ផ្សព្វផ្សាយពាណិជ្ជកម្ម

ទូរស័ព្ទមកកាន់ពួកយើងឥឡូវនេះ៖ 010 72 88 35ads

រឿង ជាប់ដោយរដូវច្រូតស្រូវ


មានរឿងតំណាលថា ៖ មានបុរសម្នាក់ជាកូននៃត្រកូលស្ដុកស្ដម្ភមាំមួនមាន   មាស  ប្រាក់   ស្រូវ   អង្ករ   ក្របី   គោ ពោពាស ជាអ្នកមាននៅស្រុកស្រែ ។ បុរស នោះមានរូបឆោមលោមពណ៌យ៉ាងកណ្ដាល  មិនអាក្រក់  មិនល្អ   ហើយតាំងពីកើតមកឥតមានវិកលវិការខូចខាតអវយវៈណាមួយឡើយ ។  លុះអាយុរវាងជាង ២០ ឆ្នាំ ដែលកំពុងស្ថិតនៅក្នុងសេចក្ដីស្រឡាញ់ប្រាណ ហេតុកម្មពីបុរាណមកនាំឲ្យរំខានចក្ខុ ដែលកំពុងពេញទៅដោយទស្សនាការច្បាស់លាស់ ក៏បែរត្រឡប់ ជាងងឹត មើលវត្ថុទាំងពួងឃើញព្រិលៗមិនច្បាស់ តែភ្នែកនោះនៅបើកធ្មេចជាធម្មតា ឥតមានឡើងបាយ ឬស្រុតស្រកខ្វង់ជាហេតុឲ្យជនដទៃដឹងប្រាកដថា ខ្វាក់ឡើយ ។ បុរសនោះមានទុក្ខម្មេញទោមនស្ស  ព្រោះមើលអ្វីមិនឃើញ ។  តាមបិតារកដណ្ដឹងប្រពន្ធឲ្យបុរសនោះ  ក៏គ្មាននរណាគេព្រមឲ្យ សូម្បីគេដឹងថាអ្នក នោះជាកូនអ្នកមានភោគសម្បត្តិក៏ដោយ ក៏នៅតែមិនឲ្យ ព្រោះគេស៊ើបដឹងបុរសនេះខ្វាក់បាំងស្បែក  ។ កាលបើមាតាបិតារកដណ្ដឹងក្នុងស្រុកជិតៗមិនបាន ក៏ទៅ រកដណ្ដឹងស្រុកឆ្ងាយ ដោយគេមិនបានដឹងថាបុរសសាម៉ីខ្លួននោះខ្វាក់ ឮតែគេថាកូនអ្នកមានស្ដុកស្ដម្ភសមនឹងសម្បត្តិខ្លួនក៏ព្រមឲ្យទៅ ។ ឪពុកម្ដាយរបស់ សាមីខ្លួនទាំងសងខាង    លុះបានទទួលសារភាពថា  ព្រមឲ្យព្រមទទួលយកហើយ  ឪពុកម្ដាយខាងប្រុសក៏លាដន្លងត្រឡប់វិលទៅកាន់ផ្ទះសម្បែង របស់ខ្លួនវិញ ទៅ ។ ខាងចុងនៃកុម្ភៈរដូវ រវាងខែជេស្ឋ ដែលជាពេលអ្នកស្រែត្រូវភ្ជួររាស់ ម្ដាយបុរសនោះក៏ចាត់ចែងនំចំណីជាជំនូន ជូនកូនទៅលេងដើម្បីសួរសុខទុក្ខឪពុកក្មេក ម្ដាយក្មេក កាលដែលទៅមានបងប្អូន ៤-១០ នាក់ជូនទៅផង ។ លុះវេលាដែលត្រឡប់មកវិញ គេទុកបុរសសាមីខ្លួនឲ្យនៅជួយភ្ជួរឪពុកក្មេក លុះដល់ព្រឹកឡើង ឪពុកក្មេកប្រាប់កូនប្រុសជំទង់ម្នាក់ឲ្យដឹកក្របីទៅស្រែ ឲ្យបុរសកូនប្រសាលីនង្គ័ល ទៅដល់ស្រែហើយបុរសជំទង់នោះប្រាប់ថា ស្រែនេះមួយៗជាស្រែរបស់យើង ហើយត្រឡប់ទៅផ្ទះវិញ    ចំណែកបុរសជាកូនប្រសា ក៏ចាប់ទឹមក្របី  ភ្ជួរស្រែ ៤-៥ ដែលមានភ្លឺ ក៏ភ្ជួររំលាយភ្លឺទាំងអស់តាំងពីព្រលឹមដល់ថ្ងៃត្រង់នៅតែ មិនទាន់ ឈប់ភ្ជួរ ។ ឪពុកក្មេកប្រើកូនជំទង់ឲ្យទៅមើលបុរសនោះ ទៅដល់ស្រាប់តែឃើញភ្លឺនោះរលាយអស់ក៏លាន់មាត់ថា ហេ ! ម៉េចក៏បងឯងភ្ជួរទាំងភ្លឺស្រែផងចេះ ! បុរសខ្វាក់បាំងស្បែកនោះតបថា ណ្ហើយស្រែយើងតូចៗ រំលាយភ្លឺឲ្យធំតែ ១ ទៅ ថាហើយក៏ដាក់ក្របីពីនឹមលែងឲ្យស៊ីស្មៅ រួចបណ្ដើរគ្នាទៅផ្ទះ វេលាដល់ផ្ទះរៀប នឹងឡើងជណ្ដើរក៏វង្វេងចូលទៅក្រោមផ្ទះបាយ ប្អូនថ្លៃស្រែកថា ហ៍ ! ម៉េចក៏អ្នកចូលទៅក្រោមផ្ទះបាយ មិនឡើងទៅលើផ្ទះពិសាបាយ ? បុរសខ្វាក់ដឹងខ្លួនថា វង្វេងជណ្ដើរដូច្នោះ ក៏និយាយដោះថា ពីយប់មិញ កាលបងចុះទៅភ្ជួរ សូរលាន់ផសៗលឿនបានជាចូលទៅមើល ថាហើយក៏ដើរសសៀរទៅរកជណ្ដើរឡើងទៅ លើផ្ទះ ទើបអ្នកជាប្រពន្ធលើកភោជនា-ហារមកជូនបុរសខ្វាក់នោះពិសា លុះទទួលទានបាយរួចហើយ ក៏ចុះទៅសម្រាកកាយក្នុងខ្ទមតូច      ដែលតាំងនៅខាង អគ្នេយ៍នៃគេហដ្ឋាន ។ បុរសខ្វាក់បាំងស្បែកនៅបម្រើឪពុកក្មេកម្ដាយក្មេកពីរបីថ្ងៃហើយ ក៏ត្រឡប់វិលទៅផ្ទះរបស់ខ្លួនវិញ ។
    វេលាស្រូវទុំរៀបនឹងច្រូត ឪពុកក្មេកផ្ដាំឲ្យកូនប្រសាមកជួយចាំស្រូវទុំ ព្រោះស្រុកនោះជិតព្រៃ ជ្រូកព្រៃទាំងហ្វូងតែងមកស៊ីស្រូវអ្នកស្រុករាល់យប់ ក្នុងវេលា ដែលមានស្រូវទុំ ។ ឪពុកក្មេកផ្ដាំដូច្នោះ បុរសកូនប្រសាក៏មកតាមបណ្ដាំ ទើបឪពុកប្រគល់កាំភ្លើងឲ្យ ១ ហើយប្រាប់ថា   បាឯងដល់ពេលយប់កុំចុះពីលើខ្លបខ្លាច ជ្រូកព្រៃ បើឮសូរប្រោកៗត្រង់ណាបាញ់ទៅចុះ គ្មានអ្វីទេសុទ្ធតែជ្រូក ។ បុរសកូនប្រសា លុះបានស្ដាប់ឪពុកក្មេកប្រាប់ហើយក៏ទៅចាំស្រូវវេលាយប់អង្គុយនៅ លើខ្ទមចាំស្ដាប់ បើឮសូរប្រោកៗខាងកើតក៏បាញ់ខាងកើតផូងឮសូរខាងលិចបាញ់ទៅខាងលិចផូង ។ ទំនៀមបុរាណអ្នកដែលដណ្ដឹងប្រពន្ធហើយមិនទាន់រៀបការ វេលាទៅបម្រើគេមិនហ៊ានស្លៀកខោទេ តោងស្លៀកសំពត់ចងក្បិនជានិច្ច ។ ថ្ងៃជាខាងក្រោយមកនៅពេលយប់ស្រាប់តែឮប្រោកប្រាក ឃឹកឃាក់ៗ ដោយហ្វូងនៃ ជ្រូកព្រៃមកជាច្រើន បុរសនោះក៏លោះកៃកាំភ្លើងផ្ទួនគ្នាបីដងផូង ផូង ផូង ជួនជាគ្រាប់ចុងក្រោយបង្អស់ទំនងធ្វើឲ្យអ្នកបាញ់ដឹងថាខ្លួនបាញ់ត្រូវជ្រូក បុរសកូន ប្រសាគិតថា បើប្រសិនជាអញបានតែជ្រូក ១ នឹងគាប់ចិត្តឪពុកក្មេកមិនខាន បម្រុងនឹងចុះទៅរាវរកក្នុងវេលាដែលបាញ់ត្រូវភ្លាម តែគិតខ្លាចជ្រូកព្រៃក៏បន្ធូរចិត្ តបង្អង់ទុកឲ្យភ្លឺសឹមចុះទៅរក ។ ដោយកម្លាំងលោកធម៌ ដែលចូលទៅលុកលុយដួងចិត្តបុរសនោះខ្លាំងពេក សូម្បីដេកក៏មិនលក់នឹកចង់តែចុះទៅរកជ្រូកទាំងយប់ ដោយកួចកាន់ចង់ឲ្យគាប់ចិត្តឪពុកក្មេក ឬដើម្បីសំដែងសេចក្ដីក្លាហានឲ្យប្រាកដដល់គ្រួសារ ។ ដោយកម្លាំងនឹកឥតភ្លេចនៅវេលាជិតភ្លឺ ប្រហែលម៉ោង ៤ ឬ ៥ បុរសនោះក៏ចុះទៅរាវរកជ្រូកក្នុងស្រូវទុំ ដោយសេចក្ដីខំប្រឹងវារស្ទាបរកជ្រូកទាំងយប់ សូម្បីរបូតសំពត់ចេញពីខ្លួនក៏មិនដឹង លុះអរុណោទ័យរះព្រាងៗបុរសនោះ ក៏ប្រទះជ្រូកដែលខ្លួនបាញ់ងាប់នោះ ក៏លាន់មាត់ថាហ៊ឺស ! គាប់ហើយតែប៉ុណ្ណេះ ហើយចាប់ជ្រូកលីសំដៅទៅផ្ទះ អុញហ្ន ! ប្រហែល ៣-៤ រយម៉ែត្រទៀតនឹង ដល់ផ្ទះជួនជាអ្នកស្រីសាមីខ្លួនងាកបែរចោលភ្នែកទៅទិសខាងកើតផ្ទះ ប្រទះឃើញប្ដីស្រាតលីជ្រូកមក ក៏សើចបិទមាត់ ឡើងទៅលើផ្ទះប្រាប់ឪពុកម្ដាយហើយ ចូលទៅក្នុងផ្ទះដោយសេចក្ដីអៀនខ្មាសជួសប្ដី ។ ដើម្បីនឹងធ្វើឲ្យបុរសនោះដឹងថា ខ្លួនស្រាតឪពុកក្មេកក៏ស្រែកសួរពីចម្ងាយថា ចុះស្អីខាងមុខ ? បុរសនោះឆ្លើយថា  ច្រមុះវា ចុះសំពត់ទៅណា ? ភ្ញាក់ខ្លួនព្រើតស្ទាបទៅខាងក្រោមរលីង ទម្លាក់ជ្រូកភីងរត់ប្រឹបទៅបាត់ ។ អ្នកផ្ទះក៏នាំគ្នាសែងជ្រូកយកមកធ្វើជាម្ហូបស៊ីច្រូតស្រូវ 
    លុះស្រូវទុំល្មមច្រូតហើយ  គេក៏យកកណ្ដៀវទៅច្រូត រួចជញ្ជូនកណ្ដាប់យកមកបញ្ជាន់បែនបោកជញ្ជូនគ្រាប់ដាក់ជង្រុកទុកទៅ ។ កណ្ដៀវជារបស់ដែល គេយកគោលស្លាបផ្លែមកផ្សំ ។ គោល គេធ្វើឲ្យមានរង្វង់មូលបន្តិច តែមិនមូលជាប់គ្នាទេ គ្រាន់តែឲ្យឡើងមូលសណ្ឋានផ្លែសន្ទូច ខាងចុងគោលគេឆ្លាក់ជាក្បាច់ ផ្សេងៗ   ហើយលាបលនដោយជាតិហិង្គុល និងម្រ័ក្សណ៍   ជាក្បាច់ពងត្រី ឬក្បាច់ផ្កាច័ន ។ ស្លាបធ្វើពីមែកឈើតូចៗដែលមានជំពាម គេរើសរកមែកដែលល្មមធ្វើ ស្លាបកណ្ដៀវកើតហើយ គេយកទៅរោលភ្លើងពត់ជារង្វង់ស្លាប ចងរឹតហាលថ្ងៃទុកឲ្យស្ងួត ទើបយកទៅបិតនឹងកាំបិតឲ្យមូលល្អ រួចចោះរន្ធវែងបន្តិចទុកសម្រាប់ ស៊កផ្លែ។ ផ្លែៈ ផ្លែកណ្ដៀវគេធ្វើពីដែក គេយកដែកទៅដំឲ្យសំប៉ែត មានខ្នងកោងបន្តិចធ្វើធ្មេញវែងខ្លីៗ ដូចជាធ្មេញសត្វកណ្ដូប រួមគោលស្លាបផ្លែចូលគ្នាហៅថា (កណ្ដៀវ) ជាលោនុប្បករណ៍ក្នុងគ្រឿងសម្រាប់ច្រូតស្រូវ

(រឿងនេះបានឮចាស់ៗតំណាលតៗមក)

ភិក្ខុ ឈឹម សារ៉េត វត្តឧណ្ណាលោម
ភ្នំពេញ ថ្ងៃ ១ ខែ១១ ឆ្នាំ១៩៤៧

រឿង ជាប់ដោយរដូវច្រូតស្រូវ រឿង ជាប់ដោយរដូវច្រូតស្រូវ Reviewed by Admin on 5:14 PM Rating: 5
Powered by Blogger.