រឿង បុរស ៤ នាក់ រៀនសិល្បសាស្ត្រ
-ម្នាក់រៀនទាយ;
-ម្នាក់រៀនបាញ់;
-ម្នាក់រៀនមុជទឹក;
-ម្នាក់រៀនជប ។
មាននិទានមួយថា : មានបុរស
៤ នាក់ទៅស្វែងរៀនសិល្បសាស្ត្រ អំពីព្រាហ្មណ៍ម្នាក់ជាទិសាបាមោក្ខាចារ្យ
នៅតក្កសិលាមហានគរ ។ បណ្ដាបុរសទាំង ៤ នាក់នោះ, បុរសម្នាក់រៀនទាយ
បុរសម្នាក់រៀនបាញ់ បុរសម្នាក់រៀនមុជទឹក
បុរសម្នាក់ទៀតរៀនជបឲ្យរស់ឡើងវិញ ។ អ្នកទាំង ៤ នាក់ សឹងរៀនទីទៃ ៗ
ពីគ្នា លុះរៀនចប់ហើយ ក្រាបលាទិសាបាមោក្ខាចារ្យ ជាគ្រូទៅស្រុកវិញ
លុះចេញដើរទៅ ដល់ពេលល្ងាច ឈប់សម្រាកដេកនៅឆ្នេរសមុទ្រ ។
ព្រឹកឡើងបុរសចេះហោរនិយាយនឹងបុរសទាំង ៣ នាក់ថា អ្នកអើយ ! ពេលនេះយើងនឹងមានលាភដោយសត្វឥន្ទ្រីពាំនាំកូនស្ដេចមួយព្រះអង្គ
អំពីពារាណសីមហានគរ ហើរមកទៀបលំនៅយើងនេះឯង ។ បុរសទាំង ៤ នាក់គិតគ្នាហើយ
ក៏ឃ្លាំចាំមើលដោយទិសទីទៃ ៗ ។ ឰដ៏កាលនោះ
ពុំយូរឡើយសត្វឥន្ទ្រីក៏នាំនាងហើរមក ទៀងប្រាកដឆុតដូចហោរទាយនោះមែន, បុរសចេះបាញ់ក៏ដំឡើងធ្នូបាញ់ត្រូវសត្វឥន្ទ្រីនោះ
ធ្លាក់នាងអំពីមាត់ ចុះទៅក្នុងទឹកសមុទ្រ, អ្នកចេះមុជទឹក ក៏មុជចុះទៅស្រង់យកនាងឡើងមកបានដូចបំណង, ឯអ្នកចេះជប
បានជបនាងនោះឲ្យរស់ឡើងវិញ ។ កាលនាងមានជំរិតរស់ឡើងវិញហើយ
អស់អ្នកទាំង ៤ នាក់នោះ ដណ្ដើមគ្នាចង់យកនាងជាភរិយាតែរៀងខ្លួន ។
អស់អ្នកទាំង ៤ នោះ ឈ្លោះប្រកែកគ្នាពុំដាច់ស្រេច ក៏នាំគ្នាទៅប្ដឹងចៅក្រម
ដោយដំណើរខ្លួនទីទៃ ៗ ហើយសួរចៅក្រមថា “នាងនេះតើបានជាប្រពន្ធនរណា ? ” ។
ចៅក្រមជំនុំពិចារណារឿងនេះពុំបាន
ក៏នាំអ្នកទាំង ៤
ឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរសព្វគ្រប់ប្រការ ។
ព្រះមហាក្សត្រទ្រង់ពិចារណាឈ្វេងយល់ក្នុងព្រះរាជហឫទ័យថា ព្រះស្ដែងទាំង ៤
នេះ សឹងមានគុណប្រសើរដូច ៗ គ្នា ហើយទ្រង់ត្រាស់បង្គាប់ថា “
បុរសចេះហោរត្រូវទុកជាគ្រូ,
បុរសចេះបាញ់ទុកជាឪពុក, បុរសចេះប្រោះឲ្យរស់ត្រូវទុកជាម្ដាយ, បុរសចេះមុជទឹកដែលគេបានស្ទាបបានកាន់អស់អង្គនាងបានបីបមថ្នមទ្រ
យកនាងឡើងមកអំពីទឹក ត្រូវបាននាងជាប្រពន្ធ ” ។
លុះចំណេរទៅមុខ
បុរសជាប្ដីបានជាស្ដេចក៏ចិញ្ចឹមរក្សាអ្នកទាំងបីដោយនូវគន្លងព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់នោះ
។
ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ
ហៅសុគតិគមនំ ហោង ។
រឿង បុរស ៤ នាក់ រៀនសិល្បសាស្ត្រ
Reviewed by VannyDa
on
12:54 PM
Rating: