រឿង អាប៉ាងនាងតី
ក្នុងសម័យមួយនោះ ជារដូវស្រូវទុំ
អាប៉ាងទៅដេកចាំស្រូវវា ទាំងយប់ទាំងថ្ងៃ មានទាំងចាប៉ីមួយទៅផង, វេលាថ្ងៃឡើង
ថែទាំស្រូវ ដល់ពេលយប់ទំនេរ តែងដេញចាប៉ី ហើយស្រែកច្រៀងផង។
លុះច្រៀងរាប់យប់ទៅ
មានខ្មោចស្រីក្រមុំម្នាក់ឮសូរចម្រៀងច្រៀងចាប៉ីពីរោះពេកក៏ដើរទៅស្ដាប់
ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាង យូរបន្តិចទៅ
អាប៉ាងក្រឡេកទៅក្រោមផ្ទះ ឃើញខ្មោចដែលតំណែងខ្លួននោះអង្គុយអាំងភ្លើង
អាប៉ាងសួរទៅថា «អាណាអង្គុយក្រោមខ្ទមនេះ?» ។ មេខ្មោចប្រាប់ថា «ខ្ញុំ» ។
អាប៉ាងថា «ប្រហែលជាខ្មោចទេ»
។ មេខ្មោចឆ្លើយថា «ខ្មោចថាមិនខ្មោច»។
អាប៉ាងសួរថា «ហងឯងឈ្មោះអី?
មករកអី?»
។ មេខ្មោចឆ្លើយថា «ខ្ញុំឈ្មោះតី, ខ្ញុំមកស្ដាប់ចាប៉ី»។
អាប៉ាងថា «ឡើងមក! បើមកស្ដាប់ចាប៉ី» ។
មេខ្មោចឡើងទៅអង្គុយជិតអាប៉ាងៗ ក៏ស្រឡាញ់គ្នាយកជាប្ដីប្រពន្ធទៅ ។
ដល់រួចស្រូវ មេខ្មោចនោះ សួរទៅអាប៉ាងថា «ឥឡូវរួចស្រូវហើយ តើឯងព្រមយកអញឬទេ? បើឯងមិនយកអញៗ
នឹងកាច់យកឯង» ។ អាប៉ាងថា «អញព្រមយក ប៉ុន្តែចាំអញដឹកស្រូវទៅទុកផ្ទះសិន» ។
លុះអាប៉ាងដឹកស្រូវយកទៅទុករួចហើយ ក៏ត្រឡប់មកយកមេកន្តីនោះវិញ ។
មេកន្តី ក៏នាំអាប៉ាងទៅជម្រាបសួរពួកបងប្អូនខ្មោចទាំងប៉ុន្មាន
រួចក៏នៅជាមួយគ្នាទៅ ។
ប្រហែលជាងមួយខែ
ពួកខ្មោចទាំងប៉ុន្មានបបួលគ្នា
ព្រមទាំងអាប៉ាងឲ្យទៅរកបាញ់សត្វមកធ្វើជាអាហារ ។
អាប៉ាងក៏ទៅជាមួយនឹងពួកខ្មោចនោះ លុះទៅដល់កណ្ដាលព្រៃដើមត្រថុក
ដែលខ្មោចទាំងពួងសម្គាល់ថា ដើមឈើទាល បានប្រទះនឹងកង្កែបមួយ
ខ្មោចទាំងនោះស្រែកថា «ប្រយ័ត្នវ៉ីកនយើង! ដំរីធំណាស់ ទៅហើយ! »។
អាប៉ាងឮគេស្រែកថាដំរី ក៏ប្រឹងរកមើល មិនឃើញដំរីសោះ
ឃើញតែកង្កែបលោតមកត្រង់មុខអាប៉ាងៗ ក៏ចាប់ដាក់ក្នុងថ្នក់សំពត់ទៅ ។
ខ្មោចអស់នោះ ចេះតែស្រែកថា «ប្រយ័ត្នវ៉ីដំរីស្ដមួយធំណាស់» ហើយស្រែកសួរអាប៉ាងថា «ឃើញដំរីឬទេ?» ។
អាប៉ាងស្រែកថា «មិនឃើញទេ!»
។ ពួកខ្មោចក៏នាំគ្នាដើរមកដល់ជិតអាប៉ាងហើយថា «ទៅអាប៉ាងទៅផ្ទះយើង
រកសត្វមិនបានទេ»
។ អាប៉ាងថា «អញបានកង្កែបមួយ» ។
ខ្មោចទាំងនោះ សួរទៅអាប៉ាងថា «យ៉ាងដូចម្ដេចអាប៉ាងកង្កែបនោះ? ឯងចែកឲ្យយើងរាល់គ្នាស៊ីផង» ។
អាប៉ាងយកកង្កែបចេញពីថ្នក់ ហើយបង្ហាញទៅពួកខ្មោចនោះ ។ ខ្មោចអស់នោះឃើញ
ក៏នាំគ្នារត់ព្រោងព្រាតអស់ទៅហើយវាមានវាចាថា «ទុកប្ដីមីកន្តីឲ្យនៅមិនបានទេ
ព្រោះវាខ្លាំងពូកែណាស់ វាហ៊ានចាប់ដំរីយកទៅដាក់ក្នុងថ្នក់វា, បើដូច្នោះ
យើងឲ្យអាប៉ាងនេះនៅមិនបានទេ ឲ្យវាទៅវិញទៅ!» អាប៉ាងក៏បានរួចខ្លួន
ហើយត្រឡប់ទៅផ្ទះវិញ ។
ល្ងង់មើលតែខ្មោច
រឿង អាប៉ាងនាងតី
Reviewed by VannyDa
on
12:50 PM
Rating: