រឿង បុរស ៤ នាក់ រៀនសិល្ប ៤ បែប
-ម្នាក់រៀនធ្វើឲ្យកើតជារូបមនុស្ស;
-ម្នាក់រៀនធ្វើឲ្យមានអវយវៈ;
-ម្នាក់រៀនធ្វើឲ្យមានសាច់ឈាមពណ៌សម្បុរ ;
-ម្នាក់រៀនធ្វើឲ្យមានជីវិតចេះនិយាយស្ដី
។
មាននិទានមួយថា : មានបុរស
៤ នាក់ ទៅស្វែងរករៀនសិល្បសាស្ត្រឯតក្កសិលាមហានគរ, លុះរៀនបានចេះចប់សព្វគ្រប់ហើយ
ក៏លាលោកគ្រូអាចារ្យត្រលប់មកស្រុកវិញ, កាលមកដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់សម្រាកនៅទីមួយក្នុងព្រៃ
ទីនោះមានខ្លាកាចសាហាវជាច្រើននឹងដេកមិនលក់សោះ ។ បុរសទាំង ៤
នាក់នោះគិតគ្នាថា “គួរតែយើងយកឈើមកធ្វើជារូបស្ត្រីម្នាក់
ឲ្យដេកកំដរយើង” ។ លុះគិតព្រមព្រៀងគ្នាហើយ
បុរសម្នាក់យកឈើមកធ្វើជារូបរាងខ្លួនប្រាណ
បុរសម្នាក់ឆ្លាក់រចនាសម្រេចជារូបអង្គឲ្យល្អល្អះ
ត្រចះត្រចង់សព្វសព៌ាង្គកាយ មានទាំងកេរ្តិ៍ខ្មាសផង, បុរសម្នាក់សូត្រសែកមន្តឧបទេស
បន្ទន់សាច់ឲ្យមានពណ៌សម្បុរល្អិតល្អ
ព្រមទាំងឲ្យមានសំលៀកបំពាក់ដណ្ដប់ស្បៃ វិស័យជាមនុស្សពិត ៗ, បុរសម្នាក់សូត្រសែកមន្តវិសេសឧបទេសជបឲ្យរសជាមនុស្សចេះនិយាយស្ដី
។
កាលបុរសទាំង ៤
នាក់យកឈើមកធ្វើឲ្យកើតជារូបមនុស្សស្ត្រីបានស្រេចហើយ
ក៏ដណ្ដើមគ្នាយកស្ត្រីនោះធ្វើជាភរិយាតែរៀងខ្លួន
ប្រកែកគ្នាទៅវិញទៅមក គ្មានអ្នកណាជំនុំជម្រះសម្រេចឲ្យសោះ
ទើបនាំគ្នាទៅប្ដឹងចៅក្រមតាមដំណើរទីទៃ ៗ ។
ឯចៅក្រមជំនុំជម្រះឲ្យដោយនូវគន្លងធម៌ពុំបានក៏នាំបុរសទាំង ៤ នាក់នោះ
ឡើងក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរគ្រប់ប្រការ ។ បុរសទាំង ៤
នាក់ក្រាបទូលសួរថា “សូមទ្រង់ព្រះមេត្តាប្រោស, បើសេចក្ដីដូច្នេះ
តើស្រីនេះគួរបានជាប្រពន្ធអ្នកណា ? ” ។
ព្រះមហាក្សត្រទ្រង់ពិចារណាឈ្វេងយល់ស្រេចហើយ
ទ្រង់មានព្រះបន្ទូលថា
“បុរសដែលយកឈើមកធ្វើជារូបរាងសាងឡើងជាអង្គនោះត្រូវបានជាម្ដាយ, បុរសដែលឆ្លាក់សម្រេចរូបអង្គផ្ចិតផ្ចង់គ្រប់ប្រការឲ្យល្អល្អះសព្វសព៌ាង្គ
មានទាំងកេរ្តិ៍ខ្មាសផងនោះ ត្រូវបានជាប្រពន្ធ, បុរសដែលសូត្រសែកមន្តឧបទេស
បន្ទន់សាច់សម្បុរស្បែកឲ្យល្អិតល្អ
ឲ្យមានសំលៀកបំពាក់ដណ្ដប់ស្បៃវិស័យមនុស្សពិតនោះ ត្រូវបានជាបង, ឯបុរសដែលសូត្រសែកមន្តឧបទេស
ជបឲ្យរស់ជាមនុស្សមានវិញ្ញាណចេះនិយាយចេះស្ដីនោះ ត្រូវបានជាឪពុក” ។
ព្រះមហាក្សត្រទ្រង់កាត់ក្ដីដូច្នេះ
ហៅសុគតិគមនំហោង ។
រឿង បុរស ៤ នាក់ រៀនសិល្ប ៤ បែប
Reviewed by VannyDa
on
12:55 PM
Rating: