេកនៅទីព្រះទែននោះ ។
ស្ដេចទ្រង់លបចេញមកទតឃើញដេកពុំភ្ញាក់
ក៏ទ្រង់ឲ្យដាស់ឡើងចាប់យកទៅកាប់ចោល ។ តែត្រូវនាហ្មឺនណាដេកវេន
នាហ្មឺននោះស្លាប់ ។ ដល់វេនសេដ្ឋី សេដ្ឋីក៏ឲ្យប្រពន្ធរៀបចំធ្វើបុណ្យខ្លួនដោយនឹកថា
តែទៅដេកវេនហើយ មិនដែលនរណារស់មួយទេ ។ អស់ប្រពន្ធកូន បងប្អូន
ញាតិសន្តាន ខ្ញុំកំដរ យំទ្រហឹងអឺងកង ។ សេដ្ឋីដេកសន្ធឹកសន្ធៃ
អាហារចំណីក៏ពុំបរិភោគ ។ ចៅកាំបិតបន្ទោះដងមួយ ឮគេយំរាល់គ្នា
ក៏ទៅសួរមហាសេដ្ឋីជាឪពុកថា «លោកឪពុក! ហេតុអ្វីបានជាគេយំទ្រហឹងអឺងកង
ហើយលោកឪពុកសម្រាន្តសន្ធឹកសន្ធៃ អាហារចំណីក៏មិនពិសាដូច្នេះ
តើមានការណ៍អ្វី? សូមលោកឪពុកប្រាប់ខ្ញុំឲ្យបានដឹងផង!»។
មហាសេដ្ឋីឮចៅកាំបិតបន្ទោះដងមួយសួរដូច្នោះ ក៏ប្រាប់កូនថា «ឱកូនអើយ!
ឪពុកបានអ្នកមកធ្វើកូនថ្ងៃណា ឪពុកគ្មានទាស់ចិត្តទេ
ឪពុកនឹកថានឹងបាននៅរក្សាអ្នក នឹងទំនុកបម្រុងអ្នកឲ្យស្នងឪពុក
ឥឡូវឪពុកស្លាប់ល្ងាចនេះហើយ ត្បិតស្ដេចឲ្យទៅដេកចាំវាំង
តែនាហ្មឺនណាទៅដេក មុខជាស្លាប់ពុំខានឡើយ បើអត់ពីឪពុកទៅ
កូននៅត្រូវអ្នករក្សាម្ដាយនិងប្អូនស្រីផង!» ។ ឯចៅកាំបិតបន្ទោះដងមួយ
ឮឪពុកនិយាយប្រាប់ដូច្នោះ ក៏ជម្រាបឪពុកថា «សូមលោកឪពុកក្រោកឡើងពិសាក្រយាចុះ!
ការដេកចាំវាំង លោកឪពុកកុំថប់ ទុកងារឲ្យខ្ញុំ
ខ្ញុំសុំទៅដេកស្លាប់ជួសលោកឪពុក» ។ មហាសេដ្ឋីថា «ណ្ហើយកូន!
ខ្លួនអ្នកនៅក្មេង ខ្លួនឪពុកចាស់ហើយ ក៏ល្មមស្លាប់ដែរ»។
ចៅកាំបិតបន្ទោះដងមួយជម្រាបមហាសេដ្ឋីជាឪពុកថា «ការទៅដេកចាំវាំងនេះ
បើនរណាទៅដេកមិនដឹងកល ក៏ស្លាប់ បើដឹងកល មិនស្លាប់ទេ
ឯនាហ្មឺនទាំងអស់ដែលស្លាប់នោះ សុទ្ធតែគ្មានដឹងកលទេ
មានតែខ្ញុំទើបដឹងកលស្ដេច»
។ មហាសេដ្ឋីឮចៅកាំបិតបន្ទោះនិយាយដូច្នោះ
ក៏ក្រោកឡើងបរិភោគបាយងូតទឹក លុះដល់ល្ងាច
ចៅកាំបិតបន្ទោះដងមួយក៏កាន់កាំបិតបន្ទោះចុះដើរទៅ លុះដល់វាំង
អស់ពួកព្រះក្រាលប្រគល់របស់ ដែលរៀបបម្រុងនោះឲ្យចៅកាំបិតបន្ទោះដងមួយៗ
នឹកថា «ឱ! ស្ដេចនេះ ទ្រង់សព្វព្រះទ័យរើសរកនាហ្មឺនណាមានគំនិតល្អ
អាចរក្សាទឹកដីបាន បានជាទ្រង់ពិសោធយ៉ាងនេះ» ។ ចៅកាំបិតបន្ទោះដងមួយ
ពុំដេកសោះថយទៅអង្គុយចម្ងាយពីរព្យាមពីទីនោះ ។ លុះអធ្រាត្រស្ងាត់
ស្ដេចក្លែងព្រះអង្គចេញមក ។ ចៅកាំបិតបន្ទោះឃើញស្គាល់ជាស្ដេច
ក៏សម្ងំពួនបំបាំងនៅសសរ ។ ស្ដេចយាងមកដល់ ទ្រង់ទតឃើញចំណីនៅដដែល
ក៏ត្រង់ព្រះសណ្ឋិតក្បែរសសរ ។ ចៅកាំបិតបន្ទោះដងមួយស្រែកថា «ពះ!
កាប់អាចោរមកពីណា មកគិតលួចទ្រព្យរបស់ស្ដេច» ។ ស្ដេចភ្ញាក់ហើយទ្រង់រត់ទៅ ។
ចៅកាំបិតបន្ទោះ ក៏ស្ទុះរត់ចេញបណ្ដោយ ។
ស្ដេចទ្រង់គេចនឹងសសរចុះព្រះរាជរោង ។ ចៅកាំបិតបន្ទោះធ្វើជាកាប់ផុតៗ
មិនឲ្យត្រូវ ឲ្យត្រូវតែសសរចុងព្រះរាជរោង ។ ស្ដេចទ្រង់គេចពីសសរមួយទៅសសរមួយ
គ្រប់តែសសរ ។ ចៅកាំបិតបន្ទោះ កាប់បង្ខុសពីស្ដេច ឲ្យត្រូវសសរ
គ្រប់តែសសរចុងព្រះរាជរោង ដោយមិនដឹងថាដាច់ឡើយ ។ ទាល់តែស្ដេចស្រែកថា «អញទេៗ!
អញជាស្ដេចទេ!» ទើបចៅកាំបិតបន្ទោះដងមួយលែងដេញ ។ ស្ដេចក៏ចូលទៅក្នុងព្រះរាជដំណាក់
។ ចៅកាំបិតបន្ទោះ ក៏វិលមកកន្លែងដដែល ។ លុះព្រឹកឡើង
ចៅកាំបិតបន្ទោះទៅដល់ផ្ទះ មានខ្យល់បក់មកឯក្រោយ
ក៏រលំចុងព្រះរាជរោងទាំងអស់ ។ ស្ដេចទ្រង់ឲ្យសួរថា «វេននរណាដេកចាំវាំងយប់មិញ?» ។
អាមាត្យក្រាបទូលថា «ត្រូវវេនមហាសេដ្ឋី»
។ ស្ដេចទ្រង់ឲ្យអមាត្យទៅសួរមហាសេដ្ឋីថា «លោក!
អ្នកណាដេកចាំវាំងយប់មិញ?»
។ មហាសេដ្ឋីប្រាប់ថា «កូនខ្ញុំ!» ។
អមាត្យថា «ឥឡូវ សត្រូវកាប់ចុងព្រះរាជរោងរលំអស់
បានជាស្ដេចទ្រង់ឲ្យហៅលោកទៅ»
។ មហាសេដ្ឋីឮអាមាត្យប្រាប់ដូច្នោះ ក៏ភិតភ័យនឹកថា «ឱកូនអើយ!
សុំខ្លួនទៅដេកចាំវាំងជួសឪពុក នឹកថាឲ្យបានសេចក្ដីសុខ
ឥឡូវម្ដេចក៏ឲ្យសត្រូវចូលកាប់ចុងព្រះរាជរោងបាន?» ។
មហាសេដ្ឋីក៏បារម្ភខ្លួនក្រែងស្លាប់ ។ លុះដើរទៅដល់ទីចុងព្រះរាជរោង
ឃើញចុងព្រះរាជរោងរលំអស់ ក៏រឹតតែភ័យជាថ្មីទៀត ។
អាមាត្យនាំមហាសេដ្ឋីទៅដល់ ស្ដេចទ្រង់សួរថា «មហាសេដ្ឋី! ត្រូវវេនអ្នកឬ
អ្នកណាយប់មិញ?» ។ មហាសេដ្ឋីក្រាបទូលថា «ត្រូវវេនទូលព្រះបង្គំជាខ្ញុំ!» ។
ស្ដេចមានព្រះបន្ទូលថា «នរណាដេកចាំវាំង?»
។ សេដ្ឋីទូលថា កូនទូលព្រះបង្គំជាខ្ញុំ
ទទួលព្រះរាជទានដំណេកចាំវាំង»
។ ទ្រង់មានព្រះបន្ទូលថា «មហាសេដ្ឋី!
អ្នកមានកូនប្រុសពីកាលណា?
ក្រែងអ្នកមានតែកូនស្រីទេឬ?» ។
មហាសេដ្ឋីក្រាបទូលថា «សូមទ្រង់ព្រះមេត្តាប្រោស! កូនរបស់ទូលព្រះបង្គំជាខ្ញុំនេះ
កំព្រា មិនដឹងជាមកពីណា ទូលព្រះបង្គំជាខ្ញុំឃើញកំព្រា ក៏សុំជាកូន
ត្បិតគ្មានកូនប្រុស»
។ ស្ដេចមានព្រះបន្ទូលថា «បើដូច្នោះ ឲ្យទៅហៅមក» ។
អាមាត្យ ក៏រត់តៅហៅចៅកាំបិតបន្ទោះដងមួយ ។ មហាសេដ្ឋីរឹតតែភ័យ នឹកថា «ឱកូនអើយ!
សមស្លាប់ជាមួយឪពុកថ្ងៃនេះ ជាប្រាកដពុំលែង» ។ អាមាត្យដែលទៅហៅចៅកាំបិតបន្ទោះ
លុះទៅដល់ប្រាប់ប្រពន្ធមហាសេដ្ឋីថា «អ្នកស្រី!
ស្ដេចទ្រង់ឲ្យហៅកូនប្រុសអ្នក ។ នាងជាប្រពន្ធមហាសេដ្ឋីថា «ឱអ្នកអមាត្យអើយ!
ឥឡូវវាដេកទៅហើយ ព្រោះយប់មិញទៅដេកចាំវាំងអត់ងងុយទាល់ព្រឹក» ។
អាមាត្យថា «ទេអ្នក! បើទុកជាអត់ងងុយយ៉ាងណា
ក៏ដាស់ឡើងត្បិតស្ដេចទ្រង់ហៅប្រញាប់» ។
ប្រពន្ធមហាសេដ្ឋីប្រណីកូនមិនហ៊ានដាស់ បញ្ជូនកូនស្រីឲ្យទៅដាស់ថា «នាងឯងទៅដាស់បងឡើង» ។
ឯនាងកូនស្រីប្រកែកថា «ទេម៉ែ! ខ្ញុំមិនហ៊ានទៅដាស់ទេ
ព្រោះគាត់ទើបនឹងសម្រាន្តអំបាញ់មិញ» ។ ចៅកាំបិតបន្ទោះឮគេមាត់
ក៏រឭកឡើងចេញទៅក្រៅ ។ ម្ដាយឃើញកូនរឭក ប្រាប់កូនថា «កូន!
ស្ដេចទ្រង់ហៅកូនទៅ ឥឡូវរាជបម្រើគេអង្គុយតែចាំ» ។
ចៅកាំបិតបន្ទោះ ក៏លុបមុខ សិតសក់ ឆ្លុះកញ្ចក់ ស្លៀកសំពត់ ចុះទៅជាមួយអាមាត្យ
ទៅដល់ស្ដេចមានព្រះបន្ទូលសួរថា «ហ្នឹងហើយឬកូនអ្នកឯងមហាសេដ្ឋី?» ។
មហាសេដ្ឋីទូលថា «សូមទ្រង់ព្រះមេត្តាប្រោស! ហ្នឹងហើយកូនទូលព្រះបង្គំជាខ្ញុំ» ។
ស្ដេចទ្រង់សួរថា «នរណា ដេកចាំវាំងយប់មិញ?» ។ ចៅកាំបិតបន្ទោះដងមួយ
ក្រាបបង្គំទូលថា «ទូលព្រះបង្គំជាខ្ញុំទទួលព្រះរាជមានដំណេកយប់មិញ» ។
ស្ដេចទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់មានព្រះបន្ទូលទៅនឹងមហាសេដ្ឋីថា «មហាសេដ្ឋី!
ការដែលដាច់រលំព្រះរាជរោងអញអស់នេះ អញពុំមានចិត្តខឹងទេ
ធ្វើឡើងជាថ្មីទៀតបាន តែរើសរកមនុស្សដូចកូនអ្នកនេះមិនបានទេ នេះហើយ
ទើបគេហៅមនុស្សពេញលក្ខណៈ»
ហើយទ្រង់សួរថា «ចៅឯងឈ្មោះអ្វី?»។
ចៅកាំបិតបន្ទោះដងមួយក្រាបទូលថា «ទូលព្រះបង្គំជាខ្ញុំឈ្មោះ
ចៅកាំបិតបន្ទោះដងមួយ»។ ស្ដេចមានព្រះបន្ទូលថា «ចៅកាំបិតបន្ទោះ! យប់មិញ
ដែលឯងដេញកាប់អញនោះ តើកាប់នឹងអ្វី?» ។
ចៅកាំបិតបន្ទោះដងមួយក្រាបទូលថា «ទូលព្រះបង្គំកាប់នឹងកាំបិតបន្ទោះដងមួយ» ។
ទ្រង់មានព្រះបន្ទូលថា «ចៅឯងយកកាំបិតបន្ទោះនោះមកមើល!
បើថាឯងកាប់នឹងកាំបិតបន្ទោះនោះមែន» ។ ចៅកាំបិតបន្ទោះដងមួយទូលថា «សូមទ្រង់ព្រះមេត្តាប្រោស!
បើទ្រង់ចង់ជ្រាបថា កាំបិតបន្ទោះនេះមុតឬមិនមុត
ទ្រង់ឲ្យយកក្ដារមកដាក់តម្រួតគ្នា ៧ ជាន់
ទូលព្រះបង្គំគ្រាន់តែអូសថ្វាយទត» ។ ស្ដេចពុំជឿ
ទ្រង់បង្គាប់អាមាត្យឲ្យយកក្ដារមកដាក់ត្រួតគ្នា ៧ជាន់
ហើយទ្រង់ឲ្យចៅកាំបិតបន្ទោះដងមួយយកកាំបិតបន្ទោះទៅអូស ដើម្បីទ្រង់ទត ។
ចៅកាំបិតបន្ទោះដងមួយ ក៏យកកាំបិតបន្ទោះទៅអូសកាត់ទទឹង
រួចស្ដេចទ្រង់សួរថា «ដាច់ហើយឬនៅ?»
។ ចៅកាំបិតបន្ទោះដងមួយ ក្រាបទូលថា «ដាច់ហើយ» ។
ស្ដេចមានព្រះបន្ទូលថា «បើដាច់ហើយ ម្ដេចក៏គ្មានស្នាម?» ។ ចៅកាំបិតបន្ទោះដងមួយ
ក្រាបទូលទៀតថា «សូមទ្រង់ព្រះមេត្តាប្រោស! បើទ្រង់ពុំជឿ
ឲ្យមនុស្សទាញចុងទាញដើមមើល ទើបទ្រង់ជ្រាបថាដាច់ឬមិនដាច់» ។
ស្ដេចឮចៅកាំបិតបន្ទោះដងមួយក្រាបទូលដូច្នោះទ្រង់ឲ្យអាមាត្យចាប់ទាញចុងដើម
ឃើញដាច់ចេញពីគ្នាដូចគេកាត់ ។
កាលទ្រង់ទតឃើញក្ដារដាច់ចេញពីគ្នាដូច្នោះ ទើបទ្រង់ភ័យជាក្រោយ
ដោយទ្រង់នឹកក្នុងព្រះទ័យថា «យប់មិញ បើប្រសិនជាចៅកាំបិតបន្ទោះដងមួយ វាកាប់ត្រូវអញ
សមអញស្លាប់បងអសារ គ្មាននរណាសមសោះ នេះហេតុតែបុណ្យអញមាន
បានជាមិនស្លាប់! ។ ព្រះមហាក្សត្រ ទ្រង់ទតយល់ដូច្នោះហើយ
ទ្រង់មានព្រះបន្ទូលប្រាប់មហាសេដ្ឋីថា «កូនអ្នកនេះ
ទើបពេញជាមនុស្សចេះរក្សាទឹកដីមែន អាចធ្វើជាមន្ត្រីរក្សាស្ដេចបាន
មន្ត្រីអញទាំងអស់ ដែលស្លាប់ទៅនោះ គ្មាននរណាមួយចេះដឹងខុសត្រូវ
រក្សាទឹកដីរក្សាស្ដេចបានទេ ទីកន្លែងអញ វាហានដេក ចំណីអញវាហ៊ានស៊ី
បើចំណីនិងដំណេកអញ វាហ៊ានធ្វើយ៉ាងនេះទៅហើយ បើប្រសិនអញមិននៅ
មើលទៅចិត្តនាហ្មឺន ដែលអញសម្លាប់នេះ ប្រហែលជាវាហ៊ានឡើងដេកនឹងប្រពន្ធកូនអញ
មិនលែងឡើយ» ហើយទ្រង់បង្គាប់មហាសេដ្ឋីថា «មហាសេដ្ឋី!
កូនស្រីរបស់អ្នកត្រូវអ្នករៀបផ្សំផ្គុំ
ឲ្យជាប្រពន្ធចៅកាំបិតបន្ទោះដងមួយទៅ ។ ឯមហាសេដ្ឋី
និងចៅកាំបិតបន្ទោះដងមួយ ក៏ថ្វាយបង្គំលាស្ដេចវិញមកផ្ទះវិញ ។ មហាសេដ្ឋី
ឲ្យរៀបធ្វើរោងផ្កាស្លា ដើម្បីរៀបការកូនស្រី ផ្សំផ្គុំនឹងចៅកាំបិតបន្ទោះដងមួយនោះ
ហើយមហាសេដ្ឋីអញ្ជើញអស់អ្នកមុខអ្នកការ ឧកញ៉ា ពញាព្រះ ជំទាវ ខុនណាង
ញាតិសាច់ជិតខាងមកពិសាការ ។ ដល់បានឫក្សពារពេលាល្អ
ក៏រៀបពិធីមង្គលការចងដៃឲ្យពរជ័យសួស្ដី
ផ្សំចៅកាំបិតបន្ទោះដងមួយនឹងកូនស្រី ជាប្ដីប្រពន្ធស្រេចបរិបូណ៌
ជាសុខសប្បាយទៅ ។ ឯចៅកាំបិតបន្ទោះ លុះមានប្រពន្ធកាលណា
ពុំមានខ្ជិលច្រអូសឡើយ តែងទៅគាល់ស្ដេចតែសព្វថ្ងៃរៀងទៅ ។
លុះព្រះរាជាកាន់តែចាស់ជរា ទ្រង់នឹកក្នុងព្រះចិន្ដាថា «អញចាស់ជរាហើយ
នឹងរកបុត្រាគ្មាន មានតែបុត្រីអំណើះពីអញទៅ នគរអញនឹងសូន្យ
ព្រោះគ្មានកូនណានឹងសោយរាជ្យស្នងអញនេះបាន
ឥឡូវឃើញតែចៅកាំបិតបន្ទោះនេះ វាមានចំណេះប្រាជ្ញាកិរិយាមារយាទល្អណាស់
ដូច្នេះ គួរអញផ្សំផ្គុំបុត្រីអញឲ្យទៅវា ឲ្យវាសោយរាជ្យស្នងអញ
រក្សាអស់អាណាប្រជានុរាស្ត្រចុះ»
។ ស្ដេចទ្រង់ព្រះតម្រិះក្នុងព្រះចិន្ដាតែប៉ុណ្ណោះ
ក៏ទ្រង់ព្រះបញ្ជាឲ្យសង់រោងមង្គលអាពាហ៍ពិពាហ៍
ទ្រង់ឲ្យហោរគន់គូររកឫក្សពេលាល្អហើយ
ទ្រង់ឲ្យមហាសេដ្ឋីចៅកាំបិតបន្ទោះដងមួយទៅថ្វាយព្រះអង្គៗ
ទ្រង់អភិសេកឲ្យសោយរាជសម្បត្តិជាស្ដេច
រក្សាអស់អាណាប្រជានុរាស្ត្រជាសុខសប្បាយតទៅ ។ ឯនាងជាកូនស្រីមហាសេដ្ឋី
ក៏ទ្រង់ឲ្យយកមកនៅជាមួយគ្នា ។ ស្ដេចកាំបិតបន្ទោះ
ទ្រង់ឲ្យមហាសេដ្ឋីធ្វើជាអគ្គមហាសេនា
សម្រាប់ធ្វើរាជការរក្សាព្រះនគរស្នងព្រះអង្គ, ក្រោយមកព្រះមហាក្សត្រជាព្រះវរបិតា
ទ្រង់ចាស់ជរា ទ្រង់ព្រះទិវង្គតទៅ ។ ស្ដេចកាំបិតបន្ទោះឲ្យធ្វើសាលា
សង់មេរុប្រាសាទ បូជាព្រះបិតាមាតា ធ្វើបុណ្យឆ្លង
ហើយធ្វើព្រះចេតិយបញ្ចុះព្រះធាតុទាំងពីរព្រះអង្គ ។
ស្ដេចកាំបិតបន្ទោះក៏គង់នៅជាសុខ ឥតទុក្ខសោករោគាបៀតបៀនឡើយ
ហើយទ្រង់នឹងចង់ទៅថ្វាយបង្គំស្ដេច
ដែលទ្រង់ឲ្យធ្វើកាំបិតបន្ទោះព្រះរាជទានមកកាល ដែលជាបុរសនៅឡើយ
រួចទ្រង់ឲ្យឲ្យមន្ត្រីរៀបកេណ្ឌពលថ្មើរជើង រៀបព្រះទីន័ងគជេន្ទ្រ
ព្រះទីន័ងអស្សពាហ៍រួចហើយ ទ្រង់ផ្ដាំអគ្គមហាសេនា ឲ្យថែរក្សាព្រះរាជវាំង
មើលព្រះអគ្គមហេសីទាំងពីរ ហើយស្ដេចយាងឡើងព្រះទីន័ងគជេន្ទ្រ បរចេញទៅ
៣ខែ ទើបដល់ ។ លុះស្ដេចយាងដល់ហើយ ក៏ទ្រង់ឲ្យអមាត្យចូលទៅទូលថា «ត្បិតស្ដេចកាំបិតបន្ទោះដងមួយ
ដែលកាលពីដើមបានថ្វាយខ្សែចង ដំបងវាយឯង ឆ្នាំងឆ្អិនឯង
និងកែវជ្រូកដើរលើទឹក ហើយទ្រង់ឲ្យធ្វើកាំបិតបន្ទោះដងមួយព្រះរាជទានទៅ
ឥឡូវបានសោយរាជ្យជាស្ដេច ចូលមកថ្វាយបង្គំព្រះអង្គ» ។
អមាត្យទទួលព្រះបណ្ដាំ ក៏ថ្វាយបង្គំទូលស្ដេចនោះតាមព្រះរាជបញ្ជា ។
ស្ដេចនោះទ្រង់ជ្រាប ក៏ទ្រង់ឲ្យរៀបទទួលយ៉ាងមហោឡារិក ។
អមាត្យវិលទៅទូលស្ដេចកាំបិតបន្ទោះវិញថា «ស្ដេចម្ចាស់នគរសុំព្រះអង្គស្ដេចយាងចូលទៅជាឆាប់
ត្បិតទ្រង់រឭកណាស់»
។ ឯស្ដេចកាំបិតបន្ទោះ
ក៏ទ្រង់ឲ្យពួករេហ៍ពលយោធាដង្ហែព្រះអង្គយាងចូលទៅ ។
ស្ដេចម្ចាស់នគរទតទៅស្ដេចកាំបិតបន្ទោះ ឃើញប្លែកណាស់ ស្ទើរពុំស្គាល់
ក៏ទ្រង់ចុះចុងព្រះរាជរោង មកទទួលចាប់ព្រះហស្តនាំឡើងទៅ
ហើយទ្រង់រៀបជប់លៀងអស់ពួកពលនាហ្មឺនសព្វមុខមន្ត្រី ឲ្យស៊ីផឹកសប្បាយ
ហើយស្ដេចម្ចាស់នគរទ្រង់គិតក្នុងព្រះទ័យថា «ខ្លួនអញចាស់ហើយ, គ្មានបុត្រានឹងសោយរាជ្យស្នង
ឥឡូវ ចៅកាំបិតបន្ទោះនេះ មានបុណ្យណាស់ បានសោយរាជ្យជាស្ដេច
អញមានបុត្រីមួយនេះ មិនដឹងឲ្យទៅអ្នកណា» ទ្រង់ព្រះតម្រិះដូច្នេះហើយ
ទ្រង់ក៏ឲ្យរៀបមង្គលអាពាហ៍ពិពាហ៍ ផ្សំផ្គុំព្រះរាជបុត្រី
នឹងស្ដេចកាំបិតបន្ទោះនោះ អភិសេកឲ្យសោយរាជ្យជាស្ដេចទៅ ។
ឯខ្សែចងដំបងវាយ ឆ្នាំងឆ្អិនឯង កែវជ្រូក
ស្ដេចជាព្រះបិតាលើកព្រះរាជទានឲ្យព្រះរាជបុត្រទាំងអស់ ។
ស្ដេចកាំបិតបន្ទោះ លុះបានសោយរាជ្យនគរពីរហើយ នឹកដល់បងនៅស្រុកចិន
ទ្រង់ក៏ប្រើឲ្យទៅយកពីស្រុកចិនមក
ឲ្យធ្វើអគ្គមហាសេនាស្ដីការរាជការជាធំក្នុងនគរ ។
ហើយស្ដេចកាំបិតបន្ទោះថ្វាយបង្គំលាព្រះមាតាបិតា
ផ្ដាំបងឲ្យមើលការរាជការរក្សាវាំង ហើយស្ដេចយាងវិលទៅនគរដើមវិញ
តែងយាងទៅយាងមកទតការខុសត្រូវ ថែទាំរក្សាអស់អាណាប្រជានុរាស្ត្រ
ជាសុខសប្បាយរៀងទៅ ។
នឿយណាស់កុំដេក
យកប្រពន្ធឲ្យមើលម្ដាយក្មេក ដេកយប់កុំនិយាយនិងស្រី
រឿង ចៅកាំបិតបន្ទោះ
Reviewed by VannyDa
on
12:41 PM
Rating: