រឿង ប្រវត្តិ បឹងល្វា ក្នុងខេត្តកំពង់ធំ
ខ្ញុំបាទបានឮតៗពីចាស់ជាន់ដើមនិយាយថា
នៅស្រុកសន្ទុក ខេត្តកំពង់ធំ មិនប្រាកដជាសតវត្សប៉ុន្មាន
កាលស្ដេចចាមមិនចាំព្រះនាមប្រាកដឈ្មោះ អ៊ុយ តែ ព្រះមហាក្សត្រអង្គនោះ មានអគ្គមហេសី
និងព្រះរាជបុត្រ ព្រមទាំងស្នំសាក់អគ្គនារី ពលថ្មើរជើង និងទាហានរក្សាព្រះអង្គ
នាម៉ឺនសេនាបតី បុត្រស្នំធ្វើរាជការក្រោមបង្គាប់ ព្រះរាជការព្រះអង្គ
បានឱ្យកាប់ឆ្ការធ្វើប្រាសាទនៅតំបន់ព្រៃ
សឹងមានគុកគុហានៅសព្វថ្ងៃនេះជាភស្ដុតាងស្រាប់ បានជាសន្មតហៅថាភូមិឃុំប្រសាទ
នៅដល់សព្វថ្ងៃនេះ ។ រួចព្រះរាជការឲ្យឆ្ការព្រៃមួយអន្លើឆៀងខាងជើង
ខាងលិចភូមិប្រសាទធ្វើជាកំផែង សម្រាប់ស្រីស្នំ អគ្គនារី សឹងមានគុក ១
នៅសព្វថ្ងៃនេះ
បានជាសន្មតហៅថាភូមិវាំងដល់មកសព្វថ្ងៃនេះ
រួចព្រះរាជការឲ្យឆ្ការព្រៃមួយអន្លើទៀត នៅខាងលិចភូមិប្រសាទ សង់ព្រះឃ្លាំងសម្រាប់ដាក់ព្រះរាជទ្រព្យ
សឹងមានសសរនៅគល់កប់ក្នុងដី ជាការសំអាងស្រាប់ បានជាសន្មតភូមិនោះហៅភូមិសង់ឃ្លាំង
ដល់ហៅយូរមក ក៏ក្លាយហៅជាភូមិតាំងក្រសាំងវិញ បានជាតាំងសាលាស្រុកសន្ទុក និងនាមភូមិនោះ
ហៅថាភូមិតាំងក្រសាំងដល់សព្វថ្ងៃនេះ ។ ព្រះរាជការទ្រង់ធ្វើកន្លែងមួយទៀត
ខាងលិចភូមិតាំងក្រសាំង ឆៀងខាងត្បូង សម្រាប់ដាក់ពលអ្នកងារចាំបក់ស្ដេច
បានជាប់មកភូមិនោះហៅថាភូមិចំបក់ដល់សព្វថ្ងៃនេះ ។ មានបឹងមួយធំ
នៅខាងលិចឆៀងខាងត្បូងភូមិចំបក់ បឹងនោះ ព្រះរាជការតែងនាំអគ្គមហេសី និងព្រះរាជបុត្រ
សុំពលយាងទៅក្រសាលសប្បាយជាដរាប និងចាប់ត្រីរើសខ្យងដកព្រលឹតបេះត្រកួនជាក្រយាស្ងោយ
ដល់ថ្ងៃមួយព្រះរាជបុត្រមិនស្រួលព្រះកាយ ព្រះអង្គទ្រង់ព្រះកន្សែង
ឮស្រីស្នំបានច្រៀងបំពេបីបមថ្នមថ្នាក់បបោសអង្អែលលួងលោមព្រះរាជបុត្រ
ព្រះរាជាបានបាត់ទ្រង់ព្រះកន្សែង ទើបព្រះរាជាឲ្យសន្មតហៅថាបឹងបំពេ និងបឹងខ្យង
មកដល់សព្វថ្ងៃនេះ ។ ព្រះរាជាតែងនាំព្រះអគ្គមហេសី
និងព្រះរាជបុត្រទៅក្រសាលលេង លើភ្នំធំ ស្រះខ្ចៅ ភ្នំពែនជុំ
ភ្នំបីនេះជាប់គ្នានៅខាងជើងបឹងបំពេ ព្រះរាជាតែងតែយាងឡើងទៅក្រសាលបេះផ្លែឈើ
មានផ្លែស្រកុំ ភ្នំភ្នេង ប្រស់ ព្នៅ បង្កោ សេមាន់ ជើងចាប និងផ្លែឈើឯទៀតជាច្រើន
តែងសប្បាយព្រះអង្គពុំដែលទុក្ខអ្វី ។ លុះដល់ថ្ងៃមួយ ព្រះរាជាបាននាំព្រះអគ្គមហេសី ព្រះរាជបុត្រ
យាងទៅក្រសាលនៅលើភ្នំនោះទៀត ព្រះរាជបុត្រព្រះរាជាទ្រង់ប្រឈួនខ្លាំង
ព្រះអង្គនឹងគង់នៅលើភ្នំពុំបានៗ ចាត់ឲ្យឆ្ការព្រៃមួយអន្លើធ្វើព្រះពន្លានៅជើងភ្នំ
ក៏នាំព្រះអគ្គមហេសី និងព្រះរាជបុត្រ ព្រមទាំងស្រីស្នំ និងពលចុះពីលើភ្នំបណ្ដោះមក
តាមផ្លូវខាងឆ្វេង ខាងលិចមកសំចតនៅព្រៃ១កន្លែងសម្រាកបានជាសន្មតហៅទីនោះឈ្មោះភូមិបណ្ដោះ
លុះយូរមកហៅថាភូមិត្រកោះមកដល់សព្វថ្ងៃនេះ
រួចព្រះរាជាបាននាំព្រះរាជបុត្រមកដល់ព្រះពន្លា ដែលឲ្យធ្វើនៅជើងភ្នំនោះ
បានរើព្រះរោគព្រះរាជបុត្រ រកពេទ្យ ថ្នាំឱសថមើល មិនមានធ្វេសប្រហែស
ទុកជាមានឱសថថ្នាំបម្រើពូកែយ៉ាងណាយកទៅដាក់មើល ព្រះរោគព្រះរាជបុត្រព្រះរាជានោះ
ក៏មិនបានធូរស្បើយស្រាកស្រន់សោះ និងរឹតតែប្រឈួនខ្លាំងឡើង
ក៏សោយព្រះវិលាល័យអស់ព្រះជន្មនៅទីនោះ ព្រះរាជា ព្រះអគ្គមហេសី និងពួកស្នំ
ពួកពលសឹងសោយវិយោគយំស្រែក
រួចសព្វគ្រប់នឹងរៀបពិធីធ្វើបុណ្យឈាបនកិច្ចជាឱឡារិកនៅទីនោះ បានជាព្រះរាជាសន្មតភ្នំនោះ
ហៅថាភ្នំអាស្នំមានទុកត្រង់ទីដែលធ្វើព្រះពន្លាព្រះរាជានៅថែព្រះរោគ
លុះដល់ព្រះរាជបុត្រសោយទិវង្គតនោះ ហៅថាភូមិអាសន្នមានទុក្ខ លុះដល់តៗមកហៅថាភ្នំសន្ទុក
និងភូមិសន្ទុកវិញ បានជាដាក់នាមស្រុកនោះថាស្រុកសន្ទុក តាមនាមភ្នំនោះ និងភូមិនោះ
ដល់មកសព្វថ្ងៃនេះ ។ ព្រះរាជា និងព្រះអគ្គមហេសីបានសោយរាជ្យនៅកម្ពុជរដ្ឋ
បានធ្វើព្រះរាជដំណើរទៅឈប់សំចតនៅស្ទឹងសែន គ្រានោះហើយ ព្រះរាជហឫទ័យគ្រាន់រំដោះទុក្ខ
និងកាន់តែកើតទុក្ខធ្ងន់ធ្ងរឡើង បានជួបនឹងសាមណេរមួយអង្គ លោកនិមន្តទៅ
ជួបនឹងព្រះរាជានៅទីនោះ លោកសាមណេរបានឃើញព្រះរាជា និងអគ្គមហេសីសោយទុក្ខជាទម្ងន់ដូច្នោះ
លោកបានថ្លែងសេចក្ដីសួរសាកទៅព្រះរាជាដែលមានទុក្ខជាទម្ងន់នោះ
ទើបព្រះរាជាថ្លែងសេចក្ដីទុក្ខ
ដែលព្រះរាជបុត្រទិវង្គតរលត់ខន្ធនោះលោកសាមណេរបានអធិប្បាយ
ចាប់ធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធយ៉ាងណា ព្រះរាជានិងអគ្គមហេសី
មិនបាត់យំកើតទុក្ខសោះ លុះលោកសាមណេរអធិប្បាយថា
បើព្រះរាជាចង់ឃើញព្រះរូបព្រះរាជបុត្ររបស់ព្រះអង្គ ត្រូវឲ្យរកជាងយកម្សៅ
ឬដីមកសូន្យធ្វើជាព្រះរូបព្រះរាជបុត្រ
ទុកគ្រាន់ទតជាលំហើយព្រះទ័យរំដោះទុក្ខ ។
ព្រះរាជាបានឮព្រះពុទ្ធដីកាលោកសាមណេរនោះហើយ
ក៏មានព្រះទ័យត្រេកអរ បានចាត់ឲ្យរកជាងមកធ្វើសំណាកព្រះរូបព្រះរាជ-បុត្រនៅទីព្រៃ
១ លុះធ្វើរូបព្រះរាជបុត្ររួចហើយ ព្រះរាជាសព្វព្រះហឫទ័យបានស្រាកទុក្ខសោកនោះ
ដោយបានសំយោគព្រះរូបព្រះរាជបុត្រ គ្រាន់ទតជាតំណាង
បានទ្រង់សន្មតត្រង់កន្លែងជួបនឹងលោកសាមណេរនោះ ហៅថា ភូមិប្រាជ្ញាជី
ត្រង់កន្លែងធ្វើសំណាកព្រះរូបព្រះរាជបុត្រ សន្មតហៅថាភូមិសំណាក ព្រះរាជាបាននាំព្រះអគ្គមហេសី
និងសុំទុកពលទៅក្រសាលនៅទី ១ ខាងជើងភូមិសំណាក ទ្រង់ឃើញឆ្អឹងក្បាលក្រពើ ១ ធំ
ដែលស្លាប់យូរហើយចោលនៅទីនោះ បានជាសន្មតទីនោះហៅថា ភូមិត្បូងក្រពើ ។ល។
តពីនោះមកច្រើនរាជ
មិនដឹងជាព្រះនាមព្រះមហាក្សត្រឈ្មោះអ្វីមិនប្រាកដ មានស្ដេចត្រាញ់មួយព្រះអង្គ
នៅស្ដីការរាជការនៅទីកំពង់ធំ មានឫទ្ធិខ្លាំងពូកែ ឮតែឈ្មោះស្ញប់ស្ញែង មិនមាននរណា
និងសត្រូវណានឹងតទល់បាន ស្ដេចត្រាញ់នេះឈ្មោះពញាតេជោក្រហមក
នៅក្រោមព្រះមហាអំណាចព្រះមហាក្សត្រ បើមានសឹកសង្គ្រាមជ័យមកទីណាៗ
ព្រះរាជាខ្មែរយើងតែងចាត់ពញាតេជោក្រហមក
ឲ្យទៅតតាំងច្បាំងឈ្នះសត្រូវគ្រប់អន្លើ សុទ្ធតែមានជ័យជំនះទាំងអស់
ព្រះរាជាតែងសព្វព្រះរាជហឫទ័យនឹងពញាតេជោក្រហមកនោះណាស់ទ្រង់ប្រទានរង្វាន់ជារឿយៗមិនដែលដាច់
ពញាតេជោក្រហមក ក៏បានយកចិត្តទុកដាក់គោរព ប្រណិប័តន៍ព្រះបាទព្រះរាជាដោយស្មោះចំពោះ
លុះដល់ពញាតេជោក្រហមកចាញ់ពស់មានរោគជាទម្ងន់ក៏លុះមរណា តទៅក៏បានទៅកើតជាអ្នកតានៅលើកំពូលភ្នំសន្ទុក
ហៅថាអ្នកតាក្រហមក ជាមួយនឹងអ្នកតាឃ្លាំងមឿងនេះ
នៅក្នុងភ្នំសន្ទុកអ្នកស្រុកមានសង់ខ្ទមធំមួយនៅលើកំពូលភ្នំសន្ទុក
សន្មតហៅថាខ្ទមអ្នកតាក្រហមក មានរូបសឹងតែងបន្ទាន់សុពារសុខទុក្ខគ្រប់ជំពូកក្នុងស្រុក
ហើយតែងរៀបពលីការលើអ្នកតានោះ ក្នុងមួយឆ្នាំត្រូវរៀបឡើងអ្នកតាម្ដង
តែកាលណារៀបឡើងអ្នកតា មានភ្នាក់ងារអ្នកតាដើររៃស្រូវអង្ករ
និងស្រាពីអ្នកស្រុកដែលនៅជិតខាង
យកទៅរៀបឡើងអ្នកតានោះបើកាលណាមានផ្លាស់លោកចៅហ្វាយស្រុកសន្ទុក
ហើយមានលោកចៅហ្វាយថ្មីចូលមកស្ដីការ ត្រូវរៀបឡើងអ្នកតា ដែលជាទំនៀមទម្លាប់ស្រុក
តរៀងមកយូរណាស់ហើយ ។
បឹងល្វា នៅថ្ងៃ ១ ខែ ណូវ៉ម ឆ្នាំ ១៩៦៦
រឿង ប្រវត្តិ បឹងល្វា ក្នុងខេត្តកំពង់ធំ
Reviewed by Admin
on
5:18 PM
Rating: