រឿងព្រេង ទាក់ទងនឹងទង់នាគ - ទង់រលក - ទង់ក្រពើ
ទង់នាគ- ទង់រលក និង ទង់ក្រពើនេះ
មិនមែនទើបតែនឹងមានក្នុងសម័យឥឡូវនេះទេ ហើយក្នុងនគរខ្មែរទាំងមូល
ក៏មានជនានុជននិយមប្រើគ្រប់ៗស្រុកដែរ តែមានសេចក្ដីអធិប្បាយខុសៗ គ្នា ។
ចំពោះអ្នកស្រុកសិរីសោភ័ណវិញ គេយកសំអាងលើរឿងដូចខាងក្រោម ទង់នាគ –
ទង់រលក
កាលណោះ ព្រះពុទ្ធបរមគ្រូនៃយើងទ្រង់ចូលបរិនិព្វានទៅហើយ
។ ពួកពុទ្ធបរិស័ទដែលប្រតិបត្តិតាមពុទ្ធវចនៈ ក្នុងកាលជាខាងក្រោយ
មានកតញ្ញូកតវេទិតាចំពោះព្រះអង្គ ប្រាថ្នាលើកតម្កើងព្រះពុទ្ធសាសនា
ក៏នាំគ្នាគិតកសាងកូឡាមណីចេតិយនៅទីកន្លែងមួយដ៏សមគួរ ដើម្បីបញ្ចុះព្រះសារីរិកធាតុរបស់ព្រះអង្គ
ក៏តាំងចាត់ការកសាងមួយរំពេច,
អ្នកខ្លះយកនេះ អ្នកខ្លះយកនោះ
ទៅតាមកិច្ចដែលត្រូវធ្វើ ។
ក្សិណនោះឯង ស្រាប់តែពួកមារាធិរាជ
នាំគ្នាមកផ្ចាញ់ផ្ចាល ជាឧបសគ្គមិនឲ្យចាត់ការកសាងបាន គឺធ្វើឲ្យអ្នកខ្លះចុកពោះ
អ្នកខ្លះឈឺក្បាល អ្នកខ្លះគ្រុនញាក់ ហើមមុខមាត់ ដេកថ្ងូរ ទ្រហោយំ
ស្រែកឮលាន់រំពងទ្រហឹងអឺងកង ។ ទើបមានបុរសម្នាក់ជាប្រមុខការ
រត់ទៅពិតថេរដីកាដល់ព្រះឧបគតត្ថេរថា
"ពួកអ្នកធ្វើការកសាងទាំងអម្បាលនោះ ឥឡូវនេះ ស្រាប់តែឈឺយំរងួយទាំងអស់គ្នា
ឥតមានអ្នកណាធ្វើការកើតទេ" ។ ព្រះឧបគត
ដែលជាអ្នកមានឥទ្ធិរិទ្ធិបាដិហារ្យ យល់ការច្បាស់ថា មិនមានអ្នកណាទេ
ប្រាកដជាក្រុងមារធ្វើការផ្ចាញ់ផ្ចាលទៀតហើយ ។
លោកក៏និមន្តទៅសូធ្យមន្តបាចទឹក ដាក់អំបោះឲ្យអ្នករងគ្រោះទាំងនោះ ។
រោគាព្យាធិ ក៏វិនាសខ្ចាត់ខ្ចាយអស់ទៅ ។ ក្រុងមារ ទាល់គំនិត
ធ្វើអ្វីមិនកើត ក៏ក្លែងខ្លួនជាបុរសម្នាក់
ចូលទៅសុំបព្វជ្ជាក្នុងសម្នាក់ព្រះឧបគត ។ មុននឹងអនុញ្ញាតឲ្យបួស
ឧបគតសួរយកការណ៍សព្វគ្រប់ ។ បុរសនោះទទួលថា "ខ្ញុំមកសុំបួស
ដោយសទ្ធាជ្រះថ្លាពេញទី មិនមែនមកបួសបន្លំ
ដើម្បីបង្ខូចសាសនាព្រះពុទ្ធទេ" ។
ទើបឧបគតអធិដ្ឋានដោយបញ្ចេញសំឡេងឲ្យលាន់ឮថា "ចីវរនេះ បើបុរសឯង
បួសដោយការជ្រះថ្លាមែន សូមឲ្យស្ថិតនៅល្អជាប្រក្រតីចុះ, តែបើអ្នកឯងបួសដោយបន្លំ
ដើម្បីផ្ចាញ់ផ្ចាលនូវពួកយើងជាអ្នកកាន់ព្រះពុទ្ធសាសនា សូមឲ្យចីវរនេះ
ក្លាយទៅជាគំរង់ឆ្កែជាប់នៅនឹងកអ្នកឯង
កុំឲ្យអ្នកឯណាជួយស្រាយបានឡើយ" ។ ព្រះឧបគតថាដូច្នោះហើយ
ក៏លើកវត្ថពន្ធពាក់ជាដំបូង ។ ចីវរនោះ ក៏ក្លាយទៅជាគំរង់ឆ្កែក្នុងពេលនោះភ្លាម
។ បុរសគំរង់គឺក្រុងមារនោះ ក៏ស្ទុះរត់ទៅទាំងគំរង់ស្អុយជាប់នឹងខ្លួន
សូមឲ្យគេជួយ ក៏មិនមានអ្នកណាជួយដោះបានសោះ ។
ទើបឧបគតប្រាប់ទៅពុទ្ធសាសនិកថា "ក្រុងមារ
ក្លែងខ្លួនជាបុរសមកសុំផ្នួសនេះ គឺដើម្បីមកផ្ចាញ់ផ្ចាលពួកយើងអ្នកកាន់ពុទ្ធសាសនា
មានរូបអាត្មាជាដើម តែមិនអីទេ ក្រុងមារនឹងវិនាសសាបសូន្យ
ដោយឥទ្ធិរិទ្ធិរបស់យើងជាប្រាកដ" ។ ចំណែកក្នុងមារដែលជាប់សម្អុយ
ស្ទុះរត់ទៅពឹងអ្នកឯណាជួយមិនបាន ព្រោះមន្តលោកឧបគតខ្លាំងពូកែណាស់
ទាល់គំនិត ក៏ចូលមកលន់តួសូមចុះចាញ់ ដោយទទួលកំហុសរបស់ខ្លួន ហើយអង្វរថា
"សូមលោកម្ចាស់អភ័យទោស មេត្តាសង្គ្រោះស្រាយចំណងឲ្យទាន" ។
ព្រះឧបគតក៏ផ្ចាញ់ផ្ចាលក្រុងមារដោយប្រការផ្សេងៗ
ព្រមទាំងចាប់ក្រុងមារយកទៅចងភ្ជាប់នៅនឹងកំពូលភ្នំគិដ្បកូដផង ។
ក្រុងមារខឹងណាស់ក៏ស្ទុះផ្ដាច់ចំណងទៅទាំងត្រដរ ។ ចំណងឧបគត
ក៏យឺតចេញទៅចម្ងាយពីរព្យាម រួចរួញកន្ត្រាក់ក្រុងមារមកវិញ
ឲ្យទង្គិចនឹងថ្មភ្នំស្ទើរស្លាប់អស់វារៈ ៣ដង ព្រោះចំណងនោះយឺតដូចកៅស៊ូ
ទាញទៅរួញមក ដោយមន្តរបស់ព្រះឧបគត ។ ក្រុងមារទាល់គំនិត
ក៏ទ្រហោយំរៀបរាប់គ្រប់ប្រការថា "កាលព្រះពុទ្ធគង់នៅឡើយ
មិនដែលអគ្គសាវកអង្គឯណា មកបៀតបៀនខ្លួនអាត្មាអញដូច្នេះម្ដងសោះ
ទើបតែអង្គឧបគតនេះ ធ្វើបាបខ្លួនអញយ៉ាងទារុណជាទីបំផុត" ។
ព្រះឧបគតបានឮសំឡេងក្រុងមារ ទើបមានថេរដីកាផ្ទញ់ផ្ទាល់ដោយប្រការផ្សេងៗ
ហើយប្រាប់ទៅក្រុងមារថា "ចូរឯងរាងចាល
កុំឲ្យធ្វើអំពើដ៏លាមកដូច្នេះទៀត តាំងពីថ្ងៃនេះតទៅ" ។
ក្រុងមារឆ្លើយថា "ខ្ញុំព្រះករុណារាងចាលហើយ
សូមលោកមេត្តាស្រាយចំណងចេញទៅ" ។ ព្រះឧបគតប្រាប់បញ្ជាក់ទៅទៀតថា
"ចាប់ដើមពីថ្ងៃនេះទៅ បើនៅទីកន្លែងណា
គេធ្វើបុណ្យតាមលំអានសាសនាព្រះពុទ្ធ ចូរឯងកុំបៀតបៀនគេឲ្យសោះណា៎"
។ ក្រុងមារឆ្លើយថា "ខ្ញុំព្រះករុណាចាំបានហើយ
សូមមេត្តាសង្គ្រោះខ្ញុំផង ដ្បិតខ្ញុំទ្រាំស្អុយនេះ មិនបានទេ ដាច់ខ្យល់ស្លាប់ឥឡូវហើយ"
។ ព្រះឧបគតប្រាប់ហើយប្រាប់ទៀតថា "កន្លែងណា
ដែលគេធ្វើបុណ្យតាមលំអានសាសនាព្រះពុទ្ធ នឹងមានដោតទង់រលក
ឬទង់នាគជាគ្រឿងសម្គាល់, ចូរពួកឯងរាល់គ្នាជួយសោមនស្សត្រេកអរអនុមោទនា
កុំបីអ្នកឯណាមកបៀតបៀនឡើយ" ។
ព្រោះហេតុដូច្នោះ
បានជាទីកន្លែងណាដែលគេធ្វើបុណ្យ គេតែងដោតទង់រលក ឬទង់នាគ ជាសញ្ញា
ប្រកាសឃោសនាប្រាប់ឲ្យអ្នកផងដឹងច្បាស់ថា "កន្លែងនោះ
គេធ្វើបុណ្យទេតើ !” ។ ម្យ៉ាងទៀត ទង់នេះមានសញ្ញាទ្រង់ទ្រាយខុសៗ គ្នា
តាមការរចនារបស់ជាង ។ ទង់ក្រពើ
កាលណោះ ម្ចាស់ដែនដីនេះ ឈ្មោះ ក្រុងពាលី
ព្រះពុទ្ធជាម្ចាស់ ព្រះអង្គបានត្រាស់ដឹងក្នុងលោក
កាលបើទ្រង់ឃើញក្រុងពាលីជាមនុស្សវង្វេង
តែមាននិស្ស័យគួរព្រះអង្គប្រោសបាន
ទើបប្រើឧបាយសុំបិណ្ឌបាតដីដោយពាក្យថា "ក្រុងពាលី ! តថាគតសុំដីនេះចំនួនប៉ុនចីពរផងបានទេ ?” ។
ក្រុងពាលីឆ្លើយថា "សមណៈយកដីធ្វើអ្វីតូចម្ល៉េះ!” ។
ទើបព្រះអង្គមានពុទ្ធដីកាថា "តថាគតចង់បានធំដែរ តែមិនហ៊ានសុំ, បើដូច្នោះ
តថាគតសុំចំនួន ៣ ជំហានចុះ !”
។ ក្រុងពាលីឆ្លើយថា "ព្រះអង្គយកចុះ" ។
ទើបព្រះពុទ្ធជាម្ចាស់សម្ដែងបាដិហារ្យ ឈានយកផែនដីទាំងមូល
បានតែត្រឹមចំនួន ២ ជំហានកន្លះ អស់ផែនដី ។ ក្រុងពាលីទាល់ប្រាជ្ញា គិតថា
"ផែនដីរបស់អញនេះ ឃើញធំណាស់ដែរ ចុះហេតុអ្វីបានជាតូចម្ល៉េះ ! សូម្បីតែលើកថ្វាយព្រះពុទ្ធចំនួន
៣ ជំហាន ក៏មិនគ្រប់ផង" ។ ក្រុងពាលីសញ្ជឹងគិតតែម្នាក់ឯងដូច្នេះ
ហើយក៏ភៀសខ្លួនដើរចេញអំពីផែនដីដែលត្រូវបានទៅព្រះពុទ្ធ
រួចខ្លួនឯងក៏អស់ដីនៅតាំងពីត្រឹមហ្នឹងមក ទើបកាឡាខ្លួនជាក្រពើ
ទៅនៅក្រៅកណ្ដាប់ចក្រវាល ។ ព្រះសមណគោតម ទ្រង់ជ្រាបច្បាស់ដូច្នោះ
ក៏តាមទៅទៀត ។ ក្រពើយល់បានថា "នេះ មិនគឺអ្នកណាទេ
ប្រាកដជាសមណៈនោះហើយ" ទើបសួរទៅថា "ចុះសមណៈមកទីនេះធ្វើអ្វី ? សុំយកដីយើងទាំងអស់ទៅហើយ
ៗ យើងមកសម្ងំនៅក្នុងទឹកឯណេះ,
តើសមណៈចង់បានទឹកទៀតឬ បានជាមកតាមយើងដូច្នេះ ?” ។ ព្រះសមណគោតមឆ្លើយ
" តថាគតមកនេះ ដោយបំណងពឹងក្រពើឯងតើ !” ។
- ពឹងការអ្វី ?
- ពឹងឲ្យចម្លង !
- ពឹងពុំបានទេ, បើជួលឲ្យអាហារស៊ី ទើបបាន ។
- មិនអីទេ ! ចាំតថាគតឲ្យអាហារឆ្ងាញ់ដល់អ្នកឯងស៊ី
។
ក្រពើ
និងព្រះសម្មាសម្ពុទ្ធក៏ព្រមព្រៀងគ្នា ហើយក្រពើប្រាប់ទៅព្រះអង្គថា
"ជិះក្បាលខ្ញុំមិនបានទេ" ។ ព្រះសម្មាសម្ពុទ្ធឆ្លើយថា
"ធម្មតាម្ចាស់ឈ្នួល ស្រេចតែនឹងចិត្ត ចង់ជិះត្រង់ណាក៏បានដែរ, ឯងស៊ីឈ្នួលគេមិនត្រូវប្រកែកទេ"
។ ក្រពើទាល់គំនិត ដោយការព្រមព្រៀងគ្នាជាស្រេចទៅហើយ រកនិយាយមិនរួច
ម្ល៉ោះហើយ ត្រូវស៊ូទ្រាំទៅតាមកម្ម ។
ព្រះពុទ្ធអង្គក៏ឡើងជិះលើក្បាលក្រពើ ធ្ងន់មហាធ្ងន់
ព្រោះកម្លាំងឥទ្ធិរិទ្ធិ ។ ក្រពើជ្រមុជចុះទៅក្នុងទឹកជ្រៅ
ព្រោះធន់នឹងទម្ងន់មិនបាន ក៏ទទួលសុំចុះចាញ់ព្រះអង្គក្នុងពេលនោះ ។
បំណងរបស់ក្រពើ ចង់ឲ្យព្រះពុទ្ធអង្គជិះខ្នង តែព្រះអង្គមិនព្រម
ដោយចង់ឈ្នះក្រពើ ទើបជិះក្បាល ។ ព្រះសម្ពុទ្ធជ្រាបច្បាស់ថា
"និស្ស័យរបស់ក្រុងពាលី ចុះក្នុងសំណាញ់ញាណរបស់ព្រះអង្គហើយ
ទើបព្រះអង្គសម្ដែងធម៌ប្រោស អំពីអរិយសច្ចធម៌ ៤ យ៉ាង ។ ក្រពើ
មានសេចក្ដីជ្រះថ្លាចំពោះព្រះអង្គ ក៏ដកចង្កូមទាំង ៤
ថ្វាយព្រះអង្គក្នុងពេលនោះទៅ ។
ព្រោះហេតុដូច្នោះហើយ
បានជានៅពេលធ្វើបុណ្យបូជាខ្មោច ត្រូវមានទង់ក្រពើ
ព្រោះត្រូវការអាស្រ័យនឹងផែនដី ។ ឯកិច្ចការសព្វសារពើ ដូចជាសងផ្ទះ
សាលាជាដើម លើផែនដី ក៏ត្រូវឲ្យសែនក្រុងពាលីជាម្ចាស់ដីសិនដែរ
ទើបបានសុខសប្បាយ ។
រឿងនេះ មាននៅក្នុងសាស្ត្រាមាណព ។
រឿងព្រេង ទាក់ទងនឹងទង់នាគ - ទង់រលក - ទង់ក្រពើ
Reviewed by VannyDa
on
4:05 PM
Rating: