រឿង តម្លង់៧សន្ដាន
កាលពីព្រេងនាយ មានបុរសប្ដីប្រពន្ធ
នាំគ្នាទៅសួរបងប្អូននៅភូមិត្រៃសណ្ដែកដើរ ៗ ទៅប្រទះនឹងអាតម្លង់ ៧
សន្តាន កំពុងតែទឹមគោភ្ជួរស្រែ ។ បុរសប្ដីប្រពន្ធនោះ សួរថា «អ្នកអើយអ្នក!
ផ្លូវណាកាត់ត្រង់ទៅលើភូមិព្រៃសណ្ដែក ត្បិតខ្ញុំខានមកយូរឆ្នាំហើយ
មិនដឹងជាផ្លូវណាគាត់ទៅឲ្យត្រង់ ?» ។
កូនក្រោលបង្គោលស្នឹង អាក្រហមមួយនេះ
ម្ដាយក្មេកគាត់ចែក ឯអាស្នែងកន្ទែកឪអញគាត់ឲ្យ
អញមិនលួចគោរបស់អាណាមកទឹមទេ»
។
ឯបុរសប្ដីប្រពន្ធដែលសួរផ្លូវនោះ
ឮហើយនិយាយគ្នាថា «អ្នកនេះ យើងសួរផ្លូវគាត់ ៗនិយាយពីគោ ហើយស្ដីគំរោះគំរើយឲ្យយើងផង
ណ្ហើយគេហ៍! យើងកុំខ្ចីសួរវា
យូរឆាប់គង់តែនឹងទៅដល់ផ្ទះបងប្អូនមិនខាន» ហើយក៏បណ្ដើរគ្នាហួសទៅ ។
ឯអាតម្លង់៧ សន្តាននោះ ក៏ខំភ្ជួរស្រែមិនឈប់ ដល់ពេលថ្ងៃជិតត្រង់
មេតម្លង់ជាប្រពន្ធក៏ទូលបាយទៅឲ្យប្ដីបរិភោគ លុះទៅដល់ក៏ដាក់ល្អីបាយក្រោយម្លប់ឈើ
នៅភ្លឺស្រែ ។ ប្ដីឃើញប្រពន្ធយកបាយមកឲ្យ ក៏ឈប់ភ្ជួរស្រែ បរិភោគបាយ
និយាយទាំងខឹងប្រាប់ប្រពន្ធថា «មានបុរសប្ដីប្រពន្ធបណ្ដើរគ្នាមកពីណាចោទប្រកាន់ថា អញលួចគោវា
ឯគោ ១ នឹមនេះ ប្រាកដជាម៉ែឪឯងចែកមក» ។ ប្រពន្ធឃើញមាត់ប្ដីនិយាយម្ហបៗ
នឹកស្មានថាស្ដីឲ្យខ្លួន ស្រាប់តែខឹង ហើយឆ្លើយតបទៅវិញថា «អញគិតថាប្ដីមកភ្ជួរស្រែទាន់ថ្ងៃត្រង់
ខំប្រញាប់ប្រញាល់ទូលបាយមកឲ្យស៊ី ឥឡូវទៅជាថា ឯងមានសហាយ
អញសហាយនឹងឈ្មោះអាណា គាត់រកមុខឲ្យឃើញ» ។
ឯប្ដីមិនទាល់តែពមបាយអស់មួយកូនល្អី ប្រពន្ធថាអ្វីក៏មិនឮផង ។
លុះប្ដីបរិភោគរួច ប្រពន្ធកន្ត្រាក់យកល្អី ។ ប្ដីសួរថា «ឯងមានការអ្វីឯផ្ទះ
បានជាប្រញាប់ម្ល៉េះ?»
ប្រពន្ធថា «អញមុខជាប្រាប់ម៉ែឪអញមិនខាន» ហើយកណ្ដៀតល្អីត្រឡប់ទៅដល់ផ្ទះ
ជួបនឹងម្ដាយ និយាយទាំងខឹងមុខក្រហមប្រាប់ម្ដាយថា «កូនប្រសាម៉ែឯងវាល្អហើយ!
ខ្ញុំទូលបាយទៅឲ្យស៊ី ដាក់ល្អីស្ទើរតែមិនទាន់
វាស្ដីឲ្យខ្ញុំថាមានសហាយ»
។
ចំណែកម្ដាយនោះ ខឹងញ័រឡើងថា «ហងឯង
ដូច្នេះទេតើ បានជាមុខក្រហម អញថាកូនថាចៅ បានជាចាំផ្ទះឲ្យវា
ឥឡូវវាថាឯងលួចថ្នាំវាយកទៅដូរដូង មេអន្តរធានឯងក្រោយៗ
កុំនិយាយដូច្នេះ មិនត្រូវទេ សូម្បីតែថ្នាំ១ឆ្នុក ក៏អញមិនលួចយកផង
បើទុកជាអញយកមែន ម្ដាយនឹងកូនមិនត្រូវហងឯងពោលឲ្យអញខ្មាសគេទ
ចាំឪហងឯងមក អញប្រាប់ឲ្យជេរវាយប្រដៅហងឯងមិនខាន» ។
លុះយូរបន្តិច
ប្ដីមកពីកាប់បង្គោលធ្វើរបងបង្ការមិនឲ្យគោក្របីចូលស៊ីសំណាបសន្ទូង
ប្រពន្ធនិយាយប្រាប់ប្ដីថា «កូនស្រីយើងវាយកបាយទៅឲ្យប្ដី ខ្ញុំចាំផ្ទះឲ្យវា លុះមកវិញ វាថាខ្ញុំជាម្ដាយលួចថ្នាំវាដូរដូង
ខ្ញុំខឹងណាស់» ។
ប្ដីស្ដាប់មិនឮ ខឹងនឹងប្រពន្ធក៏ជេរថា «មេចោរគ្រហរ!
ហងឯងប្រចណ្ឌអញអីម្ល៉េះ !
អញមានស្លៀកពាក់តែងតួដើរលេងចង់ស្រីឯណា
អញទៅកាប់ឈើធ្វើបង្គោលរបងទេតើ! អញអត់តែម្ដងនេះ ក្រោយៗបើហងឯងនៅតែស្ដីប្រចណ្ឌអញទៀត
មុខជាអញធាក់ឲ្យដួលទាំងជំហរមិនខាន» ហាមប្រពន្ធហើយ បរិភោគបាយ
រួចទៅចងសន្ទូចបានត្រី ត្រឡប់មកផ្ទះវិញ ។ វេលាថ្ងៃល្ងាច
ប្រពន្ធក៏ធ្វើត្រីស្លអាំងឲ្យប្ដីបរិភោគខ្លះ រំលែកទុកព្រឹកខ្លះ
ដើម្បីនឹងធ្វើសម្រាប់យកទៅប្រគេនលោកកូនឯវត្ត
និងកូនប្រុសតូចម្នាក់ឲ្យនៅរៀនអក្សរជាមួយនឹងលោកបងនោះ ។
លុះព្រឹកឡើង ម្ដាយនោះដាំបាយដួសដាក់ចាន
មានម្ហូបពីល្ងាចស្រាប់ ទូលយកទៅដល់កុដិប្រគេនលោកកូន ហើយនិយាយថា « ខ្ញុំព្រះករុណារលឹកលោកកូនណាស់!
មួយទៀតប្អូនតូចវារៀនអក្សរគ្រាន់បើទេ?» ។ លោកកូននោះប្រាប់ថា «ចម្រើនពរញោម!
អាត្មាសព្វថ្ងៃនេះ កំពុងស្រឡាញ់សីលផ្នួសណាស់, អាត្មាមិនសឹកទេ» ។
ម្ដាយក៏ហៅកូនតូចដែលនៅបម្រើបងនោះថា «អានាង!
លាលោកបងទៅផ្ទះនឹងម្ដាយបានមួយថ្ងៃសិន ត្បិតឪពុកឯងរឭកណាស់» ។
កូនតូចឆ្លើយប្រាប់ម្ដាយថា «ត្រីងៀតលោកបង នៅពីរកន្ទុយទុកក្នុងកុដិ, ពេលល្ងាច
ខ្ញុំយកពីរចម្រៀក ដុតស៊ីបាយ ដែលសល់ពីលោកឆាន់ពេលព្រឹកនោះ» ។
ឯលោកសង្ឃ ដែលគង់នៅជិតកុដិទាំងប៉ុន្មាន
បានឮម្ដាយនឹងកូននិយាយតែដោយខ្លួន មិនទទួលសម្រុងគ្នាដូច្នេះ
លោកទាំងអស់ទប់ពុំបាន ក៏សើចទ្រហឹងអឺងអាប់ ។ សិកានោះ
ក៏សំពះលាលោកកូនត្រឡប់មកដល់ផ្ទះវិញ ហើយលុតជង្គង់ជូនបុណ្យប្ដីថា «ខ្ញុំជូនបុណ្យអ្នកផង» ។
ប្ដីឆ្លើយថា «អើ! អញឃើញបាយសម្លខអាំង ព្យួរទុកនៅសង្រែក អញស៊ីអស់ទៅហើយ» ។
ប្រពន្ធក៏មើលមុខប្តី ៗ មើលមុខប្រពន្ធ ប៉ប្រិចភ្នែកម៉ក់ៗ
ធ្វើវាហឺតែដោយខ្លួន ។ លុះយូរបន្តិច ស្រាប់តែប្អូនស្រីបង្កើតខាងប្ដី
នៅភូមិដទៃឆ្ងាយមកដល់
បានផ្លែពង្រមួយផ្តិលនិងស្លឹកប្រស់ស្វាមួយសំណុំមកផ្ញើបង
និយាយសួរបងថា «បងបានភ្ជួររាស់ដកស្ទូងបានស្រែប៉ុន្មានហើយ?» ។
បងទាំងប្ដីប្រពន្ធឆ្លើយប្រាប់ទៅប្អូនស្រីវិញថា «អើហង!
ល្មមទុកដាក់ឲ្យវាមានប្ដីទៅចុះ
តែហងមើលកុំឲ្យតែចេះលេងបៀផឹកស្រាជក់អាភៀន» ។
ប្អូនស្រីស្ដាប់មិនឮទៀត ក៏ប្រាប់ទៅបងទាំងពីរនាក់ថា
«ខ្ញុំស្ដាយត្រឡាចខ្ញុំមួយទ្រើងណាស់ កំពុងតែផ្កាក្បិបតូច ៗ
ស្រាប់តែមេជ្រូកវាទៅឈ្មុសគល់ដាច់ងាប់អស់» ។ បងទាំងពីរនាក់ថា «អើហង!
ល្មមទៅផ្ទះក៏ទៅចុះ ល្ងាចណាស់ហើយ ក្រែងកូនវាយំរក» ។
ប្អូនស្រីនោះ ក៏ត្រឡប់ទៅផ្ទះវិញ ។
ព្រោះអ្នកទាំង ៧ នាក់ គឺបុរស-ស្ត្រី
ប្ដីប្រពន្ធ, ម្ដាយឪពុក,
លោកភិក្ខុ-កុមារជាកូននិងប្អូនស្រី
សុទ្ធតែថ្លង់និយាយមិនចុះសម្រុងគ្នា បានជារឿងនេះគេហៅថា
រឿងតម្លង់៧សន្តាន ។
ស្ដាប់មិនជាក់
កុំអាលញាក់ចិញ្ចើម
រឿង តម្លង់៧សន្ដាន
Reviewed by VannyDa
on
12:43 PM
Rating: