រឿង ចៅផ្កាប់ត្រឡោក
កាលពីព្រេងនាយ មានសេដ្ឋីប្ដីប្រពន្ធ
មានកូនក្រមុំមួយនាក់ រូបឆោមល្អណាស់ ។ ពួកកំលោះ ៗជាច្រើនស្ម័គ្រចិត្តស្រឡាញ់
បានប្រាប់មាតាបិតាឲ្យចូលទៅដណ្ដឹងកូនក្រមុំមហាសេដ្ឋី ៗនោះ
ក៏ព្រមឲ្យឥតប្រកែក តែមានធ្វើខសន្យាថា «បើកំលោះឈ្មោះណាចង់បាន
ត្រូវសង់ផ្ទះ៥ល្វែងតែមួយថ្ងៃឲ្យហើយ បើធ្វើមិនហើយ
សេដ្ឋីនោះផ្ដាច់មិនឲ្យកូនក្រមុំទេ»។ កំលោះដទៃ ៗ
ប៉ុន្មាន ៗ ខូចខាតជំនូនជាច្រើននាក់ ដោយធ្វើផ្ទះមួយថ្ងៃមិនហើយ
សេដ្ឋីក៏ផ្ចាច់ មិនឲ្យកូនក្រមុំ ។ ខណៈនោះ
មានកំលោះម្នាក់ជាអ្នកមានគំនិត មានឧបាយកលប្រាជ្ញា ឈ្មោះថា «ចៅផ្កាប់ត្រឡោក» ជាកូនអ្នកមានគ្រាន់បើ
បានសុំប្រាក់មាតាបិតាយកទៅទិញឈើ
លបធ្វើផ្ទះប្រុងប្រៀបគ្រប់ប្រដាប់ជាស្រេច
រួចកោសរូសខាត់ត្រឡោក១យ៉ាងស្អាត
ហើយប្រាប់មាតាបិតាឲ្យទៅដណ្ដឹងកូនក្រមុំមហាសេដ្ឋីនោះ ។
ឯមាតាបិតាក៏ទិញផ្លែឈើ មើមឈើបានច្រើនតុ ហើយពឹងញាតិសន្តានឲ្យជួយកាន់ជំនូននោះ
ទៅដល់ផ្ទះ មហាសេដ្ឋីលើកដៃជម្រាបថា «ខ្ញុំបាទ នាងខ្ញុំ
មកសូមដណ្ដឹងកូនក្រមុំលោក ផ្សំផ្គុំនឹងកូនប្រុសកំលោះខ្ញុំបាទ នាងខ្ញុំ
ទោះបីខុសត្រូវ សូមលោកមហាសេដ្ឋីអភ័យទោស
សូមឲ្យបានជាសាច់សន្តានស្ពានមេត្រីរៀងទៅ» ។
សេដ្ឋីទាំងប្ដីប្រពន្ធស្ដាប់ហើយឆ្លើយថា «យើងឥតប្រកែកថាអ្វីទេអ្នក!
តែថា ថ្ងៃស្អែកនេះអ្នកធ្វើផ្ទះ ៥ ល្វែងឲ្យហើយស្រេច
ទើបបើធ្វើមិនហើយយើងនិងផ្ដាច់ មិនឲ្យកូនក្រមុំទេ» ។
មាតាបិតាចៅផ្កាប់ត្រឡោកឮហើយ ជម្រាបថា «បើកូនខ្ញុំធ្វើផ្ទះថ្ងៃស្អែកនេះមិនហើយស្រេចទេ
សូមលោកសេដ្ឋីផ្ដាច់កូនក្រមុំលោកចុះ ជំនូនប៉ុន្មានតុនេះ
ខ្ញុំបាទនាងខ្ញុំក៏សុខចិត្តជូនលោកទាំងអស់ ឥតគិតយកថ្លៃពីលោកឡើយ» ហើយជូនជំនូនទាំងអស់ទៅសេដ្ឋី
ៗ ក៏ឲ្យខ្ញុំកំដរលើកទៅផ្ទេរទុកពេញមួយល្វែងផ្ទះ ហើយយកសំបកតុ ថាស
មកឲ្យវិញ ។ មាតាបិតាចៅផ្កាប់ត្រឡោក ទទួលតុថាសគ្រប់ចំនួនហើយ
ក៏សំពះលាមហាសេដ្ឋីនាំគ្នាត្រឡប់មកផ្ទះវិញ ។
ក្រោយនោះ មហាសេដ្ឋីនិងភរិយា
នាំគ្នាទៅមើលជំនូននៅលើផ្ទះ ឃើញសុទ្ធតែផ្លែឈើមានតម្លៃប្លែកៗ
ពីប្រទេសឆ្ងាយខ្លះ នៅស្រុកអាយខ្លះ សេដ្ឋីក៏ញញឹមញាក់មុខដាក់ប្រពន្ធថា «ជំនូននេះ
យើងមុខជាបានស៊ីទទេទៀតហើយ»
។
ចំណែកមាតាបិតាចៅផ្កាប់ត្រឡោក
ទៅដល់ផ្ទះក៏និយាយប្រាប់កូនថា «សេដ្ឋីព្រមឲ្យហើយ» តែគេថា
«ឲ្យកូនធ្វើផ្ទះតែក្នុងថ្ងៃស្អែកនេះ ឲ្យហើយស្រេច» ។
ចៅផ្កាប់ត្រឡោក ឮមាតាបិតានិយាយប្រាប់ដូច្នោះ មានចិត្តត្រេកអរណាស់
ជម្រាបមាតាបិតាថា «លោកម៉ែលោកឪពុកកុំព្រួយបារម្ភ មុខជាបានដូចគំនិត
ដែលកូនគិតទុកពីថ្ងៃមុខ»
ហើយចៅផ្កាប់ត្រឡោក
ក៏ទៅនិយាយពឹងបងប្អូនអ្នកចេះការជាងផ្ទះបានគ្នាច្រើន
ឲ្យគេជួយសង់ផ្ទះតែក្នុងថ្ងៃស្អែកនេះឲ្យហើយ ។
បងប្អូនគេជួយទាំងអស់គ្នា ហើយចៅផ្កាប់ត្រឡោកត្រឡប់មកផ្ទះ
ស្លៀកពាក់តែងខ្លួនស្អាតបាត ពឹងកំលោះផងគ្នាឲ្យជូនទៅផ្ទះសេដ្ឋីនោះ
លុះឡើងទៅដល់លើផ្ទះ សេដ្ឋីសួរថា «ចៅឯងមកមានការអ្វី?» ចៅផ្កាប់ត្រឡោកលុតជង្គង់ប្រណម្យជម្រាបថា
«ម៉ែឪពុកបាទប្រើខ្ញុំបាទជាកូន
ឲ្យមកសូមក្រាបប្រណិប័តន៍លោកឪពុកអ្នកម្ដាយ
សូមទានប្រាប់ទីកន្លែងត្រង់ណា ឲ្យទានខ្ញុំបាទនឹងសង់ផ្ទះ
ខ្ញុំបាទនឹងអាលទៅចាត់ការធ្វើក្រែងមិនហើយ ជូនលោកឪពុកលោកម្ដាយ
ក្នុងវេលាថ្ងៃស្អែកនេះ »
។
សេដ្ឋីទាំងប្ដីប្រពន្ធ
គន់មើលរូបឫកពាចៅផ្កាប់ត្រឡោក នឹកសរសើរក្នុងចិត្តថា «កូនប្រសាអញគ្រាន់បើដែរ
តែមុខជាខូចខាតជំនូនដូចអ្នកមុន ៗ ទៀតហើយ» ហើយសេដ្ឋីប្រាប់ទីកន្លែងឲ្យសង់នៅខាងជើង
ឆ្ងាយពីផ្ទះធំ ចំនួន ៥ ព្យាម ។
ចៅផ្កាប់ត្រឡោកបានឮសេដ្ឋីប្រាប់ហើយ
ក៏ប្រាបសំពះលា នាំគ្នាត្រឡប់ទៅផ្ទះវិញ
លុះទៅដល់ប្រមូលបងប្អូនជួបជុំយកគ្រឿងផ្ទះ ដែលធ្ងន់ ៗ
ផ្ទុករទេះស្រេចពីយប់ របស់ណាល្មមលីសែង
ក៏ចាត់ចែងផ្គូផ្គងដាក់មុខគ្នាស្រេច ។
លុះព្រឹកឡើង ខ្លះដឹកនឹងរទេះ ខ្លះលីសែង
ទៅដល់ផ្ទះសេដ្ឋី ខ្លះកាប់ដី ខ្លះជីករណ្ដៅសសរ តាមខ្នាតទំហំផ្ទះ ៥ ល្វែង
ខំធ្វើស្រុះគ្នាមិនឈប់ ឈប់តែពេលបរិភោគបាយ
បរិភោគបាយរួចនាំគ្នាធ្វើទៀត ទាល់តែហើយស្រេចក្នុងវេលាថ្ងៃនោះ
រួចចៅផ្កាប់ត្រឡោកឡើងទៅលុតជង្គង់សំពះជូនផ្ទះមហាសេដ្ឋីជាមាតាបិតាក្មេក
ហើយនាំគ្នាត្រឡប់ទៅផ្ទះវិញ ។
លុះដល់ថ្ងៃខែ បានឫក្សល្អ
មាតាបិតាទាំងពីរខាង ក៏រៀបវិវាហមង្គលការកូនរួចស្រេច ។ ឯចៅផ្កាប់ត្រឡោក
លាក់តែត្រឡោកនោះ មិនឲ្យនរណាឃើញសោះ ដល់ពេលយប់រៀបផ្សំដំណេករួចហើយ
ក៏ដេកក្នុងផ្ទះជាមួយគ្នា ។ ចៅផ្កាប់ត្រឡោក យកត្រឡោកនោះ
ទៅផ្កាប់គ្របពីលើស្វាស រួចស្លៀកសំពត់ចងក្បិនប្រយ័ត្នមិនឲ្យត្រឡោកធ្លាក់បាន
ហើយដេកឃ្លាតពីភរិយា
ធ្វើកិរិយាសម្ងំមិនបានពាល់ដល់ចុងដៃជើងភរិយានោះឡើយ ប្រើឧបាយយ៉ាងនេះ
អត់ធន់បាន ៣ យប់ ។ យប់ក្រោយទៀតនាងភរិយានោះ
រសាប់រសល់ខ្វល់ចិត្តគិតសង្ស័យថា «ប្ដីអញនេះ
ដេកជាមួយគ្នាយូរយប់ហើយ គាត់ធ្វើព្រងើយកន្តើយ
ហាក់ដូចជាគ្មានត្រូវការនឹងអញសោះ ជាគាត់ខ្ទើយក្ស័យលិង្គ?» គិតក្នុងចិត្តដូច្នោះហើយ
ក៏ចង់ដឹងប្រថុយលបលូកស្ទាបមើលឲ្យច្បាស់ ។
ចៅផ្កាប់ត្រឡោកដេកពុំលក់ទេ
តែធ្វើជាស្រមុកខុល ៗ ។ នាងប្រពន្ធនោះ លូកដៃស្ទាបត្រង់ស្វាសនោះ
ពានទៅលើត្រឡោកផ្កាប់រលីងណិល ដកដៃមកវិញគិតថា«ប្ដីអញនេះ
នឹងថា ខ្ទើយក្ស័យលិង្គក៏មិនមែន សណ្ឋានហាក់ដូចជាភេទស្រីតែ
ពោះគ្មានប្រឡាយ មុខគួរឲ្យឆ្ងល់ណាស់!» ។
លុះព្រឹកឡើង ខ្សឹបប្រាប់ម្ដាយ តាមដំណើរ
ដែលលបស្ទាបប្ដីសព្វគ្រប់ ។ ម្ដាយឮហើយ ដកដង្ហើមធំថា «ឱ
កូនអញអើយ! បានប្ដីអ្វីក៏មិនដូចបុរសទាំងពួង
ហើយនឹកបន្ទោសកូនប្រសាប្រុសនោះថា «បើវាគ្មានប្រដាប់ដូចប្រុសទាំងពួងទេ
ហេតុម្ដេចក៏ស្រឡាញ់កូនអញម្ល៉េះ?» គិតហើយ
ក៏ប្រាប់សេដ្ឋីថាជាប្ដីតាមដំណើរកូនស្រីប្រាប់សព្វគ្រប់ ។
សេដ្ឋីស្អាប់ហើយគិតថា «បើអញនិយាយខ្លាំង ខ្មាសអ្នកជិតខាង» ហើយនិយាយខ្សឹបខ្សៀវតែពីរនាក់ប្ដីប្រពន្ធថា
«កូនប្រសាយើងនេះ វាគ្រាន់បើដែរ ណ្ហើយគេហ៍អើយ! អាណិតវា
ឲ្យប្រាក់ភស្តុភារបណ្ណាការនិងថ្លៃផ្ទះ មួយពាន់ប្រាំរយណែនទៅវា
ហើយប្រាប់វា ឲ្យទៅនៅម៉ែឪវាវិញចុះ» គិតព្រមគ្នាហើយហៅកូនប្រសាថា «ជីឯងមកនេះ» ។
ចៅផ្កាប់ត្រឡោកឮសេដ្ឋីឪពុកក្មេកហៅខ្លួនហើយ ក៏ទៅអង្គុយជិតសំពះសេដ្ឋី
ៗ ប្រាប់ថា «ឯងហាក់ដូចជាមិនស្រឡាញ់កូនអញសោះ! ណ្ហើយចុះ អញឲ្យប្រាក់មួយពាន់ប្រាំរយណែន
ឯងយកទៅផ្ទះឪពុកម្ដាយឯងវិញចុះ» រួចក៏រាប់ប្រាក់ប្រគល់ឲ្យគ្រប់ចំនួន
។ ចៅផ្កាប់ត្រឡោកទទួលយកប្រាក់ហើយជម្រាបថា «លោកឪពុក! ខ្ញុំបាទសុំហិបធំ ១
ដាក់ប្រាក់យកទៅឲ្យដល់ផ្ទះខ្ញុំបាទផង» ។ សេដ្ឋីក៏ឲ្យហឹបដាក់ប្រាក់
ចាត់បាវព្រាវឲ្យសែងតាមចៅផ្កាប់ត្រឡោកទៅដល់ផ្ទះ
ហើយជូនប្រាក់មួយពាន់ប្រាំរយណែននៅក្នុងហិបទៅមាតាបិតា
ជម្រាបរឿងសព្វប្រាប់ ក៏ត្រឡប់មកផ្ទះសេដ្ឋីវិញ ។ លុះដល់ហើយ
ចៅផ្កាប់ត្រឡោកធ្វើឫកកិរិយាសញ្ជប់សញ្ជឹង ហាក់ដូចជារឭកអាល័យសេដ្ឋីនិងភរិយានោះពន់ពេក
។
សេដ្ឋីឃើញហើយសួរថា «ឯង!
អញឲ្យប្រាក់ទៅនៅផ្ទះម៉ែឪឯងវិញហើយ ហេតុម្ដេចក៏មិនទៅ?» ។
ចៅផ្កាប់ត្រឡោកឆ្លើយជម្រាបសេដ្ឋីថា «ខ្ញុំបាទរឭកអាល័យលោកម៉ែលោកឪពុកនិងនាងជាភរិយាខ្លាំងណាស់
សុំនៅទទួលទានដំណេកតែមួយយប់នេះទៀតព្រឹកឡើងខ្ញុំបាទសូមប្រណិប័តន៍លាទៅផ្ទះវិញ» ។
សេដ្ឋីប្ដីប្រពន្ធនិយាយគ្នាថា «យើងឲ្យវាដេកមួយយប់ទៀត
ចុះវាមិនទាន់ជាអ្វីទេ ដូចជាដេកជាមួយនឹងប្រុសផងគ្នា» ។
លុះពេលយប់បរិភោគបាយរួច ចៅផ្កាប់ត្រឡោកក៏ចូលទៅដេកជាមួយនឹងភរិយា
ត្រឡោកនៅផ្កាប់ដដែល,
ដល់យប់ចៅនាងភរិយាគិតថា «យប់ស្អែកនេះ
ប្ដីអញទៅនៅផ្ទះគាត់វិញហើយ,
អញចង់ស្ទាបសង្កេតឲ្យច្បាស់» ។
ឯចៅផ្កាប់ត្រឡោកដេកផ្ងារដេកពុំលក់ ព្រោះកើតតម្រេកខ្លាំង
ដូចជាគេទូលត្រឡោក ។ នាងភរិយានោះ លូកដៃទៅប៉ះត្រឡោកៗ
ធ្លាក់ឮសូរតែខ្វស់ ។ ចៅផ្កាប់ត្រឡោកងាកផាំង
ចូលទៅរួមរសនឹងនាងភរិយានោះដោយកម្លាំងដ៏ខ្លាំងក្លា ។ លុះព្រឹកឡើង
នាងនោះនិយាយជម្រាបម្ដាយ «ម៉ែអើយ! បើប្ដីខ្ញុំលាទៅផ្ទះវិញ សូមម៉ែអាណិតកូន
ឃាត់កុំឲ្យគាត់ទៅ»
។ មាតាសង្ស័យណាស់សួរកូន ៗ និយាយខ្សឹបជម្រាបមាតាថា «ម៉ែ!
ប្ដីខ្ញុំគាត់មានប្រដាប់ដូចប្រុសទាំងពួង មិនមែនជាខ្ទើយទេ» ។
ម្ដាយដឹងចិត្តកូនក៏ខ្សឹបជម្រាបសេដ្ឋីជាប្ដីដោយស្ងាត់ថា
«កូនយើងទាំងពីរ វាត្រូវចិត្តវាហើយ» ។
សេដ្ឋីឮភរិយានិយាយប្រាប់រឿងកូនសព្វគ្រប់
ក៏តបថា «កាលមុន ឯងនិយាយប្រាប់អញ ៗ ក៏ជឿថាពិតមែន
អញបានសងថ្លៃភស្តុភារបណ្ណាការនិងថ្លៃផ្ទះ មួយពានប្រាំរយណែន ឲ្យទៅវា
ឥឡូវថាកូនប្រសាយើងមានប្រដាប់ដូចបុរសទាំងពួង ណ្ហើយចុះគេហ៍អើយ! បើត្រូវចិត្តគ្នាវាហើយ
ប្រាក់ដែលយើងឲ្យកូនប្រសានោះ ដូចជាឲ្យទៅកូនយើងទេ ប្ដីប្រពន្ធវាមាន
ក្រជាមួយគ្នាចុះ «ហើយសេដ្ឋីក៏ស្ងៀមស្ងាត់រាប់អានជាកូនតរៀងទៅ ។
លុះដល់សេដ្ឋីប្ដីនិងភរិយាចាស់ជរា
ទទួលមរណភាពទៅវេលាណា ស្ដេចក្នុងព្រះនគរនោះ ទ្រង់ព្រះមេត្តាប្រោស
តាំងចៅផ្កាប់ត្រឡោក និងភរិយាឲ្យធ្វើជាសេដ្ឋីតាងបិតាលុះអស់ជីវិត ។
ត្រឡាចម្ដេចមានបណ្ដូល
មនុស្សមួយទាំងមូល ណាក៏គ្មានប្រាជ្ញា
រឿង ចៅផ្កាប់ត្រឡោក
Reviewed by VannyDa
on
12:43 PM
Rating: