រឿង បុរស ៣ ឈ្លោះដណ្ដើមដំណេកគ្នា
មាននិទានមួយថា : មានបុរស
៣ នាក់វិវាទជជែកប្រកែក ដណ្ដើមដំណេកគ្នា ចង់ដេកកណ្ដាលតែរៀងខ្លួន ។
បុរសទាំង ៣ នាក់នោះក្រវើនតែ១ ប្រកែកជជែកគ្នាទៅវិញទៅមក
ក៏ខានបានដេកយប់នោះ ។ លុះព្រឹកឡើងក៏នាំគ្នាទៅរកចៅក្រម
ប្ដឹងដោយដំណើរទីទៃ ៗ ។ ចៅក្រមពិចារណាក្ដីនេះពុំដាច់ស្រេច
ក៏នាំបុរសទាំង ៣ នាក់ទៅក្រាបបង្គំទូលព្រះមហាក្សត្រ ដោយដំណើរនោះ ។
ព្រះអង្គទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រះតម្រិះដោយព្រះប្រាជ្ញា ឈ្វេងយល់ក្នុងព្រះវិចារណញ្ញាណ
ហើយទ្រង់ត្រាស់បង្គាប់ថា “ចូរព្រះស្ដែងទាំង ៣
នាក់ដេកយកក្បាលឈមជុំចូលរកគ្នា នេះឯងហៅថាដេកកណ្ដាលគ្រប់គ្នាហោង ” ។
បុរសទាំង ៣ នាក់ទទួលព្រះបន្ទូលនោះហើយ
ក៏ក្រាបថ្វាយបង្គំលាព្រះមហាក្សត្រទៅលំនៅរៀងខ្លួន ។
ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ
ហៅសុគតិគមនំហោង ។
រឿង បុរស ៣ ឈ្លោះដណ្ដើមដំណេកគ្នា
Reviewed by VannyDa
on
12:57 PM
Rating: