រឿង ហោរនិងតាចាស់ដូនចាស់
កាលពីព្រេងនាយមានហោរម្នាក់ជាអ្នកទាយ
គន់គូរមើលឆុតណាស់ ហោរនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់ ។
មានកាលថ្ងៃ ១
តាចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរភូមិគាត់
។ ពេលនោះគាត់រុតបានត្រីរស់ ១ ហើយនិងបានទន្សាយលង់ទឹក១
ដល់ល្ងាចគាត់ត្រឡប់មកផ្ទះវិញ
គាត់យកទន្សាយគ្របនឹងអង្រុតទុកនៅកណ្ដាលច្បារបន្លែ ខាងមុខផ្ទះគាត់, ត្រីរ៉ស់
គាត់ដាក់ទ្រុងប្រោះ ទុកក្នុងត្រពាំងនៅជិតច្បារបន្លែគាត់
ក្បែរកន្លែងទុកទន្សាយ ។ ដល់ព្រឹកឡើង តាចាស់យាយចាស់គិតគ្នាថា «យើងទៅរកហោរទាយមើល
ថាព្រឹកនេះយើងបានម្ហូបអ្វីស៊ី? បើហោរនោះទាយត្រូវ
សឹមជឿថាពូកែមែន ព្រោះចាប់បានត្រីរ៉ស់១ ទន្សាយ១
បម្រុងនឹងទុកធ្វើម្ហូបអាហារស៊ីព្រឹកនេះហើយ» ។ ដល់ព្រមព្រៀងគ្នាស្រេចហើយ
ក៏ដើរទៅលុះទៅដល់មុខផ្ទះហោរនោះ តាចាស់ក៏ស្រែកសួរទៅម្ចាស់ផ្ទះថា « អើអ្នកអើយ!
លោកគ្រូនៅៗ ហ្នឹងឬ?
។ ម្ចាស់ផ្ទះក៏ប្រាប់មកតាចាស់ដូនចាស់ថា «គាត់នៅនេះ
មានការអ្វី? តាយាយអញ្ជើញចូលមក! »
។ តាចាស់យាយចាស់នោះគ្នាចូលទៅ បន្តិច
ហោរដណ្ដឹងសួរមកតាយាយថា «ចុះអញ្ជើញមកនេះ មានការអ្វី?» ។ តាចាស់យាយចាស់
ជម្រាបទៅហោរវិញថា «ខ្ញុំមកនេះ មានការបន្តិច សូមលោក គ្រូមេត្តាករុណាចុះ» ។
ហោរសួរថា «មានការអ្វី?
ចូរថាមកចុះ! » ។ តាចាស់យាយចាស់ថា «ឱលោកគ្រូអើយ!
យើងខ្ញុំទាំងពីរនាក់នេះ អត់ម្ហូបអាហារទទួលទាន ពីរបីថ្ងៃហើយ, តើព្រឹកនេះ
នឹងបានអ្វីទទួលទានឬទេ?»
។ ហោរចាប់ក្ដារឆ្នួនឡើង វាយលេខមើលឲ្យតាយាយ
មើលរួចស្រេច ក៏ជម្រាបតាយាយថា «ព្រឹកនេះ តាយាយឯង
មុខតែលិទ្ធប្រហុកក្នុងពាង!»
។ តាយាយឮហោរថាដូច្នោះ ក៏នឹកក្នុងចិត្តថា «ហោរនេះ
គ្មានពូកែទេ ទាយផ្ដេសផ្ដាសសោះ,
យើងកុំជឿ!»
គិតតែប៉ុណ្ណោះក៏នាំគ្នាលាហោរមកផ្ទះវិញ
ហើយយាយក៏ប្រើតាឲ្យទៅចាប់យកត្រីពីទ្រុង ទៅធ្វើក្បែរត្រពាំងជិតផ្ទះ
តាលូកចាប់ត្រីយកមកក្រៅ ត្រីវាបម្រះរួច លោតចុះត្រពាំងទៅ ។
តាក៏ស្ទុះទៅយកអង្រុត ដែលគ្របទន្សាយមកដេញរុតត្រី ។
ឯទន្សាយនៅក្នុងអង្រុតនោះ ក៏ផ្អើលរត់បាត់ទៅទៀត ។
យាយមើលពីលើមកឃើញទន្សាយរត់ចូលទៅក្នុង ព្រៃ ក៏ស្រែកប្រាប់ថា «តា ៗ!
ទន្សាយរួចទៅហើយ!»
។ តាប្រាប់ទៅវិញថា "យាយអើយ ! ត្រីវាបម្រះរួចពីដៃទៅហើយដែរ"
។ យាក៏បន្ទោសតាថា "តាឯង សមតែស៊ីប្រហុកក្នុងពាង
ដូចគេទាយពីព្រឹកមិញនោះឯង »
។ តាឮយាយថាដូច្នោះ ក៏នឹកឃើញថា «គ្រូទាយឆុតមែន» ដល់ពេលបាយព្រឹក
តាមចាស់ដូនចាស់ក៏នាំគ្នាស៊ីប្រហុកក្នុងពាងដូចហោរទាយឲ្យនោះឯង ។
ទើបតាចាស់ ដូនចាស់ដូនចាស់ជឿថា «ហោរចេះដឹងត្រឹមត្រូវតាមក្បួនតម្រាប្រាកដមែន» ។
កុំអាងអួតអាត្មា
ត្មះតម្រាប្រាជ្ញព្រេងនាយ
រឿង ហោរនិងតាចាស់ដូនចាស់
Reviewed by VannyDa
on
12:51 PM
Rating: