រឿង សុភាទន្សាយ ពាក្យរាយតពីពាក្យកាព្យ
ដំណាលពីរឿងទន្សាយ
កាលដែលរត់ពីអណ្ដូងទៅនោះ ទៅឈប់ជិតភូមិមួយ
មានយាយចាស់ម្នាក់ទូលចេកទៅលក់ ទន្សាយនោះឃើញ គិតថា «ឥឡូវអញអស់កម្លាំងម៉េ្លះ
ធ្វើម្ដេចនឹងបានចេកនោះស៊ី មានតែធ្វើជាស្លាប់» គិតហើយលូនទៅដេកនៅផ្លូវ
។ ឯយាយចាស់នោះទូលចេកដើរមកដល់ ឃើញទន្សាយគិតស្មានថាជាស្លាប់មែន
ហើយលាន់មាត់ថា «អះអញមកលក់ចេកថ្ងៃនេះ ហៅពេញជាមានលាភសុន្ទរពន់ពេកណាស់
អញនឹងយកអាទន្សាយនេះ ទៅស្លស៊ីបានម្ដង» ហើយក៏លើកទន្សាយនោះដាក់ក្នុងល្អីដើរទៅ
។ ឯទន្សាយកាលបើយាយចាស់ដាក់ទៅលើល្អីចេកហើយ ក៏បកស៊ី ៗ ។
លុះយាយចាស់នោះដល់ទៅផ្ទះគេ ៗ ហៅទិញចេក គាត់ដាក់កញ្ជើចេកពីលើក្បាលមក
ទន្សាយវាលោតបោលទៅ មើលទៅចេកនៅសល់តែសំបក ។ យាយចាស់នោះថា «ម៉ែ
អាទន្សាយនេះវារស់ទេតើ អញស្មានថាវាងាប់» ។ ចេកនោះ ក៏អស់ខានលក់, ទន្សាយនោះក៏វាបោលរួចទៅ
។
ឯទន្សាយ
កាលបោលពីភូមិនោះចូលទៅក្នុងព្រៃ ចុះទៅក្នុងត្រពាំងមួយប្រុងនឹងផឹកទឹក
។ កាលនោះ មានខ្យងក្នុងត្រពាំងនោះវាឃាត់ថា «អាទន្សាយឯងម្ដេចក៏មកផឹកទឹកអញ» ។
ទន្សាយឆ្លើយថា « ថ្វី! បើអញផឹកទឹកផង,
ទឹកម៉ែឪអាណា? » ។ ខ្យងថា « អើទឹកផងអញ!» ។
ទន្សាយឆ្លើយថា « បើច្នោះឯងបោលភ្នាល់នឹងអញ អញបោលលើគោក ឯងហែលក្នុងទឹក
បើឯងហែលលឿនជាងអញ ៗ ខានផឹកទឹកត្រពាំងនេះ បើអញបោលលឿនជាងឯង
អញផឹកទឹកត្រពាំងនេះ»
។ ខ្យងក៏ព្រមភ្នាល់ ទើបខ្យងវាគិតគ្នាវាថា «យើងបណ្ដាក់គ្នា
ឲ្យជុំវិញមាត់ត្រពាំងនេះ បើទន្សាយវាស្រែកហៅ
កុំឲ្យអ្នកឯក្រោយឆ្លើយឡើយ ឲ្យអ្នកណាដែលនៅឯមុខនោះឆ្លើយឡើង» ។
គិតគ្នារួចស្រេចហើយស្រែកប្រាប់ទៅទន្សាយថា «ទន្សាយពោលទៅចុះ!» ។
ទន្សាយបោលទៅៗ ស្រែកហៅទៅខ្យង ៗ ឯមុខឆ្លើយថា «កូ៎ក !» ។ ទន្សាយថា «ម៉ែ!
អានេះហែលលឿនទៅឆ្ងាយណាស់»
។ ទន្សាយបោលទៅទៀត ហើយហៅទៀត ខ្យងមុខនោះឆ្លើយឡើងទៀត
បោលពុំចេះទាន់ឡើយ ។ ទន្សាយទទួលចាញ់ប្រាជ្ញាខ្យង
ពុំហ៊ានផឹកទឹកត្រពាំងបឹងបួឯណា៎ឡើយ ផឹកតែទឹកសន្សើមតាំងពីនោះមក ។
ឯទន្សាយបោលពីនោះទៅទៀត
គិតនឹងឆ្លងត្រើយម្ខាង ពុំដឹងគិតធ្វើដូចម្ដេចនឹងឆ្លងទៅបាន ។ កាលនោះ
មានក្រពើមួយហែលចុះហែលឡើង ។ ទន្សាយឃើញហើយគិតថា «អញធ្វើដូចម្ដេច
នឹងបានអាក្រពើនេះចម្លងអញទៅដាក់ត្រើយនាយ? » គិតហើយធ្វើជាសួរថា «បងក្រពើ!
បងឯងកើតអ្វីបានជាគគ្រាតអស់ទាំងខ្លួន? » ។ ក្រពើនោះប្រាប់ទៅវិញថា «គេហៅកើតស្រែង» ។
ទន្សាយថា «បងឯងចម្លងអញឲ្យតែដល់ត្រើយនាយចុះ អញនឹងមើលស្រែងបងឯងឲ្យជា» ។
ឯក្រពើឮគេថានឹងមើលស្រែងឲ្យជាដូច្នោះ
ក៏អរណាស់ឡើងមកបង្កើលខ្លួនលើគោក ហើយថា «អញចម្លងអ្នកឯងទៅ, អ្នកឯងមើលស្រែងអញឲ្យជាចុះ
។ ទន្សាយថា «អើ! កុំភ័យ»
។ ទន្សាយវាខ្ពើមខ្លួនក្រពើ
វាកាច់ស្លឹកឈើទ្រាប់អង្គុយ ។ ក្រពើសួរថា «ចាំទ្រាប់ស្លឹកឈើធ្វើអ្វី??» ។ ទន្សាយថា «បងឯងមានគុណនឹងខ្ញុំក្រែងវាបាបខ្ញុំ» ។
ហើយទន្សាយឡើងជិះលើក្បាលក្រពើនោះ ។ ឯក្រពើជឿស្មោះ
ចំពោះថាជាត្រង់ពិតមែន ខំហែលចម្លងបានដល់ទៅត្រើយនាយ ។
ទន្សាយចុះពីលើក្បាលក្រពើ បោលឡើងទៅលើគោក ហើយស្រែកថា «ស្រែងអាឯង
កើតតាំងពីជីដូនជីតាអាឯងមកអាណាមើលជា» ។ ក្រពើខឹងណាស់ គិតថា «អាទន្សាយនេះ
វាបញ្ឆោតអញដល់ខ្នាតហើយ ពុំដឹងធ្វើដូចម្ដេចនឹងខាំវាបាន» គិតហើយធ្វើដូចគល់អណ្ដែតទឹករសាត់ចុះឡើង
។ ទន្សាយនោះ វាបោលទៅបោលមក ឃើញឯក្របីមួយងាប់នៅមាត់ត្រពាំង
ត្មាតវារូងពោះក្របីនោះ ទន្សាយវាក៏ទៅចូលលេង, ដល់ត្រូវថ្ងៃក្ដៅគូទក្របីនោះវាខ្ជឹបជិត
ទន្សាយចេញវិញពុំរួច វិលវល់នៅក្នុងពោះក្របីនោះ ទាល់តែល្ងាច ។ លុះល្ងាច
មានមនុស្សមកដងទឹក ទន្សាយថា «ឱអស់អ្នកស្រុកអាណិតដងទឹកមកស្រោចគូទក្របីនេះឲ្យទានផង
មេត្តាប្រោសយកតែបុណ្យទៅចុះ លោកបានបុណ្យច្រើនណាស់ ។
អ្នកដងទឹកគេឮច្រើនដង ក៏ដងទឹកទៅស្រោចគូទក្របីនោះក៏រីកឡើង ។
ទន្សាយវាចេញមកខាងក្រៅ រួចហើយវាបោលទៅវាស្រែកថា «គ្មានបានគុណប្រយោជន៍អ្វីទេ
អញបញ្ឆោតឲ្យតែរួចខ្លួនអញទេ»
។ ទន្សាយវាបោលទៅទៀត ឃើញក្រពើបណ្ដែតខ្លួន
ក៏មន្ទិលក្នុងចិត្តថា «នេះជាក្រពើ ឬមួយជាគល់ទេអេះ?» ។ ទន្សាយគិតដូច្នោះហើយ
ទើបស្រែកទៅថា «បើជាក្រពើទេ ឲ្យអណ្ដែតបណ្ដោយទឹក
បើជាគល់ឲ្យអណ្ដែតច្រាស់ទឹកឡើងទៅវិញ» ។ ឯក្រពើ ឮគេថាដូច្នោះហើយ គិតថា
«អញថាធ្វើជាគល់ ឥឡូវគេថា បើគល់ឲ្យអណ្ដែតច្រាសទឹក
បើដូច្នេះអញធ្វើជាអណ្ដែតច្រាសទឹកទៅវិញចុះ» គិតហើយក៏ហែលច្រាសទឹកទៅវិញ ។
ទន្សាយឃើញហើយថា យី!មើលន៎! អាក្រពើ អាឯងមកបញ្ឆោតអញ
កុំអាបញ្ឆោតមិនបានទេ»
។ ក្រពើឮហើយគិតថា «អញចាញ់ប្រាជ្ញាទន្សាយទៀតហើយ» ទើបគិតទៀតថា
«បើដូច្នេះ អញឡើងលើគោក ធ្វើជាងាប់វិញទើបស្រួល» គិតដូច្នោះហើយ
ក៏ឡើងទៅដេកលើគោក ហាមាត់ដូចជាងាប់ ។ ឯទន្សាយ ដើរទៅដើរមក
ឃើញក្រពើដេកដូច្នោះ គិតថា «អានេះងាប់ហើយតើ»
។ រួចដើរចូលទៅមាត់ក្រពើនោះ
ហើយក៏អង្អែលចង្កូមលេងថា «អើចង្កូមធំនេះ ធ្វើដងកាំបិតស្នៀតអញ
ចង្កូមតូចនោះធ្វើដងកាំបិតស្លា ឲ្យប្រពន្ធអញវាកាត់គាត» ។
កុំពុងតែរៀបរាប់ ក្រពើត្របាក់ឃ្លុប ។ ទន្សាយបោលប្លូចចូលទៅក្នុងពោះ
ហើយស្រែកថា «ឱ! ជាណាស់ហើយនេះ អញកំពុងតែចង់ស៊ីពោះវៀនបត់ចន្ទាសផង
ឥឡូវបានមកដល់ក្នុងពោះហើយ អញស្រាវពោះវៀនបត់ចន្ទាសអាឯងស៊ីឲ្យអស់» ថាហើយក៏ផ្ទាត់ក្រចកឮប្រែះៗ
។ ឯក្រពើឮហើយភ័យណាស់ អង្វរថា «បងទន្សាយ អាណិតចេញទៅចុះ!
ខ្ញុំមិនហ៊ានខាំបងឯងទេ»
។ ទន្សាយថា «អើ! បើអាឯងអង្វរអញ ៗ
អាណិត អញលែងអាឯង» ។ ក្រពើហាមាត់ឡើងហើយ ទន្សាយនោះបោលចេញទៅ ។
ទន្សាយបោលទៅ ៗ ឃើញអង្គត់ឈើមួយនៅមាត់ត្រពាំង
ឡើងទៅអង្គុយលើដង្គត់ឈើនោះ ។ ដល់ថ្ងៃក្ដៅឡើង
ជ័រឈើរលាយជាប់ឯគូទទន្សាយនៅដង្គត់ឈើទៅ ។
ជូនមានកូនដំរីមួយមកផឹកទឹកត្រពាំងនោះ ។ ទន្សាយឃើញហើយថា «យើឯង!
ម្ដេចក៏មកផឹកទឹកអញ?
ទេវតាលោកឲ្យអញចាំនៅនេះ» ។ កូនដំរីភ័យណាស់
ក៏បោលទៅប្រាប់មេ មេឮកូនប្រាប់ដូច្នោះ ខឹងណាស់មករកទន្សាយសួរថា «អាទន្សាយ
ឯងម្ដេចក៏មិនឲ្យកូនអញផឹកទឹក?» ។ ទន្សាយថា «អើអញមិនឲ្យផឹក
ត្បិតទេពតាលោកឲ្យអញចាំ»
។ មេដំរីនោះខឹងណាស់បួងកន្ត្រាក់ឯទន្សាយនោះចោលទៅ
។ ទន្សាយអរណាស់ ត្បិតបានរួចខ្លួន ពីជ័រឈើនោះ
បោលពីនោះទៅចូលក្នុងចម្ការតាចាស់ម្នាក់ ។ ឯតាចាស់នោះ
គាត់ដាំត្រសក់ពេញតែចម្ការ ។ ទន្សាយនោះ លួចត្រសក់គាត់ស៊ីតែសព្វថ្ងៃ ។
តាចាស់ខឹងណាស់ គិតធ្វើអន្ទាក់ដាក់ ។ ដល់យប់មួយនោះ ទន្សាយទៅស៊ី ត្រូវអន្ទាក់តាចាស់
។ ទន្សាយភ័យណាស់ ក្រែងតាចាស់មកទាន់ ។ ពេលនោះ
មានគីង្គក់មួយលោតចុះលោតឡើង ។ ទន្សាយឃើញហើយអរណាស់ ក៏ធ្វើជាសួរថា «អើបងគីង្គក់!បងឯងកើតអ្វី? ។
គីង្គក់ប្រាប់ទៅវិញថា «ខ្ញុំកើតស្រែង»
។ ទន្សាយនិយាយថា «ឱអ្នកបង! បងឯងដោះអន្ទាក់ឲ្យខ្ញុំ
ៗ នឹងធានាមើលស្រែងបងឯងឲ្យជា កុំឲ្យបងឯងព្រួយចិត្ត» ។
គីង្គក់ឮទន្សាយថា «មើលស្រែងឲ្យជា»
ក៏អរណាស់ ខំដោះអន្ទាក់ ឲ្យទាល់តែរួច ។
ឯទន្សាយបានរួចពីអន្ទាក់ហើយ ក៏និយាយថា «ស្រែងពីជីដូនជីតាអាមក ។
អាណាមើលជា» ។ គីង្គក់ខឹងណាស់ ខំលោតដេញតាមទន្សាយក៏មិនបានទាន់ឡើយ ។
ពីនេះនឹងនិយាយពីតាចាស់
គាត់ភ្ញាក់ឡើងពីព្រឹក រៀបវេចស្លាម្លូរួចហើយ ក៏ដើរជាប្រញាប់
ទៅរកមើលចម្ការត្រសក់គាត់
ហើយចូលទៅមើលឃើញស្នាមដែលត្រូវទន្សាយរួចទៅនោះ ។ តាចាស់ស្ដាយណាស់
គក់ទ្រូងគក់ស្មាថា «អញខានស្លសាច់ទន្សាយសោះ» ។ គាត់ក៏រៀបដាក់ជាថ្មី
ដល់យប់ឯក្រោយទៀត ទន្សាយនឹកភ្នកចង់ស៊ីត្រសក់ ក៏បោលចូលទៅក្នុងចម្ការ
ភ្លេចនឹកអំពីអន្ទាក់ ដោយសារឃ្លានចង់ស៊ីត្រសក់ ទៅជាន់លើអន្ទាក់
ជាប់ឯជើង ទន្សាយភ័យណាស់ មិនដឹងគិតធ្វើដូចម្ដេច នឹងបានរួចពីអន្ទាក់ ។
ឯសត្វគីង្គក់ ឃើញទន្សាយជាប់អន្ទាក់ ក៏អរណាស់ លោតឡើងទះដៃផ្ដន្ទាថា «ឯងធ្លាប់តែបញ្ឆោតអញ
ឥឡូវនេះមកជាប់អន្ទាក់ក្រញោនធ្វើមុខភ្លឹះៗ ដូចជាមុខខ្មោច
នរណានឹងជួយឯងទៀត»
។ ឯទន្សាយ ឮគីង្គក់ផ្ទាន់ផ្ទាន់ផ្ចាញ់ផ្ទល់
នឹកខឹងក្នុងចិត្តណាស់ ប៉ុន្តែ ជាសត្វមានប្រាជ្ញា ធ្វើជាមិនខឹង
និយាយលួងលោមគីង្គក់ថា «ពីមុនខ្ញុំបញ្ឆោតបងឯង ពីព្រោះខ្ញុំទាល់ចំណេះ
មិនចេះថ្នាំមើលស្រែងបងឯង ម្ដងនេះ ខ្ញុំនិយាយប្រាកដប្រជាមែនទែន ត្បិតខ្ញុំឃើញកូនក្រមុំគេល្អណាស់មុខកំប្លង់ៗ
ថ្ពាល់បំផូរដូចផ្កាកុលាប ខ្ញុំនឹងទៅដណ្ដឹងឲ្យបងឯងៗ កុំព្រួយចិត្ត
ត្បិតខ្ញុំបាននិយាយម្ដងរួចហើយ គេថានឹងឲ្យជាប្រពន្ធបងឯង ។
បងឯងជួយដោះខ្ញុំឲ្យរួចចេញពីអន្ទាក់ម្ដងនេះ ខ្ញុំទៅដណ្ដឹងឲ្យ
កុំព្រួយចិត្ត» ។ គីង្គក់ ហេតុតែជាសត្វឆ្កួតនឹងស្រី
បានឮទន្សាយនិយាយពីកូនក្រមុំគេដូច្នោះ អរណាស់អត់មិនបាន
ញញឹមញញែមកន្លេះកន្លោញ២ចង់បានកូនក្រមុំគេ ហើយនិយាយថា «បងទន្សាយឯងនិយាយឲ្យមែនទែន
កុំបញ្ឆោតខ្ញុំដូចពីមុនទៀត»
។ ទន្សាយឆ្លើយថា «ទេ! បញ្ឆោតអីច្រើនដងម្ល៉េះ
ពីមុនវាទាល់ចំណេះខ្ញុំទេ បានជាខ្ញុំកុហក ម្ដងនេះងាយទេ
ត្បិតនៅស្រុកអង្គរមានកូនក្រមុំច្រើនណាស់ ទោះបីខ្ញុំមិនទៅ
បងឯងទៅដណ្ដឹងខ្លួនឯងក៏គេឲ្យដែរ ត្បិតឥឡូវក្រមុំថោកណាស់ ក្រមុំដប់មួយស្លឹង៣
(បានជាមានពាក្យគេច្រៀងជាប់ដល់សព្វថ្ងៃថា «ក្រមុំដប់មួយស្លឹង» ដោយសារឃើញគីង្គក់ហែលទឹកទៅយកប្រពន្ធស្រុកអង្គរ)
។ គីង្គក់ ក៏ដោះអន្ទាក់ឲ្យទន្សាយទៀត ។ ទន្សាយបានរួចពីអន្ទាក់ហើយ
ក៏ស្ទុះលោតផ្លោតបោលទៅ ហើយថា «គីង្គក់ឯង ស្រែងគគ្រាតណាស់ នរណាគេនឹងឲ្យកូនក្រមុំគេ
អញបញ្ឆោតឯងទេ »
។ ឯគីង្គក់ ឮទន្សាយថាដូច្នោះ ខឹងណាស់
ចង់តែបោកខ្លួនឲ្យស្លាប់នឹងភ្លឺស្រែ ប៉ុន្តែ
មកគិតមានៈក្នុងចិត្តចង់បានកូនក្រមុំស្រុកអង្គរហើយក៏ទៅសួរ
ជួបបឹងសត្វកំពូលអាចម៍ ៗ សួរថា «បងគីង្គក់ទៅណា?» ។
គីង្គក់ប្រាប់ថា «ខ្ញុំទៅរកប្រពន្ធស្រុកអង្គរ» ។ សត្វកំពូលអាចម៍ថា «បងឯងទៅដល់ឬ? ថ្មើរនេះទៅហើយ!
។ គីង្គក់នោះ ហេតុតែចង់បានប្រពន្ធពេក ក៏ប្រាប់ទៅកំពូលអាចម៍ថា «ខ្ញុំទៅហើយ
ខ្ញុំត្រឡប់មកស៊ីបាយព្រឹកវិញ ។ គីង្គក់ឃើញកំពូលអាចម៍ធ្វើងូងៗ ក៏សួរថា
«បងឯងធ្វើអ្វី?»
។ កំពូលអាចម៍ប្រាប់ថា «ខ្ញុំក្រឡឹងដុំរទេះ» ។
គីង្គក់សួរថា «ឯងធ្វើដុំរទេះអ្វីខ្លីដល់ម្ល៉េះ ? ។ កំពូលអាចម៍ឆ្លើយថា «មិនខ្លីទេ
ខ្ញុំគិតនឹងកាត់ឲ្យបានជាពីរកំណាត់ផង ឲ្យគ្រប់មួយសម្រាប់តែម្ដង» ។
(បានជាកំពូលអាចម៍ថាដូច្នេះនេះ ឲ្យទាន់ប្រាជ្ញាដែលគីង្គក់និយាយជំហរថា «ត្រឡប់មកស៊ីបាយព្រឹកវិញ») ។
គីង្គក់ ក៏ហែលទឹកពីស្រុកទន្លេធំ គិតទៅយកប្រពន្ធពីស្រុកអង្គរ
បើជួបនឹងសត្វឯណាគេសួរ សុទ្ធតែប្រាប់គេថា «ទៅយកប្រពន្ធឯស្រុកអង្គរ» លុះជួបនឹងត្រីទីពោ
វាក៏ត្របាក់ស៊ីលេបទៅ ។ តអំពីនេះ នឹងនិយាយអំពីទន្សាយ
កាលរួចពីអន្ទាក់តាចាស់នោះហើយ ក៏បោលទៅពូននឹងគុម្ពរពាក់មួយ ។ ពេលនោះ
មានខ្លាមួយ មកឃើញទន្សាយពួននៅគុម្ពរពាក់នោះ
វាក៏លបមកចង់ខាំទន្សាយស៊ី ។ ឯទន្សាយ ដឹងថាខ្លាលបចង់ខាំស៊ីខ្លួនហើយ
ធ្វើជាគ្រហែមថា «អ៊ែម! អញស៊ីដំរីប្រាំមិនស្កាំផ្ទៃ ស៊ីគ្រប់ខារប៉ុនមេដៃ
ស្អាបំពង់កទល់ល្ងាច ធ្វើម្ដេចបានថ្លើមខ្លាមកស៊ី សោះវាស្អាបំពង់ក» ។
ខ្លាឮទន្សាយថាដូច្នោះ ក៏គិតខ្លាចមិនហ៊ានខាំ ហើយទៅរកបបួលស្មា
លុះទៅជួបនឹងស្វាហើយ និយាយប្រាប់ស្វាថា «អាដែងសត្វអីតូចមួយ
វាថាស៊ីដំរីប្រាំមិនស្កាំផ្ទៃ ស៊ីគ្រប់ខារប៉ុនមេដៃ ស្អា-កទល់ល្ងាច
ធ្វើម្ដេចនឹងបានថ្លើមខ្លាស៊ី កុំឲ្យស្អាក, ខ្ញុំឮដូច្នោះហើយ
ខ្ញុំភ័យខ្លាចណាស់»
។ ស្វាឮខ្លានិយាយប្រាប់ដូច្នោះហើយ ក៏សួរទៅវិញថា «សត្វនោះប៉ុនណា
រូបវាដូចម្ដេច?» ។ ខ្លាប្រាប់ទៅស្វាថា «សត្វនោះតូចប៉ុនកដៃខ្ញុំ
ហើយមានស្លឹកត្រចៀកវែង កន្ទុយខ្លី» ។ ស្វាឆ្លើយថា «ឱ!នេះ
គេហៅសត្វទន្សាយ អានេះវាជំហរណាស់ បងឯងកុំខ្លាចវា» ។
ឯខ្លាឮស្វាថាដូច្នោះហើយថា «ទេ! បងស្វា ខ្ញុំឃើញកម្ទេចភ្លុកដែលវាស៊ីដំរីសល់នៅនោះ
មានពាសពេញប្របខ្លួនវា»
។ ឯស្វាថា «ទេ មិនមែនទេ! បងខ្លាឯងទៅនឹងខ្ញុំៗ
ជូនបងឯងទៅមើលឲ្យច្បាស់មែនទែន» ។ ខ្លាប្រកែកថា «ទេខ្ញុំខ្លាចវាណាស់
វាថាចង់ស៊ីថ្លើមខ្ញុំ បើបងឯងជូនខ្ញុំទៅ បើវាដេញខាំខ្ញុំ
ហើយបងឯងរត់ឡើងដើមឈើបាត់ទៅ វានឹងខាំខ្ញុំយកទៅស៊ីឥតអំពើ» ។
ស្វាថា «ឱ! បងឯងឆោតអីដល់ម្ល៉េះ! បើបងឯងមិនជឿខ្ញុំ
បងឯងយកវល្លិមកចងចង្កេះខ្ញុំ ភ្ជាប់នឹងបងឯង
ឲ្យជាប់ទាំងពីរនាក់ហើយសឹមទៅ»
។ ខ្លាឮស្វាថាដូច្នោះ
ក៏បោចវល្លិមកចងចង្កេះទាំងពីរនាក់ជាប់ ហើយបបួលគ្នាដើរទៅ។
ឯទន្សាយកាលដែលខ្លាទៅវិញ ក៏ទៅអង្គុយលើដំបូក ១ ប្របទីនោះ ។
លុះទន្សាយក្រឡេកមើលទៅឃើញខ្លានិងស្វាចងចង្កេះជាប់គ្នា
ហើយដើរចូលមកដូច្នោះ ក៏អើតឡើងគ្រហែមថា «អ៊ែម ៗ! អាស្វាក្រញាំ
ជំពាក់បំណុលអញ ២-៣ ឆ្នាំយកឯអាខ្លាកញ្ចាស់សំគមមកឲ្យអញ» ។
ខ្លាឮទន្សាយថា «ស្វាយកខ្លួនមកផាត់បំណុលឲ្យវាដូច្នោះ ក៏ភ័យណាស់
ស្ទុះបោលដូចគេកន្ទ្រាក់ស្វាដួលផ្កាប់ផ្ងារហាមាត់ នឹងស្ដីក៏មិនរួច
ខ្លាប្រឹងតែបោលដូចជាគេបោកស្វាទៅលើដង្គត់ឈើស្លាប់មាត់ស្ញេញ
ហើយខ្លាបោលទៅឆ្ងាយ បែរមើលមកក្រោយឃើញមាត់ស្វាស្ញេញដូច្នោះ គិតស្មានថាជាស្វាសើច
ក៏ខំប្រឹងកន្ទ្រាក់ ទាញផ្ដាច់ខ្សែចំណងចេញពីរចង្កេះ
ហើយបោលតែម្នាក់ឯងទៅ ។ ឯទន្សាយ លុះដល់ព្រលប់យប់ងងឹត
គិតចង់ស៊ីស្រូវសំណាបល្បាស់ខ្ចី ហើយទៅជិតស្រុកគេ ឃើញសំណាបលាស់ខៀវខ្ចី
ក៏ស្ទុះលោតចូលទៅស៊ីស្រូវសំណាបឆ្អែត ហើយចូលទៅពួនក្នុងព្រៃវិញ ។
ព្រឹកឡើងម្ចាស់សំណាបមកមើល ឃើញស្នាមទន្សាយស៊ីសំណាបខូចអស់
ម្ចាស់សំណាបនោះ ។ លុះយប់ ទន្សាយចេញមករកស៊ីសំណាបទៀត
ក៏ត្រូវអន្ទាក់ដែលដាក់នោះ ។ ទន្សាយ ជាប់អន្ទាក់ហើយ ភ័យណាស់
មិនដឹងគិតទៅអង្វរអ្នកឯណាឲ្យមកជួយដោះ ហើយគិតធ្វើពុតជាងាប់រឹងស្ដូក
។ លុះព្រឹកឡើងម្ចាស់អន្ទាក់ ភ្ញាក់ពីព្រលឹម ក្រោកជាប្រញាប់
រៀបខ្លួនប្រាណដើរទៅមើលអន្ទាក់ ឃើញទន្សាយ ជាប់អន្ទាក់ងាប់រឹងស្ដូក ។
ម្ចាស់អន្ទាក់អរណាស់ ចូលទៅដោះទន្សាយនោះ ហើយរៀបដាក់អន្ទាក់នោះទៅវិញ ។
ទន្សាយដឹងថាគេដាក់ខ្លួននៅដីហើយ ក៏ស្ទុះចូលទៅព្រៃបាត់ទៅ ។
ម្ចាស់អន្ទាក់ មើលទៅឃើញទន្សាយបោលចូលទៅក្នុងព្រៃ ទើបភ្ញាក់ខ្លួន
ហើយក្រោកឡើងគក់ទ្រូងថា «ឱអាចោរទន្សាយពុតខូច រស់ទេតើ! អញស្មានថាវាងាប់
ឥឡូវវាបោលទៅក្នុងព្រៃព្រងើយ អើ! អត់ឲ្យម្ដង
ថ្ងៃក្រោយគង់តែវាភ្លេចត្រចៀក មកត្រូវអន្ទាក់អញទៀតមិនខានទេ» ។
លុះពីរបីថ្ងៃក្រោយមកទន្សាយនឹកចង់ ស៊ីស្រូវសំណាបទៀត
ហើយបោលចូលទៅក្នុងស្រែ ភ្លេចគិតពីអន្ទាក់នោះ អាល័យតែនឹកចង់ស៊ីសំណាប
ក៏ទៅជាប់អន្ទាក់នោះទៀត ។ ទន្សាយលុះជាប់អន្ទាក់ហើយ ភិតភ័យណាស់
មិនដឹងបើនឹងគិតធ្វើម្ដេចឲ្យរួច ទាល់ប្រាជ្ញធ្វើមុខស្រមេះ ។
លុះព្រឹកឡើង ម្ចាស់អន្ទាក់ មកឃើញទន្សាយជាប់អន្ទាក់ អរណាស់ស្ទុះម្នីម្នា
ចូលទៅដោះទន្សាយចេញពីអន្ទាក់ ហើយថា «ឯងធ្លាប់តែមានពុតធ្វើជាងាប់
ម្ដងនេះ ឯងធ្វើម្ដេចក៏អញមិនលែងអាឯងទៀតដែរ, អញទុកឯងគ្រាន់តែនឹងមើលមុខ
ត្បិតឯងមានពុតចេះធ្វើងាប់»
ហើយយកទន្សាយទៅផ្ទះ ។ លុះដល់ផ្ទះហើយ
ក៏យកអង្រុតក្រុងទន្សាយចាប់ ។ ជួនជាព្រឹកនោះ អ្នកនោះបានត្រីរស់មួយផង
យកមកប្រោះទុកក្នុងថ្លាងដាក់ប្របគ្នានឹងទន្សាយ ហើយនឹកភ្នកឡើងថា «លោកសង្ឃនៅវត្ត
នេះចាប់យាមពូកែ ទាយឆុតណាស់,
បើដូច្នោះ អញនឹងទៅល្បងឲ្យលោកចាប់យាមមើល
ជាឆុតមែនឬដូចម្ដេច?»
ហើយអ្នកនោះផ្ដាំប្រពន្ធថា «ឯងមើលទន្សាយនិងត្រីផង
ក្រែងវារួច» ហើយដើរចូលទៅក្នុងវត្ត ឡើងទៅលើកុដិ ក្រាបថ្វាយបង្គំលោក
ពិតពុទ្ធដីកាថា «ខ្ញុំព្រះករុណា ឮល្បីថាលោកគ្រូចេះចាប់យាមឆុតណាស់» ។
ឯលោកមានពុទ្ធដីកាថា «ចេះមែន ប៉ុន្តែឆុត មិនឆុតមិនហ៊ានអួតទេ» ។
អ្នកនោះឆ្លើយឡើងថា «សូមមេត្តាប្រោសទាយឲ្យខ្ញុំករុណាបន្តិច ក្នុងវេលាព្រឹកនេះឯង
តើខ្ញុំព្រះករុណានឹងមានលាភអ្វីទទួលបាន?» ។ លោកនោះឆ្លើយឡើងថា «ទេ!
អាចក្ដីមិនហ៊ានទាយទេ! ។ អ្នកនោះថា «សូមមេត្តាប្រោស ទាយឲ្យទានបន្តិច, ខ្ញុំករុណាចង់ដឹងថានឹងបានអ្វីទទួលទានក្នុងវេលាព្រឹកនេះ» ។
លោកសង្គ្រាជឆ្លើយឡើងថា «ទេ! ក្រែងញោមអន់ចិត្ត»
។ អ្នកនោះគិតក្នុងចិត្តថា «បើលោកនេះទាយត្រូវ
អញឲ្យសាច់ទន្សាយនិងត្រីរ៉ស់ឆាន់, បើលោកទាយមិនត្រូវទេ
អញមិនឲ្យឆាន់សោះ,
អញស៊ីតែពីរនាក់នឹងប្រពន្ធអញ «នឹកតែក្នុងចិត្តហើយពិតពុទ្ធដីកាលោកថា
ទេ! ខ្ញុំករុណាមិនអន់ចិត្តទេ»
។ លោកក៏យកតម្រាមកមើល ហើយទាយថា «ញោមគ្មានលាភអ្វីទេ!» ។
អ្នកនោះលាលោកត្រឡប់មកផ្ទះវិញ ហើយនឹកថា «លោកនេះចាប់យាមមិនឆុតទេ
អញគិតស្មានក្រែងលោកទាយត្រូវ នឹងប្រគេនសម្លលោកឆាន់, ឥឡូវនេះ
លោកទាយមិនត្រូវ ដូច្នេះអញស៊ីតែពីរនាក់នឹងប្រពន្ធអញ» គិតដូច្នេះហើយ
ដើរមកដល់ផ្ទះ បង្គាប់ប្រពន្ធឲ្យដណ្ដាំបាយ ។
ឯទន្សាយនឹងត្រីរស់គិតគ្នាថា
បងត្រីឯងធ្វើជាងាប់ផ្ងារពោះ បើគេមកចាប់ បងឯងទៅកាប់ស្លស៊ី
ហើយគេដាក់បងឯងនៅប្របទឹក បងឯងលោតចុះហែលបន្តិចទៅ
រួចធ្វើជាផ្ងារពោះទៀត ឲ្យគេយកអង្រុត ដែលគេគ្របខ្ញុំទៅរុតចាប់បងឯង
បងឯងឃើញគេយកអង្រុតទៅ សឹមបងឯងស្ទុះហែលឲ្យបាត់ទៅ ។
ឯជនទាំងពីរនាក់ប្ដីប្រពន្ធ លុះប្រពន្ធដណ្ដាំបាយឆ្អិនហើយ
ប្ដីយកត្រីទៅស្រកានៅប្របមាត់ត្រពាំង នៅមុខផ្ទះ ។
ត្រីធ្វើជាងាប់ផ្ងារពោះរឹងស្ដូកមិនកម្រើកខ្លួនសោះ ។
បុរសនោះគិតស្មានថាជាងាប់ ចាប់យកត្រីទៅដាក់ប្របមាត់ទឹក
ត្រីក៏ស្ទុះប្លោតលោតចុះទៅក្នុងទឹក ធ្វើតាមពាក្យទន្សាយផ្ដាំសព្វគ្រប់
។ ឯបុរសនោះ លុះឃើញត្រីលោតចូលទៅក្នុងទឹកហែលផែលៗដូច្នោះ ក៏លោតទៅចាប់
។ ត្រីស្ទុះទៅទៀត ហើយធ្វើជាផ្ងារពោះ ផែលៗ ដូច្នេះពីរបីដង
អ្នកនោះចាប់មិនបាន ស្រែកហៅប្រពន្ធឲ្យយកអង្រុតទៅជាប្រញាប់ ។ ប្រពន្ធ
មិនបានជាគិតដល់ទន្សាយ
ក៏ស្ទុះកញ្ឆក់យកអង្រុតទៅឲ្យប្ដីរុតត្រីក្នុងត្រពាំង
ទាំងពីរនាក់ប្ដីនឹងប្រពន្ធទទឹកសំពត់អាវអស់ ។
ត្រីឃើញអង្រុតក៏ស្ទុះហែលទៅក្នុងទឹកជ្រៅបាត់ទៅ ។ បុរសប្ដីប្រពន្ធ
ខឹងណាស់ ខំរុតរកត្រីពុំឃើញសោះ រងាណាស់ទ្រាំមិនបាន ពីព្រោះត្រូវរដូវខ្យល់ពីឯជើង
ហើយព្រឹកព្រហាមផង ញ័រទាំងដៃជើងរណ្ដំទាំងធ្មេញ ។
ទាំងពីរនាក់ប្ដីប្រពន្ធ រត់ឡើងមកអាំងភ្លើងជើងក្រាន ដែលដណ្ដាំបាយនោះ
អង្គុយច្រហោងទាំងពីរនាក់ទល់មុខគ្នា
ក៏នឹកឃើញទំនាយដែលលោកសង្គ្រាជចាប់យាមថា «គ្មានលាភអ្វីទេ» ត្រូវតាមលោកចាប់យាមឲ្យនោះមែន
។ អ្នកនោះ ក៏ជឿលោកគ្រូនោះថា «ចាប់យាម ឆុតពូកែមែន»
។
ត្រីរ៉ស់ក៏រួច
ទន្សាយក៏រួច
រឿង សុភាទន្សាយ ពាក្យរាយតពីពាក្យកាព្យ
Reviewed by VannyDa
on
12:45 PM
Rating: