រឿង បុរស ៣ នាក់ធ្វើទូកឈ្មួញឲ្យលិច
មាននិទានមួយថា : មានបុរស
៣ នាក់សុំដោយសារទូកឈ្មួញទៅ
បុរសម្នាក់យកឈើដូចជាដងសាដៀវមកដេញធ្វើជាភ្លេង
បុរសម្នាក់ទៀតកាលបើឮគេដេញសាដៀវធ្វើជាភ្លេងដ៏ពីរោះដូច្នោះហើយ
ក៏ទះដៃឮសូរស្រួយពីរោះ,
បុរសម្នាក់ទៀតឮគេទះដៃពីរោះដូច្នោះក៏ក្រោកឈរឡើងរាំរំពេនបត់បែនរត់ទៅមកលើទូក
។ ទូកនោះក៏ឃ្លេងឃ្លោងផ្អៀងក្រឡាប់លិចទៅ ខូចបង់របស់របស់ទ្រព្យឈ្មួញអស់
។ ឈ្មួញបន្តឹងឲ្យបុរសទាំង ៣
នាក់សងទ្រព្យសម្បត្តិដែលលិចលង់ទៅក្នុងទឹកបាត់អស់នោះ ។
ឯបុរសទាំង ៣
នាក់ឈ្លោះប្រកែកបន្ទោសគ្នាទៅវិញទៅមករកទ្រព្យសងឈ្មួញ ។
បុរសម្នាក់និយាយថា
“ព្រោះហេតុតែចៅនេះរាំបានជាទូកឃ្លេងឃ្លោងទាល់តែក្រឡាប់លិចទៅ
ត្រូវឲ្យចៅនេះឯង រកទ្រព្យសងគេ ” ។ បុរសអ្នករាំនោះឆ្លើយឡើងថា
“ព្រោះហេតុតែចៅនេះទះដៃឮសូរស្រួយពីរោះ បានជាខ្ញុំក្រោកឈរឡើងរាំ
ត្រូវឲ្យចៅនេះរកទ្រព្យសងគេ” ។ បុរសអ្នកទះដៃបន្ទោស
ទៅបុរសម្នាក់ទៀតថា “ព្រោះហេតុតែចៅដេញសាដៀវ ធ្វើបទភ្លេង ឮសំឡេងពីរោះ
បានជាខ្ញុំទះដៃ តាមចង្វាក់ភ្លេង ត្រូវឲ្យចៅនេះឯងរកទ្រព្យសងគេ” ។
ឯបុរសអ្នកធ្វើភ្លេងឆ្លើយឡើងថា “ខ្ញុំធ្វើភ្លេងមែនពិត
ប៉ុន្តែទូកឥតកម្រើក ឃ្លេងឃ្លោងសោះ មកពីចៅនេះទះដៃឮសូរពីរោះ
បានជាចៅម្នាក់ទៀតក្រោកឈររាំ
ធ្វើឲ្យទូកលិចលង់ខូចបង់របស់ទ្រព្យគេអស់ ដូច្នេះ ត្រូវតែចៅទាំងពីរនាក់
នេះរកទ្រព្យសងគេ ” ។
បុរសទាំង ៣
នាក់ចេះតែបន្ទោសគ្នាទៅវិញទៅមក គ្មានអ្នកណាសុខចិត្តរកទ្រព្យសង
ឈ្មួញម្ចាស់ទូកឡើយ ទើបនាំគ្នាទៅប្ដឹងចៅក្រម ៗ ជំនុំជម្រះ
មិនដាច់ស្រេចក៏នាំរឿងនេះ ទៅក្រាបបង្គំទូលព្រះមហាក្សត្រ តាមដំណើរតាំងពីដើមរហូតដល់ចប់
។ ព្រះមហាក្សត្រទ្រង់ព្រះចិន្ដា ពិចារណាកាត់ក្ដីបុរសទាំង ៣
នាក់ធ្វើជាភាគ ៗ ចែកឲ្យសងឈ្មួញនោះ ព្រះអង្គមានព្រះបន្ទូលថា
“ព្រះស្ដែងជាអ្នកធ្វើបទភ្លេងនោះ ឲ្យសងភាគមួយ , ឯព្រះស្ដែងអ្នកទះដៃឲ្យសងភាគពីរ, ចំណែកព្រះស្ដែងដែលក្រោកឈរឡើងរាំឲ្យសងភាគបី”
។ បុរសទាំង ៣ នាក់ទទួល ព្រមសុខចិត្ត តាមព្រះបន្ទូលនោះហើយ
ក៏ក្រាបថ្វាយបង្គំលាទៅលំនៅទីទៃៗ ។ ព្រះមហាក្សត្រកាត់សេចក្ដីយ៉ាងនេះ
ហៅសុគតិគមនំហោង ។
រឿង បុរស ៣ នាក់ធ្វើទូកឈ្មួញឲ្យលិច
Reviewed by VannyDa
on
12:56 PM
Rating: