រឿង ចៅតប់ប្រមល់
កាលពីព្រេងនាយ មានបុរសពីរនាក់
បានធ្វើកងការកុសលជាមួយគ្នា លុះបុរសទាំងពីររំលាងខន្ធទៅ
បុរសម្នាក់បានទៅកើតជាព្រះឥន្ទ្រ. បុរសម្នាក់ទៀតទៅកើតជាបុរសកម្សត់
មានប្រពន្ធ ក្រលំបាកណាស់ រកស៊ីនេសាទដាក់លបយកត្រី ជាអម្រស់អម្រចិញ្ចឹមជីវិត
។ គ្រា១ ព្រះឥន្ទ្របានបើកទិព្វចក្ខុ ទតឃើញបុរសនោះ វេទនាលំបាកដូច្នោះ
មានសេចក្ដីអាសូរករុណា វេលាយប់ព្រះឥន្ទ្រយកមាស៣ដុំ
ទៅដាក់ក្នុងលបបុរសនោះ ។ លុះព្រឹកឡើង បុរសនោះទៅលើកលបមើល
ឃើញមាសមិនស្គាល់ជាមាស សម្គាល់ថាជាថ្ម ក៏ចោលទៅក្នុងទឹក
ហើយដាក់លបទៅក្នុងទឹកវិញ ។ បុរសបានមើលលបទៀតគម្រប់៣ ដង ។
ព្រះឥន្ទ្រយកមាសដាក់ក្នុងលបដូចមុនទៀត ។ បុរសឃើញដូច្នោះ នឹកខឹង
ក៏ចងមាសទាំង៣ ដុំនោះពុនយកទៅធ្វើជាថ្មជើងក្រានដាំបាយ ។ ប្រពន្ធបុរស
មិនស្គាល់មាស ក៏យកដុំមាសនោះទៅធ្វើជាថ្មជើងក្រានតាមបង្គាប់ប្ដី ។
ក្រោយនោះ មានព្រះរាជអាជ្ញាមកទារពន្ធ
មើលទៅឃើញដុំមាស ដែលបុរសនោះធ្វើថ្មជើងក្រាន ក៏ឲ្យបុរសយកមាស ៣
ដុំនោះបង់ពន្ធ ដែលបុរសនោះ ជំពាក់រាជការ ។ បុរសនោះ នឹកអរណាស់
ដោយខ្លួនទ័លក្រ ហើយព្រះរាជអាជ្ញា យកដុំថ្មជើងក្រានដូច្នោះ ក៏ព្រមតាម
បានប្រគល់ថ្មជើងក្រានទាំង ៣ ដុំនោះទៅឲ្យព្រះរាជអាជ្ញាភ្លាម ។
លុះព្រះអាជ្ញាបានដុំមាសពីបុរសនោះហើយ ក៏យក ១ ដុំទៅ ថ្វាយព្រះមហាក្សត្រ
។ លុះទ្រង់សាកសួរពីហេតុផលបានមាសនោះ ព្រះរាជអាជ្ញាទូលតាមដំណើរ ។
ស្ដេចទ្រង់ជ្រាបថា មានមាសពីបុរសដូច្នោះ ទ្រង់ឲ្យហៅបុរសនោះ ៗ
ទៅដល់ទ្រង់សាកសួរទៀត ។ បុរសក្រាបទូលថា «មាសរបស់ខ្លួន ៣
ដុំបានជូនមកព្រះរាជអាជ្ញាហើយ»
។ ស្ដេចឲ្យទារយកមាស ២ ដុំពីព្រះរាជអាជ្ញានោះ
ហើយទ្រង់បង្គាប់ឲ្យបុរសនោះ រកមាសមកថ្វាយព្រះអង្គថែមទៀត ។
បុរសនោះក្រាបទូលថា «រកមាសទៀតពុំបានទេ»
។ ស្ដេចទ្រង់ឲ្យយកបុរសនោះ ទៅឃុំ ។ ព្រឹកឡើង
នាយតម្រួតដែលជាអ្នករក្សានោះ ប្រើឲ្យធ្វើការដោយជេរស្ដីបុរសនោះ ។
លុះទ្រង់ជ្រាបដល់ស្ដេច ៗ ទ្រង់ឲ្យហៅបុរសនោះ
មកសួរពីហេតុធ្វើការឲ្យមានទាស់ចិត្តនាយតម្រួត ។ បុរសនោះក្រាបទូលថា « ទូលព្រះបង្គំមានសេចក្ដីតប់ប្រមល់នៅក្នុងខ្លួនខ្លាំងណាស់» ។
ស្ដេចក៏មានព្រះបន្ទូលថា «បើដូច្នោះ ត្រូវចៅឯងរកសត្វតប់ប្រមល់នោះមកឲ្យអញ បើឯងរកពុំបានទេ
អញនឹងឲ្យពិឃាដឯង ក្នុងគ្រានេះ» ។ បុរសឮដូច្នោះក៏ភ័យ គិតថា «មុខជាស្លាប់ហើយក្នុងគ្រានេះ
មិនដឹងជាទៅរកសត្វតប់ប្រមល់ឯណាទេ» តែមិនហ៊ានប្រកែក
ដោយខ្លាចអំណាចស្ដេច ក៏ក្រាបបង្គំលាស្ដេចដើរចេញទៅ ដោយបំណងថា
នឹងដើរឲ្យស្លាប់ក្នុងព្រៃ លុះដើរចូលព្រៃឆ្ងាយទៅ ។ ព្រះឥន្ទ្រ
បើកព្រះនេត្រទិព្វមកឃើញបុរសនោះមានសេចក្ដីវេទនា លំបាកដូច្នោះ
ក៏និម្មិតជាអាស្រម ១ នៅខាងមុខទីដែលបុរសដើរទៅ
ហើយព្រះឥន្ទ្រកាឡាខ្លួនធ្វើជាព្រះមហាឥសី ។ បុរសមើលទៅឃើញអាស្រមដូច្នោះ
ក៏មានចិត្តត្រេកអរ ដើរចូលទៅថ្វាយបង្គំឥសីក្នុងអាស្រមនោះ ។ ឥសីសួរថា «ចៅមានហេតុអ្វី?» ។
បុរសនោះ ទូលឥសីតាមដំណើរ ដែលស្ដេចឲ្យរកសត្វតប់ប្រមល់ យកទៅថ្វាយ ។
ឥសីថា «ចៅកុំព្រួយ»
រួចឥសីបានយកបំពង់ពក ១
មកសែកមន្តវិជ្ជាសិល្បសាស្ត្រកើតជាខ្លា សិង្ហ ដំរី ពស់ រមាស
សុទ្ធតែជាសត្វសាហាវទាំងអស់ ហើយឥសីដែលជប់បង្រួញសត្វទាំងនោះ
ច្រកក្នុងបំពង់ពក ប្រគល់បំពង់ពកនោះ ឲ្យទៅបុរស រួចផ្ដាំថា «ឲ្យយកទៅថ្វាយស្ដេច
ប៉ុន្តែមុននឹងបើកឆ្នុក ឲ្យស្ដេចប្រមូលព្រះរាជវង្សានុវង្សមកជួបជុំ
ហើយបិទទ្វារវាំងឲ្យជិត សឹមបើកឆ្នុកមើល ព្រោះសត្វនោះរត់រហ័សណាស់» ។
លុះបុរសនោះទទួលបណ្ដាំឥសីស្រេចហើយ
ក៏នាំយកសត្វដែលច្រកក្នុងបំពង់ពក ទៅថ្វាយស្ដេច ក្រាបទូលថា «ទូលព្រះបង្គំរកសត្វតប់ប្រមល់បានហើយ
នៅក្នុងបំពង់ពកនេះ « ហើយក៏ទូលតាមដំណើរ ដែលឥសីផ្ដាំមក ។
ស្ដេចឲ្យប្រមូលព្រះរាជវង្សានុវង្សជួបជុំហើយ
ទ្រង់ចាត់ការបិទទ្វារកំពែងវាំងស្រេច
ទ្រង់ឲ្យអមាត្យបើកឆ្នុកបំពង់ពកនោះ ។ ខ្លា ដំរី សិង្ហ រមាស ពស់
ក៏ចេញពីក្នុងបំពង់ពកមកខាំ ស្ដេចនិងព្រះរាជវង្សានុវង្សទាំងនោះ
ឲ្យដល់នូវមរណភាពអស់ទៅ ។
ក្រោយមក
ពួកអ្នកនគរបានឃើញបុរសនោះមានរឹទ្ធានុភាពដូច្នោះ ក៏រៀបអភិសេកបុរសនោះ
ឲ្យឡើងសោយរាជសម្បត្តិ ជាព្រះមហាក្សត្រក្នុងនគរនោះទៅ ។
សត្វទាំងឡាយ ក៏លាស្ដេចបុរសនោះ
ចូលទៅនៅព្រៃ ផ្ដាំថា «បើស្ដេចមានភ័យ ឬមានការអ្វី គ្រាន់តែនឹកដល់
នឹងមកជួយយកអាសាជាដរាប»
។
កម្លាំងអ្វី
មិនស្មើកម្លាំងកម្ម
រឿង ចៅតប់ប្រមល់
Reviewed by VannyDa
on
12:42 PM
Rating: