រឿង សុភាទន្សាយ ពាក្យកាព្យ បទមណ្ឌោកគតិ
នេះនឹងស្រដី ពីសត្វប្រាំនៃហោងណា
ភេមាន់អកខ្លា និងទន្សាយទាំងប្រាំជាក់ ។ គិតគ្នាធ្វើផ្ទះ
នឹងបានប្រើប្រាស់ទុកដាក់ គ្រាន់បានសម្នាក់នឹងបានគិតការតទៅ ។ ខ្លាថាបើច្នោះ
ព្រមគ្នាចំពោះឥឡូវ យើងទៅច្រូតស្បូវ រួចហើយសឹមយើងគិតសង់ ។
គិតស្រេចហើយណា បបួលគ្នីគ្នាដើរត្រង់ពុំហ៊ានបង្អង់ ពុំបានឈរឈប់ឡើយណា
។ ដើរទៅដល់ព្រៃ គយគន់រំពៃព្រឹក្សាឃើញវាលស្បូវណា នេះហើយគេហៅស្បូវល្អ
។ ដល់បោះជំរំ និយាយគ្នាជុំមាត់ក ថានេះស្បូវល្អ យើងរកទៅទៀតក្រែងគ្មាន
។ យើងច្រូងរៀងអាយ ទោះក្រទោះងាយគង់បាន ទៅទៀតក្រែងគ្មាន
ពុំបានប្រទះស្បូវល្អ ។ គេថាឥឡូវ ឲ្យអ្នកបងខ្លានៅអាយ ចាំដៃឲ្យបាយ
រៀបស្លដណ្ដាំឲ្យស្រេច ។ ថាហើយនាំគ្នាដើរទៅម្នីម្នារំពេច
ដល់ទៅព្រៃស្រេច ទន្សាយថាគ្នាយើងអើយ ។ យើងច្រូតនៅនេះ
ទៅឆ្ងាយម្ដេចម៉េ្លះអ្នកអើយ ស្បូវច្រើនម្ល៉េះហើយ នេះឯងហៅស្បូវល្អណាស់
។ ភេអកនូវមាន់ ព្រមគ្នារួសរាន់រហ័ស ច្រូតស្បូវឆាប់ណាស់
តែមាន់និងអកនូវភេ ។ ឯអាទន្សាយ រកកលនាយអាយវេះវេ ភៀសប្រាប់ទៅគេ
ថាវ៉ីអើយគ្នាឈឺពោះ ។ តែវាធ្វើកល កិច្ចដោយយោបល់វានោះ វាថាឈឺពោះ
តែវាចង់ទៅមើលខ្លា ។ វាដើរឆ្លៀតឈ្លប តិចៗលលបម្នីម្នា ជូនប្រទះខ្លា
លោតចាប់ឯក្ដាន់នោះបាន ។ ក៏ឃើញជាក់មិញ រត់ទៅឃ្មាតខ្មាញ់ដោយដាន ដៃឱបខ្លួនប្រាណ
វាធ្វើជាគ្រុនញញ័រ ។ ដៃមួយស្ទាបពោះ វាដើរទៅនោះទទ័រ ញញីញញ័រ
វាធ្វើឲ្យគេជឿហោង ។ ភេមាន់នូវអក ឃើញដណ្ដឹងមកអឺងកង ហើយជេររំពង
អាចោរម្ដេចអាព្រងើយ ។ មិនច្រូតស្បូវ ម្ដេចអាលេងនៅកន្តើយ ឱបដៃព្រងើយ
ដើរលេងសព្វព្រៃព្រឹក្សា ។ ទន្សាយឆ្លាស់ឆ្លើយ ថាឱអ្នកអើយអស់គ្នា
កុំអាលផ្ដាសា ចាំខ្ញុំដំណាលប្រាប់អ្នក ។ អ្នកអើយខ្ញុំគ្រុន
ស្ទើរស្លាប់ប៉ប្រុនញ័រញាក់ ពោះខ្ញុំឈឺចាក់ ដោតហើយចុះផ្ទៃខ្ញុំផង ។
វាឈឺបោះខ្មាញ់ ដូចគេត្របាញ់ណាស់ហោង អាសូរខ្ញុំផង ខ្ញុំមិនមានពុតទេណា
។ ភេមាន់នូវអក ឮវាប្រាប់មកសោះសា មិនស្រដីថា ទៅវិញទៅមកឡើយនៃ ។
ច្រូតស្បូវតិចទៅ ទន្សាយនោះកូវស្រដី ថាវ៉ីអើយវ៉ី ដល់យើងនឹងទៅល្ងាចណា
។ យើងបានត្រីសាច់ ខ្លះទេបន្តិចអាហារ គ្រាន់បរិភោក្ដា នោះមានឬទេអ្នកអើយ
។ ទន្សាយថាបើ ដោយយាមអញមើលជាត្រើយ ដល់ទៅល្ងាចហើយ ប្រាកដជាមានលាភជ័យ ។
ភេមាន់អកខ្លា បើច្នោះលងអាទាយនៃ ឲ្យប្រាកដក្រៃ ឥឡូវនេះ លងមើលអា ។
ទន្សាយឆ្លាស់ឆ្លើយ ថាឱអ្នកអើយគ្រប់គ្នា
ដល់យើងទៅណា៎ប្រាកដជាបានសាច់ក្ដាន់ ។ បើអញទាយត្រូវ
ប្រាកដដូច្នោះកូវដាក់ស្បាន់ ថាបានសាច់ក្ដាន់ អស់អ្នកកុំស៊ីឡើយណា៎ ។
ភេមាន់អកនៃ ថាអើនៃវ៉ីយើងប្រាកដមិនស៊ីណា៎ យើងឲ្យតែអាស៊ីហោង ។
លុះល្ងាចនាំគ្នា ដើរមកម្នីម្នាត្រសង ដល់ជៃហើយហោង ហើយដណ្ដឹងទៅបងខ្លា ។
ថានៃអ្នកបង អ្នកបានអ្វីហោងជាអាហារបរិភោក្ដា ខ្លះទេឬគ្មានឡើយនៃ ។
ខ្លាឆ្លើយប្រាប់មក ថាអញទៅរកក្នុងព្រៃបានក្ដាន់មួយនៃ
យកមកចម្អិនហើយណា៎ ។ ទន្សាយស្ដាប់ជាក់ ថាវ៉ើយអស់អ្នកគ្រប់គ្នា
មែនដូច្នេះណា៎ ថាឯងមិនស៊ីឡើយហោង ។ ឥឡូវមែនហើយ ឯងកុំស៊ីឡើយជាម្ដង
សាច់នោះឯងហោង អញស៊ីតែនឹងបងខ្លា ។ ភេមាន់អកនោះ ស្ដាប់ហើយទ្រគោះសោះសា
ជេរថាប៉ៃអា ដកទងចោរខូចក្រៃលែង ។ ថ្វីបើយើងស៊ី យើងមិនសុំជីដូនឯង
អាកុហកខូចឯង រងតែកំភូតមាយា ។ រីអ្នកទាំងប្រាំ បរិភោគហើយនាំគ្នីគ្នា
ដេកលុះព្រឹកណា៎ ហើយមកគិតគ្នាទៀតនៃ ។ ថ្ងៃនេះយើងចង់
ឲ្យភេចាំរង់នៅជៃ យើងទាំងបួននៃ នឹងទៅច្រូតពីព្រឹកហោង ។
គិតស្រេចហើយណា៎ នាំគ្នាយាត្រាជាម្ដង ៗ បានឆ្ដោមកស្ល
ចាំរង់អស់គ្នាច្រូតស្បូវ ។ ទន្សាយនោះណា៎ ច្រូតបានតិចវាវេះទៅ
លបមើលភេកូវ ឃើញភេចាប់បានឆ្ដោជាក់ ។ ឃើញហើយវិលទៅ
ខ្លាអកមាន់ទៅភ្ញាភ្ញាក់ អាចោរអប្បលក្ខណ៍ អាខូចអាទៅណា ។
ទន្សាយឆ្លាស់ឆ្លើយ ដូចពីដើមឡើយសោះសា អស់ត្រង់នេះណា៎
ដូចយើងស្រដីមុនហើយ ។ ត្រង់ចេះទាយហោរ ដូចពីមុនមកអ្នកអើយ
ពុតមិនបាត់ឡើយ ត្រង់វេះត្រង់វេរមិនបាត់ ។ ច្រូតលុះល្ងាចមក
ឮមាត់រឱកពុំស្ងាត់ មកដល់ពុំបាត់ ញ័រញាក់ដណ្ដឹងទៅភេ ។ ថាអ្នកចាំជៃ
បានម្ហូបចំណីឬទេ នោះទើបឯភេ ប្រាប់មកថា បានត្រីឆ្ដោ ។
ទន្សាយស្ដាប់ជាក់ ហើយថា អស់អ្នកកោតហោរ អញចាប់ដៃរក៏ ឥឡូវប្រាកដមែនណា៎ ។
អស់នេះយើងបាន ស្រដីមែនមានមកប្រាកដពីដើមណា៎ ដំណើរសឹងដូចគ្នាហោង ។
អស់អ្នកទាំងប្រាំ ស៊ីបាយហើយនាំគ្នាផង ដេកដល់ព្រឹកហោង
មកគិតនឹងគ្នាទៀតនៃ ។ ថ្ងៃនេះយើងឲ្យ បងអកចាំគយនៅជៃ អស់យើងទៅព្រៃ
ទាំងបួននាក់នោះហងណា៎ ។ គិតហើយលីលា ដើរទៅម្នីម្នាសោះសា
ដល់ស្បូវច្រូតណា៎ ដល់តិចទន្សាយវេះធ្លាប់ ។ ក្រោយនោះបងអក
គាត់ទៅសំកុកចាំចាប់ ត្រីប្រាបានខ្នាប់ រួចហើយទើបយកមកស្ល ។
ទន្សាយឆ្លៀតឈ្លប ដើរមកលលបដក-ក មើលដាក់ហើយចរ លីលាវិញទៅជាម្ដង ។
ដំណើរនេះនៃ ដូចយើងស្រដីដើមហោង ពុតណាស់កន្លង ត្រង់ហោរនោះ ដូចដើមណា៎ ។
លុះល្ងាចលើលា ដើរមកថ្មីម្នាសោះសា ដណ្ដឹងអកថា អ្នកតែងចាំជៃនោះហោង ។
បងអើយបងអក ឥឡូវយើងជាម្ដង បងបានអ្វីហោង គ្រាន់ស៊ីជាម្ហូបឬទេ ។
អកឆ្លាស់ឆ្លើយប្រាប់ ទៅគេឆាប់ៗថាទេ ខ្លាចក្រែងតែគេ
នៅពុំដូចអញនេះហោង ។ ឥឡូវអញបាន ប្រាមួយមកមានជាម្ដង ចម្អិនហើយហោង
ទុកឲ្យអស់អ្នករាល់គ្នា ។ ទន្សាយស្ដាប់ជាក់ ថាអស់អ្នករាល់គ្នា
អញទាយនេះណា៎ ថាបានត្រីប្រាស៊ីហោង ។ ដំណើរទន្សាយ ពុតខូចរាយមាយកន្លង
ដូចពីដើមហោងរៀងរាបនោះមកឯងណា៎ ។ អស់អ្នកទាំងប្រាំ
ស៊ីបាយហើយនាំគ្នីគ្នា ដេកលក់ព្រឹកណា៎ គិតគ្នារឱកអឹងកង ។ ថ្ងៃនេះឯងនៃ
ឲ្យមាន់ចាំជៃនោះហោង ហើយទាំងបួនផង ទៅរកច្រូតស្បូវហោងណា៎ ។
ច្រូតបន្តិចទៅទន្សាយនោះ កូវលីលា វេះបាត់ហើយណា៎ មកឈ្លបចាំមើលមាន់ហោង ។
រីឯមាន់នោះ គិតថប់ក្នុងពោះកន្លង គេចាំជៃផង គេបានសាច់ស៊ីផងណា៎ ។
ឥឡូវនេះអញ មានតែពងពេញជាអាហារបរិភោក្ដា ទុកឲ្យអស់គេស៊ីផង ។
គិតហើយរមាត់ ពងធ្លាក់ចេញថ្វាត់ជាម្ដង យកមកស្ងោរហោង
ទុកឲ្យអស់អ្នកគ្នីគ្នា ។ ទន្សាយឆ្លើយឈ្លប ប្រួញខ្លួនលលបមើលណា៎
យល់ឃើញជាក់ប្រាកដដូច្នោះហើយវិលទៅ ។ ដំណើរទន្សាយ ពុតខូចរាយមាយនោះ
កូវត្រង់ពាក្យអាស្រូវ នោះភូតមិនបាត់ឡើយណា៎ ។ ដំណើរនេះហោង
អស់ទាំងអ្នកផងគ្រប់គ្នា ដឹងអស់ពុតវា អាខូចកុហកវេះហោង ។
លុះល្ងាចនោះកូវ អស់អ្នកច្រូតស្បូវជាម្ដង លីលាមកហោង
ដល់ហើយដណ្ដឹងមាន់ថា ។ ថាវ៉ើយបងមាន់បានអ្វីនោះគ្រាន់ស៊ីជា
អាហារភោក្ដា ខ្វះទេឬគ្មានឡើយហោង ។ មាន់ថាអញបាន ពងស្ងោរនៅក្រានជាម្ដង
អ្នកកុំគិតហោង ត្រង់ម្ហូបនោះឯងឡើយណា៎ ។ ទន្សាយស្ដាប់ជាក់ ថាឱអស់អ្នកគ្រប់គ្នា
ហោរអញឆុតណា៎ ប្រាកដដូចអញថាហោង ។ ដំណើរទន្សាយ ពុតខូចរាយមាឃកន្លង
ពុំលែងអស់ផង ដូចយើងស្រដីដើមណា៎ ។ អស់អ្នកទាំងប្រាំ
ស៊ីបាយរួចនាំគ្នីគ្នា ដេកលុះព្រឹកណា ទៅរកច្រូតស្បូវអឺងកង ។
ថ្ងៃនេះឯងនៃ ទន្សាយចាំជៃវិញម្ដង យើងបួននាក់ផង
នោះទៅច្រូតស្បូវហោងណា៎ ។ គិតស្រេចដើរទៅ ទន្សាយនោះកូវវាជា
ទុកក្រៃមហិមា ព្រួយចិត្តនឹងខ្លួនពេកក្រៃ ។ នឹងរកអ្វីជា
គ្រាន់ជាអាហារចំណី សង្វាតចាំជៃ រកអ្វីជាម្ហូបគ្មានឡើយ ។
ទន្សាយគិតឆ្ងល់នឹកទៅមិនយល់សោះឡើយ ថាឱអញអើយ អញបានអ្វីជាម្ហូបរ៉ា ។
បើច្នោះអញល្បង ធ្វើតាមទំនងបងខ្លា លបចាប់ក្ដាប់ណា៎
គ្រាន់បាននឹងយកមកស្ល ។ ទន្សាយគិតច្នោះ ដើរទៅពួនឆ្ពោះធ្វើ-ក
លឹបលជាក់ល្អ ប៉ុនប៉ងលបមើលទៅក្ដាន់ ។ ពួនបន្តិចទៅ
ឃើញសត្វនោះកូវដាក់ស្បាន់ ពានលើសត្វក្ដាន់ ទន្សាយរឹងព្រួយអាត្មា ។
ក្ដាន់ដើរជិតមក ទន្សាយចាប់យកសោះសា ក្ដាន់វាវ័ធណា៎
ទន្សាយនោះដួលផ្កាប់មុខ ។ ទន្សាយដោះឡើង
ពេញមុខស្រមើងពន្លក់មើលមុខអាក្រក់ ហើយលាន់មាត់ឯងថាអុះ ។ អញម្ដងនេះណា៎
ស្លាប់បង់អាសាខ្លួននោះ ឈឺចាក់ពុងពោះ វាខ្លោចវាផ្សារពេកក្រៃ ។
ឆ្អឹងឆ្អែងស្ទើរបាក់ ខ្ទាំគ្រាំញញក់ណាស់នៃ ឈើពោះឈឺផ្ទៃ
ឈឺសព្វសរសៃពេកណា៎ ។ ទន្សាយកំហូច ចំណេះបង្ខូចខ្លួនវា អាចោរប៉ៃអា
ខ្លួនប៉ុនកដៃចាប់ក្ដាន់ ។ រួចពីនោះទៅ ទន្សាយនោះកូវវាកាន់
កែគិតរន្ថាន់ ព្រួយចិត្តក្រែងគ្មានម្ហូបស៊ី ។ ទន្សាយនោះកូវ
ធ្វើមុខកញ្ចូវ ម្នាម្នី ធ្វើត្រាប់ភេខ្មី ទៅរកមុជទឹកគឃរ ។ មុជដល់ទៅដី
លោចាប់បានត្រីខ្ជាប់ល្អត្រីវានាំជ្រ- មុជទៅយូរពេកណាស់ក្រៃ ។
ថប់ហើយក្រែងត្រី ស្ទើរផុតជីវីក្សិណក្ស័យ ភ្នែកនោះសក្រៃ ហាក់ដូចជាមុខខ្មោចណា៎
។ ឡើងមកក្រញោន ធ្វើខ្លួនកុំប្រោនដូចស្វា មុខមាត់ជ្រីវណា រងាញញ័រជើងដៃ
។ អង្គុយយូរទៅ មានកម្លាំងកូវហើយនៃ ព្រួយចិត្តពេកក្រៃ
ត្បិតមិនបានម្ហូបហោង ។ អស់គេនោះណា៎ គេនៅបានអាហារផង ស៊ីមិនអស់ហោង
វាខូចតែអញពេកណា៎ ។ អះបើច្នោះអញ នឹងទៅទៀតមិញសោះសា ត្រាប់បងអកណា៎
ក្រែងលោបានដូចអកធ្វើ ។ គិតដូច្នេះហើយ ដើរទៅកន្តើយរកឈើ ឡើងសំកុកលើ
ដូចអកនោះឯងហោងណា៎ ។ ត្រីបន្លៀកទន្សាយលោតតូងសោះសា ចាប់បានហើយណា៎
ត្រីនាំរត់ទៅទៀតហោង ។ យូរទៅបន្តិច វាថប់ស្ទើរដាច់ខ្យល់ផង
លែងត្រីជាម្ដង ឡើងទៅអង្គុយមាត់ច្រាំង ។ ភ្នែកវា-សល្អក់
មើលមុខអាក្រក់ស្រឡាំងកាំង សម្បុរសស្លាំង ហាក់ដូចជាមុខខ្មោចព្រាយ ។
ហើយរងាញ័រ ទទីទទ័រអង្គកាយ ញ័រអស់សព្វសាយ រណ្ដំទាំងធ្មេញកខុប ។
ឱអញអើយអញ មួយដងនេះមិញស្ទើរស្លាប់ បើស្លាប់ឲ្យឆាប់
កុំឲ្យលំបាកច្នេះនៃ ។ ពីនេះតទៅ ទន្សាយនោះកូរប្រៃវៃ គិតវិញទៀតនៃ
បើច្នោះអញត្រាប់មាន់ណា៎ ។ គិតហើយទៅយក ឆ្នាំងសម្លមកម្នីម្នា
យកមកហើយណា៎ ទើបវារៀបខ្លួនប្រាណណា ។ វាយកឆ្នាំងមក
ប្រឹងជុះបញ្ច្រកឆ្នាំងបាន កន្លះមែនមាន យកទៅចម្អិនស្រេចការ ។
ចម្អិនរួចស្រេច ហើយវាក្រឡាប់ម្នីម្នា ដេកធ្វើដូចជា គ្រុនញាក់ញញីញញ័រ ។
អស់អ្នកច្រូតស្បូវ លុះល្ងាចមកកូវទទ័រ ដណ្ដឹងញញ័រ ថាវ៉ើយអើយបងទន្សាយ ។
ឯងបានរបស់អ្វី ធ្វើម្ហូបចំណីស៊ីបាយ រីឯទន្សាយធ្វើជាញ័រមាត់ឆ្លើយវៃ ។
ថាឱអ្នកអើយ ខ្ញុំនេះគ្រុនហើយណាស់នៃ ស្ទើរស្លាប់ពេកក្រៃ
ខ្ញុំមិនបានម្ហូបអ្វីឡើយ ។ ខ្ញុំខំបន្ទោះប្រហុកនៅនោះអ្នកអើយ
ឆ្អិនរួចអស់ហើយ ចូរអ្នកនាំគ្នាស៊ីហោង ។ អ្នកទាំងបួននោះ
មិនដឹងខ្លួនសោះជាម្ដង ជឿទន្សាយហោង ថាជាប្រហុកមែនណា៎ ។
នាំគ្នារចល់ស៊ីបាយរវល់ គ្រប់គ្នាខ្លះហៅវ៉ើយអា ទន្សាយមកស៊ីឬទេ ។
ទន្សាយឮជាក់ ធ្វើជាញ័រញាក់ប្រាប់គេថាឱមេ ៗ
គ្នាគ្រុនគ្នាស្រៀវណាស់ហោង ។ ចូរអ្នកស៊ីចុះ ទាំង៤នាក់នោះជាម្ដង
កុំថាអញហោង អញនេះឈឺខ្លាំងណាស់នៃ ។ ភេមាន់អកខ្លា បបួលគ្នីគ្នាវៃ ៗ
ស៊ីបាយរួចនៃ ទាល់ឆ្អែតមិនដឹងខ្លួនសោះ ។ ឯអាទន្សាយ
ពុតខិលរាយមានខូចស្មោះ ដល់គេស៊ីអស់ រួចគាត់ដោះឡើយឆាប់ផាង ។
គាត់ឈរហើយស្ទឹម ចង្កេះញញឹមក្អេងក្អាង ថាវ៉ើយអាឃ្នាង ម្ដេចអាមកស៊ីអាចម៍អញ
។ ភេមាន់អកខ្លា ភ្ញាក់ខ្លួនគ្រប់គ្នាហើយក្នាញ់ ជាទុក្ខទោម្នេញ
គ្រប់គ្នាទីទៃពេកណា៎ ។ ថាវ៉ើយគ្នាយើង ចូរឯងឆាប់ឡើងម្នីម្នា
ដេញវាយប៉ៃអា ដកទងចោរខូចនេះហោង ។ ម្ដេចអាកុហក ឲ្យយើងស៊ីលាមកជាម្ដង
នៃវ៉ើយឆាប់ហោង ដេញវាយអាចោរនេះណា៎ ។ ថាហើយដេញទៅ ទន្សាយនោះកូវមិញវា
ចូលព្រៃព្រឹក្សា រកពុំឃើញវាឡើយនៃ ។ ទាំងអស់គ្នាដេញ មិនទាន់វិលវិញវៃ ៗ
វិលមកឆាប់ព្រៃ ដល់ហើយអង្គុយជុំគ្នា ។ ទន្សាយនោះនៃ
រត់ចូលក្នុងព្រៃសោះសា វិលមកវិញណា៎ នៅជាមួយគ្នាឯងហោង ។ ភេមាន់អកខ្លា
ឃើញទន្សាយមកជាម្ដង រសាយខឹងហោងយកវាជាគ្នាវិញណា ។ បទពំនោល
កាលនោះភេមាន់ខ្លា ទន្សាយនោះណា
ច្រូតស្បូវបានសព្វគ្រប់ហោង ។ ហើយមកគិតគ្នាអឺងកង ធ្វើម្ដេចរួចហោង
ដឹកស្បូវទៅផ្ទះយើងណា៎ ។ ទន្សាយវាធ្វើទៅថា មានតែបងខ្លា ខ្លួនគាត់នេះធំល្អណាស់
។ ភេស្ដាប់ទន្សាយឆ្លើយឆ្លាស់ ធ្វើថាគួរណាស់ ខ្លាគាត់មានមាឌធំល្អជា
។សមនឹងអូសស្បូវយើងប្រា- កដមិនទេណា៎ ខ្លានោះឥតប្រកែកឡើយ ។
ទើបរករៀបផ្ទុកស្បូវហើយ ឥតមានសល់ឡើយ ដាក់លើខ្នងខ្លានោះនៃ ។
អ្នកខ្លះស្រែកទៅថាវ៉ី យកចានក្បានថ្មី នូវអស់វែកឆ្នាំងនោះណា៎ ។
យកមកដាក់លើខ្នងខ្លា ឆាប់ឡើងម្នីម្នា ហើយយកដែកភ្លើងមកផង ។
រៀបស្រេចហើយមកដាក់ហោង សព្វគ្រប់ម៉ត់ម៉ង ឥតមានភ្លេចអ្វីឡើយណា៎ ។
កាំបិតកាន់ឲ្យគ្រប់គ្នា កណ្ដៀរផងរ៉ា យកមកសៀតក្នុងស្បូវហោង ។
រៀបស្រេចមកគិតគ្នាកង បាននរណាហោងនឹងជិះលើខ្នងបងខ្លា ។
អ្នកឆ្លាស់ឆ្លើយទៅវិញថា ឲ្យទន្សាយវា នោះវាគ្រាន់ជាអ្នកបរ ។
ទន្សាយនោះស្ដាប់ហើយអរ គេឲ្យអញបរ អញខ្ជិលដើរពេកណាស់ហោង ។
ទន្សាយគិតដូច្នោះជាម្ដង លោតឡើងលើខ្នង ខ្លានោះបរទៅឯងនៃ ។
ទន្សាយបរទៅវៃ ៗ ឆ្ងាយបន្តិចនៃ ហើយយកដែកភ្លើងមកវាយ ។ ឮតែច្រឹកៗ
ពព្រាយខ្លាសួរទន្សាយ ថាវ៉ីបងទន្សាយហា៎ ។ ឮអ្វីច្រឹកៗសោះសា
ទន្សាយឆ្លើយថា ចានវារណ្ដំនឹងគ្នា ។ ខ្លាជឿដើរទៅទៀតណា៎ ទន្សាយនោះវា
លូកយកដែកភ្លើងពីខ្នង ។ មកវាយទៀតតែបីដង ហើយឆេះជាម្ដង
ប្រឹងផ្លុំឲ្យវាឆេះឆាប់ ។ ឆេះហើយវាដាក់ទៅផ្ទាប់ ខាងស្បូវប្រញាប់
ភ្លើងនោះផ្ដួចឆេះឡើងផង ។ ទន្សាយលោតចេញជាម្ដង រត់ខ្មាញ់ទៅហោង
ទៅឡើងលើដើមសង្ឃ័រ ។ ផ្សាដោយខ្លួនភិតញញ័រ ឡើងទៅទទ័រ បេះផ្លែសង្ឃ័រស៊ីហោង
។ ឯខ្លានោះខ្លាំងកន្លង ដល់វាក្ដៅខ្នង រលាស់ខ្ចាត់ខ្ចាយចេញណា ។
ឯខ្នងរលាកក្ដៅផ្សា ចាប់ពើតពេកណា ស្រែកឮរលូងទាំងព្រៃ ។
ក្នុងចិត្តខឹងណាស់ពេកក្រៃ នឹងទន្សាយនៃ ខំរត់ទាំងឈឺតាមទៅ ។
វាស្រែករលូងពេកកូវ ខំរត់តាមទៅ ទាន់ទន្សាយនៅសង្ឃ័រ ។
ផ្សាដោយចិត្តខឹងហើយ ឥឡូវនេះឯងហោងណា៎ ។ អាចោរដកទងប៉ៃអា អញរកទេណា៎
ឥឡូវអញឃើញហើយនៃ ។ អញចាប់កាច់កឲ្យក្ស័យ ជីវិតហើយនៃ សឹមអញទំពាលេចណា៎
។ ទន្សាយស្ដាប់ហើយឆ្លើយថា ជេរថាប៉ៃអា ដកទងចង្រៃចោរលាញ ។
អញ្ជើញអាមកចាប់ទាញ អញទៅអម្បាញ បើថាខ្លួនអាមិនស្លាប់ ។
ទេពតាលោកចុះមកប្រាប់ឲ្យអញឡើងចាប់ បូតស្លឹកសង្ឃ័រស៊ីហោង ។
អញ្ជើញអាមកចាប់លង មិនក្រែងជាម្ដង លោកជាទេពតានោះនៃ ។
បើអាមិនមានទុក្ខភ័យ លុះដល់ខ្លួនក្ស័យជាងភ្លើងរលាកនោះណា៎ ។
ក្រែងមិនជឿអញលងអា ចាប់អញស៊ីជា អាហារអានោះឯងនៃ ។
បើអាមិនមានទុក្ខភ័យ ស្លាប់ហើយធ្លាក់ឰ នរកធ្ងន់ជ្រៅក្ដាត់ណា៎ ។
ខ្លាស្ដាប់ទន្សាយចរចារ ហាក់មែនដូចថា លោមវាម្ដងនេះឯងនៃ ។
ក្សិណនោះឯខ្លាស្រដី ថានៃលេងអ្វី ទន្សាយអញចូលលេងផង ។ ទន្សាយស្ដាប់ជាក់ហើយហោង
អញនៅជាម្ដង អានឹងមកស៊ីអញណា៎ ។ ខ្លាស្ដាប់ហើយឆ្លើយទេអា
អញហ៊ានស្បថណា៎ កុំឲ្យព្រះប្រោសអញហោង ។ ទន្សាយជឿខ្លាកន្លង
ថាបើច្នោះហោង បងឯងឡើងមកប្រញាប់ ។ បើបងឡើងមកចង់ស- ប្បាយបងបូតចាប់
អំពីគល់ឡើងខ្លាំងក្លា ។ ទន្សាយបង្គាប់នោះណា៎ វាយល់បន្លា
សង្ឃ័រនោះកោងចុះខ្មី ។ ទើបឯទន្សាយនោះនៃ ប្រឹងប្រែងជើងដៃ
លោតចុះបើកខ្លាឡើងទៅ ។ ទន្សាយរត់ទៅសំដៅពានលើវល្លិនៅ
វល្លិនោះជាតោងល្អក្រៃ ។ ឃើញហើយឡើងឆាប់វៃ ៗ
អង្គុយលើនៃហើយវាយោលជាទោងលេង ។ ឯខ្លានោះនៅតែឯង ឥតកោតឥតក្រែង
បូកស្លឹកសង្ឃ័រលេងហោង ។ ទើបខ្លាក្ដាប់ខ្ជាប់ជាម្ដង បូកពីដើមហោង
វាមុតដៃនោះអស់ណា៎ ។ ចាប់ពើតបង្កើតឈឺផ្សា លោតចុះដេញអា
ទន្សាយរត់ខ្មាញ់ទៀតទៅ ។ ដល់ឃើញទន្សាយនោះនៅ លើវល្លិនោះកូវ ថាអា
ៗនៅនេះហើយ ។ អាបញ្ឆោតអញព្រងើយ អាមកកន្តើយ នៅនេះទេណា៎ឯងនៃ ។
អញដើររកងាពេកក្រៃ ឥឡូវនេះនៃ ប្រទះនឹងអាហើយហោង។
ទន្សាយស្ដាប់ហើយឆ្លើយស្នង ជេរវិញរំពង ថាអាធ្វើអ្វីអាចម៍អញ ។
ទេពតាទេព្រក្សស្រឡាញ់អញណា៎ទើបអញ លោកឲ្យអញយោលទោងលេង ។
លោកយល់អញចេះកំប្លែង លោកឲ្យអញលេង លោកនឹងទ្រង់ព្រះសណ្ដាប់ ។
រីឯអាខ្លានោះស្ដាប់ ជាក់ហើយក្រឡាប់ រំសាយខឹងនោះចេញ ។
អង្វរទន្សាយនោះវិញ ទន្សាយឲ្យអញយោលទោងលលេងផងរ៉ា ។ ទន្សាយថាអញឆោតណា៎
អានឹងទំពា ក្បាលអញឥឡូវនេះឯង ។ ខ្លាថាវ៉ីអើយកុំក្រែង អញស្បថឲ្យឯង កុំឯងបារម្ភឡើយណា៎
។ ទន្សាយបានស្ដាប់ជឿប្រាកដហើយថាអា ឡើងមកយោលលេងចុះហោង ។
អញប្រាប់បងឯងជាម្ដង បងមានយោលលង បងយោលឲ្យខ្លាំងសោះសា ។
នោះទើបលោកទេពតា រឹងចូលចិត្តជា ស្រឡាញ់បងឯងពេកក្រៃ ។ ទន្សាយថាច្នោះវៃ
ៗ ចុះមកដល់ដី ហើយខ្លាឡើងទៅយោលហោង ។ ទន្សាយរត់ខ្មាញ់ជាម្ដង
ឆ្ងាយក្រៃកន្លង ឃើញឫស្សីសង្កៀតគ្នា ។
នេះយើងស្រដីឯខ្លា វាយោលទោងណា
ខ្លាំងឡើង ៗពេកក្រៃ ។ ដាច់វល្លិទោងនោះហើយនៃ ធ្លាក់មកដល់ដី
ដូចគេសសុកអស់អង្គ ។ មើលទៅភ្នែក ស្លើតស្លង់ ខំប្រឹងឈរត្រង់ កខ្វេសកខ្វាសមិងមាំង
។ យូរបន្តិចមានកម្លាំង រត់ទៅនឹងទាំង ផ្សាដោយចិត្តខឹងណាស់ណា ។
រត់ទៅបន្តិចឃើញអា ទន្សាយនោះណា៎ នៅលើដើមឫស្សីហោង ។ ឃើញហើយថាអាដកទង
អានៅនេះហោងអាស្លាប់ឥឡូវនេះនៃ ។ ទន្សាយស្ដាប់ហើយថាប៉ៃ អាចោរចង្រៃ
អាឃើញអញធ្វើអម្បាញ់ ។ ទេពតាទេព្រក្សស្រឡាញ់ ទើបលោកឲ្យអញ
លេងភ្លេងនៅនេះឯងហោង ។ លោកយល់អញចេះកន្លង ត្រង់ភ្លេងភ្លាត់ផង
នោះទើបលោកឲ្យលេងថ្វាយ ។ ខ្លាស្ដាប់ថាឱម៉ែអាយ មែនដឹងអ្នកអាយ
ហាក់ជាពីរោះក្ដាត់ណា ។ ខ្លាលោមទន្សាយហើយថា វ៉ីអើយឲ្យគ្នា
លេងផងនឹងឯងបានទេ ។ ទន្សាយស្ដាប់ហើយថាមេ អញមិនឆោតទេ
ឯងមកនឹងខាំអញនៃ ។ ខ្លាស្ដាប់ជាក់លាក់ថា ហៃនៃវ៉ីកុំភ័យ
អញមិនចងទោសឡើយណា ។ អញស្បថឲ្យលោកអ្នកតាកាច់អញណា៎ ឥឡូវនេះឯងពិតហោង
។ ទន្សាយស្ដាប់ជាក់ជាម្ដង បើច្នោះចូរបង ខ្លាឯងឡើងមកចុះណា៎ ។
អញចង់នឹងផ្ដាំបងខ្លា ត្បិតអញនេះណា៎ លេងភ្លេងពីរោះប៉ុណ្ណេះ ។
បើបងមកលេងភ្លេងនេះ ក្រែងបងមិនចេះ អញប្រាប់បងឯងឲ្យជាក់ ។
ដល់ខ្យល់បក់មករអាក់ កន្ទុយដាក់ ក្នុងឈើសង្កៀតនោះហោង ។ រឹងជាពីរោះកន្លង
លើសលែងអញហោង ទេពតារឹងជាស្រឡាញ់ ។ ទន្សាយផ្ដាំហើយ រត់ខ្មាញ់
ដូចគេត្របាញ់ ទៅឆ្ងាយនោះពេកណាស់ហោង ។ ពានលើឪម៉ាល់ធំផង វាដេកថ្ងៃហោង
បេះយកស្លឹកឈើចុករន្ធ ។ ចុកស្រេចហើយវាអរលន់ យកដៃវាទន់
ទះវាយធ្វើភ្លេងជាល្បែង ។ ឯមេឪម៉ាល់នោះឯង ផ្អើលក្នុងក្រៃលែង
វាចេញមិនរួចសោះសា ។ ពោលនោះទន្សាយនោះវា ទះលេងមហិមា ឮតែកន្ទ្រុបអ្វីៗ
។
រីឯខ្លានោះមូទូ ស្រដីអ៊ូ ៗ
ធ្វើតែម្នាក់ឯងហោងណា៎ ។ ឡើងទៅធ្វើដូចពាក្យអា ទន្សាយនោះណា
ដល់ខ្យល់បក់មកនោះនៃ ។ យកកន្ទុយដាក់រៃ ៗ វាត្បៀតខ្លាំងក្រៃ ស្រែករោទ៍រំពងសោះសា
។ ស្ទុះស្ដែងខះខែងតក្កមា រួចហើយម្នីម្នា លោតចុះចេញទន្សាយទៀត ។
រត់តាមទៅដល់បៀតឃើញ ទន្សាយទៀត ហើយស្រែករំពងទៅថា ។ អាចោរនៅនេះហើយណា៎
ស្ដាប់ម្ដងនេះប្រា- កដឯងមិនទេឡើយនៃ ។ ទន្សាយបែរហើយស្រដី
ស្លាប់អាចម៍អញនៃ ធ្វើម្ដេចអានឹងបានអញ ។ ទេពតាទេព្រក្សស្រឡាញ់
ទើបលោកឲ្យអញ លេងភ្លេងថ្វាយលោកប្រក្រតី។ ខ្លាស្ដាប់ហើយធ្វើថាវ៉ី
គ្នាលេងផងវ៉ី គ្រាន់បានជាពីរនាក់ណា៎ ។ ទន្សាយស្ដាប់ហើយឆ្លើយថា
អញឆោតឲ្យអា មកហើយអានឹងខាំអញ ។ ខ្លាថាទេវ៉ើយសម្លាញ់ គ្នាមិនច្នោះមិញ
នោះគ្នាហ៊ានស្បថនឹងឯង ។ ត្រង់ចិត្តខឹងនោះគ្នាលែង ចេញហើយកុំក្រែង
រអែងត្រង់នេះឡើយណា៎ ។ ទន្សាយជឿហើយហៅថា មកចុះបងខ្លា
ឡើងមកអញផ្ដាំបងឯង ដល់បងនឹងវាយ ជាភ្លេង បងវាយកុំក្រែង
រអែងខ្លាចអ្វីឡើយណា៎ ។ ដៃបងធ្ងន់ក្រៃមហិមា វាយឲ្យខ្លាំងណា៎
នោះរឹងជាពីរោះហោង ។ ទន្សាយភិតភ័យកន្លង រត់មើលក្រោយហោង
ស្រាប់តែធ្លាក់ក្នុងអណ្ដូង ។ ឯខ្លាយកដៃទះផូង ឮតែតូង ៗ
ធ្លាយសំបុកឪម៉ាល់ណា ។ វារោមចោមខ្លាំងមហិមា ខ្លាលោតស្រែកថា
ម៉ែអើយអញស្លាប់នេះម្ដង ។ ហើយស្រែកយំកងរំពង ខ្លាំងក្រៃពេកហោង
ស្ទុះលោតស្ទើរតែមិនទាន់ ។ ចុះមកដល់ដីវាកាន់ តែឈឺរន្ថាន់
ពើតចាប់រមូលមែនមួន ។ ឈឺចាប់ញ័រអស់ទាំងខ្លួន ខ្លាំងក្រៃផ្ទួនៗ
ពីព្រោះទ្រនិចច្រើនណាស់ ។ លុះស្រាកគ្រាន់បន្តិចច្បាស់រត់តាមរហ័ស
ទន្សាយនោះទៅទៀតហោង ។ តាមបន្តិចទៅជាម្ដង ឃើញទន្សាយហោង
ធ្លាក់ក្នុងអណ្ដូងនោះណា៎ ។ ស្រមៀន អៀនប្រៀនឃើញខ្លា មុខដូចខ្មោចណា៎
មមីសក្នុងអណ្ដូងខ្មី ។ ខ្លាឃើញធ្លាក់ហើយស្រដី អាណានេះវ៉ី
អាស្លាប់ម្ដងនេះឯងណា៎ ។ ទន្សាយថាវ៉ីប៉ៃអា គិតឯងអញណា៎ អញនៅក្នុងអណ្ដូងហោង
។ គិតតែអាឯងជាម្ដង នៅលើនោះហោង ក្រែងមេឃរលំសង្កត់ ។
ល្អិតដូចគេបែនគេបត់ បាក់ឆ្អឹងខ្ទេចម៉ដ្ឋ ក្សិណក្ស័យជីវិតមរណហោង ។
ខ្លាស្ដាប់ហើយគិតកន្លង ភ័យណាស់ជាម្ដង លោតចុះក្នុងអណ្ដូងណា៎ ។
ត្រូវជាពីរនាក់នឹងខ្លា ទន្សាយនោះណា៎ ស្រមៀនក្នុងអណ្ដូងហោង ។
ទន្សាយគិតឯងកន្លង ធ្វើម្ដេចអញ ហោង នឹងបានឡើងរួចទៅលើ ។
ទន្សាយរកកលកិច្ចធ្វើ នឹងខ្លាចាក់មើល
ចង់ឲ្យខ្លាចាប់ចោលទៅ ។ គិតច្នោះយកដៃនោះកូវ ចាប់ខ្លានោះត្រូវ
ចង្កេះខ្លាលោតប៉ផ្លោត ។ ខ្លាថាអាចោរគេដោត អាខូចកញ្ឆោត
ម្ដេចមិនគិតខ្លួននឹងស្លាប់ ។ បើឥតគំនិតអញចាប់
បោះឡើងលើឆាប់នឹងស្លាប់មេឃរលំហោង ។ ទន្សាយនឹងអរកន្លង ពានចំណុចផង
រឹងជាចាក់ណាស់សោះសា ។ ខ្លាខឹងច្រើនដងច្រើនគ្រា អត់ពុំបានណា៎
ក៏ចាប់ទន្សាយចោលព្រួច ។ ទន្សាយថាឱអញរួច នឹកអរព្រួច ៗ
អញបានរួចពីទុក្ខហោង ។ ទើបទន្សាយស្រែករំពង ហោងអ្នកស្រុកផង
ឲ្យមកចាក់ចាប់ខ្លាព្រៃ ។ វាធ្លាក់ក្នុងអណ្ដូងនៃ អ្នកអើយវៃ ៗ
យកដាវលំពែងនិងស្នា ។ ឯឆ្កែកុំយកមកណា៎ យកតែធ្នូស្នា
លំពែងកាំភ្លើងនោះហោង ។ ទន្សាយគិតពេកកន្លង កុំយកឆ្កែហោង
នោះក្រែងឆ្កែខាំខ្លួនវា ។ ទន្សាយប្រាប់គេហើយណា៎
រួចរត់ទៅប្រាកដឆ្ងាយណាស់ពេកកន្លង ។ រីអស់អ្នកស្រុកអឺងកង ហៅគ្នារំពង
ឲ្យយកកាំភ្លើងធ្នូស្នា ។ ហើយនាំគ្នាដើរម្នីម្នា កាន់គ្រឿងគ្រប់គ្នា
មកចាក់ខ្លានោះស្លាប់ហោង ។
កម្លាំងកាយទុកថាគ្រាន់បើ
ក៏មិនស្មើកម្លាំងប្រាជ្ញា
រឿង សុភាទន្សាយ ពាក្យកាព្យ បទមណ្ឌោកគតិ
Reviewed by VannyDa
on
12:44 PM
Rating: