រឿង ក្មេងកំព្រា
កាលពីព្រេងនាយ មានបុរសអ្នកស្រែម្នាក់
ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុចយកត្រី មកលក់ដូរប៉ុណ្ណោះ ។ បុរសនោះ
មានកូនប្រុសពីរនាក់ កូនបង អាយុ ១៣ ឆ្នាំ កូនប្អូនអាយុ ១១ ឆ្នាំ ។
ប្រពន្ធស្លាប់ទៅ គាត់នៅពោះម៉ាយជាមួយនឹងកូនទាំងពីរ
ហើយរកស៊ីចិញ្ចឹមកូនតែនឹងដាក់ជុចដដែល ។ វេលាដែលបុរសនោះទៅព្រៃ
រកវល្លិផ្ដៅធ្វើជុច តែងយកកូនបងទៅជាមួយ, ឯកូនប្អូនទុកឲ្យនៅចាំផ្ទះ ។
ថ្ងៃមួយ
កូនប្អូនមានសេចក្ដីសង្ស័យនឹងឪពុកទៅព្រៃបោចវល្លិផ្ដៅធ្វើជុចពេកណាស់
ព្រោះចង់ដឹងថា តើឪពុកធ្វើជុចយ៉ាងណា ខ្លួនមិនដែលឃើញសោះ
ក៏និយាយប្រាប់ឪពុកថា «ឪ! ខ្ញុំមិនហ៊ាននៅផ្ទះតែម្នាក់ឯងទេ ខ្ញុំខ្លាចណាស់!
សូមយកខ្ញុំទៅព្រៃជាមួយផង»
។ ឪពុកក៏ព្រមយកកូនប្អូនទៅជាមួយ ។ លុះទៅដល់ព្រៃឪ
ពុកក៏ខំប្រឹងរកបោចវល្លិផ្ដៅបានហើយ យកមកពុះច្រៀកជាចម្រៀកតូច ៗ
ល្មមនឹងធ្វើជាសរសៃជុច គាត់ក៏រែងធ្វើជាជុចទៅ ។
កូនបងដែលធ្លាប់តែតាមឪពុកទៅព្រៃធ្វើជុចសព្វ ៗថ្ងៃ
មិនដឹងជាឪពុកធ្វើជុចយ៉ាងណាឡើយ
ព្រោះមិនយកចិត្តទុកដាក់នឹងការងារនោះសោះ
គ្រាន់តែបានឃើញជុចជាប់ត្រីប៉ុណ្ណោះ ។
ឯកូនប្អូនដែលទើបតែនឹងបានតាមទៅក្នុងថ្ងៃនោះ
ក៏ខំពិនិត្យមើលឪពុកធ្វើជុច ចាប់តាំងពីកាន់កាំបិតយកទៅកាប់វល្លិផ្ដៅ
រហូតដល់កើតជារាងជុច យកទៅដាក់ត្រី ជាប់បានត្រីហើយ
យកត្រីមកដុតមកអាំង ចម្អិនជាចំណីអាហារ ។
ជួនជាថ្ងៃមួយនោះ
ឪពុកភ្លេចមិនបានយកដែកភ្លើងទៅ គ្មានអ្វីនឹងបង្កាត់ភ្លើង
អាំងត្រីឲ្យកូនបរិភោគ ក៏ទៅកាប់ឫស្សីស្ងួតមួយកំណាត់ យកមកកូតនឹងគ្នាឲ្យទាល់តែក្ដៅ
កើតជាភ្លើងឆេះបាន ហើយគាត់បង្កាត់អាំងត្រី
ឲ្យកូនទាំងពីរនាក់បរិភោគចម្អែតផ្ទៃមួយពេលទៅ ។
ចំណេរចេរកាលមកខាងក្រោយ
ឪពុកមានជំងឺជាទម្ងន់ ស្លាប់ទៅ ។ កូនទាំងពីរនៅកំព្រារញង់
ឥតមេបានឹងចិញ្ចឹមបីបាច់ថែរក្សា
រស់នៅដោយទ្រព្យបន្តិចបន្តួចដែលសល់ពីឪពុក
មិនយូរថ្ងៃខែប៉ុន្មានក៏អស់ទ្រព្យនោះទៅ ទើបប្អូននិយាយនឹងបងថា «ឱ បងអើយ!
កាលពីដើមយើងបានឪពុកទំនុកបម្រុង
រកស៊ីចិញ្ចឹមយើងទាំងពីរនាក់យើងឥតមានសេចក្ដីព្រួយលំបាកអ្វីឡើយ ចាំតែបរិភោគស្រាប់
ៗ ឥឡូវនេះឪពុកយើងស្លាប់ចោលទៅហើយ ឯយើងទាំងពីរនាក់សោតទៀត
ក៏មិនទាន់ពេញកម្លាំងល្មមនឹងរកស៊ីចិញ្ចឹមជីវិតបានដោយខ្លួនឯង
ទាំងបងក៏នៅតូច
ទាំងខ្ញុំក៏នៅតូចនឹងទៅរកស៊ីឈ្នួលជួលព័ទ្ធអ្នកជិតខាង
ក្រែងគេមិនព្រមទទួល ពីព្រោះយើងជាមនុស្សកំព្រាអនាថា រកទីពឹងគ្មាន
គេមិនហ៊ានឲ្យនៅជាមួយ គេមិនទុកចិត្តយើង ហេតុតែយើងគ្មានមេបាថែរក្សា
បើដូច្នេះ តើបងគិតយ៉ាងណា ឲ្យបានរស់នៅជាមួយនឹងគេឯង បង! អង្ករយើង
ថ្ងៃនេះនៅតែ ១ ទូកដៃ ល្មមតែល្ងាចនេះ ថ្ងៃស្អែកគ្មានអង្ករដាំបាយបរិភោគទេ, បង!
ដើរសូមទានគេឬដូចម្ដេចហ៎ះ! ខ្ញុំមិនទៅសូមទេខ្មាសគេណាស់
ស៊ូតែពីស្លាប់» ។ បងសួរប្អូន «ម្ដេចក៏អូនថាយ៉ាងនេះ?»
។ ប្អូនឆ្លើយតបទៅនឹងបងថា «ខ្ញុំមានដៃពីរជើងពីរ
គំនិតមារយាទ ដូចអ្នកទាំងពួងដែរ»។ «ឱ! ប្អូនឯងគិតយ៉ាងហ្នឹង? ពិតមែនតែមានដៃពីរជើងពីរ
គំនិតមារយាទដូចអ្នកទាំងពួងមែនហើយ តែខ្លួនយើងនៅតូចណាស់
មិនអាចនឹងពុនរែក កាប់គាស់ លីសែងអ្វីបានឡើយ » ។ «ឱ! បងអើយ
សត្វចាបវាដែលទៅពុនរែក លីសែងឯណាដែរឬ? ម្ដេចក៏វាចិញ្ចឹមកូនវារស់
ហើយកូនវាទៀត ធំឡើងរកស៊ីដូចមេវាទៀតបាន, ចុះបង
ម្ដេចក៏មិនគិតដល់ការងាររបស់ឪពុកយើងផង?» ។ «ប្អូន! លាក់បាំងអ្វី!
កាលពីខ្មោចឪយើងនៅរស់នៅឡើយ គាត់រកស៊ីចិញ្ចឹមយើងតែនឹងដាក់ជុច
ប៉ុន្តែបងមិនដឹងថាគាត់ធ្វើជុច យកទៅដាក់ត្រីយ៉ាងណាទេ
បងចាំតែឆ្អិនតែម្យ៉ាង ។ ម្យ៉ាងទៀតកាលគាត់យករបស់អ្វីមកធ្វើជុច
ក៏បងមិនចាំ ហើយគាត់ធ្វើជុចនោះមានសណ្ឋានបែបណា ក៏បងមិនដឹងទាំងអស់
បើដូច្នោះ ឲ្យបងធ្វើដូចម្ដេចកើត
ឃើញតែការសុំទានរកស៊ីឈ្នួលគេហ្នឹងហើយ ដូចជាស្រួលគ្រាន់បើ ប្អូន!
ណ្ហើយចុះ! កាត់កេរ្តិ៍ខ្មាសសិនទៅចុះ
ទម្រាំយើងធំល្មមរកស៊ីខ្លួនឯងបាន! ។ «ទេ! បង
ខ្ញុំមិនទៅសូមទានឬស៊ីឈ្នួលគេទេ ខ្មាសគេណាស់
ពីព្រោះពូជយើងមិនដែលសុំទាន ឬស៊ីឈ្នួលគេបើទុកជាពីជីតាទួតលួតលាមក
ធ្លាប់សុំទាន ឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើដូចជាសត្វតិរច្ឆានក៏ដោយ
ខ្ញុំមិនព្រមប្រព្រឹត្តតាមបវេណីវង្សត្រកូលនោះដែរ នៃបង! ប្អូនគិតឃើញថា
«កាលបើមានអ្នកសប្បុរសចិត្តល្អ ដាក់ទានឲ្យយើង ឬ
ក៏បានទៅច្រកកោននឹងចៅហ្វាយនាយ យើងក៏បានស្រួលបន្តិចទៅ, តែបើប្រទះពារទៅលើអ្នកចិត្តតក់ម៉ក់អាក្រក់សម្លក់ភ្នែកស្លែ
ដូចភ្នែកមៀម គំហកគំរាមយើងដូចសត្វតិរច្ឆាន តើយើងយកមុខទៅទុកឯណា? ម្យ៉ាងទៀត
អ្នកចិត្តល្អក្ដី អ្នកចិត្តអាក្រក់ក្ដី
កាលគេហុចរបស់មកឲ្យយើងដោយដៃគេ យើងយកដៃទៅទទួលទានគេ ចុះដៃជាដៃ
ជើងជាជើងមាត់ជាមាត់ ដូចគ្នាទាំងអស់ ម្ដេចក៏ដៃគេគ្មានសំពះសុំអ្នកណា? មាត់គេមិនហានិយាយសុំអ្នកណា? អន់អ្វីតែដៃជើងមាត់យើងជាងគេម្ល៉េះ ? បងគិតមើលចុះ
ប្អូនថាប៉ុណ្ណេះខុសឬត្រូវ?»
។ «បើដូច្នោះ ប្អូនចេះចាំការងាររបស់ឪពុកយើងដែរឬ? »បងសួរទៅប្អូនវិញ
។ «អើ! មិនអីទេបង! ប្អូនចាំទាំងអស់ បងកុំព្រួយ! កុំគិតទៅសូមទាន
ឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើ វាថោកខ្លួនណាស់
យើងនេះមិនមែនជាសត្វតិរច្ឆាន គេវាយឯកើតវាយឯលិចដូចសុនខពេកទេ
ឪពុកគាត់ទុកកាំបិតព្រាឲ្យមួយដែរតើ! យើងទៅព្រួយអ្វី
សព្វបើគ្រាន់ចិញ្ចឹមជីវិតមួយប៉ុណ្ណឹង ។ «អើ! បើយ៉ាងហ្នឹង
ប្អូនគិតការងារឪពុកទៅចុះ ។
ឯប្អូនជាក្មេងមានប្រាជ្ញា
ក៏ប្រារព្ធធ្វើជុចកើត យកទៅដាក់ត្រីបានដូចបំណង ។ លុះថ្ងៃក្រោយកន្លងមកទៀត
ប្អូនអង្គុយគិតតែម្នាក់ឯង មិនចេញវាចាប្រាប់បងសោះថា «ឪពុកអញ
គាត់ចេះធ្វើជុចដាក់ត្រីប៉ុណ្ណោះ ឯសត្វឯទៀតៗ
គាត់ដាក់ជុចមិនបានឃើញថា ប្រាជ្ញាគាត់នៅខ្សោយណាស់, បើដូច្នោះ
អញរកឧបាយនឹងធ្វើជុចដាក់សត្វម្រឹគ មានសត្វជ្រូកព្រៃ ឈ្លូស រមាំងជាដើម
។ លុះគិតឃើញដូច្នោះហើយ ក៏និយាយប្រាប់បង «បង! យើងគិតទៅរកដាក់ជុចឯព្រៃវិញ
ក្រែងបានជាប់ជ្រូកព្រៃ ឈ្លូស រមាំង ជាសត្វធំ ៗ មានសាច់ច្រើន» ។
បងក៏សុខចិត្តតាមប្អូនទាំងអស់ ព្រោះយល់ឃើញថា
ប្អូនចេះចាំកិច្ចការរបស់ឪពុកពិតប្រាកដមែន, ហើយក៏បណ្ដើរគ្នាពីរនាក់បងប្អូន
ចូលទៅក្នុងព្រៃស្រោងជាទីរហោស្ថាន ។ ទៅដល់ពាក់កណ្ដាលព្រៃ
បងស្រេកទឹកយ៉ាងខ្លាំង ក៏និយាយប្រាប់ប្អូនថា «ប្អូន!
បងស្រេកទឹកណាស់! រកទឹកឯណាផឹកបាន?» ។ ប្អូនឆ្លើយថា «កាលឪពុកយើងរស់នៅ
បើដើរទៅទីណាដែលគ្មានទឹក គាត់តែងជីដីត្រង់កន្លែងណាសើមៗ យូរៗទៅ
ចេញទឹកបាន, បើដូច្នេះ បងជីកលមើល!»
។ «ជីកឯណាកើត បើអស់កម្លាំងយ៉ាងនេះ» ។ «អើ! បើដូច្នោះ
ចាំដើរទៅខាងមុខបន្តិចសិន ក្រែងជួនប្រទះទឹក» ។ ដើរបានបន្តិចទៅ ក៏ជួបប្រទះត្រពាំងមួយមានទឹកថ្លា
ពាសពេញដោយផ្កាឈូកផ្លែឈូក បងប្អូនទាំងពីនាក់ ក៏នាំគ្នាងូតទឹក ផឹកទឹក
បេះផ្លែឈូកស៊ីតាមសប្បាយហើយក៏ទៅសម្រាន្តនៅក្បែរមាត់ត្រពាំងនោះមួយស្របក់
។ លុះមានកម្លាំងល្មមនឹងដើរទៅទៀតបាន ក៏នាំបងប្អូនដើរទៅ ទៅដល់ព្រៃធំមួយ
ឈ្មោះព្រៃហិមពាន្ត មិនដែលមានមនុស្សណាទៅដល់សោះ
បានឃើញពួកសត្វម្រឹគជាច្រើននៅអាស្រ័យក្នុងព្រៃនោះ ប្អូននិយាយនឹងបងថា
«បង! យើងឈប់នៅក្នុងព្រៃនេះហើយ
មើលទៅព្រៃនេះសម្បូណ៌សត្វម្រឹគីម្រឹគាណាស់, យើងគិតធ្វើជាធ្នះមួយនៅលើចុងឈើ
ហើយខ្ញុំរកផ្ដៅមកធ្វើជុចដាក់សត្វទាំងនោះ យកមកធ្វើជាចំណីអាហារ» ។
ប្អូនធ្វើហើយ ឲ្យបងនៅអាស្រ័យលើធ្នះនោះទៅ ខ្លួនទៅរកបោចផ្ដៅ
យកមកធ្វើជុចដាក់សត្វព្រៃ រៀបធ្វើជាចំណារចារជុំវិញព្រៃ ហើយទុកតែផ្លូវ១
ល្មមសត្វនោះដើរចូលបាន ដូចជាធ្វើកន្លែងដាក់ត្រីដែរ ។ ពេលនោះ
មានជ្រូកព្រៃមួយដើរសំដៅពីនាយមក ហាក់ដូចជាគ្មានកោតក្រែងដល់អ្វីសោះ
ដើរមកតាមចន្លោះផ្លូវដែលកុមារនោះចារ ទៅដល់ត្រង់កន្លែងដាក់ជុច
ក៏ស្រាប់តែជាប់ក្នុងជុចកុមារ ។
ជ្រូកនោះខំបម្រះននៀលរើយ៉ាងណាក៏មិនរួច
ជុចរឹតរួតជ្រូកព្រៃនោះយ៉ាងតឹង ស្ទើរតែដកដង្ហើមមិនរួច ។
មិនយូរប៉ុន្មានជ្រូកនោះក៏ដាច់ខ្យល់ស្លាប់ទៅ ។ កុមារទាំងពីរ
ឃើញជ្រូកព្រៃជាប់ជុចស្លាប់ដូច្នោះហើយ ក៏ត្រេកអរពេកណាស់ នាំគ្នាដោះអូសចេញពីជុច
គិតយកមកអាំងឆ្អើរ ធ្វើជាអាហារបរិភោគ ។ ជួនជាវេលានោះ
ដែកភ្លើងដែលដាក់ក្នុងហោប៉ៅអាវបង ក៏អស់ប្រឆេះរលីង
គ្មានអ្វីធ្វើភ្លើងនឹងបង្កាត់អាំងឆ្អើរជ្រូក, បងទាល់គំនិត
មិនដឹងគិតធ្វើយ៉ាងណា ។ ឯប្អូនជាក្មេងមានគំនិត
បានដឹងជាក់ប្រាកដពីកាលឪពុកនៅ នាំទៅព្រៃ
បើគ្មានភ្លើងបង្កាត់ចម្អិនអ្វីៗ គាត់តែងទៅកាប់ឫស្សីស្ងួតមកកួតគ្នា
ឲ្យកើតជាភ្លើង ដុតអាំងបានតាមប្រាថ្នា
ហើយបានចាំទុកក្នុងចិត្តរួចស្រេច ។ វេលានោះ ប្អូននិយាយប្រាប់បងថា «កាលពីឪពុកយើងគាត់នៅ
បើគាត់ទៅព្រៃគ្មានភ្លើងដុតអាំងអ្វីៗ គាត់កាប់ឫស្សីយកមកកួតគ្នា
ឲ្យកើតជាភ្លើងបាន,
បើដូច្នោះ បងទៅចាំសត្វក្នុងទីនេះចុះ
ខ្ញុំទៅរកកាប់ឫស្សីស្ងួតយកមកកួតធ្វើភ្លើងអាំង» ថាតែប៉ុណ្ណេះហើយ
ក៏ទៅរកកាប់ឫស្សីបានយកមក ធ្វើតាមតម្រាឪពុកកើតមែន
អាំងឆ្អើរជ្រូកនោះទៅតាមបំណង ឆ្អិនបានបរិភោគក្នុងវេលានោះទៅ ។
កុមារទាំងពីរនៅអាស្រ័យក្នុងព្រៃនោះអស់កាលជាយូរបានសេចក្ដីសុខសប្បាយ
រកស៊ីតែនឹងដាក់ជុចសត្វព្រៃប៉ុណ្ណោះ ។ ពួកសត្វដែលដើរមកជាប់ជុចកុមារទាំងពីរនោះ
តាំងតែពីសត្វជ្រូកព្រៃ រមាំង ឈ្លូស រហូតដល់ដំរី ។ រាត្រីមួយ
កុមារប្អូនបានឃើញដំរីស្ដមួយយ៉ាងធំ ដើរក្បែរធ្នះនោះ
ក៏មានបំណងចង់ស៊ីសាច់ដំរី ទើបនិយាយប្រាប់បងថា «ខ្ញុំចង់ស៊ីសាច់ដំរីណាស់
ត្បិតមានដំរីស្ដមួយយ៉ាងធំធាត់ ដើរមកក្បែរធ្នះយើងរាល់រាត្រី
ខ្ញុំគិតដាក់ជុចយកដំរីនេះឲ្យបាន» ។ បងនិយាយឃាត់ថា «ណ្ហើយប្អូន
កុំ!ដំរីនេះធំណាស់ ប្អូនដាក់វាមិនជាប់ទេ ឬថា
ប្រសិនជាវាដើរមកជាប់ជុចប្អូនហើយ វាបម្រះត្រដររួចទៅនោះ វាខឹង, កាលបើវាខឹងហើយ
ថ្ងៃក្រោយវាមកព្រេចធ្នះយើង,
ល្អិតល្អោចខ្ទេចខ្ទី ហើយវាជាន់សម្លាប់យើង
ស៊ីជាចំណីអាហារ ពុំលែងឡើយ»
។ «ទេ មិនអីទេបង កុំព្រួយ! នៅឲ្យតែស្ងៀមទៅចុះ
ចាំមើលខ្ញុំធ្វើជុចដាក់ដំរីនេះឲ្យទាល់តែបាន » ។
ប្អូនថាដូច្នោះហើយ ក៏រកកាប់ផ្ដៅក្រែកយ៉ាងធំៗ យកមករែងធ្វើជុច
ដាក់ត្រង់កន្លែងដែលដំរីគោចរ ។
ឯដំរីដែលដើរមកសព្វរាត្រី
ឥតមានគិតក្រែងអ្វីសោះឡើយ ដោយគិតថា «ព្រៃនេះ ស្រេចលើអញហើយ
គ្មានអ្នកណាជាចម្បងលើអញទៀតទេ» ក៏ដើរតម្រង់ត្រង់មកកន្លែងដែលកុមារដាក់ជុច
ស្រាប់តែចូលទៅក្នុងជុច ជាប់ខ្លួនចង្អៀតណែនក្ដន់
ខំបម្រះននៀលស្រែករោទ៍រំពងព្រៃធំយ៉ាងណា ក៏មិនរួច, មិនយូរប៉ុន្មានដាច់ខ្យល់ស្លាប់ទៅ
។
កុមារទាំងពីរនាក់
បានឃើញដំរីជាប់ជុចស្លាប់ហើយ បបួលបងប្អូនបំពក់ភ្លើងភ្នក់យ៉ាងធំ
ដុតឆ្អើរដំរី ។ វេលានោះ ក្លិនឈ្ងុយសាច់ដំរី
ក៏ផ្សាយរហូតភពជាទីអាស្រ័យនៃយក្ស
ដែលមានអំណាចគ្របសង្កត់ពួកយក្សឯទៀតៗ ។ យក្សនោះលាន់មាត់ថា
ថ្ងៃនេះធុំក្លិនអ្វី ក៏ឈ្ងុយឈ្ងប់ម្ល៉េះ? មានអ្នកណាឆ្អើរសាច់ឯណាអេះ? បើដូច្នេះ
អញនឹងទៅរកមើល ក្រែងបានមួយចម្អែត ពីព្រោះសាច់នេះក្លិនឆ្ងាញ់ណាស់
ហើយដោយស្មានទៅប្រហែលជាច្រើនផង
បានជាធុំក្លិនផ្សាយមកដល់ទីអញយ៉ាងនេះអញទៅគំរាមយកស៊ីទាំងអស់
កុំឲ្យអ្នកឆ្អើរនេះនោះវាបានស៊ី » គិតដូច្នេះហើយ
ក៏ចាប់យកដំបងពេជ្រ គ្រវីហោះឡើងលើអាកាសវេហា ងាកមើលចុះឡើង
ឃើញផ្សេងហុយៗ ត្រង់ព្រៃធំ ក៏ហោះចុះសំដៅទៅត្រង់កន្លែងផ្សែងនោះ
ក្រឡេកមើលទៅឃើញក្មេងតូចពីរនាក់កំពុងឆ្អើរដំរី, គិតថា «ថ្ងៃនេះ
ពេញជាមហាលាភហើយ បានទាំងចំណី បានទាំងម្ចាស់, បើដូច្នេះ តើអញនឹងស៊ីដំរីមុន
ឬស៊ីក្មេងមុនអេះ?
បើស៊ីដំរីមុន ក្រែងក្មេងនេះវាភ័យនឹងអញ
រត់ពួនបាត់ទៅ ឥឡូវនឹងស៊ីក្មេង គ្មានអ្វីគ្រាន់ធ្វើជាបង្អែម
សម្រាប់លាងមាត់ខាងក្រោយ»
។ នៅទីបំផុតនោះ យក្សសម្រេចចិត្តថា «ណ្ហើយ!
អញស៊ីដំរីមុនចុះ ទុកក្មេងស៊ីក្រោយជាបង្អែមវិញ ទើបជ្រះមាត់ស្រួល, ក្មេងនេះ
វាមិនមែនរត់ពួនទៅឯណាឡើយ
ទុកជាវារត់ពួនកន្លែងណាក៏មិនកំបាំងនឹងភ្នែកអញដែរ, វាមកពីស្រុកភូមិរបស់មនុស្សលោក
ចូលមកដល់ព្រៃនេះម្ល៉េះហើយ វារត់ទៅណានឹងរួច» ទើបយក្សចូលទៅគំរាមកុមារដែលកំពុងឆ្អើរដំរីនោះថា
« វ៉ីអាក្មេងច្រមក់! អាឯងមកពីណា? ដើរចេញឲ្យឆាប់» ។
កុមារទាំងពីរដើរចេញពីទីនោះទៅ ។
ប៉ុន្តែ កុមារបងមានសេចក្ដីភិតភ័យតក្កមា
ព្រោះខ្លួនស្គាល់ច្បាស់ជាយក្សហើយ បានដឹងប្រាកដអំពីសម្នាក់ចាស់ៗ
គេនិយាយប្រាប់ថា «យក្សខ្លួនធំ មានចង្កូមពីរ សម្រាប់ស៊ីមនុស្សលោក» តែមិនចេញវាជាប្រាប់ប្អូនឡើយ
។ ចំណែកខាងកុមារប្អូនគិតថា «មនុស្សនេះមកពីណា រូបរាងធំគម្រាំង ធ្មេញធំៗ
សស្ងាចប៉ុនៗចបកាប់ ភ្នែកឡើងក្រឡោតៗ ក្រហមត្លែត ដូចភ្នែកអាអូត
ស្បែកមុខឡើងគគ្រីតគគ្រាត ដូចស្បែកគីង្គក់ ដងខ្លួនដូចក្របីដេកភក់
សំឡេងឮគ្រក់ៗ ដូចជាទឹកដក់ក្នុងរន្ធឈើ ដុះពុកមាត់
ពុកចង្កាស្រមេមស្រមាម ដូចបីសាចរាជភូត, អានេះប្រហែលជាមិនខ្លាចកោតញញើតចិត្តអញទេ
បានជាហ៊ានមកនិយាយកំហែងអញដូច្នេះ មិនអីទេ! អាឯងព្រហើនហ៊ានស៊ីដំរី» ។
កុមារប្អូនថយចេញពីកន្លែងនោះមិនឆ្ងាយប៉ុន្មាន ទៅឈរមើលយក្សស៊ីដំរី
តែក្នុងចិត្តនឹកក្នាញ់ពេកណាស់ មិនទាន់ចេញស្ដី ថាដូចម្ដេចៗឡើយ
គ្រាន់តែនឹកក្នុងពោះប៉ុណ្ណោះ ។ ពេលនោះយក្សសួរថា «នែអាក្មេង!
អាឯងធ្វើដូចម្ដេច បានជាបានដំរីនេះយកមកឆ្អើរ?» ។
ពេលនោះកុមារតូចបានឱកាស ក៏ឆ្លើយតបទៅយក្សវិញថា «ពូឯងសួរចង់ដឹងអ្វី? គិតតែបរិភោគទៅចុះ!
កុំចាំបាច់ដឹងហេតុការណ៍អ្វីឡើយ» ។ «យើ! អាច្រមក់! ប្រាប់ឲ្យឆាប់ៗ
អញស៊ីអាឯងឥឡូវនេះហើយ»
យក្សសួរគំរាមកុមារតូច ។ «អើ! ដំរីនេះ វាដើរមកជាប់ជុចខ្ញុំ» កុមារឆ្លើយតបនឹងយក្ស
។ «យីអើ! អាឯងធ្វើជុចដូចម្ដេចក៏ដាក់ដំរីបាន អាឯងនិយាយកុហកទេឬ? ក្រែងដំរីវាស្លាប់ខ្លួនវាទេដឹង? ហើយអាឯងនិយាយបញ្ឆោតអញយ៉ាងនេះទៅ
មើលអាឯងនិយាយឲ្យត្រង់ តែកុហក អញស៊ីឯងទៀត ឥឡូវនេះមិនខាន» ។ «ខ្ញុំមិនចេះនិយាយកុហកទេ, ពូឯងមើលចុះ ! ជុចខ្ញុំនៅឯណោះហ្ន» ។ «ប្រាកដជាអាឯងដាក់ជុចដំរីនេះបានមែន?» យក្សសួរសង្កត់សង្កិនកុមារ
។ «មែន» កុមារឆ្លើយតបយ៉ាងយកជុចមកហើយប្រាប់យក្សថា «ពូឯងចងដឹង
ចូលទៅក្នុងជុចខ្ញុំលងមើល!»
។ ដោយហេតុតែការមើលងាយថា «សត្វបើជុចសរសៃរ៉ើងៗប៉ុណ្ណោះ
អញគ្រាន់តែកម្រើក ក៏ដាច់ខ្ទេចខ្ទីដែរ» ថាហើយក៏ត្បុរក្បាលចូលទៅក្នុងជុច
ផុតដៃផុតជើងទាំងអស់ ស្រាប់តែជុចរឹតរួតតឹងខ្លួនដូចគេចាក់ស្រែះ
បម្រះននៀលបាក់ឈើព្រៃល្អិតល្អោច ស្រែកទ្រហោរំពងព្រៃ
រឹទ្ធិយក្សដែលធ្លាប់ពូកែយ៉ាងណា ក៏ប្រមូលយកមកអស់
ថែមទាំងនឹកសូធ្យមន្តរបៀនសិល្បសាស្ត្រ ដែលធ្លាប់ចេះធ្លាប់រៀនមកប៉ុន្មាន
ក៏នៅតែរើមិនរួចពីជុចនោះ រឹតតែតឹងឡើងៗ ស្ទើរនឹងដាច់ខ្យល់រកតែស្ដីនិយាយស្ទើរតែមិនរួច
។ យក្សទើបដឹងថា «ជុចក្មេងនេះ ពូកែមែន
បើអញមិននិយាយអង្វរឲ្យវាស្រាយជុចនេះចេញទេនឹងស្លាប់អសារឥតការមិនខាន» ទើបនិយាយអង្វរកុមារថា
«ឱលោកអើយ! កាលពីដើម ខ្ញុំមើលងាយជុចលោកដោយ គិតឃើញថា មើលទៅមិនល្មមនឹងកម្លាំងខ្ញុំសោះ
ហេតុតែសេចក្ដីមើលងាយនេះហើយ បានជាខ្ញុំស្ទើរតែស្លាប់ខ្លួនយ៉ាងនេះ
ហេតុនេះ សូមលោកអាណិតខ្ញុំម្ដងទៅចុះខុសម្ដងឆ្គងមួយថ្ងៃ
សូមលោកអធ្យាស្រ័យឲ្យតែរស់ជីវិត កុំឲ្យតែខ្ញុំស្លាប់» ។
ឯកុមារ បានឃើញយក្សបម្រះននៀលមិនរួចអំពីជុចរបស់ខ្លួនហើយ
ថែមទាំងឮនិយាយអង្វរទៀត កាំបិតនៅដៃ និយាយតទៅនឹងយក្សវិញថា «ម៉េចអាឯងជឿអញទេ? ឥឡូវ
មកធ្វើជានិយាយអង្វរ,
ឯសាច់ដំរីអញ ឯងស៊ីអស់ ហើយគិតនឹងស៊ីអញទៀត
អាឯងថ្លើមធំណាស់ អញមិនយកអង្វរអាឯងទេ, ល្ងាចនេះ អញគ្មានអ្វីស៊ីសោះ
ម្ដងនេះអញស៊ីថ្លើមអាឯងហើយ ចុះមកបង! ទៅរកកាប់ឫស្សីមកធ្វើត្រណោត
ដោតថ្លើមអាខូចនេះអាំងស៊ី»
។
បងក៏ចុះពីធ្នះមកទាំងភ័យញញីញញ័រដល់មកជិតប្អូនឃើញយក្សគួរសម្បើម
ក៏រឹងរឹតតែញាប់ញ័រ ។ ប្អូននិយាយថា «ឈប់បង! កុំញ័រចង់ស៊ីសាច់វាពេក
ឈប់សិន! ចាំឆ្អិនសិន,
ហ៎ះ! ញ័រចង់អ្វីទៀតហើយ! កុំញ័រអ្វីពេក
ហើយស៊ីឆៅមិនឆ្ងាញ់ទេ ហើមពោះពុងណា៎បង!» ។
យក្សឮសម្ដីកុមារនិយាយនឹងបងដូច្នោះហើយ រឹងរឹតតែភិតភ័យស្លុតព្រលឹង
ហើយនិយាយអង្វរកុមារទៀតថា «ឱលោកម្ចាស់ថ្លៃអើយ! សូមលោកអាណិតខ្ញុំ យកតែបុណ្យម្ដងទៅចុះ, ខ្ញុំនឹងជូនកន្លែងបក់កន្សែងបោយមួយ
ឲ្យតែលោកលែងខ្ញុំឲ្យបានរស់មានជីវិត, ត្បិតខ្ញុំជាស្ដេចយក្ស
គ្រប់គ្រងអាណាប្រជានុរាស្ត្រ បើលោកឲ្យខ្ញុំស្លាប់ទៅសមជាស្រុកទេសរបស់ខ្ញុំអន្តរធានមិនខាន
ទាំងកូនប្រពន្ធខ្ញុំ ក៏ពុំមានទីពឹង» ។ កុមារប្អូនសួរបញ្ជាក់យក្សថា «ចុះឯងឲ្យកន្សែងបក់កន្លែងបោយដល់យើង
កន្លែងនោះ បើបក់បោយទៅ អាចឲ្យសម្រេចប្រយោជន៍ដូចម្ដេចខ្លះ?» ។ «តាមតែលោកចង់បានអ្វី
បក់មក បានតាមប្រាថ្នា បើចង់ឲ្យបាត់ទៅវិញ គ្រាន់តែបោយថា ទៅវិញចុះ
ក៏ស្រាប់តែបាត់អស់រលីង»
។ «ប្រាកដជាឯងឲ្យយើងមែនឬ?» ។ «មែន» ។ «ក្រែងកុហកអញទេដឹង?» ។ «មិនកុហកទេលោក» ។ «បើកុហក
តើឲ្យយើងធ្វើដូចម្ដេច?
យើងមិនទុកចិត្តទេ ពីព្រោះឯងជាស្ដេចសោយរាជ្យ
ក្រែងរួចពីកណ្ដាប់ដៃយើងទៅ បបួលរេហ៍ពលមកច្បាំងនឹងយើងវិញ? បង!
យកកាំបិតមកពន្លះសាច់វា អាំងស៊ីសម្រន់សេចក្ដីឃ្លាន១ស្របក់ សិន» ។
បងនោះនៅតែមិនទាន់បាត់ភ័យនឹងយក្ស ។ យក្សឮកុមារតូចឲ្យបងយកកាំបិត
មកពន្លះសាច់ខ្លួនដូច្នោះ ក៏ញាប់ញ័រស្ទើរបាត់ស្មារតី
ហើយនិយាយអង្វរកុមារនោះទៀតថា «សូមលោកទុកតែជីវិតឲ្យចុះ
ខ្ញុំនឹងប្រគល់រាជ្យទាំងអស់ព្រមទាំងស្រុកសួយទាំងអម្បាលម៉ាន
ជូនលោកទៀត ខ្ញុំសូមរួចតែខ្លួននឹងភរិយាបុត្រីបុត្រា ហើយនៅធ្វើជាសេនារក្សាលោកទៀត » ។
កុមារប្អូនក៏សួរបញ្ជាក់យក្សថា «បើឯងនិយាយទៀតត្រង់មែន ណ្ហើយ!
យើងអត់ទោសឲ្យបាន,
តែយើងមិនដឹងជាឯងស្ដេចសោយរាជ្យនៅនគរណា
ចុះធ្វើម្ដេចឲ្យយើងទៅតាមយកនគរឯងបាន? » ។ «ឱលោក
មិនសល់ក្រអ្វីនឹងអញ្ជើញទៅឯនគរខ្ញុំនោះទេ ឲ្យតែលោកលែងខ្ញុំចុះ
ខ្ញុំនឹងធ្វើតម្រុយជាលំអានរហូតដល់ទៅនគរខ្ញុំឯណោះ » ។ «ឯងធ្វើតម្រុយបែបណា?» ។
ខ្ញុំកាច់មែកឈើស្រស់បោះ ហែៗ តាមផ្លូវទៅកាលបើលោកអញ្ជើញទៅ
សូមទៅតាមមែកឈើដែលខ្ញុំកាច់បោះនេះចុះ »។ កុមារទាំងពីរក៏ព្រមដោះយកចេញពីជុច
។ ឯយក្សបានរួចខ្លួនពីជុចហើយ ក៏ក្រាបថ្វាយបង្គំកុមារទាំងពីរ
ដើរទៅនគរខ្លួនវិញ ហើយកាច់មែកឈើជាតម្រុយ
ដើម្បីជាទីសម្គាល់ដល់កុមារទាំងពីរប្រាណ ឥតមានកុហកភូតភរអ្វីឡើយ
លុះដល់ទៅនគរហើយចូលទៅនិយាយប្រាប់ពួកពលសេនាយោធាទាហាន
ដែលនៅចាំក្លោងទ្វារទាំង ៧ ជាន់ថា «នែវ៉ឺយ!
ថ្ងៃស្អែកនេះមានក្មេងតូចៗ ពីរនាក់ ជាក្មេងមនុស្សលោក មកដណ្ដើមរាជ្យអញ
បើឯងឃើញវាមកហើយ ត្រូវឃាត់កុំឲ្យវាចូល តែកុំធ្វើទុកបុកម្នេញវាឡើយ
គ្រាន់តែស្រែកឃាត់ប៉ុណ្ណោះបានហើយ ពីព្រោះក្មេងនោះពូកែណាស់
អម្បាលអញដែលមានរឹទ្ធិ មានអំណាចច្បាំងដណ្ដើមយកនគរឯទៀតៗ
បានមកធ្វើជាប្រទេសរាជទាំងប៉ុន្មាន
ក៏វាដាក់ជុចអញជាប់ស្ទើរតែនឹងស្លាប់អសារឥតការ, តែពួកឯងរាល់គ្នាឃាត់វាល្បងមើលសិនចុះបើវាមិនខ្លាចទេ
បើកផ្លូវឲ្យវាចូលមកចុះ»
។ យក្សបានប្រាប់គ្រប់សេនាអ្នកចាំក្លោងទ្វារទាំង៧
ជាន់សព្វគ្រប់ហើយ ក៏ចូលទៅក្នុងប្រាសាទ សម្ងំដេកលក់
ស្រមុកកក្រើកប្រឹថពី ។ ឯកុមារបងប្អូនទាំងពីរនាក់
ក៏បណ្ដើរគ្នាទៅនគរយក្សតាមតម្រុយមែកឈើ លុះបានទៅដល់ហើយក៏ជួបប្រទះនឹងពួកកងទ័ពមួយកង
ដែលនៅចាំក្លោងទ្វារទី ៧ នោះកុមារបង កាលបានឃើញយក្សច្រើនដល់ម្ល៉ោះ
ក៏ភ័យញាប់ញ័រស្ទើរនឹងបាត់ស្មារតី, ប្អូននិយាយកម្លាបងឡើងថា «នែបង
កុំញ័រចង់ពេក! ឈប់! កុំអាលចង់ចាប់កាប់ធ្វើបាបវា ឈប់ៗ កុំៗ យើបង!
ស្ទើរតែឃាត់មិនឈ្នះណ្ហើយ កុំញ័រចង់ពេក វាខ្លាចបងឯងហើយ» ។
ពួកទាហាន យក្សបានឮកុមារនិយាយដូច្នោះ ក៏ខ្លាចរួញខ្លួន
ឥតហ៊ានមាត់កអ្វីសោះ
បើកផ្លូវឲ្យកុមារទៅដោយស្រួយរហូតដល់ទៅទ្វារក្នុងគម្រប់៧ជាន់
យក្សខ្លាចទាំងអស់ ។ ទើបនាំបងប្អូនឡើងទៅលើប្រាសាទយក្ស
ឃើញយក្សកំពុងដេកស្រមុកខ្ទ័រប្រាសាទ
ឃើញពួកស្រីស្នំកំពុងតែអង្គុយបក់ខាងស្ដាំមួយរយ ខាងឆ្វេងមួយរយ ។
ឯបងឃើញយក្សច្រើនសម្បើមណាស់ពេក ក៏ភ័យស្លុតស្មារតី ប្អូនស្រែកហៅយក្សថា
«នែ! អានេះក្រោកឡើង !
អញមកដល់ហើយដេកដល់ណាទៀត» ។
យក្សឮសំឡេងកុមារតូចស្រែកហៅខ្លួន ដែលកំពុងដេកលក់ដូច្នោះ
ក៏ភ្ញាក់ដឹងខ្លួនឡើង ក្រឡេកមើលទៅ ស្គាល់ជាក់ជាកុមារម្ចាស់ជុច
ក៏ភិតភ័យមហិមា ស្ទុះមកម្នីម្នាក្រាបថ្វាយបង្គំកុមារតូចទាំងពីរ ហើយប្រាប់ពួកស្រីស្នំដែលកំពុងអង្គុយគាល់
ប្រើអមាត្យឲ្យហៅពួកសេនាបតី នាហ្មឺនមុខមន្ត្រី ព្រាហ្មណ៍ព្រឹទ្ធ បុរោហិត
បណ្ឌិតកវី ឲ្យចូលមកក្នុងបុរីយ៉ាងឆាប់វៃៗ ។
លុះពួករាជសេវកាមាត្យមកជួបជុំគ្នាសព្វគ្រប់ហើយ យក្សស្រែកប្រកាសថា «អ្នករាល់គ្នាចូរក្រាបថ្វាយបង្គំស្ដេចមនុស្សទាំងពីរនាក់នេះ
ហើយត្រូវគោរពកោតខ្លាចយកចិត្តទុកដាក់ឲ្យដូចជាខ្លួនអញ
ត្បិតអញប្រគល់រាជ្យ ឲ្យស្ដេចមនុស្សលោកនេះសោយហើយ ។
អញសូមរួចតែខ្លួនប៉ុណ្ណោះទេ,
ឯអ្នកទាំងអស់ត្រូវនៅជ្រកក្រោមម្លប់បុណ្យស្ដេចមនុស្សលោកនេះចុះ» ។
ពួករាជសេវកាមាត្យទាំងអស់ ក្រាបថ្វាយបង្គំកុមារទាំងពីរគ្រប់គ្នា
ឥតមាននរណាមួយហ៊ាននិយាយថាដូចម្ដេចឡើយ ។
យក្សក៏បានរៀបពិធីអភិសេកជាឯកមង្គល
ប្រជុំពួកពលយោធាជាអនេកប្រការ ហើយប្រគល់ធីតារបស់ខ្លួនឲ្យជាមហេសី ។
ប៉ុន្តែកុមារប្អូនមិនសោយរាជ្យខ្លួនឯងទេ ឲ្យបងសោយរាជ្យវិញ
ព្រោះយល់ឃើញថា បងបានចិញ្ចឹមបីបាច់ថែរក្សាខ្លួន ។ កុមារទាំងពីរ
សឹងនៅជាសុខសប្បាយក្នុងនគរយក្សនោះ រហូតអវសានកាលទៅហោង ។
គិតគ្រប់សព្វដោយផ្លូវ
ក្ដីចន្លោះកុំបីមាន
រឿង ក្មេងកំព្រា
Reviewed by VannyDa
on
12:53 PM
Rating: